លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានព្រមានថា ប្រទេសមីយ៉ាន់ម៉ា អាចត្រូវផាត់ចេញពីសន្និសីទកំពូលរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅខែនេះ ប្រសិនបើមីយ៉ាន់ម៉ា មិនព្រមធ្វើសហប្រតិបត្តិការជាមួយបេសកជនពិសេសរបស់ប្លុកនេះ នៅក្នុងការដោះស្រាយវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសដែលគ្រប់គ្រងដោយពួកយោធានោះ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានប្រទេស១០ជាសមាជិក ដែលរួមមានប្រទេសមីយ៉ាន់ម៉ាផងដែរ បានជ្រើសតាំងលោក Erywan Yusof អនុរដ្ឋមន្ត្រីការបរទេសព្រុយណេកាលពីខែសីហា ឲ្យធ្វើជាបេសកជនពិសេស និងជាអ្នកសម្របសម្រួល បន្ទាប់ពីពួកយោធា បានដណ្តើមអំណាចកាលពីខែកុម្ភៈ ដោយបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi។ មានសេចក្តីរាយការណ៍ថា លោក Erywan Yusof នៅតែចរចាជាមួយពួកយោធាមីយ៉ានម៉ាស្តីពីល័ក្ខខ័ណ្ណនៃដំណើរទស្សនកិច្ច។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បានថ្លែងថា លោកបានសម្តែងនូវការអាក់អន់ចិត្តក្នុងអំឡុងជំនួបរបស់លោកកាលពីថ្ងៃចន្ទជាមួយសមភាគីអាស៊ានរបស់លោកដែលពួកអាជ្ញាធរមីយ៉ាន់ម៉ា មិនបានធ្វើកិច្ចសហប្រតិបត្តិការជាមួយលោក Yusof៕