ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​ស្រប​ច្បាប់​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​ថៃធ្វើ​ឲ្យ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា


រូបឯកសារ៖ កញ្ឆាដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្រុង ​​Michigan សហរដ្ឋអាមេរិក។ 
រូបឯកសារ៖ កញ្ឆាដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្រុង ​​Michigan សហរដ្ឋអាមេរិក។ 

ទីភ្នាក់ងារ​រដ្ឋាភិបាល​នានា​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត ដែល​រួម​មាន​ទាំង​ទីភ្នាក់ងារ​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ថ្នាំ​បុរាណ​ថៃ ក៏​ដូចជា​គ្រូពេទ្យ​នីមួយៗ ស្ថាប័ន​អប់រំ និង​សហករណ៍​កសិករ​របស់​សហគមន៍​ផង​ដែរ នឹង​មាន​សិទ្ធិ​ដាំដុះ​ដំណាំ​កញ្ឆា​នេះ។

ប្រទេស​ថៃ​បាន​ក្លាយជា​ប្រទេស​ដំបូង​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​ដោយ​ស្រប​ច្បាប់។ ប៉ុន្តែ​ចំណុច​មិន​ច្បាស់​នៃ​ច្បាប់​នេះ បាន​ធ្វើ​ឲ្យ​អ្នក​តស៊ូ​មតិ​អំពី​សក្ដានុពល​នៃ​កញ្ឆា​ដែល​អាច​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។

ចាប់​តាំង​ពី​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ថៃ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០១៨ មក អ្នក​តស៊ូ​មតិ​អំពី​ការ​ប្រើ​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន បាន​បង្ហាញ​ការ​ខក​ចិត្ត​ថា ច្បាប់​នេះ​មិន​បាន​ដាក់​បញ្ចូល​ផ្នែក​ឯកជន​ទៅ​ក្នុង​ឧស្សាហកម្ម​ដែល​រក​បាន​ប្រាក់​កម្រៃ​ច្រើន​នេះ​ទេ ដោយសារតែ​វា​ផ្ដោត​លើ​តែ​ទីភ្នាក់ងារ​ផ្សេងៗ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ឧស្សាហកម្ម​កញ្ឆា​នេះ​ជា​ឧស្សាហកម្ម​ដែល​មាន​ទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​លើ​ពិភពលោក។

VOA បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​នឹង​លោក Niyom Termsrisuk អគ្គលេខាធិការ​ការិយាល័យ​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​របស់​ប្រទេស​ថៃ ដើម្បី​ស្វែង​យល់​ថា​តើ​អ្នក​ណា​នឹង​អាច​មាន​លទ្ធភាព​ដាំដុះ លក់ ទិញ និង​ចាត់ចែង​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ ដោយសារតែ​កញ្ឆា​នេះ​ចំនួន ២ ភាគ ៣ គឺ​គ្រប់គ្រង​ដោយ​ជនជាតិ​ថៃ។

លោក Termsrisuk និយាយ​ដូច្នេះ​ថា៖ «តាំង​ពី​ការ​ដាំដុះ​រហូត​ដល់​ការ​ចែកចាយ​កញ្ឆា​នេះ​ដល់​អ្នក​ជំងឺ គឺ​វា​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ច្បាប់ និង​បទ​បញ្ញត្តិ ដែល​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​របស់​ប្រទេស​ថៃ។ ប្រសិនបើ​វា​ស្រប​តាម​បទ​បញ្ញត្តិ និង​លក្ខខណ្ឌ​កំណត់ នោះ​គេ​អាច​ធ្វើ​វា​បាន‍»។

ទីភ្នាក់ងារ​រដ្ឋាភិបាល​នានា​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត ដែល​រួម​មាន​ទាំង​ទីភ្នាក់ងារ​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ថ្នាំ​បុរាណ​ថៃ ក៏​ដូចជា​គ្រូពេទ្យ​នីមួយៗ ស្ថាប័ន​អប់រំ និង​សហករណ៍​កសិករ​របស់​សហគមន៍​ផង​ដែរ នឹង​មាន​សិទ្ធិ​ដាំដុះ​ដំណាំ​កញ្ឆា​នេះ។

លោក Termsrisuk បាន​និយាយ​ថា៖ «យើង​នឹង​ចាត់ចែង​ដំណើរការ និង​នីតិវិធី​នេះ​ស្រប​ទៅ​តាម​ស្តង់ដារ ដូច្នេះ​ប្រសិនបើ​អង្គភាព​ណា​មួយ​ធ្វើ​ស្រប​ទៅ​តាម​ស្តង់ដារ​ដែល​យើង​បាន​កំណត់​នោះ ពួកគេ​នឹង​មាន​សិទ្ធិ​ដាំដុះ​កញ្ឆា​នេះ​បាន‍»។

