ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បញ្ជូន​ជនជាតិ​ខ្មែរ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នៅ​នាទី​ចុង​ក្រោយ


ភ្នាក់ងារ​អនុវត្ត​ច្បាប់ គយ និង​អន្តោប្រវេសន៍ ICE របស់​អាមេរិក​ចូល​ក្នុង​បរិវេណ​អគារ​មួយ​ដើម្បី​ស្វែងរក​ជន​អន្តោប្រវេសន៍​មិន​មាន​លិខិត​ស្នាម​មួយ​នៅ​ក្នុង​ប្រតិបត្តិការ​ពេល​ព្រឹក​ព្រលឹម​មួយ​ក្នុង​ក្រុង Dallas រដ្ឋ Texas កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥។
ភ្នាក់ងារ​អនុវត្ត​ច្បាប់ គយ និង​អន្តោប្រវេសន៍ ICE របស់​អាមេរិក​ចូល​ក្នុង​បរិវេណ​អគារ​មួយ​ដើម្បី​ស្វែងរក​ជន​អន្តោប្រវេសន៍​មិន​មាន​លិខិត​ស្នាម​មួយ​នៅ​ក្នុង​ប្រតិបត្តិការ​ពេល​ព្រឹក​ព្រលឹម​មួយ​ក្នុង​ក្រុង Dallas រដ្ឋ Texas កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥។

តុលាការ​ប្រចាំ​ស្រុក​មួយ​ក្នុង​រដ្ឋ California បាន​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​និរទេស​ជនជាតិ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក បន្ទាប់ពី​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ជាង​បទ​ល្មើស​មជ្ឈិម។

ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប្រហែល ៥០ នាក់ គ្រោង​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​ឯកសារ​សំណុំ​រឿង​របស់​តុលាការ។

អ្នក​ដែល​ត្រូវ​គេ​គ្រោង​នឹង​បញ្ជូន​ចេញ​នោះ ភាគ​ច្រើន​ជា​ជន​ភៀស​ខ្លួន​កុមារ​ដែល​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា​មក​កាន់​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ពេល និង​ក្រោយ​សម័យ​ខ្មែរ​ក្រហម​នៅ​ក្នុង​ទសវត្សរ៍ ១៩៧០ ប៉ុន្តែ​ពួកគេ​មិន​ដែល​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង​នោះ​ទេ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​តាង​នាម​ឲ្យ​ក្រុម​ទាំង​មូល មេធាវី​របស់​ជនជាតិ​ខ្មែរ​ទាំង​នេះ​បាន​អះអាង​ថា កូន​ក្ដី​របស់​ពួកគេ​នឹង​រងគ្រោះ​នូវ​ការ​ឈឺចាប់​ដែល​មិន​អាច​រក​អ្វី​មក​ជំនួស​បាន ប្រសិនបើ​ពួកគេ​ត្រូវ​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​ដែល​ពួកគេ​ភាគ​ច្រើន​សឹងតែ​មិន​ស្គាល់​ផង​នោះ។ មេធាវី​ទាំង​នោះ​បាន​ស្នើ​ឲ្យ​តុលាការ​ផ្ដល់​ឱកាស​ដើម្បី​ធ្វើ​ការ​សើរើ​សំណុំ​រឿង​អន្តោប្រវេសន៍​របស់​ជនជាតិ​ខ្មែរ​ទាំង​នេះ​ឡើង​វិញ ដូច្នេះ​ពួកគេ​អាច​ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍​ទាក់ទិន​នឹង​បទ​បញ្ជា​និរទេស​ចេញ​ទាំង​នេះ។

អ្នកស្រី Jenny Zhao ដែល​ជា​មេធាវី​មួយ​រូប​ក្នុង​សំណុំ​រឿង​នេះ បាន​ប្រាប់ VOA ថា៖ «ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​ក្រុម​បញ្ជូន​ចេញ​តាម​យន្តហោះ​បែប​នេះ មុន​ពេល​តុលាការ​អាច​ស្ដាប់​ករណី​របស់​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​ពួកគេ»។

អ្នក​ដែល​ត្រូវ​គេ​បញ្ជូន​ចេញ​ភាគ​ច្រើន​បាន​កើត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្រៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​បាន​រត់​គេច​ពី​របប​ខ្មែរ​ក្រហម។

អ្នកស្រី Jenny Zhao បាន​បន្ថែម​ទៀត​ថា៖ «អ្នក​ខ្លះ​មិន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពី​មុន​មក​នោះ​ទេ»។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក​ចៅក្រម Cormac Carney នៃ​តុលាការ​ប្រចាំ​ស្រុក Santa Ana រដ្ឋ California បាន​ចេញ​នូវ​ដីកា​មួយ​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​និរទេស​អ្នក​ទាំង​នេះ​ចេញ​ពី​សហរដ្ឋ​អាមេរិក ពេល​ដែល​នីត្យានុកូលភាព​របស់​ពួកគេ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​នោះ។

ដីកា​របស់​តុលាការ​នេះ​បាន​បញ្ជាក់​ថា៖ «ដោយសារតែ​រដ្ឋាភិបាល​អាមេរិក​ចង់​ដក​អ្នក​ដាក់​ពាក្យ​បណ្ដឹង​ចេញ​យ៉ាង​ឆាប់​រហ័ស​បែប​នេះ តុលាការ​រក​ឃើញ​ថា ដីកា​បញ្ឈប់​ការ​និរទេស​ជា​បណ្ដោះ​អាសន្ន​នេះ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​សំណុំ​រឿង​នេះ រហូត​ទាល់តែ​តុលាការ​អាច​ធ្វើ​ការ​ពិចារណា​បាន​ត្រឹមត្រូវ​ចំពោះ​បញ្ហា​ដ៏​ស្មុគស្មាញ​ដែល​បង្ហាញ​ឡើង​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នេះ»។

ឯកសារ​របស់​តុលាការ​បាន​បង្ហាញ​ថា អ្នក​ដែល​ត្រូវ​គេ​បញ្ជូន​ចេញ​ចំនួន ១ រយ​នាក់ ត្រូវ​បាន​គេ​ចាប់​ប្រមូល​ដាក់​ឃុំ​តាំង​ពី​ខែ​តុលា​មក ដោយ​ការ​និរទេស​អ្នក​ទាំង​នេះ​ចេញ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​នេះ។

អ្នកស្រី Jenny Zhao បាន​និយាយ​ថា៖ «អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​ទំនាក់ទំនង​គ្រួសារ​ជិតស្និទ្ធ​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំង។ ពួកគេ​បាន​រៀបការ និង​មាន​កូន​ជា​ដើម។ ពួកគេ​ភាគ​ច្រើន​ជា​អ្នក​ថែ​រក្សា​ឪពុក​ម្ដាយ​ចាស់​ជរា​របស់​ពួកគេ ហើយ​ពួកគេ​មាន​សាច់​ញាតិ​ជា​ច្រើន​ដែល​ពឹង​ផ្អែក​លើ​ពួកគេ»។

មេធាវី​សង្ឃឹម​ថា នៅ​ពេល​ណា​ដែល​មាន​ការ​សម្រេច​ពី​តុលាការ​លើ​រឿង​នេះ ជនជាតិ​ខ្មែរ​ទាំង​នេះ​អាច​មាន​សេរីភាព​ដើម្បី​រង់ចាំ​ការ​ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍​ពាក់ព័ន្ធ​នឹង​បទ​បញ្ជា​និរទេស​ពួកគេ​ចេញ​នេះ។

អ្នកស្រី Christina Soh អ្នក​នាំ​ពាក្យ​របស់​អង្គការ Asian American Advancing Justice Asian Law Caucus ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង San Francisco បាន​ប្រាប់​សារព័ត៌មាន Phnom Penh Post កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ថា ដីកា​បញ្ឈប់​ការ​និរទេស​ជា​បណ្ដោះ​អាសន្ន​នេះ បាន​បញ្ឈប់​យន្តហោះ​នៅ​ក្នុង​រដ្ឋ Texas ដែល​គ្រោង​ដឹក​មនុស្ស​មួយ​ក្រុម​ចេញ​ពី​សហរដ្ឋ​អាមេរិក​ជា​រៀង​រហូត។

លោក Bill Herod ស្ថាបនិក​មជ្ឈមណ្ឌល​ជ្រោមជ្រែង​ការ​ធ្វើ​សមាហរណកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​គេ​បញ្ជូន​ពី​សហរដ្ឋ​អាមេរិក ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា ប្រសិនបើ​ជនជាតិ​ខ្មែរ​ទាំង​នោះ​មាន​ឱកាស​តវ៉ា​រឿង​ក្ដី​របស់​ពួកគេ​ឡើង​វិញ អ្នក​ទាំង​នោះ​មួយ​ចំនួន​ប្រហែល​ជា​អាច​នឹង​ឈ្នះ​ក្នុង​រឿង​ក្ដី​នេះ។

