អ្នកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមានថា មីយ៉ាន់ម៉ាអាចធ្លាក់ចូលក្នុងសង្គ្រាម ខណៈជនស៊ីវិលកាន់តែអស់សង្ឃឹមជាមួយនឹងរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈកន្លងទៅ។ របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកំពុងត្រូវបានលើកយកមកពិភាក្សា ដែលជាផ្នែកមួយនៃកិច្ចសន្ទនាពិសេសស្តីពីប្រទេសមីយ៉ាន់ម៉ានៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។
រយៈពេលជាង ៥ ខែមកហើយដែលមេដឹកនាំយោធានៅមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅក្នុងប្រទេសដែលមានប្រជាធិបតេយ្យផុយស្រួយមួយនេះ។ អ្នកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថ្លែងពីអ្វីដែលបានកើតឡើង នៅពេលដែលរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ាបានប្រែក្លាយយ៉ាងលឿនទៅជាការវាយប្រហារលើជនស៊ីវិល។
អ្នកស្រីបាននិយាយថា មនុស្សជិត ៩០០ នាក់ត្រូវបានសម្លាប់ និងប្រមាណ ២០០.០០០ នាក់ត្រូវបានបង្ខំឱ្យគេចខ្លួនពីការវាយឆ្មក់ដោយហិង្សាពីយោធាដែលមានកាន់តែច្រើនឡើងៗទៅលើសហគមន៍ និងភូមិនានា។ អ្នកស្រីព្រមានថា ការរំលោភបំពានជាប្រព័ន្ធ និងនៅគ្រប់ទីកន្លែងទៅលើជនស៊ីវិលអាចនឹងរុញច្រានឱ្យមានសង្គ្រាមស៊ីវិលកាន់តែខ្លាំង។ អ្នកស្រីថា ជនស៊ីវិលកាន់តែអស់សង្ឃឹមទៅៗ។
អ្នកស្រី Michelle Bachelet បានថ្លែងថា៖«ប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមកាន់អាវុធ និងបង្កើតក្រុមការពារខ្លួន។ ក្រុមប្រឆាំងប្រដាប់ដោយអាវុធបង្កើតថ្មីនេះបានចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់មួយចំនួន ហើយកងកម្លាំងសន្តិសុខបានឆ្លើយតបវិញជាមួយនឹងកម្លាំងដ៏ខ្លាំងក្លា។ ខ្ញុំបារម្ភថា ការកើនឡើងនៃអំពើហិង្សានេះអាចនឹងមានផលប៉ះពាល់ខ្លាំងដល់ជនស៊ីវិល»។
អ្នកស្រី Bachelet បញ្ជាក់ថា រដ្ឋប្រហារបានធ្វើឱ្យជម្លោះដ៏យូរលង់មកហើយនៅតាមព្រំដែនដីគោកមីយ៉ាន់ម៉ាកាន់តែមានស្ថានភាពអាក្រក់។ អ្នកស្រីថា ការវាយប្រហារបានកើតឡើងជាថ្មីនៅក្នុងរដ្ឋ Kachin រដ្ឋ Kayin និងរដ្ឋ Shan ដែលនៅភាគខាងជើង។ អ្នកស្រីបានបន្ថែមថា រដ្ឋ Chin និងរដ្ឋ Kayah ដែលភាគច្រើនមានសន្តិភាពក្នុងពេលប៉ុន្មានឆ្នាំនេះបានចាប់ផ្តើមការប្រយុទ្ធឡើងវិញ។
អ្នកស្រីឧត្តមស្នងការបានព្រមានថា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាបានវិវត្តទៅជាការបំពានសិទ្ធិមនុស្សក្នុងទម្រង់ជាច្រើន។ អ្នកស្រីថា ការណ៍នេះកំពុងធ្វើឱ្យមានការរងទុក្ខវេទនាដែលមិនអាចគណនាបានសម្រាប់ប្រជាជន និងកំពុងបំផ្លាញក្តីសង្ឃឹមដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកស្រី Bachelet កំពុងអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើយោធាដើម្បីបញ្ឈប់ការវាយប្រហារលើប្រជាជន និងធ្វើឱ្យប្រទេសនេះត្រឡប់ទៅរកប្រជាធិបតេយ្យវិញ។ អ្នកស្រីថា មេដឹកនាំទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានបង្កើតផែនទីចង្អុលផ្លូវដែលអាចទៅរួចមួយដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា នៅពេលមេដឹកនាំទាំងនោះបានជួបប្រជុំគ្នាកាលពីចុងខែមេសាកន្លងទៅ។
អ្នកស្រី Michelle Bachelet ថ្លែងដូច្នេះថា៖«ផែនការ ៥ ចំណុចរបស់អាស៊ានជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការធ្វើដំណើរទៅមុខ ប៉ុន្តែខ្ញុំជំរុញឱ្យមានសកម្មភាពភ្លាមៗដើម្បីពន្លឿនដំណើរការនេះ មុនស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះកាន់តែធ្លាក់ចុះ។ វិធានការរបស់ក្រុមប្រឹក្សាសន្តិសុខគួរតែគាំទ្រដល់សកម្មភាពនេះ។ ខ្ញុំជំរុញឱ្យរដ្ឋទាំងអស់ចាត់វិធានការភ្លាមៗដើម្បីអនុវត្តតាមការអំពាវនាវក្នុងមហាសន្និបាតដើម្បីការពារកុំឱ្យមានការហូរចូលអាវុធទៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
មីយ៉ាន់ម៉ាមិនបានចូលរួមក្នុងការជជែកដេញដោលនេះទេ ដោយសារតែគណៈកម្មការផ្តល់សិទ្ធិចូលរួមនៃអង្គការសហប្រជាជាតិមិនទាន់អាចសម្រេចបានថាអ្នកណាជារដ្ឋាភិបាលស្របច្បាប់ និងគួរតែអង្គុយកៅអីក្នុងអង្គការសហប្រជាជាតិ។ ជម្រើសគឺរវាងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ឬរដ្ឋាភិបាលរបបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាតាមរយៈការធ្វើរដ្ឋប្រហារ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា