ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មីយ៉ាន់ម៉ា ប្រយុទ្ធ​ដើម្បី​មាន​អ៊ីនធឺណិត


រូបឯកសារ៖ ស្ត្រី​ម្នាក់ ប្រើ​ទូរស័ព្ទដៃ​របស់​ខ្លួន ដើម្បី​ចូល​ប្រើ​ហ្វេសប៊ុក​នៅ​ទីក្រុង​ណៃពិដោរ កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ខណៈ​អាជ្ញាធរ​មីយ៉ាន់ម៉ា បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដាក់​កំហិត​សេវាកម្ម​របស់​ពួកគេ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ស្ត្រី​ម្នាក់ ប្រើ​ទូរស័ព្ទដៃ​របស់​ខ្លួន ដើម្បី​ចូល​ប្រើ​ហ្វេសប៊ុក​នៅ​ទីក្រុង​ណៃពិដោរ កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ខណៈ​អាជ្ញាធរ​មីយ៉ាន់ម៉ា បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដាក់​កំហិត​សេវាកម្ម​របស់​ពួកគេ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ចាប់តាំង​ពី​រដ្ឋ​ប្រហារ​យោធា​នៅខែ​កុម្ភៈ កងទ័ព​មីយ៉ាន់ម៉ា​ បាន​បង្ក្រាប​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋ​ប្រហារ​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​ដ៏គ្រោះថ្នាក់​នៅតែ​បន្ត​ផ្តោត​លើ​កងទ័ព​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​របប​យោធា។​

ខណៈ​កំពុង​ប្រយុទ្ធ​នឹង​សង្គ្រាម​នោះ​ ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ក៏​កំពុង​ប្រយុទ្ធ​ដើម្បី​មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​ដែរ ​ព្រោះ​ទីក្រុង​រាប់សិប​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ គ្មាន​អ៊ីនធឺណិត។​

ប្រទេស​នេះ​ បិទ​អ៊ីនធឺណិត​ជា​យ៉ាង​ទៀងទាត់​ស្ទើរ​ពេញ​មួយ​ឆ្នាំ ដោយ​របប​យោធា​និយាយ​ថា ​ដើម្បី​«ស្ថិរភាព»​ ក្នុង​កិច្ចខិត​ខំ​ប្រឹងប្រែង​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ និង​ព័ត៌មាន​ក្លែងក្លាយ។​

កាលពី​ថ្ងៃ​អង្គារ​ អ្នកស្រី​ Htaike Htaike Aung ​សកម្មជន​សេរីភាព​អ៊ីនធឺណិត​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ថា​ ​អ៊ីនធឺណិត​នៅ​ទីប្រជុំ​ជន​ និង​នៅ​ក្រុង​ចំនួន​២៥ ​ត្រូវ​បាន​កាត់​ផ្តាច់។ ​

ទោះយ៉ាងណា​ក៏ដោយ​ ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​បដិសេធ​មិនទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដាច់​សេវា​នេះទេ​ ​ផ្ទុយ​ទៅវិញរដ្ឋាភិបាល​នេះ​ ​បាន​បន្ទោស​កងកម្លាំង​ការពារ​ប្រជាជន​ក្នុង​ស្រុក​របស់​មីយ៉ាន់ម៉ា​ចំពោះ​ការ​ដាច់សេវា​នេះ។ នេះ​បើយោង​តាម​អង្គការ​ព័ត៌មាន​ Mizzima។ ​

បញ្ហា​អ៊ីនធឺណិត​នៅប្រទេសមីយ៉ាន់ម៉ា​នៅឆ្នាំ​នេះ ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ ​Freedom House។​ អង្គការ​នេះ​ ចាត់​ចំណាត់​ថ្នាក់​សេរីភាព​អ៊ីនធឺណិត​របស់​បណ្តា​ប្រទេស​នានា​ ដោយ​ផ្អែក​លើ​កត្តា​ផ្សេងៗ​ ដូចជា​ការ​កំណត់​ខ្លឹមសារនិង​ការ​រំលោភ​សិទ្ធិ​អ្នក​ប្រើប្រាស់ ​ដោយ​កំណត់មាត្រដ្ឋាន​១០០​ពិន្ទុ។ ​ ប្រទេស​មីយ៉ាន់ម៉ា​ជាប់​ចំណាត់​ថ្នាក់លេខ​ ៣០​ក្នុង​ឆ្នាំ​២០២០ ​ប៉ុន្តែ​ឆ្នាំ​នេះ​ ប្រទេសនេះបាន​ធ្លាក់​ដល់​ចំណាត់​ថ្នាក់​ទី​១៧​ ដែល​មានន័យថា​ «គ្មាន​សេរីភាព»។​

របាយ​ការណ៍​នេះ​រក​ឃើញ​ថា​ របប​យោធា​នេះ​ បាន​ចាប់​ផ្តើម​បិទ​អ៊ីនធឺណិត​ភ្លាមៗ​ បន្ទាប់ពី​រដ្ឋ​ប្រហារ​ ហើយ​ភ្លាមៗ​នោះ ​បាន​គ្រប់គ្រង​និយ័តករ​ទូរគមនាគមន៍​មីយ៉ាន់ម៉ា។ ​ស្ថានភាព​នយោបាយ​ដែល​កំពុង​បន្ត ​បាន​បណ្តាល​ឱ្យ​ប្រតិបត្តិករ​ដ៏ធំមួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​ក្រុម​ Norwegian group Telenor ​បញ្ឈប់​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ។ ​បន្ទាប់មក​ របប​យោធា​ បាន​រារាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​និង​បណ្តាញ​ព័ត៌មាន​តាម​អ៊ីនធឺណិត​យ៉ាង​តិច​៧។​ កាលពី​ខែ​មីនា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៥​ ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ៕

XS
SM
MD
LG