ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា ខ្យល់​កខ្វក់​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​កូនក្មេង


កុមារ​ជាច្រើន​បាតុកម្ម​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​ពួកគេ​លើ​ការ​បំពុល​អាកាស​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​។
កុមារ​ជាច្រើន​បាតុកម្ម​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​ពួកគេ​លើ​ការ​បំពុល​អាកាស​ក្នុង​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​។

អង្គការ​សុខភាព​ពិភពលោក WHO ប្រាប់​ឲ្យ​ដឹងថា ​ខ្យល់​កខ្វក់​សម្លាប់​កូន​ក្មេង​រាប់​សែននាក់ជារៀង​រាល់​ឆ្នាំ​ហើយ​បាន​ដាក់សុខភាព​ខាង​រាង្គកាយ​និង​ការ​អភិវឌ្ឍ​ខាង​សរសៃ​ប្រសាទ​របស់​ក្មេង​ជំទង់​រាប់​រយ​លាន​នាក់​ឲ្យ​ស្ថិត​ក្នុងភាគ​គ្រោះ​ថ្នាក់។​

អង្គការ​សុខភាព​ពិភពលោក(WHO) ​កំពុង​ចេញ​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើងថា «ខ្យល់​កខ្វក់​និង​សុខភាព​កូន​ក្មេង»សេចក្តីត្រូវការ​ខ្យល់​ស្អាត​មុន​សន្និ សីទ​សាកល​លោក​លើកទី១របស់​ទីភ្នាក់​ងារ​របស់​អង្គការ​សហប្រ​ជា​ជាតិ​ស្តីពី​ខ្យល់​កខ្វក់​និង​សុខភាព។​

អង្គការ​សុខភាព​ពិភពលោក ​រាយការណ៍​ថា ​កូនក្មេង​ជាង​៩០​ភាគរយ​ឬ​ជិត​២​ពាន់​លាន​នាក់​ដែលមាន​អាយុតិចជាង១៥ឆ្នាំ ដកដង្ហើម​ស្រូបខ្យល់​ជាតិ​ពុល​ជារៀង​រាល់​ថ្ងៃ។ អង្គការ​សុខភាព​ពិភពលោក​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​នៃ​ការចុះ​ខ្សោយ​ខាង​សុខ ភាពដែល​ពាក់ព័ន្ធ​នឹង​ខ្យល់​កខ្វក់ចាប់​ផ្តើមនៅពេល​មានគព៌​រហូត​ដល់​ពេញ​វ័យ។

របាយការណ៍​នោះ​បាន​កត់​សម្គាល់​ថា ​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះប៉ះត្រូវ​ខ្យល់​កខ្វក់​ទំនង​ធ្វើ​ឲ្យទារក​កើត​មិន​គ្រប់ខែ​និងមាន​ទម្ងន់​ស្រាល។ លោកស្រី Marie Noel Brune Drisse ​ជា​អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​ជំនាញ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក(WHO)ព្រមាន​ថា ​ទារក​ជា​ច្រើន ​នឹង​មាន​បញ្ហា​សរសៃ​ប្រសាទ​ដែល​បណ្តាលឲ្យ​កម្រិត​បញ្ញា​ឬ IQ មាន​កម្រិត​ទាប។ ​លោកស្រី​ Marie ​បាន​ថ្លែងថា៖ «ខ្យល់​កខ្វក់ធ្វើ​ឲ្យខួរ​ក្បាល​របស់​យើង​មិន​លូតលាស់​ឲ្យបាន​ពេញលេញ​ មុន​យើងកើត​ទៅ​ទៀត។ការណ៍​នេះ​នាំ​ឲ្យ​មាន​ជម្ងឺ​ដែលយើង​មិនអាច​ឃើញ​ភ្លាម​ៗ ក៏ប៉ុន្តែ ក្រឡេក​មើលពេលក្រោយ​មក ដូចជា​ជំងឺ​មនុស្ស​ពេញវ័យ។ តួនាទី​សួត​របស់យើង​និង​ប្រព័ន្ធ​ផ្លូវ​ដក​ដង្ហើម​របស់​យើង​នឹង​មានការ​ផ្លាស់​ប្តូរ​ក្នុង​អំឡុង​នៃ​ការ​រីកលូតលាស់របស់​យើង»។

លោកស្រី Drisse និយាយ​ទៀត​ថា ​ការណ៍​នេះ អាច​នាំ​ឲ្យមាន​ជម្ងឺផ្លូវ​ដក​ដង្ហើម​និង​ជម្ងឺ​បេះ​ដូង​រ៉ាំរ៉ៃ ​និង​ប្រភេទ​ជម្ងឺ​មហា​រីក​ក្រោយ​មក។ របាយការណ៍​នោះ ​បាន​ប៉ាន់​ស្មាន​ថា ​កូនក្មេង​៦សែន​នាក់​បាន​ស្លាប់​ដោយ​សារការប៉ះពាល់ផ្លូវ​ដក​ដង្ហើមដែល​បណ្តាល​មក​ពី​ខ្យល់​កខ្វក់។​របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា ផល​ប៉ះពាល់​ដ៏​ធ្ងន់​ធ្ងរ​បំផុត​គឺ​កូន​ក្មេង​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។របាយការណ៍​នោះ​បាន​រក​ឃើញ​ថា អត្រា​ស្លាប់​ខ្ពស់​បំផុត​ក្នុង​ចំណោម​កូនក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​៥​ឆ្នាំទៅ​១៤​ឆ្នាំមកទាំងពី​ខ្យល់​កខ្វក់​ជុំ​វិញ​និងក្នុងផ្ទះ​សម្បែងដែល​កើត​មាន​ឡើង​នៅតំ​បន់​អាហ្វ្រិក។

របាយការណ៍​នោះប្រាប់​ឲ្យ​ដឹង​ទៀត​ថា ការប្តូរ​ទៅប្រើ​ឥន្ធនៈស្អាត​ដើម្បី​ចម្អិន​ម្ហូប​អាហារ​និង​សម្រាប់​កំដៅ​ផ្ទះ​ហើយនឹង​បច្ចេក​វិទ្យា ​អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​កូន​ក្មេង​ជា​ច្រើន។​របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា ​វិធានការ​ណ៍​ផ្សេង​ៗ​ទៀត​ដើម្បី​កាត់​បន្ថយផលប៉ះពាល់​ជាតិ​ពុលនៃ​ខ្យល់​កខ្វក់ ​រួម​ទាំង​ការ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពីឥន្ធនៈ​ជាតិ​ហ្វូស៊ីល។

របាយការណ៍​នោះ ​ផ្តល់​អនុសាសន៍​ឲ្យ​ប្រើ​ប្រាស់ប្រភព​ថាម​ពលស្អាត កកើត​ឡើងវិញ ​ពឹង​ផ្អែក​តិច​លើរថយន្តឯកជនហើយ​ងាក​ទៅ​ប្រើ​ការដឹកជញ្ជូន​សាធា​រណៈ ​និងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធចាត់​ចែងកាក​សំណល់។មន្រ្តី​អង្គការ​សុខ​ភាព​ពិភពលោក​និយាយ​ថា ​អត្ថ​ប្រយោជន៍​មក​ពីការ​អនុវត្ត​វិធានការ​នានា នឹង​ទទួល​បាន​លទ្ធផល​ភ្លាម​ៗ៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG