សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថា របបយោធាមីយ៉ាន់ម៉ាកំពុងលេងល្បិចប្រើពេលវេលាដោយកំណត់ពេលបោះឆ្នោតក្នុងពេលពីរឆ្នាំ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរៀបចំលើកទឹកចិត្តឱ្យអាស៊ានតែងតាំងបេសកជនម្នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
លោក Blinken កំពុងចូលរួមកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានតាមអនឡាញរយៈពេលមួយសប្តាហ៍ ដែលជាការប្រឹងប្រែងចុងក្រោយដោយរដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងតំបន់នៅជួរមុខនៃការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន។
មុខកិច្ចពិភាក្សាអាស៊ាន មេដឹកនាំយោធាមីយ៉ាន់ម៉ាបានសន្យាថានឹងរៀបចំការបោះឆ្នោតនិងលុបចោលស្ថានភាពគ្រាអាសន្ននៅត្រឹមខែសីហា ឆ្នាំ២០២៣ ដោយពន្យារពេលបន្តពីគ្រាដំបូងនៅពេលពួកយោធាធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអង់សាន ស៊ូជីនៅថ្ងៃទី១ ខែកុម្ភៈ។
មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់និយាយថា ការប្រកាសនេះគឺជាការអំពាវនាវឱ្យអាស៊ានបង្កើនកិច្ចប្រឹងប្រែងព្រោះវាច្បាស់ណាស់ថា របបយោធាមីយ៉ាន់ម៉ាគ្រាន់តែប្រើពេលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោកនិយាយថា៖ «ហេតុផលទាំងអស់គឺអាស៊ានត្រូវចូលរួមក្នុងរឿងនេះ ហើយគោរពតាមលក្ខខណ្ឌនៃការមូលមតិគ្នា៥ចំណុចដែលមីយ៉ាន់ម៉ាបានចុះហត្ថលេខាផងដែរ»។
មេបញ្ជាការរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានចូលរួមកិច្ចប្រជុំខែមេសាជាមួយសមាជិកអាស៊ានស្តីពីវិបត្តិដែលនាំឱ្យមានសេចក្តីថ្លែងការណ៍មូលមតិអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់និងតែងតាំងបេសកជនពិសេសប្រចាំតំបន់។
ប៉ុន្តែក្រោយមកមេដឹកនាំយោធានេះបានដកខ្លួនពីសេចក្តីថ្លែងការណ៍នេះ ហើយបេសកជនមិនត្រូវបានតែងតាំងឡើយ។ មនុស្សជាង៩០០ នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការបង្ក្រាបរយៈពេល៦ខែលើអ្នកប្រឆាំង។
គេដឹងថា អាស៊ានមិនមានឥទ្ធិពលរួមផ្នែកការទូតទេ ហើយកិច្ចប្រជុំរបស់អាស៊ានជារឿយៗបានធ្វើឱ្យសហរដ្ឋអាមេរិកនិងចិនប្រឆាំងគ្នានៅពេលពួកគេស្វែងរកឥទ្ធិពល៕