មុនមហាសន្និបាតអ.ស.ប.លើកទី៧៦ចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ានិយាយថា អង្គការសហប្រជាជាតិមាន«កាតព្វកិច្ច»ទទួលស្គាល់អ្វីដែលប្រជាជនចង់បាន។
ប្រទេសមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារដោយយោធាកាលពីខែកុម្ភៈដែលបានផ្តួលរលំដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនិងការបង្រ្កាបដោយហិង្សាជាបន្តបន្ទាប់ទៅលើបាតុករប្រឆាំង។
ក្នុងមហាសន្និបាតប្រចាំឆ្នាំដែលបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា គណៈកម្មាធិការសារតាំងដែលមានសមាជិក៩ប្រទេសនឹងពិភាក្សាគ្នាថា តើរបបយោធាឬអ្នកតំណាងរដ្ឋាភិបាលស្រមោលនឹងទទួលបានអាសនៈនៅអង្គការសហប្រជាជាតិ។
លោកវេជ្ជបណ្ឌិត Sasa រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា(NUG) ដែលជារដ្ឋាភិបាលស្រមោលបង្កើតឡើងបន្ទាប់ពីរដ្ឋប្រហារដែលរួមមានតំណាងរាស្ត្រនិងមេដឹកនាំជនជាតិភាគតិច និយាយថា ប្រជាជនបានបង្ហាញឆន្ទៈហើយ។
ថ្លែងពីទីតាំងដែលមិនបញ្ចេញឱ្យដឹងលោក Sasa បានប្រាប់វីអូអេថា «ប្រភពដើមនៃភាពស្របច្បាប់គឺឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។ ឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ាបានបង្ហាញនៅក្នុងការបោះឆ្នោតសេរីនិងយុត្តិធម៌រួចហើយ។ កាតព្វកិច្ចរបស់អង្គការសហប្រជាជាតិគឺគាំទ្រឆន្ទៈប្រជាជនមីយ៉ាន់ម៉ា។ នេះជាកាតព្វកិច្ច។ អង្គការសហប្រជាជាតិគួរមើលភាពប្រាកដនិយមមិនមែននយោបាយទេ»។ លោក Sasa បាននិយាយថា«ទោះជាមានឬគ្មានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ យើងដឹងអំពីអ្វីដែលយើងត្រូវធ្វើ គឺបញ្ចប់របបយោធាដែលបង្កការភ័យខ្លាច»។
នៅក្នុងការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) ដឹកនាំដោយលោកស្រីអង់សាន ស៊ូជីបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធបានធ្វើការអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ថា ការបោះឆ្នោតមានការលួចបន្លំ ខណៈរដ្ឋប្រហារបានផ្ទុះឡើងនៅឆ្នាំនេះ។ ការបះបោរដ៏ធំមួយដែលដឹកនាំដោយចលនាស៊ីវិលមិនស្តាប់បង្គាប់បានប្រឆាំងនឹងរដ្ឋប្រហារ ហើយមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ។
ប៉ុន្តែមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងឃុំឃាំង។ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយដែលឃ្លាំមើលប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែរបបយោធាបានជំទាស់នឹងតួលេខនេះដោយនិយាយថា ចំនួនអ្នកស្លាប់គឺតិចជាងហ្នឹង។
កាលពីខែកក្កដាអង្គការសហប្រជាជាតិបានព្រមានថា សង្គ្រាមស៊ីវិលអាចផ្ទុះឡើង ប៉ុន្តែលោកSasa បាននិយាយថា ស្ថានភាពបច្ចុប្បន្នមិនគួរត្រូវបានកំណត់តាមវិធីនេះទេ៕