លោកយាយ ង៉ែត ឃុន អាយុ ៧៦ឆ្នាំដែលមនុស្សមួយចំនួននៅរាជធានីរបស់ប្រទេសកម្ពុជា ស្គាល់ថាជា «ម៉ាក់យាយ» មិនបានសុខស្រួលក្រោយចូលនិវត្តន៍នោះទេ។
អាជ្ញាធរបានចាប់អតីតអ្នកលក់ឥវ៉ាន់តាមចិញ្ចើមផ្លូវរូបនេះដាក់ពន្ធនាគារម្តងៗជាច្រើនខែ។ លោកយាយឃុន និយាយថា ប៉ូលិសបានវាយដំគាត់ និងឆក់គាត់នឹងដំបងឆក់។
លោកយាយថា ការធ្វើបាបទាំងអស់នេះគឺដោយសារតែលោកយាយហ៊ាននិយាយប្រឆាំងនឹងការបណ្តេញប្រជាជនក្រីក្រជាច្រើនដងចេញពីតំបន់មួយដែលពួកគេរស់នៅក្នុងទីក្រុងភ្នំពេញ ដែលតំបន់េនះគួរតែត្រូវបានការពារដោយកម្មវិធីគ្រប់គ្រងដីធ្លីដែលបានផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក។ ការស៊ើបអង្កេតផ្ទៃក្នុងមួយរបស់ធនាគារពិភពលោកបានរកឃើញថា មន្ត្រីធនាគារមិនបានធ្វើអ្វីគ្រប់គ្រាន់នោះទេ ក្នុងការការពារសិទ្ធិរស់នៅរបស់ប្រជាជន ខណៈដែលអាជ្ញាធរកម្ពុជាបានបង្ខំមនុស្សរាប់ពាន់នាក់ដែលជាអ្នកជិតខាងរបស់លោកយាយឃុនឲ្យចាកចេញពីទីលំនៅដ្ឋានរបស់ពួកគេ ដើម្បីបើកផ្លូវឲ្យអ្នកសាងសង់សំណង់អគារខ្ពស់ប្រណីតៗ និងហាងទំនិញថ្លៃៗ។
លោកយាយឃុន គឺជាមនុស្សម្នាក់ក្នុងចំណោមសកម្មជនថ្នាក់មូលដ្ឋាននិងប្រជាជនសាមញ្ញជាច្រើននាក់នៅជុំវិញពិភពលោក ដែលបាននិយាយថា រដ្ឋាភិបាលនិងក្រុមហ៊ុនដែលគាំទ្រ(ថវិកា)ដោយស្ថាប័នធនាគារពិភពលោក (World Bank Group) បានចាត់ពួកគេជាគោលដៅសម្រាប់ការគំរាមកំហែង ការវាយដំ ការចាប់ខ្លួន ការធ្វើចារកម្ម និងការធ្វើទុក្ខបុកម្នេញដទៃទៀត ដោយសារពួកគាត់បានរិះគន់គម្រោងអភិវឌ្ឍន៍ធំៗ។
អ្នកធ្វើយុទ្ធនាការខាងសិទ្ធិមនុស្សបានអះអាងថា ស្ថាប័នធនាគារពិភពលោកបានបរាជ័យម្តងហើយម្តងទៀត ក្នុងការធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់អ្នកខ្ចីប្រាក់របស់ធនាគារពីការបង្ក្រាបលើក្រុមអ្នករិះគន់ ទៅលើទំនប់វារីអគ្គិសនី ផ្លូវថ្នល់ និងគម្រោងផ្សេងទៀតដែលគាំទ្រដោយធនាគារ ដោយទុកឲ្យមនុស្សដែលងាយរងគ្រោះដូចជាលោកយាយឃុន ត្រូវការពារខ្លួនឯងប្រឆាំងនឹងក្រុមហ៊ុន និង រដ្ឋាភិបាលដែលជាញឹកញាប់មានការអត់ធ្មត់តិចតួចណាស់ចំពោះក្រុមអ្នកតវ៉ា។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានហៅ ការឆ្លើយតបដ៏ទន់ខ្សោយរបស់អង្គការធនាគារពិភពលោកទៅនឹងការធ្វើទុក្ខបុកម្នេញដោយក្រុមអ្នកខ្ចីប្រាក់របស់ខ្លួន ថាជាការចំអកទៅលើការប្តេជ្ញារបស់ស្ថាប័នអន្តរជាតិមួយនេះ ក្នុងការផ្តល់សិទ្ធខ្លះឲ្យប្រជាជន ដែលរងផលប៉ះពាល់ដោយគម្រោងរបស់ខ្លួន ក្នុងការសម្រេចអំពីរបៀបរបបនៃកិច្ចការអភិវឌ្ឍ។ របាយការណ៍នេះបានអះអាងថា ក្នុងករណីខ្លះ «ការឆ្លើយតបជាបន្តបន្ទាប់» របស់ស្ថាប័នធនាគារពិភពលោក គឺមានលក្ខណៈ «ព្រងើយកន្ដើយទាំងស្រុង»។
ក្នុងនាមជាស្ថាប័នផ្តល់ប្រាក់កម្ចីពហុជាតិ អង្គការធនាគារពិភពលោកមិនមានសិទ្ធិអំណាចអ្វីដើម្បីចូលអន្តរាគមន៍ការពារប្រជាជនដែលត្រូវបានគេធ្វើទុក្ខបុកម្នេញនោះទេ។ ប៉ុន្តែធនគារនេះ នៅតែមានឥទ្ធិពលក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សកម្មជនសិទិ្ធមនុស្ស បាននិយាយថា មន្ត្រីធនាគារគួរតែហ៊ានកាត់ផ្តាច់ថវិកាកម្ចី នៅពេលដែលរដ្ឋាភិបាល ឬក្រុមហ៊ុនព្យាយាមបិទបាំងសំឡេងអ្នករិះគន់។ ក្នុងពេលកន្លងមក គ្រាន់តែការហៅទូរស័ព្ទពីប្រធានធនាគារពិភពលោកអាចនឹងជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់វិធានការបង្ក្រាបរបស់ខ្លួននោះបាន។
ស្ថាប័នធនាគារពិភពលោកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលម្អិតចំពោះការសាកសួរទាក់ទងនឹងអត្ថបទព័ត៌មានមួយនេះ។ ធនាគារពិភពលោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីខែមិថុនា ថា ធនាគារមាន «គោលនយោបាយនិងយន្តការរឹងមាំ» ដើម្បីការពារមនុស្សដែលចង់រិះគន់ការងាររបស់ខ្លួន (ធនាគារពិភពលោក)។ អ្នកនាំពាក្យម្នាក់បាននិយាយថា៖ «នៅពេលដែលយើងទទួលបានពាក្យបណ្តឹង យើងនឹងធ្វើការនៅក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់យើង ជាមួយភាគីពាក់ព័ន្ធ ដើម្បីព្យាយាមដោះស្រាយបញ្ហាទំាងនោះ»។
សង្គ្រាមប្រឆាំងនឹងអ្នកតវ៉ា
អង្គការធនាគារពិភពលោកធ្វើប្រតិបត្តិការនៅក្នុងស្ថានភាពមួយដែលខ្លួនបានរៀបរាប់ថាជា «បរិយាកាសដ៏លំបាកនិងប្រកបដោយបញ្ហាប្រឈម» តាមរយៈការផ្តល់ប្រាក់កម្ចីដើម្បីគាំទ្រដល់ការងារសាធារណៈ និងសេវាសង្គមនៅក្នុងប្រទេសដែលមានបញ្ហាសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរ។ នៅក្នុងប្រទេសជាច្រើនដែលធនាគារនេះធ្វើការ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិត្រូវបានរឹតត្បិត ហើយអ្នករិះគន់ប្រឈមនឹងអំពើហិង្សា ឬការដាក់គុក។
សិទ្ធិក្នុងការចូលរួមសម្រេចអំពីគម្រោងដែលឧបត្ថម្ភដោយធនាគារពិភពលោក គឺមានសារៈសំខាន់ណាស់ ព្រោះគម្រោងអភិវឌ្ឍរបស់ធនាគារនេះអាចមានផលវិបាកយ៉ាងច្រើនដល់ប្រជាជនដែលរស់នៅតំបន់នៅក្នុងគម្រោង។ ចាប់តាំងពីឆ្នាំ២០០៤មក គម្រោងដែលគាំទ្រដោយធនាគារនេះ បានធ្វើឲ្យមនុស្សប្រហែល ៣,៤លាននាក់ បានបាត់បង់ទីលំនៅ ឬជីវភាពរបស់ពួកគេ នេះបើយោងតាមការរកឃើញរពីការស៊ើបអង្កេតមួយ ដោយសមាគមអន្តរជាតិនៃក្រុមអ្នកកាសែតស៊ើបអង្កេត សារព័ត៌មាន The Huffington Post និងដៃគូប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ ក្នុងករណីខ្លះ រដ្ឋាភិបាល ឬក្រុមហ៊ុនដែលទទួលថវិកាកម្ចីពីស្ថាប័នធនាគារពិភពលោក បានដុត ឬឈូសឆាយផ្ទះ និងវាយដំ ឬសម្លាប់អ្នកភូមិ ក្នុងពេលដែលពួកគេធ្វើសកម្មភាពបណ្តេញចេញជាទ្រង់ទ្រាយធំ នេះបើយោងតាមការសម្ភាសន៍ និងពាក្យបណ្តឹងជាផ្លូវការមួយចំនួន។
ការសិក្សានាពេលថ្មីៗនេះ ដោយអង្គការគម្រោងការទទួលខុសត្រូវអន្ដរជាតិ ឬ The International Accountability Project ដែលជាអង្គការសិទ្ធិមនុស្សមួយ បានរកឃើញថា មនុស្សដែលរងផលប៉ះពាល់ ដោយគម្រោងដែលឧបត្ថម្ភដោយធនាគារពិភពលោក ជាញឹកញាប់មានការភ័យខ្លាចមិនហ៊ាននិយាយអំពីរឿងនេះ។ អង្គការនេះ បានឲ្យដឹងផងដែរថា ៧៨ភាគរយនៃមនុស្ស៨០០នាក់ ដែលខ្លួនបានស្ទង់មតិនៅប្រទេសកម្ពុជា ម៉ុងហ្គោលី អេហ្ស៊ីប និងនៅកន្លែងផ្សេងទៀត បាននិយាយថា៖ ពួកគេ «មិនមានអារម្មណ៍ថា មានសុវត្ថិភាពទេ ក្នុងការបញ្ចេញយោបលពិតរបស់ពួកគេ ឬមិនហា៊នសួរសំណួរ» អំពីគម្រោងដែលជំរុញដោយធនាគារពិភពលោក និងស្ថាប័នផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ដទៃទៀត។
កាលពីឆ្នាំ២០០២ ប្រធានាធិបតីប្រទេសអ៊ូហ្គង់ដា លោក Yoweri Museveni បានសម្ពោធគម្រោងទំនប់វារីអគ្គិសនីមួយដែលគាំទ្រដោយធនាគារពិភពលោក ដោយលោកព្រមានអ្នកចង់បង្កបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ យោងតាមប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ លោកលើកឡើងនៅថ្ងៃបន្ទាប់ថា៖ «អ្នកដែលពន្យារគម្រោងឧស្សាហកម្មជាសត្រូវ ហើយខ្ញុំមិនត្រូវការពួកគេនោះទេ។ ហើយខ្ញុំនឹងធ្វើសង្គ្រាមប្រឆាំងនឹងពួកគេ»។
ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក រដ្ឋាភិបាលអ៊ូហ្គង់ដា បានចាប់អ្នកការពារបរិស្ថានដែលបានរិះគន់អំពីគម្រោងទំនប់វារីអគ្គិសនី និងគំរាមបិទក្រុមអង្គការមនុស្សធម៌ ដែលបានរិះគន់កម្រោងកសិពាណិជ្ជកម្មដែលផ្តល់មូលនិធិដោយអង្គការធនាគារពិភពលោក។ អាជ្ញាធរអ៊ូហ្គង់ដា បានចោទប្រកាន់អង្គការ Oxfam និងក្រុមអង្គការដទៃទៀតថា បាន «ញុះញង់ឲ្យមានអំពើហិង្សា» ព្រោះពួកគេបានអះអាងថា គម្រោងកសិកម្មនោះបាននាំឲ្យមានការបណ្តេញអ្នកភូមិក្រីក្ររាប់ពាន់នាក់។
ក្រុមមន្ត្រីអ៊ូហ្គង់ដាមិនបានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងរឿងនេះនោះទេ។
នៅក្នុងប្រទេសនេប៉ាល់ កងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ាដោយសន្តិវិធីប្រឆាំងនឹង បណ្តាញអគ្គិសនីកម្លាំងខ្លាំង ដែលបានគាំទ្រដោយធនាគារពិភពលោក។ បើយោងតាមពាក្យបណ្តឹងកាលពីឆ្នាំ២០១៣ ទៅកាន់អធិការកិច្ចរបស់ធនាគារពិភពលោកឲ្យដឹងថា ក្នុងពេលេនាះមានការ «ការធ្វើទារុណកម្ម ការឃុំខ្លួន និងការវាយប្រហារដោយអំពើហិង្សាលើស្ត្រីដែលគ្មានអាវុធ»។
នៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១២ ប៉ូលិសបានចាប់ខ្លួនអ្នកភូមិចំនួនប្រាំបីនាក់ដែលបានប្រឈមនឹងការបណ្តេញចេញ ដោយសារតែការពង្រីកព្រលានយន្តហោះរាជធានីភ្នំពេញ ដែលត្រូវផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក។ អ្នកភូមិបានព្យាយាមផ្ញើសារទៅកាន់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដោយ ដាក់រូបលោកប្រធានធិបតី និងសរសេរពាក្យ «S.O.S» នៅលើដំបូលស័ង្កសីរបស់ពួកគេ។ ពួកគេបានសង្ឃឹមថា លោកអូបាម៉ានឹងឃើញសាររបស់ពួកគេ នៅពេលដែលគាត់បានហោះចូលមកក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលតំបន់មួយ។
ស្ថាប័នធនាគារពិភពលោក បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីទាំងនេះ ឬឧប្បត្តិហេតុជាក់លាក់ណាមួយផ្សេងទៀតនោះទេ។ អ្នកនាំពាក្យម្នាក់បាននិយាយថា៖ «សេចក្ដីលម្អិតនៃគម្រោងបែបនេះគឺ វាមានលក្ខណៈរសើប ហើយដូច្នេះយើងមិនអាចប្រាប់ព័ត៌មានអំពីរឿងទាំងនេះបានទេ។»
ក្នុងសេចក្តីថ្លែងការណ៍ទូទៅរបស់ខ្លួន ធនាគារបានលើកឡើងថា នៅពេលដែលយើងយល់ថាមានទំនាក់ទំនងរវាងការបង្ក្រាបជាមួយគម្រោងដែលធនាគារបានផ្តល់មូលនិធិនេាះ «យើងបានចាត់វិធានការដូចដែលមានកត់ត្រាទុកកន្លងមក ហើយយើងនឹងបន្តធ្វើដូច្នេះ»។
ធនាគារពិភពលោកបានបដិសេធមិនបង្ហាញឧទាហរណ៍ជាក់លាក់ណាមួយនោះទេ។
ព្រឹត្តិការណ៍ពីមុននៅក្នុងប្រវត្តិរបស់ធនាគារនេះ បង្ហាញថា ធនាគារពិភពលោកអាចមានឥទ្ធិពលលើ ការប្រព្រឹត្ដរបស់ប្រទេសនានា និងក្រុមហ៊ុនណាដែលខ្លួនបានផ្តល់ហិរញ្ញប្បទាន។
នៅឆ្នាំ២០០១ ក្រុមមន្ត្រីធនាគារពិភពលោកបានធ្វើអន្តរាគមន៍បន្ទាប់ពីអាជ្ញាធរនៅក្នុងប្រទេសឆាដ បានចាប់ខ្លួនសមាជិកសភាម្នាក់ និងអ្នកផ្សេងទៀត ដែលបានរិះគន់បំពង់បង្ហូរប្រេងមួយ ដែលកំពុងត្រូវបានសាងសង់ឡើងដោយមានហិរញ្ញប្បទានពីធនាគារពិភពលោក។ លោក James Wolfensohn ដែលជាប្រធានធនាគារពិភពលោកនៅពេលេនាះ បានទូរស័ព្ទទៅកាន់ប្រធានាធិបតីរបស់ប្រទេសឆាដ ដើម្បីសុំឲ្យមានការដោះលែងសមាជិកសភា និងអ្នកទោសនយោបាយផ្សេងទៀត។ ហើយ តែប៉ុន្មានម៉ោងក្រោយមក ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាព។
នៅឆ្នាំ២០០២ ធនាគារនេះបានរិះគន់មន្ត្រីកម្ពុជាចំពោះការបង្ក្រាបលើអ្នកភូមិដែលតវ៉ាអំពីគម្រោងគ្រប់គ្រងព្រៃឈើមួយដែលត្រូវបានគាំទ្រដោយធនាគារពិភពលោក។ នៅពេលនេាះ អ្នកនាំពាក្យរបស់ធនាគារម្នាក់បាននិយាយថា៖ «អ្នកមិនអាចនិយាយអំពីការចូលរួមនិងពិគ្រោះយោបល់ ដោយនៅពេលជាមួយគ្នានេាះ អ្នកក៏វាយប្រហារប្រជាជនដែលបញ្ចេញមតិរបស់ពួកគេនោះ»។
