ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖​ ច្បាប់​អង្គការ​អាច​ជា​វិធាន​ការ​រដ្ឋាភិបាល​ទប់ទល់​គណបក្ស​ប្រឆាំង


រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)

រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​គ្រឹះសំខាន់​ក្នុង​ការ​ទ្រទ្រង់​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​​រដ្ឋ​ខ្មែរ​ ដែល​ធ្លាប់​ហែល​ឆ្លង​កាត់​សង្គ្រាម​ និង​របប​ខ្មៅ​ងងឹត​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​កុម្មុយ​នីស្ត​​ជ្រុល​និយមខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​​

រាជរដ្ឋាភិបាល​កម្ពុជា​ទំនង​ជា​យល់ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជួយ​ជ្រោម​ជ្រែង​គណបក្ស​ប្រឆាំង​ឲ្យ​កើន​អាសនៈ​ក្នុង​រដ្ឋសភា​ ទើបរាជ​រដ្ឋាភិបាល​កម្ពុជា ​ស្រវា​យក​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការក្រៅរដ្ឋា​ភិ​បាល​ដែល​កប់​ទុក​ជាច្រើន​ឆ្នាំ​មក​ហើយនោះ យក​មក​ឲ្យ​រដ្ឋសភាអនុម័ត​ បើទោះ​ជា​មាត្រា​មួយចំនួន​ក្នុង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​បង្កប់​អត្ថន័យ​រឹត​បន្តឹងសេរី​ភាព​ប្រជា​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សង្គម​ និង​នយោបាយ​ ហើយ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ក៏ដោយ។​ មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​ជួប​វបត្តិ​សង្គមធ្ងន់​ធ្ងរ​ និង​ឈាន​ដល់អស្ថិរភាព​សង្គម​ ប្រសិន​បើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​រឹត​បន្តឹង​ តាម​រយៈ​ច្បាប់​ដែល​ត្រូវ​បាន​ព្រះមហា​ក្សត្រ​ខ្មែរ​ឡាយព្រះហស្ថ​លេខា​រួច​ទៅ​ហើយ​នោះ។​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​គ្រឹះសំខាន់​ក្នុង​ការ​ទ្រទ្រង់​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ធ្លាប់​ហែល​ឆ្លង​កាត់​សង្គ្រាម​ និង​របប​ខ្មៅ​ងងឹត​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​កុម្មុយ​នីស្តជ្រុល​និយមខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

បើ​គិត​មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ​ គឺ​ជាង​៣០ឆ្នាំ​ហើយ​ ដែល​ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​សង្គ្រាម​ក្នុង​ស្រុក ​ហើយ​ប្រទេស​ដ៏ក្រីក្រ​មួយ​នេះ​ទទួល​បាន​រដ្ឋធម្មនុញ្ញ​ថ្មីរយៈ​ពេល​២២ឆ្នាំ​មក​ដែរ​ បន្ទាប់​ពីការ​បោះ​ឆ្នោត​បែប​សេរី ​ដែល​បាន​រៀបចំ​ឡើងដោយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អ.ស.ប.​នៅ​ប្រទេស​កម្ពុជា ​(U.N. Transitional Authority in Cambodia) ​ហៅ​កាត់​ថា​ អ៊ុនតាក់​នៅ​ឆ្នាំ​១៩៩៣។

យ៉ាងណា​ក៏ដោយ​ ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ពុំទាន់ទទួល​បាន​សិទ្ធិ​សេរី​ភាព​ពេញទី​ ក្នុង​ការ​ចូលរួម​សកម្ម​ភាព​សង្គម​ និង​នយោបាយ​ទេ​ ពីព្រោះ​រាជ​រដ្ឋាភិបាល​បាន​ខិតខំ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួនផង​ និង​រឹត​ចំណង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្លួន​ឲ្យ​តឹង​ផង​ដែរ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នក​តាម​ដាន​ព្រឹត្តិ​ការណ៍​សង្គម​ និង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ចំណង​នេះ​កាន់​តែរឹត​បន្តឹងមែន​ទែន​ នៅ​ពេល​គណបក្ស​កាន់​អំណាច​ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​ដែល​គណបក្ស​កាន់​អំណាច​បានបាត់​បង់​អាសនៈ​ចំនួន​២២នៅ​ក្នុង​រដ្ឋ​សភា​ជាតិ ហើយបាន​ទៅ​គណបក្ស​ប្រឆាំង។

