ក្រុមសកម្មជននិងអង្គការក្រៅរដ្ឋាភិបាលអាមេរិកប្រមាណ១០ កំពុងបន្តធ្វើយុទ្ធនាការដែលពួកគេហៅថា#OneNation ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះជនអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក និងដើម្បីប្រឆាំងវិធានការថ្មីមួយរបស់រដ្ឋាភិបាលអាមេរិកក្នុងការកែប្រែបទបញ្ញត្តិមួយ ដែលក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ចាត់ទុកថា មានគោលដៅដាក់សម្ពាធលើជនអន្តោប្រវេសន៍។
យុទ្ធនាការដែលកំពុងបន្តធ្វើនៅតាមបណ្ដារដ្ឋជាច្រើនទូទាំងសហរដ្ឋអាមេរិកដូចជារដ្ឋកាលីហ្វ័រញ៉ា រដ្ឋញូវយ៉ក រដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋមួយចំនួនទៀតនៅប៉ែកកណ្ដាលសហរដ្ឋអាមេរិកនេះ បានព្យាយាមកៀរគរពលរដ្ឋ ឱ្យសរសេរមតិយោបល់ជាសាធារណៈនិងចូលរួមបត់ចាបក្រដាស ដើម្បីសម្ដែងការតវ៉ារបស់ពួកគេ ប្រឆាំងនឹងវិធានការថ្មីនេះរបស់រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
អ្នកស្រី ណាក់ សេដា គឺជាម្ចាស់ភោជនីយដ្ឋាននិងតូបលក់កាសែតមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលបានចូលរួមដឹកនាំចលនាបត់ចាបក្រដាសនេះ ឱ្យបានចំនួន២៣០០ ជាតួលេខ ដែលក្រុមអង្គការសង្គមស៊ីវិលអាមេរិកដែលកំពុងធ្វើយុទ្ធនាការនេះ ចាត់ទុកថា តំណាងឱ្យជនអន្តោប្រវេសន៍ចំនួន២៣លាននាក់ក្នុងសហរដ្ឋអាមេរិក។
«តាមពិត ពួកយើងធ្វើនេះ គឺដើម្បីបង្ហាញថាពួកយើងទាំងអស់គ្នា សុទ្ធតែរងផលប៉ះពាល់ ដោយសារគោលគំនិតនិងន័យបង្កប់បែបអវិជ្ជមានអំពីជនអន្តោប្រវេសន៍»។
អ្នកស្រី សេដា ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយជាមួយVOAកាលពីថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកានៅឯបណ្ណាល័យRadical Libraryក្នុងសណ្ឋាគារនិងភោជនីយដ្ឋាន Eaton DC ក្នុងរដ្ឋធានីវ៉ាស៊ីងតោន ជាទីកន្លែងនៃការរៀបចំចលនាបត់ចាបក្រដាសនេះ បន្ថែមទៀតថា គំនិតផ្ដួចផ្ដើមដោយសហគមន៍និងអង្គការសង្គមស៊ីវិលអាមេរិកមួយក្រុមនេះ នឹងជួយជំរុញឱ្យមានការគិតគូរឡើងវិញពីសំណាក់រដ្ឋាភិបាលអាមេរិក អំពីបញ្ហាអន្តោប្រវេសន៍។
«ខ្ញុំគិតថានេះគឺជាវិធីដ៏អស្ចារ្យមួយ ក្នុងការធ្វើឱ្យសហគមន៍ចូលប្រឡូកជាមួយក្រុមអង្គការ AAPI (Asian Americans and Pacific Islanders) ដោយបង្ហាញថាពួកយើងពិតជាគាំទ្រក្រុមគ្រួសារនិងអ្នកជិតខាងរបស់យើងដែលរងផលប៉ះពាល់ដោយសារការកែប្រែបទបញ្ញត្តិមួយនេះ»។
យុទ្ធនាការបត់ចាបក្រដាសនិងប្រមូលមតិយោបល់ពីសាធារណជននេះ កើតឡើងក្រោយពីទីភ្នាក់ងារសញ្ជាតិនិងអន្តោប្រវេសន៍នៃក្រសួងសន្តិសុខមាតុភូមិអាមេរិក ដែលទទួលខុសត្រូវលើបញ្ហាអន្តោប្រវេសន៍ កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០១៨នេះ បានស្នើកែប្រែជាផ្លូវការនូវវិធានមួយដែលចែងអំពីការកំណត់លក្ខខណ្ឌនៃការមិនអនុញ្ញាតឱ្យជនណាម្នាក់ ទទួលបានទិដ្ឋាការចូលក្នុងសហរដ្ឋអាមេរិក ឬទទួលបាន Green Cards ដែលបញ្ជាក់ពីសិទ្ធិរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍ក្នុងប្រទេសនេះ។
បញ្ញត្តិមួយនៃច្បាប់ស្ដីពីអន្តោប្រវេសន៍និងសញ្ជាតិរបស់អាមេរិក ចែងថា មន្ត្រីអាមេរិកដែលទទួលបន្ទុកលើការសម្រេចក្នុងការផ្ដល់ទិដ្ឋាការឬការផ្លាស់ប្ដូរប្រភេទទិដ្ឋាការ មិនត្រូវអនុញ្ញាត ផ្ដល់ឱ្យជនណា ដែលទំនងជាអាចក្លាយជាបន្ទុករបស់រដ្ឋ (ឬ Public Charge) នៅពេលណាមួយនោះឡើយ។ ប៉ុន្តែ បញ្ញត្តិនេះ មិនបានកំណត់លក្ខខណ្ឌជាក់លាក់ថាតើជនបែបណាដែលទំនងជាអាចក្លាយជាបន្ទុករបស់រដ្ឋនោះទេ។
ក្រសួងសន្តិសុខមាតុភូមិអាមេរិកបច្ចុប្បន្ន ចង់កំណត់ពីរបៀបនិងលក្ខខណ្ឌជាក់លាក់មួយចំនួនដូចជាការតម្រូវឱ្យអ្នកស្នើសុំទិដ្ឋាការ ឬអ្នកដែលបានដាក់ពាក្យស្នើសុំប្ដូរប្រភេទទិដ្ឋាការដើម្បីបានរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក ត្រូវតែបង្ហាញថា ពួកគេ នឹងមិនទំនងអាចក្លាយជាបន្ទុករបស់រដ្ឋនោះឡើយ។
លក្ខខណ្ឌជាក់លាក់មួយទៀត ដែលក្រសួងនេះ បានស្នើកែប្រែដែរនោះគឺការតម្រូវឱ្យអ្នកស្នើសុំប្ដូរប្រភេទទិដ្ឋាការឬស្នើសុំពន្យារពេលស្នាក់នៅក្នុងសហរដ្ឋអាមេរិកទាំងអស់ ត្រូវបង្ហាញថា ពួកគេ មិនបានទទួល ឬក៏ទំនងជានឹងមិនទទួលបាន ការឧបត្ថម្ភផ្សេងៗពីរដ្ឋនោះទេ។ នេះបើយោងតាមសំណើកែប្រែវិធានថ្មីដែលក្រសួងនេះបានស្នើឡើង។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក ក៏បានស្នើកំណត់ប្រភេទជំនួយឬការឧបត្ថម្ភផ្សេងៗ ពីរដ្ឋ ដែលជាលក្ខណៈវិនិច្ឆ័យបានថា នរណាម្នាក់អាចត្រូវបានចាត់ទុកថាជាបន្ទុករបស់រដ្ឋ។
ក្រសួងនេះ បានទុកពេល៦០ថ្ងៃ ក្រោយពីខ្លួនបានស្នើកែប្រែបញ្ញត្តិនេះជាផ្លូវការ សម្រាប់ឱ្យសាធារណជន ចូលរួមផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរ មុននឹងក្រសួងសម្រេចលើវិធានការថ្មីនេះ។
អ្នកនាង Thu Nguyen ជំនួយការជាន់ខ្ពស់ខាងទំនាក់ទំនងនៃអង្គការ OCA-Asian Pacific American Advocates ដែលជាអង្គការមួយក្នុងចំណោមអង្គការប្រមាណ១០ដែលកំពុងធ្វើយុទ្ធនាការ #OneNation ប្រឆាំងនឹងសំណើថ្មីនេះ មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយVOAកាលពីថ្ងៃអាទិត្យដែរថា វិធានការថ្មីរបស់រដ្ឋបាលលោកត្រាំនេះ នឹងប៉ះពាល់ជាអវិជ្ជមានដល់ជនអន្តោប្រវេសន៍រាប់លាននាក់ក្នុងសហរដ្ឋអាមេរិក ដែលនៅត្រូវការការឧបត្ថម្ភផ្សេងៗពីរដ្ឋ ដូចជាអាហារូបត្ថម្ភ ការស្នាក់នៅនិងការចំណាយលើថ្លៃធានារ៉ាប់រងសុខភាពជាដើម។
«នេះជាបញ្ហា ដោយសារតែមានជនអន្តោប្រវេសន៍ច្រើនណាស់ដែលត្រូវការជំនួយបន្តិចបន្តួចពីរដ្ឋនៅពេលដែលពួកគេបានមកជាន់ដីអាមេរិកជាលើកដំបូងហើយប្រឹងប្រែងកសាងជីវិតរបស់ពួកគេនៅទីនេះ។ ដូច្នេះ ប្រសិនបើសំណើគោលនយោបាយនេះ ត្រូវបានអនុម័តមែននោះ នោះវានឹងប៉ះពាល់ដល់ជនអន្តោប្រវេសន៍២៣លាននាក់ ដែលកំពុងស្វះស្វែងទទួលបានសិទ្ធិរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍នៅក្នុងប្រទេសនេះ»។
អង្គការក្រៅរដ្ឋាភិបាល ដែលចូលរួមកៀរគរចលនាមហាជនតាមរយៈយុទ្ធនាការបត់ចាបក្រដាសនិងអំពាវនាវឱ្យពលរដ្ឋបញ្ចេញមតិយោបល់របស់ពួកគេ ប្រឆាំងនឹងសំណើថ្មីរបស់រដ្ឋាភិបាលអាមេរិកនេះ រួមមាន អង្គការ AAPI (Asian Americans and Pacific Islanders), NCAPA (National Council of Asian Pacific Americans), APIAHF (Asian & Pacific Islander American Health Forum), អង្គការ Asian Americans Advancing Justice, សមាគម AAPCHO (Association of Asian Pacific Community Health Organizations), អង្គការ National CAPACD (National Coalition For Asian Pacific American Community Development), អង្គការnapawf (National Asian Pacific American Women's Forum), អង្គការNAKASEC (National Korean American Service & Education Consortium), SEARAC (Southeast Asia Resource Action Center) និងអង្គការ OCA-Asian Pacific American Advocates។
ក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងវិធានការថ្មីរបស់រដ្ឋាភិបាលនេះ និយាយថា ការកែប្រែបញ្ញត្តិថ្មីនេះ នឹងធ្វើឱ្យជនអន្តោប្រវេសន៍ដែលនៅត្រូវការការឧបត្ថម្ភផ្សេងៗពីរដ្ឋ ត្រូវបង្ខំចិត្តឈប់ទទួលយកជំនួយពីរដ្ឋ ដើម្បីចៀសវាងកុំឱ្យអាជ្ញាធរ ចាត់ទុកពួកគេថាជាបន្ទុករបស់រដ្ឋ ហើយជាលទ្ធផល បដិសេធមិនផ្ដល់ Green Cards ដល់ពួកគេ។
អ្នកស្រី ណាក់ សេដា មានប្រសាសន៍យ៉ាងដូច្នេះថា៖
«ជាអកុសល កាលណាអ្នកប្រើប្រាស់ជំនួយរដ្ឋកាន់តែច្រើន នោះគេនឹងប្រើប្រាស់ហេតុផលនោះ ប្រឆាំងនឹងរូបអ្នកវិញ ដូច្នេះ ការធ្វើបែបនេះ វាដូចជាការអនុវត្តដែលមានលក្ខណៈរើសអើងរបស់ពួកអភិជន ដែលក្រសួងសន្តិសុខមាតុភូមិកំពុងកំណត់ឱ្យធ្វើដូច្នោះដែរ»។
មនុស្សជាង៣សែន៨ម៉ឺននាក់ក្នុងមួយឆ្នាំ នឹងរងផលប៉ះពាល់ដោយសារការបង្ក្រាបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើជនអន្តោប្រវេសន៍នេះ។ នេះបើយោងតាមរបាយការណ៍របស់កាសែត The New York Times ដែលបានដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន។
យុទ្ធនាការរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ចាត់ទុកថា វិធានការថ្មីរបស់រដ្ឋាភិបាលអាមេរិកនេះ មានគោលដៅ«បង្កើតរនាំងផ្លូវច្បាប់ដែលមិនបង្ហាញឱ្យឃើញជាក់ស្ដែង ដើម្បីរារាំងជនអន្តោប្រវេសន៍ មិនឱ្យចូលក្នុងសហរដ្ឋអាមេរិក និងកែប្រែប្រព័ន្ធ ប្រឆាំងនឹងកុមារ មនុស្សចាស់ ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងអ្នកដែលមិនសូវចេះភាសាអង់គ្លេស និងអ្នកដែលមានបញ្ហាសុខភាពឬពិការភាព»។
ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលអាមេរិក លើកឡើងថា ការណ៍ដែលអាចចិញ្ចឹមខ្លួនឯងបាន គឺជាគោលការណ៍មូលដ្ឋានជាយូរលង់ណាស់មកហើយដែលមានចែងក្នុងច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកគឺអ្នកស្រី Kirstjen Nielsen បានថ្លែងប្រាប់បណ្ដាញព័ត៌មាន NBC កាលពីខែកញ្ញា មុនពេលដែលសំណើកែប្រែបញ្ញត្តិនេះ ត្រូវបានដាក់ឱ្យសាធារណជនចូលរួមផ្ដល់យោបល់លើយ៉ាងដូច្នេះថា៖
«វិធានថ្មីដែលបានស្នើឡើងនេះ នឹងអនុវត្តច្បាប់មួយដែលសភាអាមេរិកបានអនុម័ត ក្នុងគោលបំណង លើកកម្ពស់ភាពដែលអាចចិញ្ចឹមខ្លួនឯងបាន និងការពារធនធានដែលមានកំណត់ ដោយធានាថា ជនអន្តោប្រវេសន៍ ទំនងជានឹងមិនអាចក្លាយជាបន្ទុករបស់អ្នកបង់ពន្ធអាមេរិកាំងនោះទេ»។
យ៉ាងណាក៏ដោយ ការសិក្សាចុងក្រោយមួយរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew Research Center ដែលបានចេញផ្សាយកាលពីកញ្ញា កន្លងទៅនេះ បានរកឃើញថា ពលរដ្ឋអាមេរិកាំងភាគច្រើនយល់ថា ជនអន្តោប្រវេសន៍ ជួយពង្រឹងសេដ្ឋកិច្ចអាមេរិកដោយសារតែការខំប្រឹងប្រែងធ្វើការងារនិងទេពកោសល្យរបស់ពួកគេ ជាជាងក្លាយជាបន្ទុករបស់រដ្ឋ។
កញ្ញា Mya Brown វ័យ២៦ឆ្នាំ ម្ចាស់ហាងតុបតែងខ្លួនមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលបានចូលរួមក្នុងយុទ្ធនាការបត់ចាបក្រដាសនៅឯបណ្ណាល័យ Radical Library ក្នុងរដ្ឋធានីវ៉ាស៊ីងតោន បានប្រាប់ VOA ថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលបង្កើតឡើងនិងរីកលូតលាស់ដោយសារការចូលរួមចំណែកពីជនអន្តោប្រវេសន៍ ដូច្នេះកញ្ញាថា រដ្ឋាភិបាលអាមេរិក គួរតែបើកចិត្តឱ្យទូលាយលើបញ្ហាអន្តោប្រវេសន៍នេះ។
«មនុស្សគ្រប់រូប គួរតែទទួលបានសន្តិភាពនិងសុភមង្គល។ ប្រសិនបើអ្នកអាចជួយគេបាន ម៉េចមិនធ្វើទៅ? គ្រាន់តែបើកបេះដូងនិងសង្គ្រោះគ្នាទៅ ដូចយើងកំពុងព្យាយាមផ្សព្វផ្សាយសេចក្ដីស្រលាញ់នៅជុំវិញពិភពលោក ដូច្នេះជួយគេទៅ»។
ដូចគ្នាដែរ លោក Dominic Green អ្នកថតរូបនិងថតភាពយន្តឯករាជ្យ ដែលជាមិត្តប្រុសរបស់កញ្ញា Mya ក៏បានមានប្រសាសន៍ក្នុងពេលដែលលោកនិងមិត្តស្រីរបស់លោកកំពុងបត់ចាបក្រដាសទន្ទឹមគ្នានោះថា៖
«គ្មាននរណាចង់គ្មានផ្ទះសម្បែងរស់នៅនោះទេ ហើយក៏គ្មាននរណា ចង់ឱ្យគេចាប់បញ្ជូនខ្លួនត្រឡប់ទៅទីកន្លែងមួយផ្សេងទៀត ដោយសារតែខ្លួនគ្រាន់តែចង់រស់នៅក្នុងស្ថានភាពដែលល្អប្រសើរជាងមុននោះទេ»។
ក្រុមអ្នកគាំទ្រនិងសកម្មជននៃអង្គការសង្គមស៊ីវិលទាំងនេះ គ្រោងនឹងនាំយកចាបក្រដាសទាំង២៣០០ ដែលពួកគេនិងពលរដ្ឋចូលរួមបត់នេះ ទៅដាក់ជូនក្រសួងសន្តិសុខមាតុភូមិឬសេតវិមាន នៅមុនថ្ងៃទី១០ខែធ្នូ ខាងមុខនេះ ដែលជាឱសានវាទនៃការទទួលមតិពីសាធារណជនទៅលើសំណើថ្មីរបស់រដ្ឋាភិបាល ដើម្បីជាការបង្ហាញពីការតវ៉ាជាសាធារណៈរបស់ពួកគេ ប្រឆាំងនឹងវិធានការថ្មីនេះ៕