ប៉ុន្តែបើយោងតាមក្រុមសិទ្ធិមនុស្សនិងក្រុមសកម្មជននៅមូលដ្ឋាន ក្នុងទសវត្សចុងក្រោយេនះ ធនាគារមិនបានប្រកាន់ជំហរដែលមានលក្ខណៈខ្លាំងក្លាបែបនេះទេក្នុងទសវត្សរ៍កន្លងទៅនេះ។
លោកយាយឃុនបាននិយាយថា មន្ត្រីធនាគារមិនដែលបានទាក់ទងលោកយាយទេ ក្នុងអំឡុងពេលទាំងពីរលើកដែលលោកយាយនៅក្នុងពន្ធនាគារប្រទេសកម្ពុជា ហើយដែលមានរយៈពេលសរុបប្រាំមួយខែនោះ។
«ខ្ញុំមិនដែលឃើញពួកមន្ត្រីទាំងនោះទាល់តែសោះ» នេះជាពាក្យសម្តីរបស់លោកយាយឃុន ក្នុងអំឡុងបទសម្ភាសន៍មួយ ជាមួយសមាគមអន្តរជាតិនៃអ្នកកាសែតស៊ើបអង្កេត បន្ទាប់ពីលោកយាយត្រូវបានគេដោះលែងពីការឃុំខ្លួនចុងក្រោយ។ លោកយាយបន្តថា៖ «ពួកគេមិនដែលបានចូលមកមើលខ្ញុំនោះទេ នៅពេលដែលប៉ូលិសវាយខ្ញុំ។ ពួកគេមិនដែលបានជួបជាមួយខ្ញុំ ឬសួរខ្ញុំថា មានអ្វីកើតឡើងនោះទេ នៅពេលដែលខ្ញុំត្រូវគេធ្វើបាប។»
លោកយាយឃុន ដែលមានរាងស្គម ភ្នែកជ្រៅនិងថ្ពាល់ពណ៌ត្នោត ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ២០១២ នៅពេលដែលលោកយាយបានចូលរួមក្នុងការធ្វើបាតុកម្មដើម្បីគាំទ្រអ្នកភូមិដែលរស់នៅជុំវិញបឹងកក់ ដែលជាបឹងទឹកសាបដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ដែលក្រុមអ្នកសាងសង់បានបូមខ្សាច់ចាក់បំពេញដើម្បីធ្វើជាកន្លែងសម្រាប់សំណង់ខុនដូ និងហាងទំនិញថ្មីៗ។ អ្នកនៅក្នុងតំបន់នោះ មានជីវភាពពឹងផ្អែកលើបឹងនេះ ដូចជាការនេសាទត្រី និងការដាំដុះបន្លែលើទឹក តែឥឡូវនេះបឹងនេះត្រូវបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ។ អ្នកខ្លះធ្លាប់បានបើកហាង និងផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរផងដែរ។
គម្រោងដែលមានតម្លៃ៣៤លានដុល្លារដែលបានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដែលគេរំពឹងថានឹងជួយដល់អ្នកភូមិបឹងកក់ និងប្រជាជនកម្ពុជាឲ្យទទួលបានប្លង់ដីធ្លី និងផ្ទះស្របច្បាប់ច្បាស់លាស់មួយ។ ធនាគារពិភពលោកបាននិយាយថា កម្មវិធីនេះនឹងជួយបញ្ជាក់កម្មសិទ្ធិនៃក្បាលដីជាង១លានក្បាលនៅទូទាំងប្រទេស។ នៅជុំវិញតំបន់បឹងកក់ វាគឺជារឿងផ្សេងទៅវិញ គឺ រដ្ឋាភិបាលបានផ្ទេរការគ្រប់គ្រងតំបន់អចលនទ្រព្យជាប់មាត់ទឹកដ៏មានតម្លៃនេះ ទៅឲ្យក្រុមហ៊ុនឯកជនមួយ ដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់ដែលមានបណ្តាញទំនាក់ទំនងរឹងមាំមួយ។
អាជ្ញាធរបានបណ្តេញក្រុមគ្រួសារប្រមាណ៣.០០០គ្រួសារ ចេញពីទីលំនៅរបស់ពួកគេ ដែលជាទង្វើនេះ ត្រូវបានអង្គការសិទ្ធិមនុស្ស Amnesty International ហៅថាជាការបណ្តេញដោយបង្ខំដ៏ធំបំផុត ចាប់តាំងពីសម័យ«វាលពិឃាត» របស់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ក្រុមគ្រួសារផ្សេងទៀត ដែលរួមមានលោកយាយឃុនផងដែរ បានបន្តនៅទីនោះ ប៉ុន្តែត្រូវបានទទួលរងគ្រោះពីការលិចទឹក និងការរំខានផ្សេងទៀត ខណៈពេលដែលកម្មករសំណង់បានបូមខ្សាច់លុបបឹងនោះ។
លោកយាយឃុន បានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ដល់ជនក្រីក្រនោះទេ»។ ពួកគេយកចិត្តទុកដាក់ដល់អ្នកមាននិងអ្នកមានអំណាច។ នៅពេលដែលអ្នកមាននោះចង់បានដី រដ្ឋាភិបាលជួយអ្នកមានទាំងនោះ»។
ក្រុមអ្នកតវ៉ាចង់ឲ្យរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ប្រជាជនដែលនៅតែរស់នៅជុំវិញបឹងនេះ និងទាមទារសំណងបន្ថែមទៀតសម្រាប់មនុស្សរាប់ពាន់នាក់ដែលត្រូវបានគេបង្ខំឲ្យផ្លាស់ទីលំនៅ។ អាជ្ញាធរបានផ្តល់ជូនប្រាក់ ៨.៥០០ដុល្លារ ដល់គ្រួសារមួយចំនួន ដើម្បីឲ្យពួកគេលះបង់ដីនិងលំនៅដ្ឋានរបស់ពួកគេ។ តែចំនួនទឹកប្រាក់នេះ ជាទឹកប្រាក់ដែលប្រជាជនរស់នៅ និងអ្នកតស៊ូមតិរបស់ពួកគេនិយាយថា វាទាបជាងតម្លៃទីផ្សារឆ្ងាយនិងមិនគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់ពួកគេអាចកសាងជីវភាពថ្មីនៅកន្លែងផ្សេងមួយទៀត។