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «ប៉ុន្តែ អង្គភាព​នោះ​ត្រូវ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត និង​ត្រូវ​ចុះ​ឈ្មោះ​តាម​ផ្លូវ​ច្បាប់។ ក្រៅ​ពី​នេះ វា​អាស្រ័យ​លើ​ការ​ពិចារណា​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខភាព​សាធារណៈ ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​នាយកដ្ឋាន​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ‍»។

គេ​នឹង​ឃើញ​មាន​ការ​ត្រួត​ពិនិត្យ​តឹងតែង​លើ​ការ​ដាំដុះ​កញ្ឆា​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​កំហិត​ដែល​ថា កញ្ឆា​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​អស់​គឺ​ត្រូវ​ដាំ​នៅ​ខាង​ក្នុង មិន​មែន​ដាំ​កណ្ដាល​វាល​នោះ​ទេ។ ចំណុច​នេះ​គឺ​ដើម្បី​ជួយ​រារាំង​ការ​អនុវត្ត​ខុស​ច្បាប់ និង​ធានា​នូវ​គុណភាព ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​នឹង​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នូវ​ថ្លៃ​ដាំដុះ។

អ្នកស្រី Chokwan Kitty Chopaka ដែល​ជា​សកម្មជន​ម្នាក់​នៃ​បណ្ដាញ Highlands Network បាន​ស្វាគមន៍​ដោយ​ពេញចិត្ត​ចំពោះ​ការ​អនុញ្ញាត​ដោយ​ស្រប​ច្បាប់​ឲ្យ​មាន​ការ​ដាំដុះ​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​នេះ ប៉ុន្តែ បាន​និយាយ​ថា​មាន​ចំណុច​ព្រមព្រៀង​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​កញ្ឆា​នេះ ដែល​រារាំង​ដល់​ការ​ដាំដុះ​កញ្ឆា​សម្រាប់​ធ្វើ​អាជីវកម្ម។

អ្នកស្រី​បាន​និយាយ​ថា៖ «ក្រុម​ទាំង​អស់​នោះ​ទទួល​បាន​ការ​អនុញ្ញាត ប៉ុន្តែ​ក្នុង​ករណី​ណា​ដែល​ពួកគេ​ធ្វើ​ការ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ដែល​មាន​អាជ្ញាប័ណ្ណ» ដែល​អាជ្ញាប័ណ្ណ​ទាំង​នេះ​គឺ​កំណត់​សម្រាប់​តែ​ស្ថាប័ន​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល និង​សាកលវិទ្យាល័យ​តែ​ប៉ុណ្ណោះ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ប៉ុន្តែ អាជ្ញាប័ណ្ណ​ទាំង​នេះ​មិន​មែន​សម្រាប់​គោល​បំណង​អាជីវកម្ម​នោះ​ទេ ដោយសារតែ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្រាប់​ការ​ស្រាវជ្រាវ និង​សម្រាប់​ការ​បង្រៀន»។

អ្នកស្រី Chopaka ក៏​បាន​រិះគន់​ផង​ដែរ​លើ​ការ​ដាក់​កំហិត​រយៈពេល ៥ ឆ្នាំ ដែល​ច្បាប់​នេះ​ដាក់​លើ​ការ​ពន្យារ​អាជ្ញាប័ណ្ណ​ទាំង​នេះ និង​ការ​ត្រួត​ពិនិត្យ​រយៈពេល ២ ឆ្នាំ ដែល​អ្នកស្រី​និយាយ​ថា តាម​ទ្រឹស្ដី​អាច​បណ្ដាល​ឲ្យ​កែប្រែ​ច្បាប់​នេះ​ឲ្យ​ដូច​ដើម​វិញ ប្រសិនបើ​ការ​ប៉ះពាល់​ទាំង​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មាន​លក្ខណៈ​វិជ្ជមាន។

ប៉ុន្តែច្បាប់​នេះ​តំណាង​ឲ្យ​ការ​ផ្លាស់ប្ដូរ​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​មួយ ដែល​នយោបាយ​ថ្នាំ​ញៀន​ដ៏​តឹងតែង​ខ្លាំង​បំផុត​ត្រូវ​បាន​បញ្ជាក់​ដោយ​គោល​នយោបាយ​គ្មាន​ការ​លើកលែង ច្បាប់​ដាក់​ទោស​ដ៏​តឹងតែង និង​សង្គ្រាម​ឃោរឃៅ​ប្រឆាំង​នឹង​ថ្នាំ​ញៀន។

គោល​គំនិត​ដែល​ថា គ្រប់​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំង​អស់​គឺ​ជា​អំពើ​អាក្រក់ ត្រូវ​បាន​ពង្រឹង​ឡើង​តាម​រយៈ​ស្ថាប័ន​អប់រំ​របស់​ប្រទេស​ថៃ និង​សារ​នយោបាយ ទោះបីជា​កញ្ឆា​ត្រូវ​បាន​ប្រើ​ជា​ប្រពៃណី​អស់​រយៈពេល​រាប់​សតវត្ស​មក​ហើយ​ក៏​ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Chopaka។

ប៉ុន្តែស្រប​ពេល​ដែល​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​កាណាដា ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស G7 ជា​ដើម បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្រប​ច្បាប់​នៅ​ទូទាំង​ប្រទេស គេ​ឃើញ​ថា ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​បាន​ចាប់ផ្ដើម​ប្រែប្រួល​បន្តិច​ម្ដងៗ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​អ្នកស្រី Chopaka។

អ្នកស្រី​បាន​និយាយ​បន្ត​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា វិធី​ដែល​គេ​កំពុង​ធ្វើ​វា គឺ​ជា​ជំហាន​ដំបូង​តូចតាច​តែ​ប៉ុណ្ណោះ ហើយ​ពួកគេ​ដូចជា​គ្រាន់តែ​ចង់​ស្វែងយល់​ជា​មុន​សិន​ថា​តើ​វា​អាច​ទទួល​បាន​ជោគជ័យ​ឬ​ក៏​អត់ មុន​នឹង​គេ​ចាប់ផ្ដើម​ធ្វើ​វា‍»។

ការ​រក្សា​ការ​គ្រប់គ្រង​តឹងតែង

ថ្នាំ​ពេទ្យ​ដែល​ធ្វើ​ពី​កញ្ឆា​នឹង​ត្រូវ​អនុញ្ញាត​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ណា​ដែល​រងគ្រោះ​ដោយសារ​ប្រតិកម្ម​ដែល​បណ្ដាល​មក​ពី​ការ​ព្យាបាល​ជំងឺ​មហារីក និង​រងគ្រោះ​ដោយសារ​ជំងឺ​ញ័រ​សរសៃ​សាច់ដុំ ជំងឺ​ឆ្កួត​ជ្រូក និង​ជំងឺ​ដែល​ប៉ះពាល់​ដល់​កោសិកា​ស្រោម​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង ក៏​ដូចជា​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ការ​ព្យាបាល​បែប​បុរាណ​របស់​ថៃ​សម្រាប់​ការ​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​ជំងឺ​មហារីក​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន។

ស្ថាប័ន​ឱសថសាស្ត្រ​របស់​រដ្ឋាភិបាល​ថៃ​បាន​ចាប់ផ្ដើម​ធ្វើ​ការ​រួច​មក​ហើយ​លើ​ការ​ជ្រើសរើស​យ៉ាង​ហ្មត់ចត់ ការ​ពង្រឹង​ការ​បណ្ដុះ​ពូជ ការ​ដាំដុះ និង​ការ​ច្រូតកាត់​ដំណាំ​កញ្ឆា ដើម្បី​ផលិត​ថ្នាំ​ពេទ្យ​ក្នុង​គោល​បំណង​ព្យាបាល​អាការៈ​ជំងឺ​ដែល​បាន​រៀបរាប់​ខាង​លើ។

ទាំង​គ្រូពេទ្យ​វេជ្ជសាស្ត្រ និង​ទាំង​គ្រូ​ថ្នាំ​បុរាណ នឹង​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ពេទ្យ​ទាំង​នេះ នៅ​ក្រោម​ការ​ត្រួតត្រា​របស់​នាយកដ្ឋាន​ម្ហូប​អាហារ និង​ថ្នាំ​ពេទ្យ និង​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ថៃ។

ប៉ុន្តែបុគ្គល​នីមួយៗ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ជំងឺ​ផង​ដែរ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ដាំដុះ​ដំណាំ​កញ្ឆា​ផ្ទាល់​ខ្លួន​តាម​ផ្ទះ​នោះ​ទេ ហើយ​ការ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្រប​ច្បាប់​សម្រាប់​គោល​បំណង​កម្សាន្ត​គឺ​មិន​ទាន់​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន។

អ្នកស្រី Chopaka បាន​និយាយ​អំពី​គំរូ​របស់​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​ស្រប​ច្បាប់ យ៉ាង​ដូច្នេះ​ថា៖ «វា​ស្ទើរតែ​តឹងតែង​ដូច​ប្រទេស​អូស្ត្រាលី​ដូច្នេះ​ដែរ ប៉ុន្តែ​ប្រហែល​ជា​មិន​តឹងតែង​ខ្លាំង​ដូច​អូស្ត្រាលី​នោះ​ទេ ដោយសារតែ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ច្បាប់​ចម្បង​ដែល​តម្រូវ​ឲ្យ​ប្រើប្រាស់​កញ្ឆា​ជា​ថ្នាំ​ពេទ្យ គឺ​ថា​ក្នុង​ករណី​ណា​ដែល​វា​ជា​ជម្រើស​ចុងក្រោយ ដែល​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​តែ​ប៉ុណ្ណោះ។ អ្នក​ត្រូវ​សាកល្បង​ប្រើ​ការ​ព្យាបាល​ផ្សេងៗ​ជា​មុន​សិន មុន​ពេល​អ្នក​ប្រើ​កញ្ឆា‍»។

លោក​វេជ្ជបណ្ឌិត Somyot Kittimunkong ដែល​ចេញ​មុខ​តស៊ូ​មតិ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​ចំពោះ​ការ​ប្រើប្រាស់​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ដាក់​កំហិត​នៅ​ក្នុង​ច្បាប់ ដែល​លោក​ជឿ​ថា​នឹង​មិន​ដាក់​បញ្ចូល​កសិករ​តាម​មូលដ្ឋាន​ទៅ​ក្នុង​ទីផ្សារ​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​នេះ​ទេ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «នេះ​ជា​បញ្ហា​ចម្បង ដោយសារតែ​ប្រសិនបើ​ពួកគេ​ចង់​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដូចជា​កសិករ​ជា​ដើម ខ្ញុំ​គិត​ថា ពួកគេ​គួរតែ​អនុញ្ញាត​ឲ្យ​កសិករ​ថៃ​ដាំ​កញ្ឆា​ដើម្បី​នាំ​ចេញ​ទៅ​ធ្វើ​ថ្នាំ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ‍»។

លោក​វេជ្ជបណ្ឌិត Somyot ក៏​បាន​បកស្រាយ​ថា ច្បាប់​បាន​ដាក់​កំហិត​ឲ្យ​អង្គភាព​អាជីវកម្ម​នានា​ធ្វើ​ការ​ដាំដុះ​កញ្ឆា​សម្រាប់​តែ​ការ​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ។ ចំណុច​នេះ លោក​បាន​បញ្ជាក់​ថា គឺ​មិន​ចាំបាច់​នោះ​ទេ ដោយសារតែ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​អំពី​កញ្ឆា​នេះ​បាន​ធ្វើ​ឡើង​រួច​មក​ហើយ​នៅ​លើ​ពិភពលោក។

លោក​បាន​និយាយ​ថា ការ​តម្រូវ​ឲ្យ​ដាំដុះ​កញ្ឆា​នៅ​ខាង​ក្នុង នឹង​ជួយ​បង្កើន​ថ្លៃ​ផលិតកម្ម​ប្រហែល​ជា ៥ ដង នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​លក្ខខណ្ឌ​ល្អ​បំផុត​នៅ​ក្នុង​ការ​ដាំ​កញ្ឆា​នៅ​ខាង​ក្រៅ។

លោក Mana Siriphittayawat ប្រធាន​ផ្នែក​ច្បាប់​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន បាន​និយាយ​ថា លោក​យល់​ថា ច្បាប់​ប្រហែល​ជា​មិន​ដូច​ការ​រំពឹង​ទុក​របស់​មនុស្ស​មួយ​ចំនួន​នោះ​ទេ ប៉ុន្តែ​ច្បាប់​បាន​ការពារ​ការ​គ្រប់គ្រង​តឹងតែង​លើ​កញ្ឆា ដើម្បី​ធានា​គុណភាព និង​ការពារ​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ខុស​ច្បាប់។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «យើង​នឹង​តាមដាន និង​គ្រប់គ្រង​លើ​ផលិតកម្ម និង​ការ​ដាំដុះ​កញ្ឆា នៅ​ក្រោម​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ប្រើប្រាស់​កញ្ឆា​សម្រាប់​តែ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​ថៃ‍​តែ​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ថា ទោះបីជា​នៅ​មិន​ទាន់​ធ្វើ​បាន​ពេញលេញ​នៅ​ឡើយ​ក៏​ដោយ ក៏​នៅ​រយៈពេល​វែង​ខាង​មុខ រដ្ឋាភិបាល​ថៃ​មាន​បំណង​អភិវឌ្ឍ​អាជីវកម្ម​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រទេស​សម្រាប់​ការ​នាំ​ចេញ។

លោក​បញ្ជាក់​ក្នុង​សម្ដី​ដើម​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ថៃ​មាន​ចក្ខុ​វិស័យ​នៅ​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG