កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាអាចនឹងបរាជ័យនៅក្នុងការអនុវត្តបទដ្ឋានថ្មីមួយរបស់អង្គការសហប្រជាជាតិស្តីពី«ការទទួលខុសត្រូវដើម្បីបង្ការ» ដែលមានការយល់ព្រមពីប្រមុខរដ្ឋនានាកាលពី១០ឆ្នាំមុនដោយសារតែច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស។ ក្រុមអង្គការសង្គមស៊ីវិល ដែលមានតួនាទីសំខាន់ក្នុងការជួយជំរុញឲ្យមានការអនុវត្តបទដ្ឋាននេះ យល់ថា ច្បាប់នេះនឹងរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងការតស៊ូមតិដោយអហិង្សា ហើយងាកទៅរកហិង្សា។ ការងាកទៅរកអំពើហិង្សានេះហើយដែលធ្វើឲ្យកម្ពុជាឃ្លាតឆ្ងាយពីបទដ្ឋាននៃ«ការទទួលខុសត្រូវដើម្បីបង្ការ»នេះតែម្តង។
សកម្មជនសិទ្ធិមនុស្ស និងមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា នៅតែសម្តែងក្តីបារម្ភអំពីការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលនឹងមិនអាចរួមចំណែកដល់ការដោះស្រាយវិបត្តិសង្គមដែលកើតមានក្នុងពេលបច្ចុប្បន្ននេះទេ ហើយច្បាប់ដដែលនេះក៏នឹងអាចធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាពិបាកធានាបាននូវបទដ្ឋានថ្មីមួយរបស់អង្គការសហប្រជាជាតិស្តីពី«ការទទួលខុសត្រូវដើម្បីបង្ការ» ដែលមានគោលបំណងទប់ស្កាត់ការបង្កអំពើឃោរឃៅដោយមនុស្សជាតិខ្លួនឯង។
«ការទទួលខុសត្រូវដើម្បីបង្ការ»ដែលប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិហៅជាភាសាអង់គ្លេសថា Responsibility to Protect គឺជាបទដ្ឋានថ្មីមួយដើម្បីរារាំង និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការបោសសម្អាតជនជាតិភាគតិច និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការទទួលខុសត្រូវដើម្បីបង្ការនេះមិនមែនជាច្បាប់នោះទេ ប៉ុន្តែវាគឺជាការបេ្តជ្ញាចិត្តផ្នែកនយោបាយដើម្បីបង្ហាញផ្លូវដល់រដ្ឋ និងការរៀបចំថ្នាក់តំបន់ និងអនុតំបន់នានានៅក្នុងការបង្ការប្រជាជនឲ្យគេចផុតពីឧក្រិដ្ឋកម្ម និងអំពើហិង្សាទាំងនេះ។ នេះបើយោងទៅតាមឯកសាររបស់អង្គការសម្ព័ន្ធភាពអន្តរជាតិសម្រាប់ការទទួលខុសត្រូវដើម្បីបង្ការ (International Coalition for the Responsibility to Protect) ដែលធ្វើការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ្នកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា មានប្រសាសន៍ប្រាប់វីអូអេថា ការធ្វើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះមិនស្របទៅតាមគោលការណ៍នៃ«ការទទួលខុសត្រូវដើម្បីបង្ការ»នោះទេ ក្នុងការទប់ស្កាត់អំពើហិង្សាដែលអាចផ្តើមចេញពីទ្រង់ទ្រាយតូច ហើយរីកធំឡើងទៅជាអំពើហិង្សាដ៏គ្រោះថ្នាក់ដល់ស្ថិរភាពសង្គម។
«ខ្ញុំគិតថា វាហាក់ដូចជាមិនសូវឆ្លើយតបទៅនឹងគោលការណ៍ហ្នឹងទេ ព្រោះដូចថា រដ្ឋាភិបាលគិតម្ខាង ឯសង្គមស៊ីវិលសំណូមពរទៅ រដ្ឋាភិបាលលោកតែងតែមានការឆ្លើយតបទៅតាមអ្វីដែលលោកអាចឆ្លើយតបបាន ដែលធ្វើឲ្យយើងហ្នឹងមិនទាន់ មិនទាន់ពេញចិត្ត។ អញ្ចឹងដំណើរការអ្វីដែលលោកចង់ធ្វើគឺនៅតែបានអញ្ចឹង ហើយអញ្ចឹងដែលធ្វើឲ្យយើងគិតថា មិនមាន មិនអាចទប់ស្កាត់ទៅលើអំពើហិង្សាហ្នឹងបាន។ ហើយអញ្ចឹង បើសិនជាទប់អត់បាន ខ្ញុំគិតថា ប្រជាពលដ្ឋយើងមើល ហើយខាងភាគីប្រជាពលរដ្ឋគឺមិនមានស្អីទេ។ ហើយអញ្ចឹងទៅខាងរដ្ឋាភិបាលលោកមានកម្លាំងប្រដាប់អាវុធ ហើយតែងតែប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាប។ ត្រង់ហ្នឹងហើយដែលសង្គមស៊ីវិលមានការព្រួយបារម្ភ»។
អង្គការសង្គមស៊ីវិលបានឲ្យដឹងថា ប្រទេសកម្ពុជាកើតមានអំពើហិង្សាជារឿយៗ ជាពិសេសទាក់ទងនឹងបញ្ហាដីធ្លី ការតវ៉ារបស់កម្មករ និងការបញ្ចេញមតិតាមរដ្ឋធម្មនុញ្ញ ត្រូវគេឃើញថា មានការវាយដំ បង្ក្រាបយ៉ាងខ្លាំង និងចាប់ដាក់គុក។ ហើយក្រោយពេលដែលច្បាប់អង្គការ សមាគមត្រូវបានអនុម័តដោយសភាមក គេសង្កេតឃើញថា មានការរិតត្បិតការបញ្ចេញមតិ តែបាតុកម្មគាំទ្រគណបក្សគ្រប់គ្រងប្រទេសត្រូវគេឃើញថា ធ្វើឡើងដោយងាយស្រួល។ នៅក្នុងសប្តាហ៍នេះដែរ តំណាងរាស្រ្តបក្សប្រឆាំងពីររូបត្រូវបានវាយដំ ទាត់ធាក់ដោយក្រុមបាតុករដែលគេជឿថា ជាអ្នកគាំទ្រគណបក្សកាន់អំណាច។ ការវាយទាត់ធាក់នេះកើតមានខណៈក្រុមបាតុករនេះធ្វើការតវ៉ាទាមទារឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចុះចេញពីតំណែងអនុប្រធានរដ្ឋសភា។
អង្គការសង្គមស៊ីវិលមានតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់អំពើហិង្សា ដែលកើតចេញពីទំនាស់នៅក្នុងសហគមន៍។ នេះបើយោងទៅតាមឯកសារអប់រំនៃគោលការណ៍«ការទទួលខុសត្រូវដើម្បីបង្ការ»។
ឯកសារនោះសរសេរថា «សមាជិកនៃសង្គមស៊ីវិលត្រូវបានដាក់ឲ្យធ្វើការយ៉ាងល្អទៅតាមចំណេះដឹងរបស់ពួកគេ និងស្ថានភាពនៅកៀកជិតនឹងសហគមន៍ដែលរងគ្រោះដោយវិបត្តិ ដើម្បីលើកទឹកចិត្តដល់ភាគី ដែលកំពុងមានទំនាស់ ឲ្យធ្វើការចរចា និងរកដំណោះស្រាយចំពោះវិបត្តិទាំងនោះដោយអហិង្សា ក៏ដូចជាគាំទ្រ និងចូលរួម ហើយនិងដឹកនាំកិច្ចខិតខំប្រឹងប្រែងនានាដើម្បីសម្របសម្រួល ឬដោះស្រាយជម្លោះទាំងឡាយណាដែលអាចនាំទៅរកការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឃោរឃៅ»។
យ៉ាងណាក៏ដោយ អង្គនីតិបញ្ញតិ ឬស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស់ ដែលក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមិនពេញចិត្តនោះទេ។ ពួកគេនិយាយថា ច្បាប់នេះនឹងរឹតបន្តឹងលើសកម្មភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ពីព្រោះច្បាប់នេះមិនបានពន្យល់ច្បាស់អំពីចំណុចជាច្រើនដែលអាចទប់ស្កាត់សកម្មភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ។
មាត្រា៨នៃច្បាប់នេះបានចែងថា៖ ក្រសួងមហាផ្ទៃអាចបដិសេធការស្នើសុំចុះបញ្ជីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា ដែលត្រូវបានរកឃើញថា មានគោលបំណង និងទិសដៅដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កនូវភាពអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមជាតិកម្ពុជា។ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលក្រសួងមហាផ្ទៃសម្រេចបដិសេធការស្នើសុំចុះបញ្ជី មានសិទ្ធិប្តឹងទៅតុលាការ»។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ប្រាប់ VOA ថា ច្បាប់នេះអាចរារាំងមិនឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើការតស៊ូមតិតាមការចងក្រងជាក្រុមតូចៗ អាចចុះបញ្ជីនៅក្រសួងមហាផ្ទៃបានទេ នៅពេលច្បាប់នេះត្រូវបានយកមកប្រើប្រាស់ច្រើនឡើងៗនោះ។