ប៉ូលិសបានចោទប្រកាន់លោកយាយឃុន ព្រមទាំងស្ដ្រីចំនួន១២នាក់ ផ្សេងទៀតពីបទ «កាន់កាប់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់» និង «រារាំងអាជ្ញាធរសាធារណៈ»។ ពីរថ្ងៃក្រោយមក ចៅក្រមបានកាត់ទោសពួកគេក្រោយដំណើរការកាត់ក្តីយ៉ាងរហ័សដែល «មិនស្របតាមបទដ្ឋានជាមូលដ្ឋាននៃការជំនុំជម្រះក្តីដោយយុត្តិធម៌» នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។ អង្គការនេះបានឲ្យដឹងថា មេធាវីរបស់ ស្ត្រីរងការចោទប្រកាន់មិនត្រូវបានផ្តល់ពេលវេលាដើម្បីរៀបចំ ឬមិនត្រូវបានអនុញ្ញាតឲ្យកោះហៅសាក្សីការពារអ្វីនោះទេ។
តុលាការបានសម្រេចផ្តន្ទាទោសលោកយាយឃុនឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។ លោកយាយបានចាប់ផ្តើមជាប់រយៈពេលក្នុងពន្ធនាគារ ជាកន្លែងមួយដែលលោកយាយបានពណ៌នាថា ជាបន្ទប់តូចចង្អៀតនិងក្តៅ ដែលមានដាក់អ្នកទោសរហូតទៅដល់៦០នាក់។ លោកយាយបាននិយាយថា៖ «ខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ» ។ «សុខភាពរបស់ខ្ញុំខ្សោយ ហើយខ្ញុំអស់កម្លាំង»។
តុលាការឧទ្ធរណ៍នៅតែបន្តរក្សាទោសលោកយាយ ប៉ុន្តែបានកាត់បន្ថយរយៈទទួលទោសមកនៅត្រឹមតែជាងមួយខែវិញ។
មន្ត្រីកម្ពុជាមិនបានឆ្លើយតបចំពោះសំណើជាច្រើនដងដើម្បីសុំការអត្ថាធិប្បាយសម្រាប់អត្ថបទព័ត៌មាននេះ។
នៅក្នុងឆ្នាំ២០១១ ធនាគារពិភពលោកបានទទួលស្គាល់ថា មានបញ្ហាបណ្តេញចេញមែន និងបានថ្លែងថា ខ្លួននឹងឈប់ផ្តល់កម្ចីថ្មីនៅក្នុងប្រទេសកម្ពុជា រហូតដល់ពេលរដ្ឋាភិបាលឈានដល់ដំណោះស្រាយសមរម្យជាមួយនឹងប្រជាពលរដ្ឋ ដែលបានបាត់បង់លំនៅដ្ឋាននៅជុំវិញតំបន់បឹងកក់។
ទោះយ៉ាងនេះក្តី ធនាគារពិភពលោកនៅតែបន្តផ្តល់ថវិកាទៅឲ្យប្រទេសកម្ពុជា តាមរយៈគម្រោងណាដែលត្រូវបានអនុម័តរួចទៅហើយ និងមូលនិធិ Trust Fund ដែលអង្គការនេះ មើលការខុសត្រូវជំនួសឲ្យភាគីអភិវឌ្ឍន៍ដទៃទៀត។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានសាទរចំពេាះការណ៍ដែលធនាគារពិភពលោកចាត់វិធានការលើបញ្ហាបណ្តេញចេញនោះ ប៉ុន្តែបានស្តីបន្ទោសធនាគារនេះចំពេាះការ «ស្ងាត់ស្ងៀមជាទូទៅ» ជុំវិញការធ្វើទុក្ខបុកម្នេញទៅលើលោកយាយឃុន និងក្រុមអ្នកតវ៉ាផ្សេងទៀត។ ក្រុមអ្នកតស៊ូមតិ បានលើកឡើងថា៖ «សមាជិកសហគមន៍បាននិយាយថា បុគ្គលិករបស់ធនាគារពិភពលោកបានប្រាប់ពួកគាត់ថា ពួកគេមិនអាចធ្វើអ្វីជាសាធារណៈបានទេ ដើម្បីជួយអ្នកដែលជាប់ពន្ធនាគារ ឬសូម្បីតែអំពាវនាវដោយផ្ទាល់ទៅរដ្ឋាភិបាល»។
សកម្មភាពរបស់ប៉ូលិស
នៅចម្ងាយជាង ៣.០០០ គីឡូម៉ែត្រពីទីនេះ នៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា មេដឹកនាំសហគមន៍ម្នាក់ផ្សេងទៀតបានប្រឈមមុខនឹងការវាយប្រហារតាមផ្លូវច្បាប់ ពេលដែលគាត់លើកឡើងការព្រួយកង្វល់ អំពីគម្រោងមួយរបស់ធនាគារពិភពលោក។
លោក Gajendrasinh Jadeja អាយុ២៩ឆ្នាំរូបនេះគឺជា «sarpanch» ឬជាប្រធានភូមិដែលជាប់ឆ្នោតនៅភូមិត Navinal ដែលជាភូមិមួយមានប្រជាជនប្រមាណ៣.១០០នាក់ស្ថិតនៅក្បែរឈូងសមុទ្រKutch ។ តំបន់ជនបទនេះត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដោយការរីកចម្រើនយ៉ាងខ្លាំងផ្នែកឧស្សាហកម្ម ដែលរួមមានការសាងសង់រោងចក្រថាមពលមួយដើរដោយធ្យូងថ្មដោយក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ឥណ្ឌាជាមួយការគាំទ្រហិរញ្ញប្បទាន៤៥០លានដុល្លារពីសាខាពាណិជ្ជកម្មមួយនៃធនាគារពិភពលោក។
លោក Jadeja គឺជាអ្នករិះគន់ឥតសំចៃមួយរូបទៅលើរោងចក្រធ្យូងថ្មនេះ។
គាត់បានជួយមេធាវីបរិស្ថានមួយក្រុមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្នុងការចងក្រងឯកសារអំពីផលប៉ះពាល់របស់រោងចក្រនេះទៅលើសហគមន៍របស់គាត់ ហើយទទួលបានការគាំទ្រពីក្រុមប្រឹក្សាភូមិរបស់គាត់ចំពេាះការចុះហត្ថលេខាដាក់ភូមិរបស់គាត់ ជាអ្នកដើមបណ្តឹងក្នុងរឿងក្តីដែលចោទប្រកាន់ស្ថាប័នធនាគារពិភពលោកថា បានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនថានឹង«មិនធ្វើឲ្យមានគ្រោះថ្នាក់» ទៅដល់ប្រជាជននិងបរិស្ថាន។ ពាក្យបណ្តឹងនេះ ដែលត្រូវបានដាក់ក្នុងតុលាការតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីខែមេសា មានខ្លឹមសារអះអាងថា ធនាគារអភិវឌ្ឍន៍នេះ(ធនាគារពិភពលោក) នៅតែផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ បើទោះបីជាខ្លួនបានដឹងថា ការបំពុលបរិស្ថាន និងការបំផ្លាញជម្រក ដែលបង្កឡើងដោយរោងចក្រនេះ នឹងប៉ះពាល់ដល់ប្រជានេសាទ កសិករ និងអ្នកដទៃទៀតដែលរស់នៅក្បែរនោះ។
ចំណែកអាជ្ញាធរមូលដ្ឋានបានវាយបកវិញប្រឆាំងនឹងសកម្មភាពរបស់ប្រធានភូមិវ័យក្មេងនេះ ជុំវិញរឿងរោងចក្រធ្យូងថ្ម និងគម្រោងផ្សេងៗទៀត។
លោក Jadeja បាននិយាយថា៖ «ប្រសិនបើមានសវនាការជាសាធារណៈណាមួយ ប៉ូលិសនឹងនាំខ្លូនខ្ញុំទៅប៉ុស្តិ៍ប៉ូលិស នៅពេលល្ងាចមុនសវនាការ ហើយបង្ខំខ្ញុំបោះបង់ការតវ៉ានេះ។ បីឬបួនម៉ោងក្រោយមក ពួកគេដោះលែងខ្ញុំ ហើយប្រាប់ខ្ញុំថា កុំនិយាយអ្វីឲ្យសោះនៅក្នុងពេលសវនាការ»។
គាត់បានបន្តថា ហេតុការណ៍នេះបានកើតឡើងបីលើករួចមកហើយ ដែលចុងក្រោយបំផុតនេះ គឺនៅមុនពេលសវនាការអំពីរោងចក្ររបស់ក្រុមហ៊ុន Tata ។
មន្ត្រីប៉ូលិសក្នុងស្រុកម្នាក់នៅឯទីស្នាក់ការកណ្តាល បាននិយាយថាប៉ូលិស បានប្រព្រឹត្ដយ៉ាងត្រឹមត្រូវ។ មន្ត្រីនោះបានបន្តថា៖ «យើងគ្មានបញ្ហាជាមួយលោក Gajendrasinh ទេ។ ហើយ«យើងមិនដែលបានឃុំខ្លួនគាត់ដោយខុសច្បាប់នោះទេ»។
នៅឆ្នាំ២០១៤ អាជ្ញាធរមូលដ្ឋានបានដាក់ញត្តិហាមឃាត់លោក Jadeja ពីតំបន់ទំហំជាង ៤៥.០០០ គីឡូម៉ែត្រការ៉េ ដែលរួមបញ្ចូលទាំងភូមិរបស់គាត់ផងដែរ។ ពួកគេបានចោទគាត់ថា បានគំរាមកំហែងឧស្សាហកម្មក្នុងស្រុក និងព្យាយាមជំរិតទារសំណូក។ ដោយសារតែ «ការភ័យខ្លាចជាប្រចាំ» ពីការគំរាមកំហែងរបស់លោក Jadeja តុលាការបានអះអាងថា ពាណិជ្ជករក្នុងស្រុក «មិនមានលទ្ធភាពធ្វើការងារ» ឬ «មិនមានសេចក្ដីសុខនោះទេ»។
បន្ទាប់ពីរយៈពេលបួនខែ និងសវនាការចំនួន១០លើកមក ចៅក្រមបានច្រានចោលរឿងក្តីនេះ ដោយនិយាយថា «មិនមានអ្វីបង្ហាញច្បាស់ថា បុរសនេះជាមនុស្សផ្តាច់ការ ឬនឹង ធ្វើឲ្យមានការភ័យខ្លាចដល់អ្នកដទៃនោះទេ ប្រសិនបើបុរសនេះបន្តនៅក្នុងតំបន់នេះ»។
ក្រុមហ៊ុន Tata និងធនាគារពិភពលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីវិធានការផ្លូវច្បាប់ ប្រឆាំងនឹងលោក Jadeja នោះទេ។ សម្រាប់រូបលោក Jadeja ផ្ទាល់ គាត់សន្យាថា គាត់នឹងមិនបោះបង់ឡើយនូវការប្រយុទ្ធតតាំងប្រឆាំងនឹងរោងចក្រធ្យូងថ្ម និងគម្រោងផ្សេងៗទៀត បើទោះបីជាអាជ្ញាធរនៅតែបន្តព្យាយាមបំបិទមាត់គាត់ក៏ដោយ។
លោកបញ្ជាក់ថា៖ «ពួកគេអាចបង្ខំខ្ញុំពិតមែន ប៉ុន្តែខ្ញុំមានការគាំទ្រពីភូមិរបស់ខ្ញុំ»។ «ដូច្នេះ ការប្រយុទ្ធរបស់ខ្ញុំនៅតែបន្តទៅមុខទៀត»។
នីតិវិធីសារទុក្ខដែលមានតែឈ្មេាះ
ព្រមជាមួយនឹងការជំរុញឲ្យស្ថាប័នធនាគារពិភពលោកឆ្លើយតបយ៉ាងខ្លាំងក្លាចំពេាះការធ្វើទុក្ខបុកម្នេញដល់ប្រជាជន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយផងដែរថា ធនាគារនេះគួរតែមានភាពមុតមាំជាងមុន ក្នុងការចាត់វិធានការបង្ការការបង្ក្រាបនៅមុនវាកើតឡើង
