ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ សុខភាព​ផ្លូវ​ចិត្ត​ពលករ​ចំណាក​ស្រុក​រង​ការ​គំរាម​កំហែង​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩


រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​​ដើរ​ឆ្លង​កាត់​ព្រំប្រទល់​នៅ​ក្រុង Aranyaprathet ខេត្ត Sa Kaew ប្រទេស​ថៃ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​កម្ពុជា​​ដើរ​ឆ្លង​កាត់​ព្រំប្រទល់​នៅ​ក្រុង Aranyaprathet ខេត្ត Sa Kaew ប្រទេស​ថៃ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។

ខណៈ​ជំងឺកូវីដ​១៩​ បានបង្កការ​គំរាមកំហែង​សុខភាព​ផ្លូវ​កាយ​របស់​មនុស្ស ជំងឺនេះ​ក៏បង្ក​ផល​ប៉ះពាល់​យ៉ាង​ធំធេង​មក​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ពលករ​ចំណាកស្រុក​ដែល​វិលចូល​មក​ប្រទេស​កម្ពុជា​វិញ។ នេះ​ជាការកត់​សម្គាល់​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជា។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ បាន​យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​ធនាគារ​ពិភពលោក​កាល​ពី​ខែ​ឧសភា​ថា​ ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺកូវីដ១៩​ បានធ្វើឲ្យ«​ការងារ​ប្រមាណ១,៧លាន​នៅ​កម្ពុជា​»​ ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ ដែល​បង្ក​ជាបញ្ហា​សង្គមសេដ្ឋកិច្ច​ និង​បញ្ហាផ្លូវចិត្ត​ខ្លាំង​ក្លា​មក​លើពលរដ្ឋ​កម្ពុជា។

កម្មករ​និយោជិត​នៅ​ក្នុង​ឧស្សាហកម្ម​ជាច្រើន​ត្រូវ​បាន​កាត់​ប្រាក់​ខែ​ ឬមុខរបរ​ចិញ្ចឹម​ជីវិត​របស់​ពួកគេ​ ត្រូវ​ទទួល​ការ​គំរាម​កំហែង។​ សិស្សនិសិ្សត​ និង​គ្រួសារ​ត្រូវ​សម្របខ្លួន​ នៅពេលដែល​សាលា​រៀន​បិទ​ទ្វារ​ ហើយ​គ្រប់​គ្នា​ត្រូវ​ទប់ទល់​ជាមួយ​នឹង​បញ្ហា​ជាច្រើន​ដូចជា​ ការ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ និង​ភាព​មិនប្រាកដ​ប្រជា​ដែល​ចេះតែ​បន្តកើនឡើង។ នេះ​បើតាម​ឯកសារព័ត៌មាន​ស្តីពី​ការ​ឆ្លើយ​តប​របស់​អ.ស.ប នៅ​កម្ពុជាដែល​បាន​ចេញ​ផ្សាយ​ក្នុងសប្តាហ៍នេះ។

ឯក​សារ​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិដែល​ចេញផ្សាយ​ជាសាធារណៈ​នៅថ្ងៃទី​២៣ ខែសីហា​ ​បាន​គូស​បញ្ជាក់​ក្នុងន័យដើម​ថា៖ «​បញ្ហា​ប្រឈម​ទាំងនេះ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​អន្ទះអន្ទែង និង​ធ្លាក់​ទឹកចិត្ត​។ ពលករ​ទេសន្តរប្រវេសន៍​ជាក្រុម​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពិសេស​ ត្បិត​ពួកគេ​ត្រូវ​ខិតខំ​ស្វែង​រក​ប្រភព​ចំណូល​ ក្រោយ​ពេល​ធ្វើមាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​ ដែល​បង្ក​ជា​បញ្ហា​ស្រ្តេស(តប់ប្រម៉ល់)​ ការ​ធ្លាក់​ទឹកចិត្ត​ និង​បញ្ហាសុខ​ភាព​ផ្លូវ​ចិត្ត​ដទៃ​ទៀត​យ៉ាង​ច្រើន»។

