សហជីពអង្គការ សមាគមចំនួន ៣៣ដែលភាគច្រើនមានមូលដ្ឋាននៅប្រទេសកម្ពុជាបានសរសេរលិខិតរួមគ្នាមួយទៅកាន់ក្រុមហ៊ុនលក់សម្លៀកបំពាក់ H&M ដ៏ល្បីក្នុងសាកលលោកឲ្យពិនិត្យឡើងវិញសិទ្ធិជាមូលដ្ឋាននានាពាក់ព័ន្ធនឹងការបាត់ផលប្រយោជន៍របស់កម្មករ ក្នុងនោះមានប្រាក់ឈ្នួលនិងប្រាក់បំណាច់ពេញលេញ ពេលមានវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
លិខិតចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ធ្វើឡើងរួមគ្នាដោយក្រុមសហជីពអង្គការដែលការពារសិទ្ធិកម្មករ រួមមានសហភាពការងារកម្ពុជា (CLC) សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) សហជីពចលនាកម្មករកម្ពុជានិងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)។
ពួកគេបានលើកឡើងចំណុចគោលពីរសំខាន់ៗគឺ«ការលួចប្រាក់ឈ្នួលកម្មករ»ក្នុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩និង«ការទូទាត់មិនសមរម្យ»នៃប្រាក់អតីតភាពការងារនៅពេលមានការបិទរោងចក្រ។
លិខិតដែលបានជូនអ្នកស្រី Christer Horn Aminne នាយិកាគ្រប់គ្រងក្រុមហ៊ុន H&M ប្រចាំប្រទេសកម្ពុជានិងវៀតណាម និងក្រុមហ៊ុនបញ្ជាទិញធំៗផ្សេងទៀតដូចជា Puma និង Gap ជាដើមនោះបានឲ្យដឹងថា៖ «ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមរោងចក្រក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើងរាប់រយរបស់ប្រទេសកម្ពុជាបានព្យួរការងារឬក៏បិទទាំងស្រុងដោយសារតែកង្វះការបញ្ជាទិញ។ សម្រាប់រោងចក្រជាច្រើនដែលបានព្យួរការងារកម្មករត្រូវបានបង់ឲ្យនូវប្រាក់ឧបត្ថម្ភចំនួនត្រឹមតែ៧០ដុល្លារក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ទៅគ្រួសាររបស់ពួកគេ»។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ ថ្លែងថាក្នុងចន្លោះខែមេសាដល់ខែឧសភាឆ្នាំ២០២១មានការសិក្សាស្រាវជ្រាវរកឃើញអំពីការបាត់បង់ប្រាក់ឈ្នួលរបស់កម្មករជាង១០០លានដុល្លារក្នុងរោងចក្រប្រមាណ១១៤រោចក្រ។
លោកថ្លែងថា៖ «គោលបំណងសំខាន់ហ្នឹងគឺយើងចង់ឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងគាត់ធ្វើការបកស្រាយសំណួរនៃការចោទសួរសំខាន់ៗបី។ ទីមួយថាតើយល់ឃើញយ៉ាងម៉េចដែរទាក់ទងទៅនឹងប្រាក់ឈ្នួលដែលកម្មករបាត់បង់។ តើត្រូវមានការឆ្លើយតបរបៀបម៉េច? ដោយសារយើងមានទិន្នន័យយើងមានភ័ស្តុតាង»។
លោកបន្ថែមថា៖ «ទីពីរគឺរឿងប្រាក់អតីតភាពការងារជាពិសេសគឺការគណនានៃប្រាក់ឈ្នួលជាមធ្យមនៃការទូទាត់ផ្អែកតាមអតីតភាពនៃកម្មករនិយោជិតដែលកន្លងមកគឺមិនមានការគណនាត្រឹមត្រូវក្នុងករណីដែលក្រុមហ៊ុនបិទហើយយកហេតុផលកូវីដជាបញ្ហាសេដ្ឋកិច្ចដោយមិនមានការទូទាត់គណនានូវមធ្យមភាគប្រាក់ឈ្នួលជាមធ្យមដែលធ្វើឲ្យកម្មករខាតបង់ប្រាក់ឈ្នួលដែលអាហ្នឹងគឺជាការលួច»។
បើតាមទិន្នន័យចុងក្រោយដែលជាការរកឃើញក្នុងយុទ្ធនាការឈ្មោះ«សម្លៀកបំពាក់ស្អាត Clean Clothes Campaign»របស់ក្រុមសហជីពនៅប្រទេសកម្ពុជា និងសហជីពអន្តរជាតិផ្សេងទៀតប្រាក់ឈ្នួលរបស់កម្មករដែលបានបាត់បង់គិតចាប់តាំងពីខែមេសាឆ្នាំ២០២១មកនោះគឺមានចំនួន១១៧លានដុល្លារ។នេះបើតាមលិខិតដែលបានផ្ញើជូនអ្នកបញ្ជាទិញទំនិញធំៗពីកម្ពុជា។
លិខិតបានបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០២១រោងចក្រវាយនភណ្ឌ កាត់ដេរនិងស្បែកជើងនៅរាជធានីភ្នំពេញនិងតាខ្មៅ ត្រូវបានបង្ខំឲ្យបិទដែលជាផ្នែកមួយនៃវិធានការបិទខ្ទប់របស់រដ្ឋាភិបាលបន្ទាប់ពីការឆ្លងជាសហគមន៍នៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា។ ការផ្អាកសកម្មភាពផ្សេងៗនិងការបិទខ្ទប់បានបង្កឲ្យមានស្ថានភាពអាសន្នខាងសេដ្ឋកិច្ចក្នុងចំណោមកម្មករ។
លិខិតបានលើកឡើងថា៖ «បើគ្មានអន្តរាគមន៍ពីអ្នកបញ្ជាទិញទេក៏នឹងគ្មានក្តីសង្ឃឹមជាក់ច្បាស់ថាកម្មករនឹងទទួលបាននូវការបាត់បង់របស់ពួកគេ»។
ក្រុមការងារផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន H&M មិនទាន់ឆ្លើយតបសំណួររបស់វីអូអេដែលបានផ្ញើតាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រៅពីក្រុមហ៊ុន H&M កម្ពុជាជាទីកន្លែងផ្គត់ផ្គង់ទំនិញដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ទូទៅនិងកីឡាម៉ាកល្បីៗមួយចំនួនទៀតដូចជា Adidas និង Nike ជាដើម។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថាកម្មករមិនទទួលបានប្រាក់ឈ្នួលពេញចំនួន១៩០ដុល្លារទេពោលគឺពួកគេទទួលបានតែ៧០ដុល្លារតែប៉ុណ្ណោះដែលការណ៍នេះតម្រូវនិយោជកនិងអ្នកបញ្ជាទិញពិនិត្យឡើងវិញ។
លោក អាត់ ធន់ ថ្លែងថា៖ «កន្លងមកនិយោជកមានការព្យួរការងារមួយចំនួនហ្នឹងមិនបានអនុលោមទៅតាមច្បាប់ទេហើយកាត់លុយកម្មករកន្លែងខ្លះរហូតដល់មិនឲ្យទៀតអញ្ចឹងហើយបានជាត្រូវផ្តល់លុយឲ្យកម្មករហើយម្យ៉ាងទៀត buyer [អ្នកបញ្ជាទិញ] ក៏ជាអ្នកដែលទទួលលុយបានច្រើនពីខាងកម្មករដែរហើយឥឡូវពេលវិបត្តិនេះគឺ buyer [អ្នកបញ្ជាទិញ] មិនគួរគេចទេ គួរតែចូលរួមចំណែកក្នុងការទទួលខុសត្រូវ»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោកនិយាយថាលោកមិនទាន់ឃើញលិខិតរបស់ក្រុមសហជីពនិងអង្គការសិទ្ធិមនុស្សជាច្រើនទៀតដែលបានសរសេរទៅអ្នកបញ្ជាទិញ។ ប៉ុន្តែលោកបញ្ជាក់ថាកម្មករមិនបានបាត់បង់ប្រាក់ឈ្នួលនោះទេ។
លោក ខេន លូ បញ្ជាក់ថា៖ «អត់មានបញ្ហាអីរឿងបាត់ប្រាក់ឈ្នួលទេព្រោះកម្មករត្រូវធ្វើការរោងចក្រតែងតែបើកប្រាក់ខែហើយ។ អត់មានជំពាក់មួយរៀលទេ។ អីចឹងខ្ញុំអត់ដឹងថាសហជីព ឬក៏អង្គការសរសេរទៅខាងអ្នកបញ្ជាទិញចង់សំណូមពរចំនួនប៉ុន្មានឲ្យពិតប្រាកដឬក៏ចង់ទាមទារចំនួនណាពិតប្រាកដ»។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៏មិនមានការឆ្លើយតបសំណួរតាមប្រព័ន្ធទំនាក់ទំនង WhatsApp។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងគឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ម៉ឺននាក់ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ៕