«ជាធម្មតា កាលណាយើងបិទសិទ្ធិសេរីភាពគ្រប់យ៉ាងទំាងអស់មិនឲ្យប្រជាពលរដ្ឋធ្វើអី បានន័យថា ដូចយើងយកទឹកក្តៅ យកអីទៅបិទរន្ធកណ្តុរអញ្ចឹងណា៎។ អញ្ចឹងដល់ពេលយើងបិទជិតអស់ អត់មានធ្វើអីសម្រាប់ឲ្យដកដង្ហើម ពេលហ្នឹងគឺជាធម្មតាសត្វទាំងអស់ វាត្រូវបុកចេញហើយ។ អញ្ចឹង ពេលហ្នឹងហើយដែលវាអាចមានបញ្ហាកើតឡើងនៅពេលខាងមុខ ដោយសារតែការរិតត្បិតសិទ្ធិសេរីភាពខ្លាំងទៅៗ ហើយមានការតស៊ូ និងតវ៉ាច្រើនឡើងៗ។ ហើយពេលហ្នឹង កាលណាកើតចេញច្រើនធ្វើអីមិនកើត គេប្រើកម្លាំងបង្រ្កាប។ អាហ្នឹងអំពើហិង្សានឹងអាចកើតឡើង។ វាអាចនឹងមាន។ យើងមានមេរៀនបន្តៗហើយ ដូចជានៅឆ្នាំ២០១៤មានការបង្រ្កាបទៅលើកម្មករបណ្តាលឲ្យស្លាប់ និងរងរបួសជាហូរហែ អាហ្នុងគឺបើសិនជាយើងរឹតត្បិតកាន់តែខ្លាំងទៅៗ អំពើហិង្សា ហើយនិងការប៉ះពាល់ដល់អាយុជីវិត ក៏ដូចជារូបរាងកាយ នឹងកើតមានជាបន្តបន្ទាប់»។
ថ្វីដ្បិតតែច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានលក្ខណៈរឹតត្បិតដែលអាចបង្កទៅជាអំពើហិង្សាក្តី មន្ត្រីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនតែងតែនិយាយសរសើរថា ច្បាប់នេះមានភាពល្អប្រសើរ និងធូររលុងជាងច្បាប់នៅក្នុងប្រទេសដទៃ ជាពិសេសគឺក្នុងប្រទេសឧស្សាហកម្មជឿនលឿន។ រីឯលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែបានលើកឡើងពីយុទ្ធសាស្ត្រឈ្នះៗរបស់លោក ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅប្រទេសកម្ពុជានាចុងឆ្នាំ១៩៩៨។ រដ្ឋាភិបាលរបស់លោកបានទប់ស្កាត់មិនឲ្យមានការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមដ៏ប្រល័យ។
នៅក្នុងសុន្ទរកថារបស់លោកហ៊ុន សែនដែលបានផ្តល់ជូនដល់អ្នកចូលរួមនៅក្នុងវេទិកាអន្តរជាតិស្តីពី«ការទទួលខុសត្រូវដើម្បីបង្ការ» កាលពីខែកុម្ភៈកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីបានសរសេរថា ប្រទេសកម្ពុជាកំពុងតែរួមចំណែកធំមួយក្នុងការការពារប្រជាពលរដ្ឋពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការលុបបំបាត់ជនជាតិភាគតិច និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងប្រទេសដទៃទៀតផងដែរ។ ក្នុងនោះ កម្ពុជាពិតជាមានមោទនភាពក្នុងការរួមចំណែកលើប្រតិបត្តិការរក្សាសន្តិភាព និងមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ ក្នុងពេលបច្ចុប្បន្ននេះ ជនជាតិកម្ពុជាប្រមាណ១០០០នាក់កំពុងតែបំពេញបេសកកម្ម រួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព និងមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។
លោកហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ បានបញ្ជាក់នៅក្នុងសុន្ទរកថានោះថា៖
«ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជាមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់«ការទទួលខុសត្រូវដើម្បីបង្ការ» និងការទប់ស្កាត់អំពើឃោរឃៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈបទពិសោធន៍ពិសេសរបស់ខ្លួន និងអ្វីៗដែលយើងសម្រេចបាននាពេលកន្លងមក ក្នុងការដោះស្រាយអំពើឃោរឃៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម»។
របបខ្មែរក្រហមបានឆក់យកជីវិតប្រជាពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់។ របបនោះមិនតម្រូវឲ្យមានសមាគម ឬអង្គការសង្គមស៊ីវិលនោះទេ ហើយប្រជាពលរដ្ឋខ្មែរក្នុងសម័យនោះត្រូវតែស្តាប់តាមអង្គការចាត់តាំងដែលប្រជាពលរដ្ឋខ្មែរធ្លាប់ឆ្លងកាត់សម័យនោះស្គាល់ថា«អង្គការ»។ សិទ្ធិពលរដ្ឋខ្មែរគ្រប់យ៉ាងត្រូវបានកម្ទេច ពីព្រោះរាល់កិច្ចការត្រូវកំណត់ឡើងដោយ «អង្គការ»នៃក្រុមកុម្មុយនីស្តខោអាវខ្មៅនេះ។
នៅក្នុងសង្គមខ្មែរនាសម័យសង្គមប្រជាធិបតេយ្យនេះ គេសង្កេតឃើញថា វប្បធម៌និទណ្ឌភាពនៅតែបន្តកើតមាន ខណៈដែលប្រទេសដ៏ក្រីក្រនេះ កំពុងប្រឈមជាមួយនឹងសកម្មភាពហិង្សា និងការបាញ់សម្លាប់ដោយអាជ្ញាធរមានសមត្ថកិច្ច ហើយជនសង្ស័យភាគច្រើនមិនទាន់ត្រូវបាននាំមកកាត់ទោសនោះឡើយ។ ពួកមេដឹកនាំខ្មែរក្រហម របបបានហៅរបបខ្លួនឯងថា «កម្ពុជាប្រជាធិបតេយ្យ»។
ក្រុមសកម្មជនសិទ្ធិមនុស្សបានសង្កត់ធ្ងន់ថា កម្ពុជាក្នុងពេលបច្ចុប្បន្នអាចបញ្ចៀសសង្គ្រាមក្នុងស្រុកដែលធ្លាប់កើតមាន ហើយមិនអាចមានការសម្លាប់រង្គាលដូចសម័យខ្មែរក្រហមនោះទេ ប្រសិនបើមានការគោរពច្បាប់ត្រឹមត្រូវដោយមេដឹកនាំប្រទេស និងប្រជាពលរដ្ឋខ្មែរ។ ច្បាប់ដែលធ្វើឡើងមិនអាចមានភាពតឹងរឹងនោះដែរ។ សម័យខ្មែរក្រហមកើតមានដោយសារកំហឹងវណ្ណៈ អ្នកក្រស្អប់អ្នកមាន។ ពេលក្រុមនេះកាន់កាប់ប្រទេសកម្ពុជារយៈពេលបីឆ្នាំ ពីឆ្នាំ១៩៧៥ដល់១៩៧៩ កម្ពុជាមិនបានគ្រប់គ្រងដោយច្បាប់ទេ តែដោយការចាប់កំហុសគ្នាទៅវិញទៅមក ឈានដល់ការកាប់សម្លាប់គ្នាឯងយ៉ាងព្រៃផ្សៃ។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បាននិយាយថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាលើការអនុវត្តច្បាប់ដែលមិនមានលក្ខណៈតឹងរឹងខ្លាំង ហើយអាចនាំឲ្យមានការផ្ទុះកំហឹងសាធារណៈដែលជាដើមចមនាំឲ្យប្រទេសកម្ពុជាទៅជួបវិបត្តិសង្គមធ្ងន់ធ្ងរ ដូចជាសង្គ្រាមក្នុងស្រុក និងអំពើប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។
«យើងគួរតែមានការអនុវត្តច្បាប់ ការគោរពសិទ្ធិមនុស្ស ទៅតាមរដ្ឋធម្មនុញ្ញទៅតាមបទដ្ឋានអន្តរជាតិនានា ជាពិសេស កម្ពុជាយើង ដែលជារដ្ឋភាគីនៃអង្គការសហប្រជាជាតិ ហើយដែលបានផ្តល់សច្ចាប័ន និងផ្តល់ហត្ថលេខាជាច្រើនទៅលើអនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិមនុស្សជាច្រើននោះ យើងគួរតែនំាគ្នាគោរព ហើយបើមានការបើកទូលាយក្នុងការគោរពសិទ្ធិមនុស្ស នោះនឹងមិនមានបញ្ហាទាំងអស់ហ្នឹងកើតមាននៅពេលខាងមុខទេ»។
ដោយហេតុតែមើលឃើញនូវគ្រោះថ្នាក់ដែលអំពីហិង្សានាំទៅជាគំនុំគុំកួនកាប់សម្លាប់នេះ ទើបប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើន ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកច្ឆ័ន្ទទទួលយកគោលការណ៍«ការទទួលខុសត្រូវដើម្បីបង្ការ»នេះនៅក្នុងខែកញ្ញាឆ្នាំ២០១៥៕