ក្រុមប្រជាពលរដ្ឋជាច្រើននាក់ដែលនៅមិនទាន់ទទួលបានដំណោះស្រាយពីជម្លោះដីធ្លីដែលពួកគាត់មានជាមួយក្រុមហ៊ុនចិន Union Development Group (UDG) ក្នុងខេត្តកោះកុង បានបន្តការតវ៉ារបស់ខ្លួនជាថ្មីទៀត ដោយសុំឲ្យអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ដោះស្រាយបញ្ចប់វិវាទនេះឲ្យបានមុនដំណាច់ឆ្នាំ២០១៧។ នេះបើយោងតាមការបញ្ជាក់ពីពលរដ្ឋដែលបានជាប់គាំងក្នុងទំនាស់ដីធ្លីដែលមានអាយុកាលជិត៧ឆ្នាំ និងតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
ក្រុមហ៊ុន Union Development Group នេះបានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥.១០០ហិកតាពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។ គម្រោងទីក្រុងទេសចរណ៍ដ៏ស្គឹមស្កៃនេះកំពុងដំណើរការនៅចំកណ្ដាលឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។
លោក ស៊ឹម ធី វ័យ៤១ឆ្នាំ ដែលកំពុងទាមទារចំពោះការបាត់បង់ដីទំហំប្រមាណ៨ហិកតា ក្នុងឃុំតានូន ស្រុកបទុមសាគរ បានប្រាប់ VOA នៅថ្ងៃអង្គារទី១៩ ខែធ្នូនេះថា តំណាងប្រជាពលរដ្ឋបួនរូបបានមកជួបលោកអន ភារៈ អតីតអភិបាលស្រុកបទុមសាគរ ហើយឥឡូវជាអភិបាលរងខេត្តកោះកុង។ លោកបានបន្តថា លោកអភិបាលរងខេត្តរូបនេះបានសន្យាថា នឹងដោះស្រាយបញ្ហាដីធ្លីនេះឲ្យបានមុនដំណាច់ឆ្នាំ២០១៧។ លោកនិយាយថា ក្រុមប្រជាពលរដ្ឋនឹងមកធ្វើតវ៉ាម្តងទៀត ហើយលើកក្រោយ ក្រុមប្រជាពលរដ្ឋនឹងស្វែងរកការជួបជាមួយអ្នកស្រី មិថុនា ភូថងដើម្បីទទួលបានដំណោះស្រាយ ប្រសិនបើលោកអន ភារៈ បរាជ័យមិនអាចធ្វើតាមការសន្យាបាន។
«បើឯកឧត្តមលោកអភិបាលរងហ្នឹង គាត់មិនៗ អាចជួយខ្ញុំត្រង់ណាមួយហើយ ដូចពាក្យសន្យាថា នឹងយកពាក្យខ្ញុំទាំងអស់ហ្នឹងហើយ ដីធ្លីទាំងប៉ុន្មានដែលបានថត ខ្ញុំ ពួកខ្ញុំយកទៅហ្នឹង យកទៅចរចាជាមួយក្រុមហ៊ុន ឬក៏ពួកក្រុមការងារទាំងអស់ហ្នឹង ជជែកវែកញែកគ្នា ឲ្យចប់មុនដំណាច់ឆ្នាំហ្នឹង មុនឆ្នាំហ្នឹង ហើយគាត់នឹងដោះស្រាយ។ បើថា អត់បានដោះស្រាយ ខ្ញុំសុំ ខ្ញុំសុំជួបម្តងទៀត ជួបទាំងអភិបាលរង អភិបាលខេត្តទាំងអស់ និងលោកជំទាវហ្នឹង»។
លោកបានត្អូញត្អែរថា ទីតាំងថ្មី ដែលពលរដ្ឋកំពុងរស់នៅបច្ចុប្បន្ននេះ មិនអនុញ្ញាតឲ្យលោកធ្វើស្រែបានទេ ហើយរបរចិញ្ចឹមជីវិតដែលអាចធ្វើបាននោះ គឺមានតែការនេសាទតែប៉ុណ្ណោះ។ លោកនិយាយថា សំណងដែលលោកកំពុងទាមទារនោះគឺជាសំណងមួយសមស្រប មិនអាចជាសំណង ស្មើនឹងក្រដាសដុល្លារមួយរយ ឬពីរបីរយដុល្លារនោះឡើយ។
គម្រោងរបស់ក្រុមហ៊ុន UDG ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១.០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ។ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់បានដំណោះស្រាយសមស្របសម្រាប់ដីដែលពួកគេកាន់កាប់ បន្ទាប់ពីពួកគេបានចាកចេញពីភូមិដ្ឋាន ទៅតាំងលំនៅដ្ឋាននៅភូមិដ្ឋានថ្មី។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង ថ្លែងថា មានប្រជាពលរដ្ឋជិត៦០គ្រួសារកំពុងស្ថិតក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន UDG លើផ្ទីដីប្រមាណ២៣០ហិកតា។ លោកបានប្រាប់ VOA ថា អាជ្ញាធរទំនងជាអសមត្ថភាពក្នុងការបញ្ចប់វិវាទ ដែលបានអូសបន្លាយពេលមកជិត៧ឆ្នាំមកហើយ។
«បើយើងនិយាយទៅថា គាត់ដូចជាអសមត្ថភាព ឬក៏ម៉េច? ឬក៏វាគ្មានរបៀបចាត់ការ ធ្វើការងារដោះស្រាយហ្នឹងបាទ។ ហើយយើងឃើញខេត្ត...ខេត្តមានមន្ទីរសុរិយោដីខេត្ត បាទ ជាការិយាល័យជំនាញមួយ។ ហើយនៅតាមស្រុកក៏មានការិយាល័យសុរិយោដីស្រុកបាទ។ ហើយនៅខេត្តក៏មានមន្ទីរបរិស្ថានខេត្ត។ អីចឹងក្រុមការងារទាំងអស់ហ្នឹង បើសិនជាមានផែនការជាក់លាក់ មានក្រុមចុះទៅជាក់លាក់ វាអាចនឹងឆាប់ចប់»។
លោកបានបន្ថែមថា អាជ្ញាធរខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ក៏បានបង្កើតក្រុមការងារមួយដើម្បីដោះស្រាយរាល់បញ្ហាដីធ្លី ដែលបានកើតឡើងនៅក្នុងស្រុកចំនួនពីរគឺស្រុកបទុមសាគរ និងស្រុកគិរីសាគរ។ តែលោកថា អាជ្ញាធរមិនបានឲ្យដឹងថា តើនឹងដោះស្រាយជម្លោះក្នុងស្រុកណាមួយមុននោះទេ ក្នុងចំណោមស្រុកទាំងពីរ។
បើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារនោះត្រូវបានបង្កើតឡើងដើម្បីចុះត្រួតពិនិត្យ និងសិក្សាទីតាំងដីស្នើសុំដើម្បីបែងចែកជូនប្រជាពលរដ្ឋ នៅស្រុកបទុមសាគរ និងស្រុកគីរីសាគរ។
អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលជាប្រធានក្រុមការងារនោះ មានប្រសាសន៍ប្រាប់ VOA ថា អាជ្ញាធរខេត្តកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនឹងជម្លោះដីធ្លីនេះ។ អ្នកស្រីបានបន្តថា ការចរចារវាងប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរនឹងកើតមានឡើង ក្រោយអាជ្ញាធរទទួលបានព័ត៌មានគ្រប់គ្រាន់។
«អានេះយ៉ាងម៉េចគឺលើជាក់ស្តែង ទៅលើជាក់ស្តែងក្នុងការចរចាអូន។ អត់មានយ៉ាងម៉េចទៀត ក្រៅពីចរចា និងសួរព័ត៌មានគ្នាទៅវិញទៅមក»។
គម្រោងសាងសង់ទីក្រុងទេសចរណ៍របស់ក្រុមហ៊ុន UDG នេះ អាចនឹងប្រើពេល២៥ឆ្នាំដើម្បីបញ្ចប់គម្រោង។ ទីក្រុងនេះ ប្រសិនបើសាងសង់រួច នឹងមានវាលព្រលានយន្តហោះ មណ្ឌលពាណិជ្ជកម្ម កំពង់ផែ និងទីកន្លែងកម្សាន្តផ្សេងទៀត ដូចជាកន្លែងវាយកូនគោលជាដើម។ នេះបើតាមការបញ្ជាក់ពីមន្ត្រីខេត្តកោះកុង កាលពីពេលកន្លងមក។
លោក អ៊ិន គង់ជិត បានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋច្រើននាក់ទៀតក៏កំពុងតវ៉ាប្រឆាំងនឹងការរំលោភដីធ្លីពីក្រុមហ៊ុនក្នុងស្រុកផ្សេងទៀតរបស់សមាជិកព្រឹទ្ធសភាមួយរូបរបស់គណបក្សប្រជាជនកម្ពុជាគឺលោកឧកញ៉ា លី យ៉ុងផាត់៕