ការ​រឹត​បន្តឹង​នេះ​ធ្វើ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​សម្តែងក្តី​ព្រួយ​បារម្ភ​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​ជួប​អស្ថិរភាព​សង្គម​ ប្រសិន​បើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​រដ្ឋាភិបាល​បង្រួញ​ឲ្យ​តូច​ទៅៗ​ ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​ដ៏​ផូរផង់​របស់​ប្រទេស​ដ៏តូច​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នេះ។​

មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចែង​ថា៖​

«ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម​ និង​គណបក្ស​នយោ​បាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​អាច​ចូលរួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅវិញ​ទៅ​មក​ ការពារ​សមិទ្ធ​ផល​ជាតិ​ និង​សណ្តាប់​ធ្នាប់​សង្គម»។​

យោង​ទៅ​តាម​មាត្រា​នេះ​ សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គឺត្រូវ​បាន​បើក​ទូលាយ។ ក៏​ប៉ុន្តែ​ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួលបាន​សិទ្ធិ​ធំធេង​ពេក​នោះ​ នោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រាកដ​ជា​លំបាក​ក្នុង​ការ​ប្រឈម​នឹង​ការ​រិះ​គន់​ទាក់​ទិននឹង​ការ​អភិវឌ្ឍ​ដែល​ពេល​ខ្លះ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​គំនរ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ។​

ហេតុដូច្នេះ​ក្រោយ​ការ​បោះ​ឆ្នោត​អណត្តិ​ទីប្រាំ​នេះ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ពន្លឿន​ការ​តាក់តែង​ច្បាប់​ដែល​ក្រុម​អង្គការ​សង្គមស៊ីវិល​សម្តែងការ​មិន​ពេញ​ចិត្ត​ និង​មិន​ចង់​បាន​ទាល់តែសោះ​ ពីព្រោះ​ច្បាប់​នេះ​ធ្វើ​ឡើង​បញ្ច្រាស់​គ្នា​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន​អាយុ​កាល​២២​ឆ្នាំ​មក​នេះ។ ច្បាប់​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ​ច្បាប់ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​

អ្នក​ស្រី​រស់ សុភាព ​នាយិកា​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ច្បាប់​ដទៃ​ទៀតដែល​ត្រូវ​បាន​បង្កើត​ដោយ​ប្រាស់​ចាក​ពី​រដ្ឋ​ធម្មនុញ្ញ អាច​បង្ក​ឲ្យ​មាន​ការ​ចង​កំហឹង​ពី​ប្រជា​ពល​រដ្ឋ​ដែល​នាំ​ទៅ​រក​អរិយ​ភាព​រវាង​រដ្ឋាភិបាល​ និង​ប្រជាជន​ខ្មែរ​ដែល​ជាម្ចាស់​អំណាច​ពិត​ប្រាកដ។​

«នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​បញ្ចេញ​នូវ​ការ​មិន​ពេញ​ចិត្ត​ គាត់​នឹង​មិន​អនុវត្ត​ទៅ​តាម​នូវអ្វី​ដែល​ដាក់​ចុះ​ទេ​ ហើយ​នឹង​មាន​ការ​ប្រឈម​ដាក់​គ្នា​រវាង​ប្រជា​ពលរដ្ឋ​ និង​រដ្ឋាភិបាល​ ជាពិសេស​គណបក្ស​កាន់​អំណាច​គាត់​ទប់​មិន​បាន​ គាត់​នឹង​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ។ បើ​សិន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ វា​អាច​ក្លាយ​ទៅ​ជា​ការ​បំពាន​នៅ​ក្នុង​ផ្ទៃ​ក្នុង​ ហើយ​ដែល​ប្រជា​ពលរដ្ឋ​គាត់​មាន​តែ​ខ្លួន​ហើយ​និង​មាត់​ និង​ខួរ​ក្បាល​ទេ​ ដែល​គាត់​ធ្វើ​ការ​ គាត់​មិន​មាន​អាវុធ​ទេ។​ អញ្ចឹង​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង»។​

លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​មតិស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​ស្រី​រស់ សុភាព​ អំពី​ផលវិបាក​នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ។​ លោក​និយាយ​ថា៖​

«ខ្ញុំ​គិត​ថា​ បញ្ហាច្បាប់នេះ​ ឥឡូវ​ដូច​ជា​មិន​ទាន់​មាន​ការ​អនុវត្ត​ទេ។​ ប៉ុន្តែ​ជិត​ដល់ពេល​រដូវ​កាល​នៃ​ការ​បោះ​ឆ្នោត​ ​ហើយបើ​ប្រជា​ពលរដ្ឋ​លោក​តវ៉ា​បញ្ហា​ដី​ធ្លី ឬ​ក៏បញ្ហា​អីផ្សេងៗ​ គេ​អាច​នឹងយក​ច្បាប់​នេះ​មក​ធ្វើ​ការ​អនុវត្ត។​ ហើយ​ អញ្ចឹង​វា​នឹង​មាន​ការ​ប៉ះពាល់​សម្រាប់​ប្រជា​ពលរដ្ឋ។​ ហើយ​ជា​ធម្មតា​ទេ​ បើ​សិន​ជា​គាត់​បាត់​បង់​ដី​ធ្លី​ផ្ទះ​សម្បែង​ ហើយ​គាត់​រង​គ្រោះ​ ហើយ​គាត់​មិន​អាច​ធ្វើ​ការ​តវ៉ា​បាន ​អាហ្នឹង​ហើយ​បញ្ហាធ្ងន់​ធ្ងរ​នឹង​អាច​កើត​មាន​ ពី​ព្រោះ​ពេល​ហ្នឹង​គឺ​គាត់​លែង​គិត​ច្បាប់​ហើយ»។​

លោក​បន្ថែម​ថា​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការពារ​ផល​ប្រយោជន៍​នយោបាយ​ ច្រើន​ជាង​ការ​ការ​ពារ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ។

រីឯ​លោក​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ និង​វិភាគ​នយោបាយ​កម្ពុជា ក៏​បាន​មើល​ឃើញ​ដែរ​ថា​ ឥរិយាបថ​របស់​អ្នក​នយោបាយ​ខ្មែរ​មក​ពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ ដែល​មើល​រំលង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ ដោយ​ការ​ធ្វើ​ច្បាប់​រឹតបន្តឹង​សេរីភាព​នេះ​ នឹង​មិន​អាច​ផ្តល់​ពន្លឺ​
យុត្តិ​ធម៌​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ពឹង​លើ​ជំនួយ​បរទេសនោះ​ឡើយ។​

«អកប្បកិរិយា​នយោបាយ​ និង​វប្បធម៌​នយោបាយ​រាល់​ថ្ងៃ​នេះ​ គឺ​តោង​ កំពុង​តែ​តោង​ប្រទេស​ទៅ​ជា​ប្រទេស​ក្នុង​របប​បញ្ជា​ពីលើ​គឺ​របប​ផ្តាច់​មុខ។ ដែល​ហៅ​ថា​ របប​ផ្តាច់​មុខ​ បើ​ថា ​គណបក្ស​កាន់​អំណាច​ កាន់​អំណាច​មួយ​ជីវិត​ បើ​ថា​ គណបក្ស​ប្រឆាំង​ ប្រឆាំង​ផ្តាច់​មុខ​មួយ​ជីវិត។ អញ្ចឹង​ខ្ញុំ​គិត​ថា​ អត់​មាន​ជម្រើស​ណាមួយ​ដែល​អ្នក​នយោបាយ​ទាំង​ពីរ​ហ្នឹងចង់​ឲ្យ​ប្រទេស​ហ្នឹង​មាន​សេរីយុត្តិធម៌​ទេ​ មាន​តែ​រៀប​ចំ​ច្បាប់​ដើម្បីទាញ​អំណាច​មក​ខ្លួន​ខ្លាំង​ ហើយ​ធ្វើ​ការគាប​សង្កត់ទៅ​លើប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណឹង​ទេ»។

មុន​ពេល​ដែល​ច្បាប់ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅនេះ​ និង​មុន​ពេល​ច្បាប់​នេះត្រូវបាន​ទទួល​ស្គាល់​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​កាលពី​ខែ​សីហា​នោះ​ ក្រុម​សង្គម​ស៊ីវិល​ក៏​បានធ្វើការ​វិភាគ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​រដ្ឋាភិបាល​នេះ​ផង​ដែរ។ ការ​វិភាគ​នោះ​បាន​ផ្តោត​ទៅ​លើ​មាត្រា​មួយ​ចំនួន​ដែល​បាន​សរសេរ​ឡើង​ដោយ​មិន​ស្រប​ទៅ​តាមរដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ និង​ក្រប​ខណ្ឌ​គតិ​យុត្តិ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​ កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នោះ។ ចំ​ណុច​រសើប​មួយ​ដែល​ត្រូវ​គេយក​មក​ធ្វើ​ការ​វិភាគ​នោះ​គឺ​មាត្រា​២៤​ ដែល​និយាយ​ពី​អព្យាក្រិត្យ​ភាព​ និង​ការ​ដាក់​ទោស​សមាគម​ ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សេចក្តី​វិភាគ​នោះ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ «​អព្យាក្រិត្យ​ភាព»​ ជាការ​ជ្រើស​រើស​ ឬ​ជា​កម្មវត្ថុ​នៃ​ការ​កំណត់​ដោយ​ច្បាប់?​

ជាការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​លើក​ឡើង​នេះ​ ការវិភាគ​នោះបាន​សរសេរថា​ មាត្រា​២៤​ចែង​ថា​ សមាគម​ ឬអង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រិត្យ​ចំពោះ​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា។​ ក្រសួង​មហា​ផ្ទៃ​អាច​ព្រមាន​សមាគម​ ឬអង្គការ​មិនមែន​រដ្ឋាភិបាល​អំពី​ការ​លម្អៀង​ ហើយ​បើ​ការ​លម្អៀង​នេះ​នៅ​តែ​មាន​ ក្រសួង​អាច​លុប​ឈ្មោះ​សមាគម​ ឬអង្គការ​មិន​មែន​រដ្ឋាភិបាលចេញ​ពី​បញ្ជី។​

សេចក្តី​វិភាគ​នេះ​បន្ត​ថា​ ក្នុង​អតីត​កាល​កន្លង​មក​ រដ្ឋាភិបាល​បាន​ត្អូញត្អែរ​ថា​ សមាគម​ ឬអង្គការ​មិនមែន​រដ្ឋាភិបាល​ខ្លះ​មាន​ការ​លម្អៀង​ទៅ​រក​គណបក្ស​ប្រឆាំង។ បញ្ហានេះគឺ​មក​ពី​សមាគម ឬអង្គការ​មិនមែន​រដ្ឋាភិបាលនោះ​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ ឬ​បញ្ចេញ​របាយ​ការណ៍​ដែល​រិះគន់​រដ្ឋាភិបាល​នៅ​ក្នុង​បញ្ហាអភិបាល​កិច្ច​ ជម្លោះ​ដីធ្លី​ អំពើ​ពុករលួយ​ ការ​គ្រប់​គ្រង​ធន់ធាន​ធម្មជាតិ​ និង​ការ​រំលោទ​សិទ្ធិ​មនុស្ស​ជា​ដើម។ ​បញ្ហា​ទាំង​នេះ​ ខ្លះ​គាប់​ជួន​ និង​ស្រប​នឹងយុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​ ឬ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ស្រង់​យកទៅ​ដាក់​ក្នុង​របៀប​វារៈ​នៃ​យុទ្ធនាការ​ ឬ​គោល​នយោបាយ​របស់​គេ។​

នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​នៃ​ការ​វិភាគ​មាត្រា​នេះ​ សេចក្តី​វិភាគ​បាន​បញ្ជាក់​ថា​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ផ្តល់​សេរីភាព​បញ្ចេញ​មតិ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។ រដ្ឋ​ធម្មនុញ្ញ​មិន​បាន​រឹតត្បិត​លើ​មតិ​នយោបាយ​ ឬ​មតិដែល​លម្អៀង​ទៅរក​ឯកត្ត​បុគ្គល​ ឬ​បុគ្គល​ណាមួយ​ឡើយ។​ មាន​ការ​រឹតត្បិត​តែ​ម្យ៉ាង​ប៉ុណ្ណោះ​គឺ​ការ​សម្តែងអង្គហេតុ​ណាមួយ​ដែល​ប៉ះពាល់ដល់​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ដទៃ​ ប្រពៃណី​ល្អ​របស់​សង្គម​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​សង្គម។ លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋ​ធម្មនុញ្ញ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​នយោបាយ​ សេដ្ឋកិច្ច​សង្គម ​និង​វប្បធម៌​ប្រជាជាតិ​ ដូច​មាន​ចែង​ក្នុង​មាត្រា​៣៥។​ ការ​ចូលរួម​សកម្មភាព​នេះ​ទាមទារ​ឲ្យ​មាន​វិភាគ​ទាន​យ៉ាង​ហ៊ឹក​ហ៊ាក់​ ឬ​ស្វាហាប់​ ដែល​រួម​ទាំង​ការ​ចែក​រំលែក​ព័ត៌មាន​ គំនិត​ និង​មតិ។​ ការ​ខ្ទប់​ច្របាច់​សេរីភាព​នេះ​គឺ​ជាការ​លុប​បំបាត់​មតិ​ និង​កាត់​ផ្តាច់​សេរី​ភាព​ក្នុង​ការ​ចូលរួម​តែ​ម្តង។​

មាត្រា​៣៥​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា៖​

«ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាពនយោបាយ​ សេដ្ឋកិច្ច​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ។​ សេចក្តី​សើ្នទាំង​ឡាយ​របស់​ប្រជា​ពល​រដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ»។​

លោក​សុន ឆ័យ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្តែងក្តី​បារម្ភ​ផង​ដែរ​ ចំពោះ​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ ​ ដោយ​លោក​បាន​ថ្លែង​ថា​ ច្បាប់​នេះ​បាន​រំលោទ​សិទ្ធិ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​តាម​រយៈ​ការ​បង្កើត​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​នេះ​បាន​បម្រើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ត្រូវការ​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជាតិ​ និង​អន្តរជាតិ។​ លោក​បញ្ជាក់​ថា​ ការ​ជួប​ពិភាក្សា​របស់មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើននៅ​ក្នុង​រដ្ឋ​សភា​ គឺ​លោក​ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​លោក​សម​ ​រង្ស៊ី​ មេដឹកនាំ​សំឡេងភាគតិច​ក្នុង​រដ្ឋ​សភា​ និង​ជា​មេគណបក្ស​ប្រឆាំង​ នឹង​ធ្វើ​ឡើង​សម្រាប់​ការ​កែ​លម្អ​ច្បាប់​នេះ។​

«គណបក្ស​សង្គ្រោះ​ជាតិ​មាន​បំណង​ថា​ នឹង​ស្នើ​ច្បាប់​វិសោធនកម្ម​ ក៏​ដូចជា​ច្បាប់ ​NGO ​នេះ​ឡើង​វិញ​ ឬច្បាប់​សមាគម​នេះ​ ឲ្យ​កែ​ចំណុច​ខ្វះ​ខាត​ កែ​លម្អ​ឡើង​វិញ។​ ដូច្នេះ​យើង​នឹង​ប្រហែល​ជា​មិន​យូរទេ​នឹង​ស្នើ​សេចក្តី​ព្រាង​យើង​ទៅ​ ហើយ​នឹង​ជំរុញ​ឲ្យ​មេដឹកនាំ​ក្នុង​សភា​ទាំង​ពីរ​ហ្នឹងជួបគ្នា​ដើម្បី​ពិនិត្យ​មើល​ ហើយ​សង្ឃឹម​ថា​ ការ​ជជែក​គ្នារវាង​គណបក្ស​ទាំង​ពីរ​លើ​បញ្ហា​ផ្សេងៗ​ ទាំង​ការ​ធ្វើ​ច្បាប់ ​ទាំងបញ្ហា​ជាតិ​សំខាន់ៗ​ហ្នឹង ​នឹងបន្ត​ធ្វើ​ត​ទៅ​ទៀត»។​