ក្រុមអ្នកតស៊ូមតិបាននិយាយថា មន្ត្រីធនាគារគួរតែជួបប្រជុំជាទៀងទាត់ជាមួយនឹងប្រជាជនមូលដ្ឋានដើម្បីពិភាក្សាអំពី «តម្រូវការការពារ» របស់ពួកគេ និងទាមទារឲ្យមានការប្តេជ្ញាចិត្តពីអ្នកខ្ចីប្រាក់ថាពួកគេនឹងមិនបង្ខិតបង្ខំឬដាក់ទោសអ្នករិះគន់ការអភិវឌ្ឍនោះទេ។
អង្គការធនាគារពិភពលោកបានឲ្យដឹងថា ខ្លួនមានយន្តការជាច្រើនរួចទៅហើយដើម្បីធានាថា ប្រជាពលរដ្ឋអាចសម្តែងដោយមានសុវត្ថិភាពអំពីការព្រួយបារម្ភអំពីគម្រោងដែលធនាគារបានគាំទ្រ។
ជាឧទាហរណ៍ គម្រោងនីមួយៗតម្រូវឲ្យមានការបង្កើតប្រព័ន្ធរាយការណ៍អំពីទុក្ខលំបាកឬយន្តការសារទុក្ខ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋនាំយកពាក្យបណ្តឹងរបស់ពួកគេទៅឲ្យមន្ត្រីគម្រោងដោយផ្ទាល់។ លើសពីនេះ ប្រជាពលរដ្ឋណាដែលមានការព្រួយបារម្ភ អាចសុំឲ្យមានការស៊ើបអង្កេតឯករាជ្យពីសំណាក់អធិការធនាគារពិភពលោកដែលទទួលបន្ទុកផ្នែកពាក្យបណ្តឹងអំពីការផ្តល់ប្រាក់កម្ចីទៅឲ្យរដ្ឋាភិបាល ឬ ការិយាល័យប្រឹក្សា Office of the Compliance Advisor Ombudsman ដែលទទួលបន្ទុកផ្នែកពាក្យបណ្តឹងអំពីការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនឯកជន។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងក្រុមអង្គការដទៃទៀត បាននិយាយថា យន្ដការទាំងនេះជាញឹកញយមិនបានធានាថា ប្រជាពលរដ្ឋត្រូវបានការពារ ឬការព្រួយបារម្ភរបស់ពួកគេត្រូវបានដឹងឮឡើយ។
សវនកម្មផ្ទៃក្នុងមួយរបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៤ បានរកឃើញថា នីតិវិធីសារទុក្ខ ដែលផ្អែកលើគម្រោង គឺជាញឹកញាប់គ្រាន់តែជាការរៀបចំឲ្យមានតែឈ្មេាះប៉ុណ្ណេាះ ឬហៅថា «box-checking exercises» ដែលមាន «នៅតែលើក្រដាសប៉ុណ្ណោះ មិនមាននៅក្នុងការអនុវត្តជាក់ស្តែងនោះទេ»។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ក្រុមអធិការកិច្ចរបស់ធនាគារពិភពលោកបានរកឃើញថា អ្នកភូមិបឹងកក់បាន «ទទួលរងការបង្ខិតបង្ខំឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយមិនបានឆ្លងកាត់នីតិវិធីសារទុក្ខនោះទេ»។
ប្រជាជនដែលនាំយកការព្រួយបារម្ភរបស់ពួកគេទៅកាន់ថ្នាក់លើនេះ តាមរយៈការដាក់ពាក្យបណ្តឹង យ៉ាងលម្អិតទៅកាន់អធិការកិច្ច ឬការិយាល័យប្រឹក្សា Ombudsman និយាយថា ពួកគេតែងតែជួបប្រទះការតបតពីរដ្ឋាភិបាល ឬក្រុមហ៊ុនជាប់ពាក់ព័ន្ធនៅក្នុងគម្រោង។
នៅក្នុងការសិក្សារបស់ខ្លួន អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានសម្ភាសន៍ ប្រជាជនដែលបានចុះហត្ថលេខាទៅលើពាក្យបណ្តឹងក្នុងករណីចំនួន ៣៤ ទៅកាន់អធិការកិច្ច ឬការិយាល័យប្រឹក្សា Ombudsman ។ នៅក្នុង១៨ករណីក្នុងចំណោមនេាះ ពួកគេបានរាយការណ៍ថា ពួកគេបាន «រងការគំរាមកំហែង ឬប្រឈមមុខនឹងការទុកបុកម្នេញក្នុងទម្រង់ណាមួយ» ដែលពួកគេជឿថា មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការរិះគន់របស់ពួកគេទៅលើគម្រោងរបស់ស្ថាប័នធនាគារពិភពលោក ។
ជាប់ពន្ធនាគារជាថ្មី
នៅក្នុងប្រទេសកម្ពុជា ម៉ាក់យាយឃុន ដែលគេស្គាល់ថា «Grandma Mommy» និងសកម្មជនប្រជាពលរដ្ឋដទៃទៀត បានបន្តប្រឈមនឹងការចាប់ខ្លួន សូម្បីតែបន្ទាប់ពីក្រុមអធិការកិច្ចរបស់ធនាគារពិភពលោកបានរកឃើញអំពីផលប៉ះពាល់ដែលបង្កឡើងដោយការបណ្តេញចេញនៅជុំវិញតំបន់បឹងកក់ក៏ដោយ។
កាលពីខែវិច្ឆិកា លោកយាយឃុន និងប្រជាពលរដ្ឋផ្សេងទៀតដែលនៅបន្តរស់នៅផ្នែកខាងមុខបឹងបានតំឡើងស៊ុមគ្រែមួយនៅលើមហាវិថី(ព្រះមុនីវង្ស)នៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីតវ៉ាប្រឆាំងអំពីទឹកជំនន់ដែលបានជន់លិចផ្ទះរបស់ពួកគាត់។ លោកយាយឃុន និងអ្នកផ្សេងទៀតបានឲ្យដឹងថា ទឹកជំនន់នេះគឺបណ្តាលមកពីក្រុមអ្នកសាងសង់បានបូមខ្សាច់ចាក់បំពេញបឹង ដើម្បីទុកកន្លែងសម្រាប់សាងសង់ផ្ទះល្វែងនិងហាងទំនិញផ្សេងៗ។
ប៉ូលិសបានចាប់ខ្លួនលោកយាយឃុន និងស្ត្រីប្រាំមួយនាក់ផ្សេងទៀត និងចោទប្រកាន់ពួកគាត់ពីការបង្កការរាំងស្ទះដល់ចរាចរណ៍។ នៅថ្ងៃបន្ទាប់ តុលាការបានកាត់ទោសពួកគេម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
លោកយាយឃុន ត្រូវបានគេដាក់នៅក្នុងពន្ធនាគារដដែលដូចពេលមុន។ លោកយាយបាននិយាយថា អ្នកយាមគុកបានបោះសម្តីដាក់គាត់ និងអ្នកទោសផ្សេងទៀតដែលរិះគន់អំពីស្ថានភាពនៅក្នុងគុក ដោយថា៖ «ប្រសិនបើលោកយាយចង់ស្លាប់ សម្លាប់ខ្លួនឯងទៅ»។
ខណៈពេលមានការរិះគន់ពីអន្តរជាតិអំពីការកាត់ទោសឲ្យជាប់គុករបស់សកម្មជនទាំងនោះ រដ្ឋាភិបាលបានលើកលែងទោសឲ្យលោកយាយឃុន និងក្រុមអ្នកតវ៉ាផ្សេងទៀតនៅក្នុងខែមេសា ដែលការដោះលែងនេះត្រូវបានធ្វើឡើង បន្ទាប់ពីពួកគេបានជាប់ពន្ធនាគាររបស់ខ្លួនអស់រយៈពេលប្រាំខែនៃបទល្មើសរបស់ខ្លួន។
ទន្ទឹមនឹងនេះ ធនាគារពិភពលោកបានកំពុងរៀបចំលុបចោលការបង្អាក់ប្រាក់កម្ចីថ្មីដល់រដ្ឋាភិបាលកម្ពុជា ដោយបានជួបប្រជុំគ្នានៅប៉ុន្មានខែចុងក្រោយនេះជាមួយមន្ត្រីកម្ពុជា និងក្រុមប្រជាពលរដ្ឋដើម្បីពិភាក្សាអំពីផែនការរបស់ខ្លួន។ នៅក្នុងខែកក្កដា សម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលមួយ បានជំរុញឲ្យធនាគារពិភពលោកធានាថា រដ្ឋាភិបាលដោះស្រាយបញ្ហាជាមួយប្រជាជនបឹងកក់ទាំងបច្ចុប្បន្ន និងពីមុន មុនពេលអនុម័តកម្ចីថ្មីណាមួយ។
អ្នកនាំពាក្យរបស់ធនាគារពិភពលោកបានឲ្យដឹងថា ធនាគារកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអំពី «វិធីគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងបែបផែនមួយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់គ្នា»។ លោកស្រីបានបន្តថា មន្ត្រីរបស់ធនាគារ «ក៏បន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជាឈានទៅដល់ដំណោះស្រាយមួយដែលសមរម្យ និងប្រកបដោយសន្តិវិធីចំពេាះបញ្ហាជម្លោះដីធ្លី»។
នៅចុងខែកក្កដា លោកយាយឃុន បានទទួលបានជ័យជម្នះផ្ទាល់ខ្លួនមួយ ដោយរដ្ឋាភិបាលបានផ្ដល់កម្មសិទ្ធិដីស្របច្បាប់មួយកន្លែងទៅឲ្យលោកយាយ គឺដីដែលក្រុមគ្រួសាររបស់យាយកំពុងរស់នៅ។
ប៉ុន្តែការតស៊ូរបស់លោកយាយ គឺមិនទាន់ចប់នោះទេ។
គ្រួសារមួយចំនួនកំពុងរង់ចាំទទួលឯកសារផ្លូវការ ដែលអនុញ្ញាតឲ្យពួកគេអាចស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ខណៈពេលដែលអ្នកផ្សេងទៀតដែលត្រូវបានគេបង្ខំឲ្យចេញពីលំនៅដ្ឋានរបស់ពួកគេ បាននិងកំពុងតែព្យាយាមតវ៉ាដើម្បីបានសំណងច្រើនជាងមុន។ លោកយាយឃុនសន្យាថា លោកយាយនឹងនៅតែបន្តគាំទ្រដល់បុព្វហេតុរបស់ពួកគេ។
លោកយាយបាននិយាយថា៖ «ខ្ញុំនឹងធ្វើការតវ៉ា រហូតដល់ខ្ញុំស្លាប់»៕
កញ្ញា ផន បុប្ផា អ្នកយកព័ត៌មានម្នាក់នៅក្នុងប្រទេសកម្ពុជា និងអ្នកផ្តល់ព័ត៌មានជាទៀងទាត់ដល់ VOA។ លោក Michael Hudsonជាអ្នកនិពន្ធនាយកជាន់ខ្ពស់ នៅសមាគម អន្តរជាតិនៃក្រុមអ្នកកាសែតស៊ើបអង្កេត។ លោក Barry Yeoman បានធ្វើការលើរឿងនេះ ក្នុងនាមជាអ្នកស្រាវជ្រាវរបស់មូលនិធិការស៊ើបអង្កេតរបស់វិទ្យាស្ថាន The Nation Institute ។ លោក Ben Hallman គឺជាអ្នកនិពន្នាយកផ្នែកស៊ើបអង្កេតនិងគម្រោងនៃសារព័ត៌មាន The Huffington Post ។