ក្រោមសម្ពាធនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ អ្នកស្រី ផន ទូច អាយុ៤០ឆ្នាំមិនអាចវិលត្រឡប់ទៅធ្វើការងារសំណង់នៅទីក្រុងបាងកកប្រទេសថៃ ដូចមុនឡើយ។
អ្នកស្រីបានចាកចេញពីប្រទេសថៃអស់រយៈពេលពីរឆ្នាំមកហើយនិងកំពុងរស់នៅក្នុងស្ថានភាពលំបាកលំបិនខាងលុយកាក់ក្រោមហេតុផលថាគ្មានការងារធ្វើនៅស្រុកសំពៅលូនខេត្តបាត់ដំបងជាទីដែលអ្នកស្រីសព្វថ្ងៃពឹងអាស្រ័យលើការលក់ដូរនំបញ្ចុកតាមផ្សារ។
អ្នកស្រីប្រាប់វីអូអេពីខេត្តបាត់ដំបងកាលពីថ្ងៃអាទិត្យថាជីវភាពប្រចាំថ្ងៃកាន់តែលំបាកខ្លាំងឡើងបានជំរុញចិត្តឲ្យអ្នកស្រីចង់វិលត្រឡប់ទៅប្រទេសថៃដើម្បីអាចរកចំណូលបានប្រមាណ២៣០បាតឬប្រមាណ៣ម៉ឺនរៀលក្នុងមួយថ្ងៃពីការងារជាកម្មករសំណង់។
អ្នកស្រីថ្លែងថា៖ «ចង់ត្រឡប់ទៅវិញណាស់ប៉ុន្តែទៅវាអត់រួចពេលនៅនេះចឹង មិនដឹងធ្វើអីរកវាអត់ទាន់ហូប»។
អ្នកស្រីថាការលក់ដូរមិនសូវចំណេញដោយសារតែពលរដ្ឋនៅផ្អើលម្តងម្កាលចំពោះការឆ្លងជំងឺកូវីដ១៩នោះធ្វើឲ្យការប្រាក់នៃបំណុលរបស់អ្នកស្រីកើនឡើងផងដែរ។ ក្នុងរយៈពេល៦ទៅ៧ខែចុងក្រោយនេះប្រាក់ជំពាក់អ្នកស្រីដែលដើមឡើយមានត្រឹមតែ១លានរៀលនោះបានកើនដល់២លានរៀលរួចទៅហើយ។
អ្នកស្រីបន្ថែមថា៖ «ចងការគេចងការខែគេមួយខែគេយកមួយលានដប់ម៉ឺន»។
កង្វះការងារធ្វើនិងបំណុលកើនឡើងបានរួមរឹតជីវិតរបស់ក្រុមពលករចំណាកស្រុកជាច្រើនពាន់នាក់ដែលបានវិលត្រឡប់ពីប្រទេសក្បែរខាងមកប្រទេសកំណើតវិញក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ នេះជាការរកឃើញរបស់ក្រុមអ្នកឃ្លាំមើលសិទ្ធិពលករនិងរបាយការណ៍របស់អង្គការសហប្រជាជាតិមួយស្តីពីការវិលត្រឡប់របស់ពលករចំណាកស្រុក ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការិយាល័យអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជាបានពិនិត្យលើស្ថានភាពរបស់ពលករចំណាកស្រុកដែលប្រឈមនឹងភាពងាយរងគ្រោះនិងការបាត់បង់ការងារនៅពេលប្រទេសដែលទទួលពលករ ទាំងនោះអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ពណ៌នាថានៅក្នុងតំបន់មេគង្គច្រករបៀងជាច្រើនដែលមានភាពសកម្មសម្រាប់ការធ្វើចំណាកស្រុកត្រូវបានបិទភ្លាមៗក្នុងអំឡុងពេលយូរ ខណៈប្រទេសជាច្រើនបានអនុវត្តវិធានការតឹងរឹងសម្រាប់ការធ្វើដំណើរឆ្លងតាមព្រំដែន។
របាយការណ៍បន្តថាការបាត់បង់ការងារការរឹតបន្តឹងជាច្រើនខាងសេដ្ឋកិច្ចនិងការបិទខ្ទប់នៅប្រទេសដែលទទួលយកពលករចំណាកស្រុកនោះបានបង្ខំឲ្យពលករចំណាកស្រុកជាច្រើននាក់វិលត្រឡប់មកប្រទេសកំណើតខ្លួនវិញ។ គិតត្រឹមពេលចេញរបាយការណ៍មានពលករកម្ពុជាជាង២០ម៉ឺននាក់ដែលក្នុងនោះមាន៤៣%ជាស្ត្រីបានវិលត្រឡប់ពីប្រទេសជិតខាងមកប្រទេសកម្ពុជាវិញចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩កាលពីដើមឆ្នាំ២០២០។
របាយការណ៍ឲ្យដឹងក្នុងន័យដើមថា៖ «ជិត៣០%នៃក្រុមគ្រួសារពលករចំណាកស្រុកដែលបាន វិលត្រឡប់ គ្មានប្រាក់ចំណូលទាល់តែសោះហើយច្រើនជាង៥០%នៃពលករចំណាកស្រុកដែលបានវិលត្រឡប់ជាប់បំណុល។ពលករចំណាកស្រុកជាស្ត្រីដែលបានវិលត្រឡប់គឺទំនងច្រើនជាងបុរសនិងគ្មានលុយកាក់ហើយប្រឈមផលវិបាកច្រើនក្នុងការរកការងារធ្វើ។ពាក់ព័ន្ធនឹងការទទួលបានសេវាគាំទ្រខាងសង្គមនិងសុខាភិបាលវិញនោះគឺមានតែពលករដែលវិលត្រឡប់មកវិញ២៥%តែប៉ុណ្ណោះដែលមានប័ណ្ណក្រីក្រហើយជាង៤០%មានបញ្ហាក្នុងការទទួលបានការថែទាំសុខាភិបាលដោយសារតែកង្វះលុយកាក់ឬក៏ការនៅឆ្ងាយពីអ្នកផ្តល់សេវាថែទាំសុខភាព»។
នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់លោកមឿន តុលា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាស្ថានភាពបំណុលរបស់ពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃក្នុងគ្រាមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ មិនថមថយទេហើយពលករតែងតែប៉ុនប៉ងឆ្លងទៅរកការងារធ្វើនៅប្រទេសថៃវិញ។
លោកបញ្ជាក់ថា៖ «អីចឹងជាភស្តុតាងមកដល់ឥឡូវហ្នឹងក៏នៅតែមានពលរដ្ឋខ្មែរយើងឆ្លងដែនដោយប្រថុយប្រថានទៅប្រទេសថៃរៀងរាល់ថ្ងៃដែរហើយថៃចាប់ ចាប់រៀងរាល់ថ្ងៃគឺហេតុផលដោយសារអត់ទទួលបាននូវសេវាសាធារណៈគ្រប់គ្រាន់ទទួលមានមុខរបរសមប្រកបដើម្បីប្រកបរបរនៅក្នុងស្រុកក៏ដូចជាមិនទទួលបានប្រយោជន៍អីផ្សេងៗមិនមានការងារធ្វើគ្រប់គ្រាន់»។
លោកបន្ថែមថា ទោះបីពលករទាំងនោះបានដឹងថាការចាកចេញទៅប្រទេសថៃទាំងខុសច្បាប់អាចប្រឈមនឹងការចាប់ខ្លួនរបស់អាជ្ញាធរថៃក៏ដោយ ក៏ពួកគាត់នៅតែប្រឹងជម្នះទៅ ដើម្បីដោះស្រាយបញ្ហាជីវភាព។
លោកថ្លែងថា៖ «បើតាមពួកយើងសម្ភាសអីហ្នឹងមិនមែនគាត់មិនដឹងថាឆ្លងដែនទៅគេដោយខុសច្បាប់មានហានិភ័យខ្ពស់តាំងពីតម្រួតថៃចាប់ឬក៏គេអាចទាហានថៃបាញ់ឬមួយក៏ឆ្លងកូវីដ១៩ទេហើយទៅដល់ប្រទេសថៃហ្នឹងក៏អត់ទាន់មានការងារគ្រប់គ្រាន់ដែរប៉ុន្តែគាត់ប្រថុយទៅក្រែងអាចទៅធ្វើការនៅតាមហាងអីបានបន្តិចបន្តួចបានគ្រាន់ចាយ»។
លោក មឿន តុលា យល់ស្របនឹងការវាយតម្លៃរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងស្ថានភាពជីវភាពរបស់ពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃ។
លោក មឿន តុលា ថ្លែងថា៖ «កន្លងមកហ្នឹងពួកខ្ញុំក៏បានសម្ភាស ពលករខ្មែរយើងដែលត្រឡប់មកប្រទេសកម្ពុជាវិញដែរហើយតាមចម្លើយរបស់ពួកគាត់ហ្នឹងគឺប្រហាក់ប្រហែលគ្នាជាមួយនឹងអ្វីដែលការលើកឡើងរបស់អង្គការសហប្រជាជាតិហ្នឹង។ មានអ្នកដែលទទួលបាន ID Poor មិនអត់ទេប៉ុន្តែគ្រាន់ថាភាគច្រើនរបស់ពួកគាត់ហ្នឹងអត់បានទទួលនូវID Poor ហ្នឹងទេហើយអ្នកដែលត្រឡប់មកវិញបើសិនជាបុរសគាត់អាចទៅទៅធ្វើការសំណង់ឲ្យគេប៉ុន្តែ មិនមែនជាការជាប់លាប់ទេ...ប៉ុន្តែបើស្ត្រីវិញយើងឃើញថាគាត់ពេលដែលមកក្នុងស្រុកហ្នឹងគាត់មានឱកាសដូចបុរសទេ»។
បើតាមសេចក្តីព្រាងនៃរបាយការណ៍របស់អង្គការសង់ត្រាល់ កាលពីខែសីហា ឆ្នាំ២០២០ ស្តីពីដំណើរស្វែងរកការពិតអំពីតម្រូវការមូលដ្ឋានរបស់ពលករចំណាកស្រុកកម្ពុជាក្នុងពេលមានជំងឺឆ្លងរាតត្បាតកូវីដ១៩ពលករចំណាកស្រុកជាច្រើននាក់ឲ្យដឹងថាពួកគេបានធ្លាក់ចូលក្នុងចំណងបំណុលដោយលើកហេតុផលថាពួកគេគ្មានលុយកាក់ដើម្បីរស់ បញ្ជូនកូនទៅរៀននិងគ្មានលុយទិញដីសម្រាប់ដំាដំណាំ និងសង់ផ្ទះ។
របាយការណ៍ឲ្យដឹងបន្ថែមថាពលករបានចំណាកស្រុកតាមរយៈមេខ្យល់ក្នុងស្រុកដែលយកកម្រៃទាបបើធៀបនឹងទៅតាមការចំណាកស្រុកតាមវិស័យឯកជន។ ពលករចំណាកស្រុកក៏មានបញ្ហានឹងការគ្រប់គ្រងចំណូលរបស់ពួកគេដែលការណ៍នេះបានធ្វើឲ្យពួកគេកាន់តែក្រទៅនិងលំបាកវេទនាទៅ។ អ្នកខ្លះត្រូវចាប់ខ្លួនដោយអាជ្ញាធរថៃ ហើយជាប់ពន្ធនាគារ។ ចំណែកអ្នកខ្លះទៀតត្រូវបានគេបោកនិងកេងប្រវ័ញ្ច។
របាយការណ៍បញ្ជាក់ថា៖«ពួកគេភាគច្រើនបានប្រាប់ថាពួកគេចង់ចំណាកស្រុកទៅប្រទេសថៃម្តងទៀតដើម្បីរកការងារដោយសារតែពួកគេគ្មានដីសម្រាប់ធ្វើកសិកម្មនិងគ្មានការងារដើម្បីចិញ្ចឹមជីវិតនៅប្រទេសកម្ពុជា»។
អ្នកស្រី ប៉ុល សៅនី ស្រ្តីមេម៉ាយមានកូនពីរនាក់ដែលកំពុងរស់នៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិយាយថាអ្នកស្រីមិនវិលត្រឡប់ទៅប្រទេសថៃវិញទេទោះបីអ្នកស្រីធ្លាប់ធ្វើជាកម្មករសំណង់នៅទីនោះ១០ឆ្នាំមកហើយ ដោយបារម្ភអំពីការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។
អ្នកស្រីថ្លែងថា៖ «មិនហ៊ានទៅទេខ្លាច! ព្រោះអីឯណោះតាមមើលព័ត៌មាន វាបែកច្រើន»។
អ្នកស្រីបន្ថែមថាបច្ចុប្បន្ននេះ អ្នកស្រីមិនមានផ្ទះសម្បែងផ្ទាល់ខ្លួនទេដោយបានរស់នៅក្នុងផ្ទះអ្នកជិតខាងនិងបានពឹងផ្អែកលើចំណូលដែលបានពីការសម្អាតដីដំឡូងមីទៅតាមរដូវកាលនៃការដាំដុះ។
អង្គការសហប្រជាជាតិបានលើកទឹកចិត្តឲ្យអាជ្ញាធរកម្ពុជាផ្តល់ការការពារនិងបើកផ្លូវឲ្យអ្នកចំណាកស្រុកដែលត្រឡប់មកវិញមានលទ្ធភាពយកឈ្នះលើផលប៉ះពាល់រយៈពេលវែងនៃជំងឺកូវីដ១៩។ អង្គការសហប្រជាជាតិបានទទូចដល់អាជ្ញាធរធានាថាប័ណ្ណក្រីក្រត្រូវបានផ្តល់ជូនអ្នកចំណាកស្រុកដែលត្រឡប់មកវិញរូបណាដែលមានលក្ខណៈសម្បតិ្តអាចទទួលបាននិងជំនួយបន្ថែមទៀតត្រូវបានផ្តល់ដើម្បីមានលទ្ធភាពទទួលបានការងារ ឬក៏ឱកាសបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញឲ្យពួកគេអាចសម្របខ្លួនបាននៅក្នុងសហគមន៍។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាលោកមិនទាន់ឃើញរបាយការណ៍របស់អង្គការសហប្រជាជាតិទេទាក់ទិនស្ថានភាពរបស់ពលករចំណាកស្រុកក្នុងការទទួលបានប័ណ្ណក្រីក្រ។ ក៏ប៉ុន្តែលោកថាក្រសួងបានចាត់ចែងឲ្យមានច្រកសម្រាប់ពលករទាំងនោះស្នើសុំប័ណ្ណនេះពីអាជ្ញាធរមានសមត្ថកិច្ច។
លោកថ្លែងថា៖ «អីចឹងចំពោះទិដ្ឋភាពនេះយើងខ្ញុំជម្រាបជូនទៅថាការផ្តល់ប័ណ្ណសមធម៌ទាំងប្រភេទក្រីក្រ១ក្រីក្រ២នេះ គឺយើងមិនមែនបានន័យថា រក្សារបត់ពីលើកមុនទេបានន័យថា យើងប្តូររបត់ដើម្បីស្របទៅតាមស្ថានភាពនៃកូវីដនេះហើយ។ ចំពោះរបាយការណ៍នេះយើងខ្ញុំមិនហ៊ានសន្និដ្ឋានថាម៉េចទេក៏ប៉ុន្តែយើងនៅមិនទាន់បានទទួលនូវរបាយការណ៍នោះទេបាទ»។
បើតាមលោក ឈួរ សុបញ្ញា រដ្ឋាភិបាលតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩នោះបានផ្តល់សាច់ប្រាក់ជាង៣៥១លានដុល្លារដល់ពលរដ្ឋជាង៧០ម៉ឺនគ្រួសារស្មើនឹងជាង២,៧លាននាក់គិតត្រឹមខែមិថុនានេះ។ ដោយឡែកនៅក្នុងវិធានការបិទខ្ទប់ភូមិសាស្ត្រមួយចំនួនក្នុងប្រទេសរដ្ឋាភិបាលបានផ្តល់ប្រាក់ជាង៤លានដុល្លារដល់ពលរដ្ឋចំនួនជាង៦ម៉ឺនគ្រួសារ។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ។
យ៉ាងណាក៏ដោយលោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់បង្ហាញក្តីបារម្ភចំពោះបញ្ហាបំណុលរបស់ពលករដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។ លោកជឿថាអំពើហិង្សាមួយចំនួនរវាងអ្នកខ្ចីនិងម្ចាស់បំណុលអាចកើតឡើង ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការដោះស្រាយការលើកពេលសងបំណុលឲ្យទាន់ពេលវេលានោះ៕