ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់ពាន់នាក់ បាន​រត់​ចេញ​ពី​តំបន់​ដែល​មាន​ការ​ប្រយុទ្ធគ្នា​​ជាមួយ​កងកម្លាំង​របប​យោធា


មនុស្សព្យាយាមពន្លត់​ភ្លើង ខណៈភ្លើង​ឆេះផ្ទះ​នៅក្នុង​តំបន់ Magwe ក្នុង​គ្រាដែល​ការប្រយុទ្ធគ្នា​នៅតែ​បន្ត​រវាង​យោធា​មីយ៉ាន់ម៉ា និង​ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹង​យោធា។ រូបនេះ បាន​មកពី​ប្រភព​អនាមិក​មួយ​ដែល​ថត​នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយ​បាន​ផ្តល់​ឲ្យ​នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
មនុស្សព្យាយាមពន្លត់​ភ្លើង ខណៈភ្លើង​ឆេះផ្ទះ​នៅក្នុង​តំបន់ Magwe ក្នុង​គ្រាដែល​ការប្រយុទ្ធគ្នា​នៅតែ​បន្ត​រវាង​យោធា​មីយ៉ាន់ម៉ា និង​ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹង​យោធា។ រូបនេះ បាន​មកពី​ប្រភព​អនាមិក​មួយ​ដែល​ថត​នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយ​បាន​ផ្តល់​ឲ្យ​នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ បាន​រត់​គេច​ពី​ទី​ប្រជុំ​ជន​មួយ​នៅភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា​ បន្ទាប់ពី​មាន​ការប្រយុទ្ធគ្នា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​រវាង​ក្រុម​អ្នក​ប្រឆាំង​នឹង​របប​យោធា​ និង​កង​កម្លាំងយោធា ក្នុង​អំឡុងពេល​នោះ​ក្រុម​យោធា​ បានទម្លាក់​គ្រាប់បែក​ទៅ​លើ​ផ្ទះ​សម្បែង​របស់​ជន​ស៊ីវិល។ នេះ​បើ​តាម​ការឲ្យដឹង​ពីអ្នក​ភូមិ ​និងសារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ ហើយ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP នោះ។

ការវាយ​ប្រហារ​ទៅ​លើ​ពួកយោធា​និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ បាន​កើន​ឡើង​ប​ន្ទាប់​ពីសមាជិក​សភា​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ដោយ​ក្រុមយោធា បាន​អំពាវ​នាវ​ឲ្យមាន​«សង្គ្រាម​ការពារ​ប្រជាពលរដ្ឋ» នៅ​ដើម​ខែ​កញ្ញា​នេះ។

ពួក​យោធា បាន​ប្រយុទ្ធ​ជា​មួយក្រុម​កម្លាំង​ការពារក្នុងមូលដ្ឋាន​មួយដែលមានគ្នា​ប្រមាណ ​១០០នាក់ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ពួន​ស្ទាក់​នៅ​តំបន់ Thantlang ដែល​ស្ថិត​ក្នុង​រដ្ឋ Chin ដាច់​ស្រយាល​មួយ​នៅ​ក្បែព្រំ​ដែន​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​កន្លងទៅ។ នេះ​បើតាម​ការ​លើក​ឡើង​របស់អ្នក​នាំពាក្យ​របប​យោធា​លោក Zaw Min Thun កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

លោក ​មិន​បាន​ផ្តល់​ពី​តួលេខ​នៃ​ការ​ខូច​ខាត​ណា​មួយ​នោះ​ទេ។

អង្គការ​សហប្រជាជាតិ​ បាន​ព្រមាន​ថា ការ​បន្ត​នូវ​ការ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ បាន​ធ្វើឲ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងរត់ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដើម្បី​ស្វែង​រក​ទី​ជម្រក និង​ស្បៀង​អាហារ។

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់​ចាប់​តាំង​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី Aung San Suu Kyi ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​ កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​ ដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​ការ​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់​ម៉ា​ ហើយ​របប​យោធានៅ​ក្នុង​ប្រទេស​នេះ​ បាន​ព្យាយាម​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​ទាំង​នោះ។

យោង​ទៅ​លើ​អ្នក​សង្កេត​ការណ៍​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ១.១០០នាក់​ ត្រូវ​បាន​សម្លាប់​ និង​ជិត ៨.000 នាក់​ផ្សេងទៀត ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មក៕

XS
SM
MD
LG