ទោះ​បី​ជា​មាន​ការ​វិភាគ​ និង​ការ​រិះគន់ចំណុចអវិជ្ជមាននៃ​ច្បាប់​នេះ​ក៏​ដោយ ក៏​លោក​នាយ​ឧត្តម​សេនីយ​ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ច្រាន​ចោល​មតិរិះគន់​ច្បាប់​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា៖

«ច្បាប់​គឺ​ច្បាប់​ វា​ជាច្បាប់​ហើយ​ ព្រោះ​ព្រះករុណា​លោក​ឡាយ​ឲ្យ​ប្រើ​ហើយ​។​ វា​ទៅ​ជាច្បាប់​ហើយ។ បើ​អ្នក​ប្រឆាំង​នឹង​ច្បាប់​ អាហ្នឹង​បានន័យ​ថា​ យើង​ប្រឆាំង​នឹងព្រះ​ករុណា​ ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា​ហើយ ​អាហ្នឹង។​ មាន​តែ​យើង​ចង់​ទៅ​នៅ​ក្រៅ​ ព្រោះ​ប្រឆាំង​ច្បាប់​កម្ពុជា​ មាន​តែ​ទៅ​នៅ​កន្លែង​ផ្សេង។ បើ​នៅ​កម្ពុជា​ ត្រូវ​គោរព​ច្បាប់​កម្ពុជា។ ​អាហ្នឹង​មាន​តែ​ប៉ុណ្ណឹង»។​

លោក​នាយឧត្តម​សេនីយ៍ខៀវ សុភ័គ​បាន​បញ្ជាក់​ប្រាប់ ​VOA ​បន្ថែម​ទៀត​ថា​ ចរន្ត​នៃ​ការ​ស្នើ​សុំ​បង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលកំពុង​មាន​ការ​កើន​ឡើង បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់។​ លោក​ថា ប្រជា​ពល​រដ្ឋ​ខ្មែរព្រម​ទទួល​យក​ច្បាប់​នេះ​ហើយ។

ក៏​ប៉ុន្តែ​នៅ​មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ក្លាយ​ជា​ច្បាប់ជាធរមាន​នោះ​ ​សេចក្តី​វិភាគ​លម្អិត​អំពី​ចំណុច​រសើប​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ មាត្រា​៣៩​ ដែល​ជា​មាត្រា​ចុងក្រោយ​នៃ​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ បាន​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​ និង​ធ្វើឲ្យ​ខូច​ខាត​សន្តិ​គតិ​យុត្តិ​នៃ​ច្បាប់​ដទៃ​ទៀត។​ ជាការ​សន្និដ្ឋាន​ចុង​ក្រោយ​ សេចក្តី​វិភាគ​នេះ​បាន​សង្កត់​ធ្ងន់ថា​ ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ នឹង​ធ្វើ​ឲ្យ​មាត្រា​៣៥ ​មាត្រា​៤១ ​មាត្រា​៤២​ និង​មាត្រា​ដទៃ​ទៀត​នៃ​រដ្ឋធម្មនុញ្ញ​ និង​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​ ហើយ​និង​ក្រម​ព្រហ្ម​ទ័ណ្ឌ​ ក៏​ដូច​ជា​ក្រម​រដ្ឋ​ប្បវេណី​ ​លែង​មាន​ប្រសិទ្ធ​ភាព​ ឬ​មិន​អាច​អនុវត្ត​បាន។​

លើស​ពី​នេះ​ សេចក្តី​វិភាគ​នេះ​បន្តថា ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ៕

XS
SM
MD
LG