លោក Bill Herod បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ក្នុង​ករណី​ខ្លះ ខ្ញុំ​គិត​ថា មាន​បញ្ហា​ច្បាប់​ច្របូក​ច្របល់​នានា​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ហើយ​ប្រសិន​បើ​ទុក​ពេលវេលា​ដល់​ពួកគេ ក៏​ដូចជា​ទុក​ពេលវេលា​ដល់​មេធាវី​របស់​ពួកគេ​ឲ្យ​ធ្វើ​ការ​លើ​រឿង​នេះ នោះ​ពួកគេ​ប្រហែល​ជា​នឹង​ទទួល​បាន​លទ្ធផល​ផ្សេង​ពី​នេះ»។

ទីភ្នាក់ងារ​គយ និង​ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក ដែល​ហៅ​កាត់​ថា ICE ធ្លាប់​បាន​ប្រាប់ VOA ថា មាន​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជាង ១ ពាន់ ៩ រយ​នាក់ ដែល​ប្រឈម​នឹង​ការ​បញ្ជូន​ចេញ​ពី សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ដីកា​ចុង​ក្រោយ​នេះ ដែល​ក្នុង​នោះ មនុស្ស​ចំនួន ១ ពាន់ ៤ រយ ១២ នាក់ មាន​ទោស​ឧក្រិដ្ឋ។

ទោះបីជា​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា បាន​ចរចា​អំពី​កិច្ច​ព្រមព្រៀង​និរទេស​នេះ​នៅ​ក្នុង​ឆ្នាំ ២០០២ ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​មិន​ទទួល​យក​ជនជាតិ​ខ្មែរ​ត្រឡប់​ទៅ​វិញ ដោយ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ប្រទេស «រឹងរូស» ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ជាប់​ទោស​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ផ្នែក​ផ្លូវ​ច្បាប់ ដោយសារតែ​ពួកគេ​មិន​បាន​ដឹង​ថា​តើ​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ចាប់​តាំង​ពី​ឆ្នាំ ២០០២ មក ជនជាតិ​ខ្មែរ​ប្រហែល ៥ រយ​នាក់ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ។

កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​ឈប់​ទទួល​យក​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​បញ្ជូន​ត្រឡប់​ទៅ​វិញ ដោយ​សំអាង​ហេតុផល​សិទ្ធិ​មនុស្ស។ ករណី​នេះ​បាន​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ប៉ុន្តែ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រឡប់​មក​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ឡើង​វិញ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ដាក់​កំហិត​ទិដ្ឋាការ​មិន​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​មួយ​ចំនួន​អាច​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​បាន។

អង្គការ Southeast Asia Resource Action ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​ថា ជនជាតិ​ខ្មែរ ២ រយ​នាក់ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ២០១៨ ដែល​កន្លង​មក នេះ​ជា​ក្រុម​ជនជាតិ​ខ្មែរ​ដ៏​ច្រើន​បំផុត​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​បញ្ជូន​ចេញ​នៅ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ។

អ្នក​រិះគន់​កម្មវិធី​និរទេស​មនុស្ស​នេះ បាន​អះអាង​ថា កម្មវិធី​នេះ​បាន​បំបែក​មនុស្ស​យ៉ាង​សាហាវ​យង់ឃ្នង​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​ជា​រៀង​រហូត ដោយ​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​កាន់​ប្រទេស​មួយ​ដែល​អ្នក​ទាំង​នោះ​ភាគ​ច្រើន​មិន​ដែល​បាន​ទៅ ឬ​ក៏​ស្គាល់​បាន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ទោះបីជា​អ្នក​ទាំង​នោះ​បាន​ជាប់​ទោស​រួច​មក​ហើយ​ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​ក៏​ដោយ។

VOA មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​កម្ពុជាដើម្បី​សុំ​យោបល់​បាន​ទេ។ សវនាការ​បន្ត​លើ​ដីកា​បញ្ឈប់​ការ​និរទេស​ជា​បណ្ដោះ​អាសន្ន​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១១ ខែ​មករា ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG