ក្រសួងសុខាភិបាលកម្ពុជានៅសប្តាហ៍នេះបានណែនាំដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺដែលបណ្តាលមកពីអាកាសធាតុត្រជាក់ ជាពិសេសត្រូវយកចិត្តទុកដាក់ឲ្យបានល្អចំពោះទារក កុមារនិងមនុស្សវ័យចំណាស់។
ការណែនាំនេះធ្វើ ឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមកាលពីសប្តាហ៍មុនប្រកាសថា អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ចាប់ពីចុងធ្នូ ឆ្នាំ២០១៨នេះតទៅ។
បើតាមសេចក្តីណែនាំមួយរបស់ក្រសួងសុខាភិបាលនិងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៨។ នេះបញ្ជាក់ថា ក្រសួងសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីជៀសផុតពីជំងឺដែលអាចកើតមានជាយថាហេតុដោយសារអាកាសធាតុមានការប្រែប្រួលនិងចុះត្រជាក់។
ក្រសួងបន្ថែមក្នុងសេចក្តីណែនាំនោះថា៖
«ក្នុងចំណោមជំងឺតាមរដូវកាលដែលជួបប្រទះញឹកញាប់បំផុតក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែ ធ្នូ ដល់ខែ មករា គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្រ្តិបតូកូក ដែលបង្កមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ករ ក្អក និងរលាកក្រពះពោះវៀន ដោយពពួកវីរុស ជាដើម»។
ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋស្លៀកពាក់ខោអាវក្រាស់ៗ ដើម្បីរក្សាកម្តៅក្នុងខ្លួនធម្មតា។ ស្វែងរកការព្យាបាលនៅគ្រឹះស្ថានសុខាភិបាល។ បើមានជំងឺផ្តាសាយ ឬមិនស្រួលខ្លួន គួរពន្យារផែនការធ្វើដំណើរ រហូតមានសភាពល្អប្រសើរ យ៉ាងហោចណាស់២៤ម៉ោង ក្រោយមានជំងឺ។ ហាមប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយោទិកដោយគ្មានវេជ្ជបញ្ជា។ រក្សាអនាម័យ និងត្រូវការពារខ្លួនពេលទៅក្បែរអ្នកជំងឺ។
ក្នុងសេចក្តីណែនាំដដែលក៏បានបញ្ជាក់ថាទារក កុមារ និងមនុស្សចាស់ មានហានិភ័យខ្ពស់ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ដែលចាំបាច់ត្រូវមានជំនួយត្រឹមត្រូវក្នុងការថែទាំបន្ថែម។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីសប្តាហ៍មុនប្រកាសថា អាកាសធាតុនៅកម្ពុជានឹងចាប់ផ្តើមចុះត្រជាក់ចាប់ពីថ្ងៃទី ៣០ និង ៣១ ខែ ធ្នូ ឆ្នាំ២០១៨ នេះតទៅ ហើយអាចនឹងចុះត្រជាក់ខ្លាំងក្នុងអំឡុងពាក់កណ្តាលខែ មករា ឆ្នាំ ២០១៩ ខាងមុខ ជាពិសេសនៅតាមតំបន់ភ្នំ៕