អង្គការ​សហប្រជាជាតិ​បន្ថែមថា​ គិតរហូត​មកដល់​ពេលនេះ​ មានពលករ​ទេសន្តរ​ប្រវេសន៍ ឬពលករ​ចំណាកស្រុក​ កម្ពុជា​ជាង​២២៥,០០០នាក់​ ក្នុងនោះ​មាន​ស្ត្រី​៥៦%​ហើយ​ ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពីប្រទេស​ជិត​ខាង​ ចាប់​តាំង​ពី​ពេល​ដែល​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩​ ចាប់​ផ្តើម​កើត​ឡើង។ ដូច្នេះ​ តម្រូវការ​សេវាសុខភាព​ផ្លូវ​ចិត្ត​ក៏មាន​ការ​កើនឡើង​ផងដែរ។

រូបឯកសារ៖ បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ស្រី​វេជ្ជបណ្ឌិត​ លី អាយ​ឡាន​(Li Ailan) តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំនៅ​កម្ពុជា ត្រូវគេដកស្រង់​សម្តី​ក្នុង​ឯកសារព័ត៌មាន​របស់​អ.ស.ប​ ក្នុង​ន័យដើមថា៖ «​សុខភាព​ពុំមាន​នោះឡើយ​ ប្រសិន​បើ​ពុំមាន​សុខភាព​ផ្លូវ​ចិត្ត។ ជំងឺកូវីដ១៩​ បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា​ ជាពិសេស​ពលរដ្ឋ​ងាយរង​ហានិភ័យ​ ដូចជា​ពលករទេសន្តរ​ប្រវេសន៍​ជាដើម​។ អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​សហប្រជាជាតិ​កំពុង​ខិតខំ​ធានា​យ៉ាងណា​ឲ្យ​ក្រុម​ងាយ​រងគ្រោះ​ទាំងនេះ​ បាន​ទទួល​សេវា​គាំទ្រ​សុខភាព​ផ្លូវ​ចិត្ត​ និង​ចិត្តសង្គម»។

អ្នកការពារ​សិទ្ធិមនុស្ស​មួយចំនួន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ឆ្លើយតប​បន្ទាន់​ទៅនឹង​បញ្ហា​នេះ ដើម្បី​បញ្ចៀស​អំពើហិង្សា​ផ្សេង​ៗក្នុងគ្រួសារ​ និង​សង្គម​។

អ្នកសម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយ​មានជ័យ​ដែល​ជាប់​ព្រំដែន​ថៃ ​លោក​ ស៊ុំ ចន្ទគា​ សង្កេត​ឃើញ​ស្ថានភាព​កាន់តែ​យ៉ាប់​យឺនឡើង​របស់​ពលករ​ចំណាក​ស្រុក ដោយ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ឆ្លើយតប​ជាក់លាក់ និង​ឲ្យចំក្រុម​ដែល​កំពុង​មាន​ការ​លំបាកខ្លាំង​ ពាក់​ព័ន្ធនឹង​ជីវភាពរស់នៅប្រចាំថ្ងៃ​ និង​សុខភាព​ផ្លូវចិត្ត​។ លោក​ពន្យល់​យ៉ាងដូច្នេះ៖

«នៅក្នុង​ភូមិ​ករណ៍របស់​គាត់ ពីដើម​គាត់​អាងទៅថៃ​ទៅ​អី​ទៅ​ដើម្បី​មានថវិកា​ផ្ញើឲ្យ​បងប្អូន សម្រាប់​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ទីពីរ​ទាក់​ទង​រឿង​បំណុល​។ បំណុល​ហ្នឹង​នៅពេល​ដែល​ពួកគាត់​ទៅធ្វើការ​នៅ​ថៃ​នៅអី​ គាត់​មាន​លុយ​សម្រាប់​ដោះស្រាយ​បំណុល​ហ្នឹង​ប្រចាំ​ជារៀងរាល់​ខែ។ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ ពួកគាត់​ត្រឡប់​មក​សហគមន៍​គាត់​វិញ​ ហើយ​គាត់​ប្រឈមមុខ​ទាក់​ទង​កត្តា​ជីវភាព​ ដោយ​សារ​អត់​មាន​ការងារ​ធ្វើ​។ អត់​មាន​អ្វីដែល​ជួយ​គាត់»។

លោកបន្ថែមថា​ រដ្ឋគួរមាន​វិធានការ​បន្ថែម ដើម្បី​ឆ្លើយតប​ទៅនឹងសេចក្តីត្រូវ​ការចាំបាច់​របស់​ពលករ​ចំណាកស្រុក​ទាំងឡាយ​ណា​ ដែល​កំពុងស្ថិត​ក្នុង​ស្ថានភាព​គ្មានការ​ងារ​ធ្វើ​ និង​អាច​បាត់​បង់​ដីធ្លី​ ផ្ទះសម្បែង​ទៅ​ម្ចាស់​បំណុល។

«ហើយ​តួនាទី​របស់​ភ្នាក់ងារ​រដ្ឋ​ យើង​ឃើញ​ដើរ​ផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​ហ្នឹងបីកុំ​ បីការពារ​អីចឹង​ទៅ​។ ប៉ុន្តែ​អ្វី​ដែល​ បីដោះស្រាយ​ក្រពះ​ ឬក៏បួន​ដោះស្រាយ​ក្រពះហ្នឹង​វាអត់​មាន​។ ទីពីរទាក់​ទង​រឿង​បំណុល​។ បំណុល​ហ្នឹង​បើ​សិន​ជា​មិនមានការ​ដោះស្រាយ​លក្ខណៈ​ណាមួយ​ ​ជួយ​អំពី​ភ្នាក់​ងារ​របស់​រដ្ឋ​។ ជួយ​បន្ធូរបន្ថយ​ ឬយ៉ាងណា​ទេ​ ខាងធនាគារហ្នឹង​ គឺ​គេរាប់​ថ្ងៃ​ រាប់​ខែ​ រាប់​លេខយក​តែម្តង។ អីចឹងហើយ​ ពួកគាត់​នឹង​ប្រឈម​មុខទៅ​លើ​ការ​បាត់​បង់​ ទៅលើ​ដីធ្លីផ្ទះសម្បែង​ ​អចលនទ្រព្យ​របស់​គាត់​បាទ»។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​លើកឡើង​ក្នុងឯកសារ​ព័ត៌មាន​របស់​ខ្លួនដែល​មានកម្រាស់​៤ទំព័រ​ថា​ សុខភាព​ផ្លូវចិត្ត​ និង​ការ​គាំទ្រ​ចិត្ត​សង្គម​ ក៏ជាផ្នែក​មួយ​ដ៏សំខាន់​នៃ​ការ​ឆ្លើយ​តប​ចំពោះ​ជំងឺ​កូវីដ១៩ ហើយ​ការ​បន្ត​វិនិយោគ​លើ​សេវាគាំទ្រ​ទាំង​នេះ​ នឹង​រួម​ចំណែក​ធ្វើ​ឲយ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​កាន់តែ​មាន​សុវត្ថិភាព​និង​សុខភាព​ម៉ាំមួន​នា​ពេល​អនាគត​។

លោក ​មឿន តុលា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់ត្រាល់​ដែល​ធ្វើ​ការ​លើ​ពលករ​ចំណាក​ស្រុក ​យល់ស្រប​នឹង​ការវាយតម្លៃ​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​អំពីស្ថានភាព​ផ្លូវចិត្ត​របស់​ពលករ​ចំណាកស្រុក​ ដែលបាន​វិលត្រឡប់​មក​ពីប្រទេស​ក្បែរខាង ជា​ពិសេស​ប្រទេស​ថៃ​ហើយ​ តែគ្មានការ​ងារ​ និង​មុខរបរ​ចិញ្ចឹម​ជីវិត។

លោកប្រាប់​វីអូអេ​បន្ថែមនៅថ្ងៃ​អង្គារនេះថា ការផ្តល់​សេវាប្រឹក្សា​យោបល់​ ដែល​អាច​ធ្វើ​ឡើង​នៅមណ្ឌល​ចត្តា​ឡីស័ក​ជាកិច្ចការ​សំខាន់​មួយ​ដែល​អាជ្ញាធរ​មូលដ្ឋានគួរ​សហការ​ជាមួយភាគី​ពាក់​ព័ន្ធផ្សេង​ទៀត​ដើម្បី​ពង្រឹង​ស្មារតី​ពលករ​ចំណាក​ស្រុក​ដែលបាន​ត្រឡប់មក​វិញ​ ហើយកំពុង​ប្រឈមនឹង​ការ​ជាប់​បំណុល​ផងនោះ។

«រឿង​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​របស់​គាត់ វាជារឿង​ចាំបាច់​មួយដែល​គួរ​ធ្វើ​ នៅពេល​ដែល​គាត់​មក​ដល់​ហ្នឹង​ ដើម្បី​ប៉ះប៉ូវផ្លូវចិត្ត​គាត់ ​កុំ​ឲ្យ​ភ័យ​ កុំ​ឲ្យ​ខ្លាច​ កុំ​ឲ្យ​បារម្ភ​អី។ ខ្ញុំគិត​ថា​ ក្រៅពី​ការ​ព្យាបាល​ ទៅលើ​ជំងឺគាត់​បើសិន​ជា​គាត់​ មាន​វិជ្ជមាន​អី។ល។​និង​។ល។ហ្នឹង​ ក៏ត្រូវ​តែ​មាន​ព្យាបាល​ផ្លូវ​ចិត្ត​មួយ​ដែរ អាហ្នឹង​ចំណុច​ទីមួយ»។

រូបឯកសារ​៖ អាជ្ញាធរកំពុងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ អំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ​៖ អាជ្ញាធរកំពុងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ អំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

បើតាម​លោក មឿន តុលា ការ​ផ្តល់​ស្បៀង​សង្គ្រោះបន្ទាន់ ឬក៏ការ​ផ្អាក​ជាបណ្តោះអាសន្ននៃ​ការ​សង​បំណុល និង​ការ​ផ្តួចផ្តើម​ឲ្យ​ពលករ​ចំណាក​ស្រុក​ទាំងអស់​នោះមាន​មុខរបរ​ក្នុង​សហគមន៍​ដែល​ពួក​គាត់​រស់​នៅអាច​ជា​ផ្នែក​មួយ​នៃ​ការបន្ធូរភាពតានតឹង​ខាង​ផ្លូវចិត្ត​ និង​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ។

«រឿងមួយ​ទៀត​ ដែលត្រូវ​តែ​ធ្វើ​ដែរ​ គឺ​រឿង​រៀបចំ​ឲ្យ​គាត់​មាន​មុខ​របរ​នៅ​ក្នុង​សហគមន៍​របស់​គាត់​ ដែល​គាត់​អាច​មាន​ចំណូល​ចាប់​ផ្តើម​ពីល្មម​រហូតដល់​ចំណូល​ដែល​អាច​គាត់​រស់​នៅ​បាន​។ អាហ្នឹងគឺ​ជា​ចំណុច​មួយ​ដែល​អាជ្ញាធរ​ត្រូវពិចារណា​ដែរ។ ខ្ញុំឃើញ​រឿង​កសិកម្ម​នេះ​ គឺ​ជារឿង​ត្រឹមត្រូវ​ដែលឲ្យ​គាត់​សម្លឹង​មើល​រឿង​កសិកម្ម​ ប៉ុន្តែ​យើង​គួរ​តែ​ជួយ​ឲ្យ​គាត់​មាន​លទ្ធភាព​ មានដី​គ្រប់​គ្រាន់​ មាន​គ្រាប់ពូជ​មាន​អី​ជាកសិករ ​កុំ​ឲ្យគាត់​ទៅ​ជា​កម្មករ ឬ​ក៏ពលករ​គេ​នៅ​ក្នុង​កសិដ្ឋាន​នៃ​ក្រុមហ៊ុន​ឯកជន»។

ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​លំបាក​លំបិន​របស់​ពលរដ្ឋ​ដែលរង​ផល​ប៉ះពាល់​ទាំង​ខាង​សង្គម និង​សេដ្ឋកិច្ច​ចំពេល​មានការ​ឆ្លង​រាតត្បាតនៃ​ជំងឺកូវីដ១៩នោះ​ រដ្ឋាភិបាល​បានរៀបចំ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និងងាយ​រងគ្រោះ​ឲ្យមាន​លទ្ធភាព​រស់​បាន​ក្នុងស្ថានភាព​នៃការ​ឆ្លង​ជំងឺរាតត្បាត​សាកល​ដែលមិន​ទាន់​ថមថយ​ខ្លាំង​នៅ​ឡើយ​នេះ។

ប៉ុន្តែ​ការឧបត្ថម្ភ​សាច់​ប្រាក់​ទាំងនេះ​ ហាក់​ដូច​ជា​មិនទាន់​បាន​ទៅដល់​ដៃ​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់មក​វិញ​ភ្លាម​ៗ​នោះ​ទេ ដោយ​សារ​ពួកគាត់​មិន​មាន​បណ្ណក្រីក្រ​ ឬ​បណ្ណ​សមធម៌។ នេះបើ​តាមការ​សង្កេត​របស់​លោក​ស៊ុំ ចន្ទគា​ អ្នកសម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយ​មានជ័យ។​

«យើង​ឃើញ​ពលករ​ហ្នឹង​ នៅធ្វើ​ចត្តាឡីស័ក​បានត្រឹមតែ​បាយទឹក​អីចឹងទៅ។ ចំណែក​ទាក់​ទង​ទៅ​លើ​កញ្ចប់​សាច់​ប្រាក់​ណាមួយដែល​ជួយ​ដល់​ផ្តល់​ហើយ​និង​ជួយ​ដល់គ្រួសារ​គាត់​អត់​មាន​។​ ហើយ​នៅ​ក្នុង​កន្លែង​ចត្តាឡី​ស័ក​ ឬក៏កន្លែង​រាំងខ្ទប់​យើង​ឃើញ​មានការ​ចែក​អំណោយ​រប៉េះរប៉ោះ​អីច្រើន​ដែរ​ជូន​ដល់​ពួកគាត់​ ដូច​ជា​អង្ករ​ ដូចជាមី​ ដូច​ជាត្រី​អីចឹង​ទៅ​គឺ​រយៈពេល​ខ្លីៗ​អីចឹង​ទៅណ៎ា!...ចំណែក​កញ្ចប់​សាច់​ប្រាក់ កញ្ចប់​ថវិកា​ហ្នឹង​ ឃើញ​ទាក់​ទង​ទៅលើដែលចាស់​ជរា​ ដែលគេហៅ​ថា​ មានបណ្ណ​ក្រីក្រ​អីចឹង​ ឃើញ​មាន​ការ​បើក​លុយបើក​កាក់​ជា​បន្ត​បន្ទាប់​ដែរ​»។

អ្នកស្រី​ ជាល កេសី​ វ័យ​២៥ឆ្នាំ ​បានទៅធ្វើការ​ជាអ្នកលើកម្ហូប​អាហារ​នៅ​ខេត្ត​ឈុនបូរី​ ប្រទេស​ថៃអស់​រយៈពេល​មួយឆ្នាំ​ និងបានត្រឡប់​មកវិញ​ ចំពេល​មានការផ្ទុះនៃការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ថៃកាល​ពីឆ្នាំ​២០២០​។

ត្រឡប់មក​ស្រុក​កំណើត​វិញ អ្នកស្រី​និយាយ​ថា​ ការ​ងារ​ជាក់លាក់​ក៏គ្មានធ្វើ​ និងត្រូវ​សង​បំណុល​ខ្លះ​ដែល​គាត់​ជំពាក់​គេផងដែរ។ ការណ៍នេះ​ ធ្វើ​ឲ្យអ្នកស្រី​មានការ​ធុញថប់​ ដែលតម្រូវ​ឲ្យមានការ​ពិគ្រោះ​យោបល់។ អ្នកស្រី​ចង់​ឃើញ​ការ​រៀបចំ​ឲ្យមាន​សេវា​ប្រឹក្សា​យោបល់ ​ដើម្បីស្រាយ​កង្វល់​ពាក់ព័ន្ធ​ស្ថានភាព​រស់​នៅប្រចាំ​ថ្ងៃ​ និង​ការ​សង​ប្រាក់​ទៅម្ចាស់​បំណុល​វិញ។

«​យើង​តានតឹង​មិន​ដឹងថា​ រត់​ទៅរក​ខាង​ណា​ ចងការ​លុយគេ​ ក៏គេ​ ចង​អង្គការ​យើង​អត់​មាន​ដី​ដាក់​ឲ្យគេ​ ហើយ​ចង់​ទៅ​ចង​លុយ​ ខាង​ឯក​ជន​ក៏គេ​អត់​ទុកចិត្ត​យើង​ចឹង​»។

សព្វថ្ងៃ អ្នកស្រី​កំពុង​ធ្វើជាកម្មករ​កាត់​ស្មៅ និង​កាច់ពោត​ ក្នុងស្រុក​កំរៀង ខេត្ត​បាត់​ដំបង។

អ្នកស្រី​ យឹម សុធារី ​អ្នកជំនាញ​ចិត្តសាស្ត្រ​ឯករាជ្យ​មួយ​រូប យល់​ថាការពង្រីក​បណ្តាញប្រឹក្សា​ផ្លូវចិត្ត​ ទាំងតាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ឬ​ខ្សែ​ទូរស័ព្ទ​ អាចបើក​ផ្លូវ​ឲ្យពលករ​ចំណាក​ស្រុក​ទាំងនោះ​ទទួល​បាន​ការប្រឹក្សា​អំពីបញ្ហា​ប្រឈម​ផ្សេង​ៗ​ដែលពួក​គាត់​ជួបប្រទះ​ ក្នុងនោះ​មានការ​បាត់​បង់​ប្រាក់​ចំណូល​ជាដើម​។

អ្នកស្រី​បន្ថែម​ថា​មន្ត្រីនិង​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​ទទួល​យក​ពលករ​ចំណាក​ស្រុក​ ក៏​គួរ​តែ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទាក់​ទិន​ការ​ប្រឹក្សា​យោបល់​នេះ​ផងដែរ។

«អាច​មួយទៀត​ ជម្រើស​ផ្តល់​ អ្វីដែល​មាន​ស្រាប់​ហ្នឹង​ សម្រាប់​ខ្ញុំ​ ខ្ញុំយល់​ថា train ​[បណ្តុះបណ្តាល] ​បង្រៀន​ ឬក៏បង្ហាញ​អ្នកដែល​ជួយ​គាំទ្រ​គាត់​ តាំងពី​ការទទួល​គាត់​ធ្វើ​តេស្ត​ ការពី​អីអស់​ហ្នឹង​ឲ្យ​មាន​អត្តចរិត​ welcome [ស្វាគមន៍] និង​ទន់​ភ្លន់​ដាក់​គាត់​បន្តិច​ ក៏ជាចំណុច​មួយ​រួម​ចំណែក​ ដើម្បី​ឲ្យគាត់​ កុំឲ្យ​តានតឹង​ពេក​ដែរ​ គ្រាន់​តែ​សាមញ្ញៗ​តូចៗទេ»។ ​

លោក ​ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គមនៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សង្គម​កិច្ច​អតីត​ យុទ្ធជន និង​យុវនីតិសម្បទា​ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារនេះ​ថារដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​រួចទៅហើយ​សេវា​ប្រឹក្សាយោបល់​ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​ពលករ​កម្ពុជា​ ត្រឡប់​មកពី​ប្រទេស​ជិតខាង។

«គឺ​យើង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​សម្រាប់​ បើករណី​ដែល​គាត់​មាន​នូវ​ការ​វិបត្តិផ្លូវ​ចិត្ត​ ឬករណី​ដែល​គាត់​មានការ​ចង់​សួរ​ចម្ងល់​ពាក់​ព័ន្ធ​បញ្ហា​ដោយសារ​កត្តា​ជីវភាព​ កត្តា​អី​ តើ​គាត់​ទៅ​ណា? ហើយ​ទៅទំនាក់​ទំនង​ទៅលេខ​ណា​?​បាទទីមួយ។ ទីពីរ​ យើង​ក៏បាន​ធ្វើការ​អប់រំ​ ដោយផ្ទាល់​ផងដែរ​នៅតាម​ជួរ​បន្ទាត់​ព្រំដែន​ហ្នឹង​ឯង»។

លោកបន្ថែមថា៖ «​បានន័យ​បង្ហាញ​អំពីការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ថា ពេល​គាត់​មក​ដល់​មិនមែន​រដ្ឋាភិបាល​បោះបង់​គាត់​ទេ​ គឺរដ្ឋាភិបាល​គឺថា​ ក្រៅពីការ​ផ្តល់​កន្លែង​ព្យាបាល​ កន្លែង​ចត្តាឡីស័ក​ហើយ​គឺ​ថា​ រដ្ឋាភិបាល​ផ្តល់​នូវ​ការ​ប្រឹក្សាយោបល់​ពីគាត់​ ដើម្បី​រក្សា​នូវលំនឹង​នៃ​ហៅថាសុខភាព​ផ្លូវ​ចិត្ត​ផ្នែកជីវិត​របស់​គាត់​ផងដែរ»។

បើតាម​លោក​ឈួរ សុបញ្ញា ពលករ​ចំណាកស្រុក​ ក៏កំពុង​ទទួលបាន​អត្ថប្រយោជន៍ពី​កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ និង​កម្មវិធីស្រ្តី​មាន​ផ្ទៃពោះ​ សម្រាប់​គាំទ្រ​ពលរដ្ឋ​ក្រីក្រ ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺកូវីដ​១៩ផងដែរ។ នេះមាន​មាន​ន័យថា​ ពលករ​ចំណាក​ស្រុក​ ​អាច​ទៅ​ស្នើសុំបណ្ណ​សមធម៌​នៅឃុំ​សង្កាត់​ ដើម្បី​ទទួល​បាន​ការ​វាយតម្លៃពីស្ថានភាព​ជីវភាព​ រួច​ទទួល​បាន​នូវសាច់​ប្រាក់​ដែលផ្តល់​ជូនដោយ​រដ្ឋាភិបាល។

គិត​ត្រឹម​ចុងខែ​សីហានេះ​ រដ្ឋាភិបាល​បាន​ចំណាយប្រាក់​ជាង​៤០០លានដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តល់ ជូន​ពលរដ្ឋ​ដែលមាន​ស្ថានភាពរស់​នៅក្រលំបាក​។​ការផ្តល់​សាច់​ប្រាក់​នេះ​ គឺត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​១៤ លើក​រួច​មក​ហើយ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៧០ម៉ឺនគ្រួសារ​ បាន​ទទួល​អត្ថប្រយោជន៍​ពីកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ​។ នេះបើតាម​ការ​បញ្ជាក់​បន្ថែមរបស់​លោក​ឈួរ​ សុបញ្ញា។ ​

បើតាម​ទិន្នន័យ​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជា​ ចាប់តាំង​ពី​ឆ្នាំ​២០២០​មក កុមារ​ប្រមាណ​១១ម៉ឺន​នាក់​ និង​ឪពុក​មា្តយ អ្នកផ្តល់​ការ​ថែទាំ​សរុប​ប្រមាណ​៧៦០០០នាក់​បាន​ទទួល​សារអប់រំ​អំពី​សុខភាព​ផ្លូវ​ចិត្ត​ និងការគាំទ្រ​ចិត្ត​សង្គម និង​សារអប់​រំ​ការពារ​ជំងឺកូវីដ​១៩​ និងដំបូន្មាន​អំពីការ​ចិញ្ចឹម​បីបាច់​កូន​តាម​បែបវិជ្ជមាន។​ លើស​ពី​នេះ​ កុមារ​ចំនួន​៤,៨០៥​នាក់​ និង​ឪពុក​ម្តាយ​ អ្នក​ផ្តល់​ការ​ថែទាំ​ចំនួន​៥,៣៩២នាក់​ បាន​ទទួល​ការ​អប់រំ​ តាមរយៈ​វគ្គអប់រំឪពុក​ម្តាយ​នៅតាម​សហគមន៍​គោលដៅ​ មិត្ត​អប់រំ​មិត្ត​ និងការចុះ​សួរសុខទុក្ខ​តាម​ផ្ទះ​។ ​

ក្រៅពីការ​តាមដាន​នៃស្ថានភាពផ្លូវ​ចិត្ត​របស់​ពលករ​ចំណាកស្រុក​ អង្គការ​សហ​ប្រជាជាតិ​ក៏​ធ្លាប់​បាន​លើក​ទឹកចិត្ត​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​ផ្តល់​ការ​ការពារ​និង​បើក​ផ្លូវ​ឲ្យ​អ្នក​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​វិញ​មាន​លទ្ធភាព​យក​ឈ្នះ​លើ​ផល​ប៉ះពាល់​រយៈពេល​វែង​នៃ​ជំងឺ​កូវីដ​១៩។ អង្គការ​សហ​ប្រជាជាតិ​បាន​ទទូច​ដល់​អាជ្ញាធរ​ធានា​ថា​ប័ណ្ណក្រីក្រ​ត្រូវ​បាន​ផ្តល់​ជូន​អ្នក​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​វិញ​រូបណា​ដែល​មាន​លក្ខណៈ​សម្បតិ្ត​អាច​ទទួល​បាន​និង​ជំនួយ​បន្ថែម​ទៀត​ត្រូវបានផ្តល់​ដើម្បី​មាន​លទ្ធ​ភាព​ទទួល​បាន​ការងារ ឬ​ក៏​ឱកាស​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បី​ជំរុញ​ឲ្យពួកគេ​អាច​សម្រប​ខ្លួន​បាន​នៅ​ក្នុង​សហគមន៍៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG