ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​អង្គការ​ប៉ះពាល់​ភ្លាមៗ​នៅ​មូលដ្ឋាន​​ក្រោយ​ការ​អនុម័ត


 រូបភាពឯកសារ៖ ការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបភាពឯកសារ៖ ការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

សកម្មជន​ដី​ធ្លី​នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​ត្អូញត្អែរ​អំពី​ចំណាត់​ការ​ខាង​ផ្លូវ​ច្បាប់​ បន្ទាប់​ពី​​អាជ្ញាធរ​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

សកម្មជន​ដី​ធ្លី​នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​ត្អូញត្អែរ​អំពី​ចំណាត់​ការ​ខាង​ផ្លូវ​ច្បាប់​ បន្ទាប់​ពីអាជ្ញាធរ​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​ក្រោយព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រហស្ត​លេខា​លើ​ច្បាប់ដ៏​ចម្រូង​ចម្រាស​មួយនេះ​កាល​ពី​សប្តាហ៍​មុន។

លោក​ ស៊ីម ពៅ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៦៩​គ្រួសារ​ ​បាន​ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំ​ពេញ ​ដើម្បី​ជួប​ជាមួយ​នឹង​អ្នក​តវ៉ា​ក្នុង​សហគមន៍​បឹង​កក់​ និងបុរីកីឡា​ព្រម​ទៀងសហគមន៍​ថ្មគោល​ ក្នុង​គោល​បំណង​ស្វែង​យល់​ពី​វិធី​ក្នុង​ការ​ចងក្រង​សហគមន៍​របស់​លោក​នៅ​ឯ​ឃុំ​មួយ​ក្នុង​ខេត្ត​ក្រចេះ។​ ការ​ខិត​ខំ​ស្វែង​យល់​នេះ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ត្រូវ​បានឡាយ​ព្រះ​ហស្ត​លេខា​ដោយ​អង្គ​ព្រះ​មហាក្សត្រ​ ក្លាយ​ជា​ច្បាប់។

សហគមន៍​ដែល​ត្រូវ​បាន​បង្កើត​នៅ​ខែ​មេសា និង​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នោះ​ មាន​ឈ្មោះ​ថា​ «សហគមន៍​ពាម​ប៉ោ​អូរ​បី»​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែថ្មី ឃុំ​ខ្ទឹម​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។​ ការ​បង្កើត​សហគមន៍​នេះ​ គឺ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ផ្លូវ​ច្បាប់ដែល​ប្រជាពលរដ្ឋ​ប្រឈម​មុខ​ បន្ទាប់ពីទំនាស់​រវាង​ក្រុម​ហ៊ុន​ដាំ​កៅស៊ូ​របស់​វៀតណាម​ឈ្មោះ​ ប៊ិញភឿក​២ ​និង​ប្រជាពលរដ្ឋ​បាន​បញ្ចប់​ទៅ ដោយ​ការ​ឆ្វៀល​ដី​ទំនាស់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នេះកាល​ពី​ឆ្នាំ​២០១៤។

ក៏ប៉ុន្តែ​សហគមន៍​លោកកំពុងប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់ ក្រោយ​ពីអធិការ​ប៉ូលិស​ស្រុក​ស្នួល​ កាល​ពីសប្តាហ៍​មុន ​បាន​ស្នើ​ឲ្យ​លោក​ទៅ​ចុះ​បញ្ជី​នៅ​ឯ​ក្រសួង​មហាផ្ទៃ​ ដោយ​ផ្អែក​លើ​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។​លោក​និយាយ​ថា៖​ «គាត់​ឲ្យ​ទៅ​សុំ​ច្បាប់​ចេញ​ពី​ក្រសួង​មហាផ្ទៃ​មក។ បើ​គាត់​ចង់​បង្កើត​ ឬ​ក៏​សុំ​ពី​ឃុំ​ ពី​ភូមិ​ដែល​យើង​រស់​នៅហ្នឹង​ណ៎ា​ ហើយ​ពួក​ខ្ញុំ​ទៅ​សុំ​របៀប​អាហ្នឹង ​រឿង​បញ្ហា​ខ្ញុំ​វិញ​ហើយ​ឲ្យ​ខ្ញុំ​ទៅ​សុំ​របៀប​ម៉េច»។​ ​

ការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
ការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)

លោក​ ស៊ីម ពៅ ​រៀប​រាប់​ថា ប្រជាពលរដ្ឋ​៦៩​គ្រួសារ​កំពុង​មាន​វិវាទ​ជាមួយនឹង​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ទៀតក្នុង​ឃុំ​តែ​មួយ​លើ​ដី​ទំនាស់​ទំហំ​២៥០.៩៦​ហិកតា។​ លោក​អះអាង​ថា ​អាជ្ញាធរ ​និងតំណាង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ គឺ​ឈ្មោះ ​ឡុក​ សុផា​ បានរួម​ដៃ​គ្នា ​ដើម្បី​ពុះ​ដី​ទំនាស់​នេះ​ ក្នុងការ​បែង​ចែក​ដី​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រស់​នៅ​ទី​នោះ​ និង​ប្រជាពលរដ្ឋ​ដែល​មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី។​ លោក ស៊ីម ពៅ​ និយាយ​ថា​ ដោយ​សារការ​សម​គំនិត​នេះ​ ប្រជាពលរដ្ឋ​ដែល​មាន​ដី​ពិត​ប្រាកដ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ហើយ​ក៏​សម្រេច​ឲ្យ​លោក​ធ្វើ​ជា​តំណាង​ដើម្បី​រក​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ចងក្រង​សហគមន៍​នេះ។​ ទាក់ទង​នឹង​ការ​លំបាក​ក្នុង​ការ​សុំ​លិខិត​អនុញ្ញាត​ ដើម្បី​បង្កើត​សហគមន៍​នេះ។

​លោក​និយាយ​ថា៖ «បើ​ពួក​ខ្ញុំ​កំពុង​មាន​បញ្ហា​នឹង​អាជ្ញាធរ​ ប្រសិន​បើ​ខ្ញុំទៅ​សុំ​ សួរ​ថា​ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ដែរ​ទេ?​ ខ្ញុំ​កំពុង​ឈ្លោះ​គ្នា​ អញ្ចឹង​ខ្ញុំ​ទៅ​សុំ​នំ​ គេ​ហូប​នេះ​ សួរ​ថា ​គេ​ឲ្យ​នំ​ខ្ញុំ​ហូប​ឬអត់? អញ្ចឹង​វា​មិន​អាច​ទៅ​រួច​ទេ​ អញ្ចឹង​ពួក​ខ្ញុំ​បង្កើត​នេះ​ ពឹង​លើ​ដូច​ថា​ សួរ​យោបល់​លើ​អង្គការ​នេះ​ អង្គការ​នោះ។​ គាត់​ឲ្យ​យោបល់​ខ្ញុំ​អញ្ចឹង​ ទើប​ខ្ញុំ​អាច​ធ្វើ​បាន។​ បើ​ខ្ញុំ​អត់​ចេះ​ច្បាប់​ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ ខ្ញុំ​ត្រូវ​តែ​ពឹង​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អញ្ជឹង​ហើយ»។

លោក ​ណុម​ ស្រ៊ុន​ អធិការ​ប៉ូលីស​ស្រុក​ស្នួល​ទទួល​ស្គាល់​ថា​ ប្រជាពលរដ្ឋ​កំពុង​មាន​ទំនាស់​គ្នា​ពិត​មែន​ តែ​លោក​ថា «សហគមន៍​ពាម​ប៉ោ​អូរបី»​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែថ្មី ឃុំ​ខ្សឹម​នេះ ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ ឬ​ក៏​មាន​លិខិត​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​រួច​ ហើយ​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ។​

«ទេ​ ថ្ងៃ​មុន​ ខ្ញុំ​ហៅ​មក​ពិនិត្យ​ឯកសារ​ ពិនិត្យ​អី​អញ្ចឹង​ណ៎ា។ ពួក​គាត់​អត់​មាន​ដាក់​ពាក្យ​ឲ្យ​អាជ្ញាធរ​អី​ដឹង​ឮ​ទេ។​ គាត់​បង្កើត​ជា​ក្រុមៗ​ហ្នឹងណ៎ា។​ អញ្ចឹង​យើង​ចេះ​តែ​ប្រាប់​គាត់​ថា​ ឲ្យ​ធ្វើ​មាន​ច្បាប់​ មាន​ទម្លាប់​អី​ត្រឹម​ត្រូវ​ទៅ​ មាន​ខេត្ត​ មាន​ស្រុក​ មាន​ឃុំ​អី​ដឹង​ឮ​ ហើយ​យើង​ទៅ​អាច​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ ចាំ​យើង​ដំណើរការ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ស្រី​ ឡុក​ សុផា ជា​គូ​វិវាទ​របស់​លោក​ ស៊ីម ពៅ​ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​របស់​លោក ​ស៊ីម ពៅ​ ហើយ​បាន​ហៅ​ការ​រៀបចំ​បង្កើត​ «សហគមន៍​ពាម​ប៉ោ​អូរបី​»​នេះ​ថា​ជា​ទង្វើ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ឃុំ។​ អ្នក​ស្រី​ក៏បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​ដែល​ថា ​អ្នក​ស្រី​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ ហើយ​ថា​ អ្នក​ស្រី​គ្មាន​បំណង​បង្កើត​សហគមន៍​នោះ​ទេ។

​«ខ្ញុំ​អត់​មាន​បង្កើត​ទេ​បង​ ព្រោះ​អ្នក​ដែល​ទៅ​នេះ​ សុទ្ធ​តែ​ពួក​ចំណាក​ស្រុក​ ហើយ​អញ្ចឹង​ខ្ញុំ​ព្រួយ​បារម្ភ​ពី​គាត់​ មិនមែន​មិន​ព្រួយ​បារម្ភ​ទេ ព្រោះ​ជា​រាស្ត្រ​ដូចគ្នា។​ ខ្ញុំ​ព្រួយ​បារម្ភ​ដែល​គាត់​ធ្វើ​អី​ធ្វើ​ឲ្យចលាចល​ដល់​ភាព​មួយ​អសន្តិសុខ​នៅ​ក្នុង​ស្រុក​ណា​បង»។​

លោក ​ស៊ីម ពៅ​ ចោទ​ថា អ្នក​ស្រី ​ឡុក​ សុផា​ ​មាន​តែ​បញ្ជី​ឈ្មោះ​របស់​ប្រជាជន​ចំនួន១០៤​គ្រួសារ​ដើម្បី​តតាំង​នឹង​លោក។​ ប៉ុន្តែ​អ្នកស្រី​ ឡុក​ សុផា​ ​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដែរ។​

រីឯ​លោក​ ផ្លូង​ ខេន មេឃុំ​ខ្សឹម នៅ​ក្នុង​ស្រុក​ស្នួល​ ក៏​បាន​ឲ្យ​ VOA​ ដឹង​ដែរ​ថា​ អាជ្ញាធរ​ឃុំ​មិន​កាន់​ជើង​ភាគី​ណា​មួយ​ក្នុង​ទំនាស់​នេះ​ទេ។​

លោក ​សៀ ភារម្យ​ នាយក​លេខា​ធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​លំនៅដ្ឋាន​យល់​ថា ​ទំនាស់​របស់​ប្រជាពល​រដ្ឋ​នេះ​ផ្តើម​ចេញ​ពី​ភាព​ចម្រូងចម្រាស​ និង​ការ​ស្មុគស្មាញ​នៃ​ការ​តម្រូវ​ឲ្យ​សហគមន៍ចុះ​បញ្ជី​ជា​«សហគមន៍​ពាម​ប៉ោ​អូរ​បី‍»​នេះ។

លោក​ពន្យល់​ថា៖​ «ធម្មតា​ការ​បង្កើត​សហគមន៍​មូលដ្ឋាន​ បើ​សិន​មានក្រុម​ណា​គេ​ជំទាស់ គាត់​អាច​បង្កើត​ក្រុម ​ដែល​គាត់​យល់​ស្រប​គ្នា​ហ្នឹង​ ចាប់​ពី​ប៉ុន្មាន​នាក់​ទៅ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ចម្រូងចម្រាស​ហ្នឹង​យើង​អាច​ធ្វើ​ ហើយ​បើ​សិន​ជា​យើង​គ្រាន់​តែ​បង្កើត​សហគមន៍​មួយ​ ក្រៅ​ផ្លូវ​ការ​មិន​ចាំ​បាច់​ចុះ​បញ្ជី​ចុះ​អី​ជា​ផ្លូវ​ការ​ទេ​ ដោយ​យើង​គ្រាន់​តែបង្កើត​សហគមន៍​ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ក្រុម​របស់​គាត់ហ្នឹង ខ្ញុំ​គិត​ថា​ វា​មិន​មាន​អី​ជា​បញ្ហា​ទេ​ ទោះបី​មាន​ក្រុម​ម្ខាង​ទៀត​គាត់​ជំទាស់​ គាត់​មាន​ភាព​ស្អិត​រមួត​ទៅ​ជាមួយអាជ្ញាធរ​ក៏ដោយ»។​

លោក​បន្ត​ថា​ កង្វះ​ខាត​នៃ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នេះ​ឯង​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់សហ​គមន៍​តូចៗ​ ដោយ​សារ​តែ​រង​គំនាប​ពី​អាជ្ញាធរ​ ដែល​សំអាង​លើ​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​នេះ។​

«នៅ​ពេល​ដែល​ការ​ធ្វើ​ច្បាប់​មួយ​ ដែល​មាន​ការ​មូល​មតិ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ឲ្យ​បាន​ទូលំ​ទូលាយ គឺ​អញ្ចឹង​ហើយ​ ហើយ​ដែល​ជា​ឱកាស​សម្រាប់​អាជ្ញាធរ​ដែន​ដី​ ដែល​ខ្លួន​មិន​គិត​ប្រឹង​ប្រែង​ដើម្បី​រក​ដំណោះស្រាយ​ បញ្ហា​ជម្លោះ​ដី​ធ្លី​ជូន​ដល់ប្រជាពលរដ្ឋ​ទេ តែ​បែរ​ជា​ ឆ្លៀត​ឱកាស​យក​ច្បាប់​ចម្រូង​ចម្រាស​ហ្នឹង ​ដើម្បី​យក​ទៅដាក់​គាប​សង្កត់​ ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ទាំង​មូល»។​ ​

ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)
ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

របាយការណ៍​របស់អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា​ ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ខែ​មករា ​ឆ្នាំ​២០១៤​ មក​ទល់​នឹង​ដំណាច់​ខែ​មិនា​ ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​៦០.០០០​នាក់ ​ហើយ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារ​គោល​នយោបាយ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ដណ្តើម​កាន់​កាប់​ដីធ្លី​នោះ។​

​លោក ​ស៊ីម ពៅ ​និង​សហគមន៍​របស់​លោកទំនង​ជា​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ។​ លោកថ្លែង​ថា​ ច្បាប់​ថ្មី​នេះ​នឹង​បង្អាក់​សកម្មភាព​តវ៉ា​របស់​សហគមន៍​របស់​លោក​ និង​សហគមន៍​ឯ​ទៀត​ដែល​កំពុង​ជាប់​គាំង​ក្នុង​ជម្លោះ​ដី​ធ្លី។​

«រឿង​បញ្ហា​ច្បាប់​ហ្នឹង​ បើ​សិន​ជា​រដ្ឋាភិបាល​ឬ​ក៏​អាជ្ញាធរ​ គាត់​អនុវត្ត​ច្បាប់​ហ្នឹង​ អាច​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ មិនមែន​តែ​ប្រជាពលរដ្ឋ​នៅ​កន្លែង​ខ្ញុំ​ទេ​ គឺ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង»។

មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​បញ្ជាក់​ថា​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ នឹង​មិន​គ្រប​ដណ្តប់​លើ​សហគមន៍​តូចៗ​ ដែល​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​កើត​មាន​នៅ​មូលដ្ឋាន​នេះ​ទេ។​ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ស្នួល​ចាប់​ផ្តើម​តម្រូវ​ឲ្យ​លោក ​ស៊ីម ពៅ​ ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ។​ ការ​តម្រូវ​នេះ​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះ​ហស្ត​លើច្បាប់​ដ៏​រឹត​ត្បិត​មួយ​នេះ។

អង្គការ​សង្គមស៊ីវិល​បញ្ជាក់ថា ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការក្រៅ​រដ្ឋាភិបាល​នេះ​ធ្វើឲ្យ​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជួប​ផល​វិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​បម្រើ​ប្រជា​ពលរដ្ឋ។​

នៅ​ក្នុង​មាត្រា​៩​នៃ​ច្បាប់​នេះ​បាន​សរសេរ​ថា៖ «សមាគម​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​នឹង​ក្លាយ​ជា​នីតិបុគ្គល​ ចាប់​ពី​ថ្ងៃ​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ចុះ​បញ្ជី។​ ក្រសួង​មហាផ្ទៃ​ត្រូវ​ចម្លង​ឯកសារ​ចុះ​បញ្ជី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​នេះ​ទៅ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​តាម​ការ​ចាំ​បាច់។​ សមាគម​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​មិន​បាន​ចុះ​បញ្ជី​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ឡើយ»៕

XS
SM
MD
LG