ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ក្រសួង​ការ​បរទេស៖ ​មិន​ទាន់​មាន​ទិន្នន័យ​ពលករ​ខ្មែរ​ឆ្លង​កូវីដ១៩​នៅ​ថៃ ខណៈ​អាជ្ញាធរ​កំពុង​ជួយ​ពលករ​ដែល​លំបាក​ខ្លាំង


រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​កម្ពុជា​កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ពលករ​ខ្មែរ​ឆ្លងជំងឺ​កូវីដ​១៩​នៅ​ប្រទេស​ថៃ ខណៈ​មាន​ការ​ផ្ទុះ​ឆ្លង​ខ្លាំង​នៅ​ទីនោះ ដោយ​បណ្តាល​ឲ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​ជួប​ការ​លំបាក។

លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រាប់​វីអូអេនៅ​ថ្ងៃ​ពុធ​នេះ​ថាស្ថានទូត​និង​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ​កំពុង​ខិត​ខំ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ជួយ​សម្រប​សម្រួល​ដល់​ពល​ករ​ខ្មែរ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង នៅ​ពេល​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក​បន្ថែម​ថា​ មិន​ទាន់​មាន​ទិន្នន័យ​ផ្លូវការ​ច្បាស់​លាស់​អំពី​ចំនួន​ពលករ​ខ្មែរ​ដែល​ឆ្លង​កូវីដ​១៩​នៅ​ប្រទេស​ថៃ​ទេ ហើយ​ស្ថាន​ទូត​កំពុង​ធ្វើការ​ជាមួយអាជ្ញាធរ​ថៃ ដើម្បី​ផ្ទៀងផ្ទាត់​ចំនួន និង​ឈ្មោះ​ពលករ ព្រោះ​វា​អាច​ច្រឡំ​ជាមួយ​ពលករ​បរទេសផ្សេងៗ។

សារព័ត៌​មាន​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ថា ​កាល​ពី​ថ្ងៃ​អង្គារ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ប្រមាណ​១៣.០០០​នាក់ និង​ស្លាប់​១០៨​នាក់​ក្នុង​មួយ​ថ្ងៃ។ ប្រទេស​ថៃ​កំពុង​ប្រឈម​រលក​ឆ្លង​លើក​ទី​៣ ចាប់​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២១​នេះ។

មន្រ្តី​អង្គការ​សិទ្ធិ​ការងារ​នៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ​ជាង​៨.០០០​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ ហើយ​ពួកគេ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​មិន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​និង​កង្វះ​ស្បៀង​អាហារ។

លោក លឹង សុផុន មន្រ្តី​ទទួល​បន្ទុក​ផ្នែក​ពលករ​របស់​អង្គការ​សង់ត្រាល់ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ពលករ​ខ្មែរ​មួយ​ចំនួន​បាន​ទាក់ទង​មក​រូប​លោក​ថា​ពួកគេ​រង់​ចាំ​ការ​យក​ទៅ​ព្យាបាល ហើយ​អ្នក​ខ្លះ​ទៀត​ថា​ពួក​គេ​កំពុង​ប្រឈម​នឹង​កង្វះ​ស្បៀង​អាហារ។ លោក​បន្ថែម​ថា ​អ្នក​ដែល​ពិបាក​ជាង​គេ គឺ​អ្នក​ធ្វើ​ការ​ជា​កម្មករ​សំណង់​ដែល​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ។

លោក​ថ្លែង​ថា៖ «ពួក​គាត់​តែង​តែ​ទំនាក់ទំនង​មក​ខាង​ខ្ញុំ ឲ្យ​ជួយរក​វិធី​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពួកគាត់​បានទៅ​ព្យាបាល ជាពិសេស​បង​ប្អូន​ពលករ​សំណង់​ហ្នឹង​ឯង​ដែល​គាត់​ព្រួយ​បារម្ភ​រឿង​ការ​ឆ្លង​កូវីដ»។

រូប​ឯកសារ៖ ពលរដ្ឋ​តម្រង់​ជួរ​ដើម្បី​ធ្វើ​តេស្ត​កូវីដ១៩​នៅ​ក្នុង​ខេត្ត​ Samut Sakhon នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០២០។ (AP)
រូប​ឯកសារ៖ ពលរដ្ឋ​តម្រង់​ជួរ​ដើម្បី​ធ្វើ​តេស្ត​កូវីដ១៩​នៅ​ក្នុង​ខេត្ត​ Samut Sakhon នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០២០។ (AP)

ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​សារ​អ៊ីមែល​មក​វីអូអេ​ថា​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​នៃ​វីរុស​បំប្លែង​ថ្មី​ដែលតា(Delta) «ដែល​វា​កាន់​តែ​ដាក់​សម្ពាធ​ខ្លាំង​ក្លា​មក​លើ​ប្រព័ន្ធ​សុខាភិបាល»​របស់​ថៃ។ ដូច្នេះ​វិធានការ​តឹងរ៉ឹង តាម​គោល​ដៅ ត្រូវ​បាន​ដាក់​នៅ​តាម​ខេត្ត​ដែល​មាន​ការ​ឆ្លង​ខ្ពស់ ដូច​ជា​នៅ​ទីក្រុង​បាងកក ខេត្ត​ជុំវិញ ក៏​ដូច​ជា​ខេត្ត​ចំនួន​៤​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

ទាក់ទង​នឹង​ស្ថានភាព​របស់ពលករវិញ ស្ថានទូត​ថៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ទាំង​អាជ្ញាធរ​ថៃ និង​កម្ពុជា​បាន​សម្រប​សម្រួល​ជា​បន្ត​បន្ទាប់ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ស្ថានទូត​ថៃ​បញ្ជាក់​ថា​រាល់​ពលករ​បរទេស​ទាំង​អស់​អាច​ទទួល​បាន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ និង​ទទួល​បាន​ការ​ព្យាបាល ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ថៃក្នុង​ការទប់ស្កាត់​កុំ​ឲ្យ​ឆ្លងរាល​ដាល។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​ជាង​១​លាន​នាក់។ ពួកគេ​មួយ​ចំនួន​ក៏​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ នៅ​ពេល​មាន​ករណី​ផ្ទុះ​ឆ្លង​ខ្លាំង​នៅ​ប្រទេស​ថៃ។

លោក ថន ព្រំ អាយុ​៤២ឆ្នាំ ពលករ​ខ្មែរ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ស៊ីមាំង​រថយន្ត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ពី​ទីក្រុង​ឈុនបុរី​ថាលោក​និង​ភរិយា​មាន​ជំងឺ​កូវីដ​១៩​ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​កន្លែង​ដែល​អាជ្ញាធរ​ថៃ​រៀបចំ​ឲ្យ​ជា​មួយ​ពលករ​ខ្មែរ​ប្រមាណ​៤០​នាក់​ទៀត។

លោក​បន្ត​ថា​លោក​មិន​មាន​អាការៈ​ធ្ងន់ធ្ងរ​អ្វី​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​មន្រ្តី​សុខាភិបាល​ថៃ​ឲ្យ​លេប​ថ្នាំ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សួត​ធ្ងន់ធ្ងរ។ លោក​ថ្លែង​ថា​មិន​សូវ​មាន​ការ​លំបាក​អ្វី​ទេ​សម្រាប់​ការ​ព្យាបាល​នៅ​ទី​នោះ។

ទោះ​ជា​យ៉ាង​ណា លោក​ឲ្យ​ដឹង​ថា​លោក​មាន​បំណង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ពេល​ជា​សះ​ស្បើយ ប៉ុន្តែ​លោក​បារម្ភ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ខ្លាំង​ដូច​គ្នា។

លោក​បន្ថែម​ថា៖ «ចង់​ទៅ​ខ្មែរ​ដែរ ប៉ុន្តែ​នៅ​ខ្មែរ​ក៏​នៅ​តែ​លំបាក​ដូច​គ្នា​ហ្នឹង នៅ​ខ្មែរ​កើត​ច្រើន​ដូច​គ្នា»។

ចំណែក​ពលករ​ម្នាក់​ទៀត​លោក នុត ហឿង អាយុ​៤៤​ឆ្នាំ ជា​កម្មករ​នៅ​រោង​ចក្រ​ម៉ាស៊ីន​ដេរ និង​ភរិយា​របស់​លោក​ក៏​បាន​កើត​ជំងឺ​កូវីដ​១៩​ដូចគ្នា ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ លោក​ថ្លែង​ថា​ពី​ដើម​ឡើយ ស្ថានភាព​ជំងឺ​របស់​លោក​ធ្ងន់ធ្ងរ ប៉ុន្តែ​ដោយ​សារ​មាន​ការ​មើល​ដិត​ដល់​ពី​ក្រុម​គ្រូ​ពេទ្យ​ថៃ ឥឡូវ​លោក​បាន​ធូរ​ស្រាល​ហើយ។

លោក​បញ្ជាក់​ថា៖ «ឥឡូវ​អត់​អី​ទេ​បង គេ​មើល​យើង​ដិត​ដល់​ដែរ។ បាន​ធូរ​បាន​អី​ហើយ។ បាន​ហូប​បាយ​បបរ​អី»។

លោក​ថា​ប្រសិន​បើ​ជា​សះ​ស្បើយ​ហើយ​មិន​អាច​ធ្វើ​ការ​បាន លោក​នឹង​សុំ​គេ​មក​ស្រុក​កំណើត​វិញ ដោយ​សារ​កន្លង​ទៅ​លោក​មាន​បំណង​មក​ស្រុក​កំណើត​វិញ​ដូច​គ្នា ក្នុង​ពេលជំងឺ​កូវីដ​១៩​ផ្ទុះ​ឆ្លង​ខ្លាំង​ក្នុង​ប្រទេស​ថៃ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ប្រុង​ចុះ​ទៅ​ខែ​៧​តើ​បង ថា​ចាំ​បើក​លុយ រួច​ទៅ​ឈឺ​ប្រឹប មិន​បាន​ចុះ​ទៅ។ ចង់​ចុះ​ទៅ​ផ្ទះ​វិញ​ឈប់​មក»។

គួរ​បញ្ជាក់​ថា​កន្លង​ទៅ អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ខ្លួន​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​វីរុស​ប្រភេទ​បំប្លែង​ថ្មី​ដែលតា​ដែល​ឆ្លង​ខ្លាំង​និង​រហ័ស​ជាង​មុន សរុប​ចំនួន​៧៥​នាក់ ដែល​ក្នុង​នោះ​ក៏​មានពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ផង​ដែរ៕

XS
SM
MD
LG