ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគមអាដហុកជំរុញក្រសួងយុត្តិធម៌ចាត់វិធានការតឹងរ៉ឹងលើចៅក្រមនិងតំណាងអយ្យការដែលអនុវត្តការងារមិនបានត្រឹមត្រូវ


រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ជំរុញ​ក្រសួង​យុត្តិធម៌​ឱ្យ​ពិនិត្យ​ និង​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ចៅក្រម ​និង​តំណាង​អយ្យការ​ ដែល​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​នៃ​ការ​តាម​ដាន​សវនាការ​របស់​តុលាការ​មួយ​ចំនួន ​ក្នុង​ឆ្នាំ​ ២០២៣។​

ការងារ​ដែល​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ទាំង​នោះ ​មាន​ដូចជា​ការ​រារាំង​សាធារណ​ជន​ និង​អ្នក​សារព័ត៌​មាន​មិន​ឱ្យ​ចូល​បន្ទប់​សវនាការ ​ឬ​បណ្តេញ​ចេញ​ពី​បន្ទប់​សវនាការ ​ចៅក្រម​និង​តំណាង​អយ្យការ​សម្តែង​អាកប្ប​កិរិយា​សម្លុត​ គំរាម​ជន​ជាប់​ចោទ ​និង​ប្រាប់​ឱ្យ​ជន​ជាប់​ចោទ​សុំ​ទោស ​និង​មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មាន​មេធាវី​ ឬ​សិទ្ធិ​ការពារ​ខ្លួន​ និង​សិទ្ធិ​មិន​ឆ្លើយ​ ជាដើម។​

របាយ​ការណ៍​ «ការ​ឃ្លាំ​មើល​សវនាការ» ​កម្រាស់​ ១១ ​ទំព័រ​ របស់​សមាគម​មួយ​នេះ​ដែល​ចេញ​ផ្សាយ ​កាលពី​ថ្ងៃទី​ ២​ ខែ​មករា​ ឆ្នាំ​ ២០២៤ ​បាន​កត់ត្រា​ទាក់ទង​ការ​បំពេញ​ការងារ​ មិន​ទាន់​ត្រឹមត្រូវ​របស់​ចៅក្រម ​និង​តំណាង​អយ្យការ​ចំនួន​ ១៦ ​ចំណុច។ ​របាយ​ការណ៍​មួយ​នេះ​ត្រូវ​បាន​រៀបចំ​ចង​ក្រង​ឡើង​ តាម​រយៈ​ការ​ប្រមូល​ព័ត៌មាន​នៃ​ការ​ឃ្លាំ​មើល​សវនាការ​ជំនុំ​ជម្រះ​ដោយ​ផ្ទាល់​របស់​បុគ្គលិក​សមាគម​អាដហុក​ នៅ​តាម​បណ្តា​រាជធានី-ខេត្ត ​ចំនួន​ ២០​ លើ​រឿង​ក្តី​ចំនួន ​១៧៥ ​ករណី ​រួច​ធ្វើការ​វិភាគ​ និង​សរសេរ​ចេញ​ជា​របាយ​ការណ៍​មួយ​នេះ។​

សមាគម​បាន​ឱ្យ​ដឹង​ទៀត​ថា ​ការ​ឃ្លាំមើល​សវនាការ​ជំនុំ​ជម្រះ​ចំនួន​ ១៧៥ ​ករណី ​ធ្វើ​ឡើង​ចាប់​ពី​ខែ​មករា ​ឆ្នាំ​ ២០២២ ​ដល់​ខែ​កក្កដា ​ឆ្នាំ ២០២៣ ​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​ ៧៩ ​ករណី ​ផ្នែក​សិទ្ធិ​ស្ត្រី​និង​កុមារ​ចំនួន​ ៦៤ ​ករណី ​និង​ផ្នែក​សិទ្ធិ​ដីធ្លី​ចំនួន ​៣២ ​ករណី ​ដែល​ភាគ​ច្រើន​នៃ​ករណី​នេះ ​ពាក់ព័ន្ធ​នឹង​សកម្ម​ជន​នយោបាយ​ សកម្ម​ជន​សិទ្ធិ​មនុស្ស ​និង​ករណី​រំលោភ​សិទ្ធិ​ដី​ធ្លី។​ ករណី​ទាំង​នោះ​ មាន​មេធាវី​តំណាង​ឱ្យ​សមាគម​ ដោយ​អាណត្តិ​ផ្លូវ​ច្បាប់​ដល់​ជនរង​គ្រោះ​ផ្ទាល់។ ​ក្នុង​ចំណោម​ករណី​ទាំង​នោះ ​មាន​បទ​ឧក្រិដ្ឋ​ចំនួន​ ១៣៧ ​ករណី ​និង​បទ​មជ្ឈឹម​ ចំនួន ​៣៨ ​ករណី​ ដែល​មាន​ជន​រងគ្រោះ​ជា​ជន​ជាប់​ចោទ​សរុប​ចំនួន​ ១.១៦៥ ​នាក់ ​និង​ដើម​បណ្តឹង​ចំនួន​ ៤៥២ ​នាក់។

លោក​ ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​ថា​ គោល​បំណង​នៃ​ការ​ចងក្រង​របាយ​ការណ៍​នេះ​គឺ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​ស្វែង​រក​យុត្តិធម៌ ​ដោយ​តម្លា​ភាព​ និង​បង្ហាញ​ពី​សកម្ម​ភាព​ប្រតិបត្តិ​របស់​ចៅ​ក្រម​ តំណាង​អយ្យការ​ និង​មេធាវី​នៅ​ក្នុង​វិស័យ​យុត្តិធម៌​ជាដើម។ ​លោក​បន្ត​ថា​ ក្រសួង​យុត្តិធម៌​គួរតែ​មាន​ការ​កែ​ប្រែ ​និង​ពិនិត្យ​មើល​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់​សមាគម​អាដហុក ​ដើម្បី​ពង្រឹង​ទៅ​លើ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។​

អ្នក​នាំ​ពាក្យរូប​នេះ​បន្ថែម​ថា​ របាយ​ការណ៍​នេះ ​ក៏​ជា​ទុន​សម្រាប់​ជួយ​ដល់​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​របាយ​ការណ៍​នេះ​ក៏​ជា​ទុន​មួយ​ដែល​សមាគម​អាដហុក​រក​ឃើញ​នៅ​ក្នុង​អាណត្តិ​ការងារ​របស់​ខ្លួន​ចំនួន​ ១៧៥ ​ករណី ​ដែល​យើង​បាន​ឃ្លាំ​មើល​ហ្នឹង ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​ខាង​គណៈ​កម្មការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ ដើម្បី​ពិនិត្យ​ ហើយ​ធ្វើ​ការ​កែ​លម្អ​ស្ថាប័ន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ក្នុង​ន័យ​ការពារ​ និង​គោរព​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​គូភាគី»។​

បើ​តាម​លោក ​ស៊ឹង សែន​កុរណា ​ការ​ធ្វើ​សវនាការ​ជា​សាធារណៈ ​គឺ​ជន​គ្រប់​រូប​អាច​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ស្តាប់​ការ​ធ្វើ​ជំនុំ​ជម្រះ​បាន​ដោយ​សេរី ​និង​មិន​ចាំ​បាច់​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្តី។ ​លោក​បញ្ជាក់​ថា ​ការ​ហាម​ឃាត់​តាម​រូប​ភាព​ផ្សេងៗ​ដែល​មិន​ឱ្យ​សាធារណ​ជន​ចូល​រួម​ស្តាប់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ នៅ​ក្នុង​សវនាការ​សាធារណៈ​នោះ​ ជា​រឿង​មិន​ត្រឹម​ត្រូវ​ ហើយ​លើក​លែង​សវនាការ​ដែល​ពាក់​ព័ន្ធ​នឹង​ជំនុំ​ជម្រះ​លើ​កុមារ​ ឬ​ការ​រំលោភ​បំពាន​ផ្សេងៗ​ ទើប​ជា​សវនាការ​អសាធារណៈ។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​សវនាការ​សាធារណៈ​មិន​ត្រូវ​រារាំង​ ឬ​ហាម​ឃាត់​សាធារណ​ជន​ទេ​ ហើយ​ដោយ​មិន​ត្រូវ​មាន​ការ​សួរ​រក​ដីកា​ ឬ​ក៏​ដីកា​ចូល​ស្តាប់​សវនាការ​ហ្នឹង​ទេ។​ នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឡើង​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​គោល​ការណ៍​សវនាការ​ជា​សាធារណៈ​ហ្នឹង​ហើយ»។​

ចំពោះ​ចំណុច​ទាំង​ ១៦ ​ដែល​មាន​ក្នុង​របាយ​ការណ៍ ​«ការ​ឃ្លាំ​មើល​សវនាការ» ​នោះ ​សមាគម​អាដហុក​បាន​កត់ត្រា​ថា​ ​តុលាការ​បាន​រារាំង​មិន​ឱ្យ​ចូល​ឬ​បណ្តេញ​ចេញ​ពី​បន្ទប់​សវនាការ​ហើយ​ចំពោះ​សាធារណ​ជន​ មាន​ចំនួន​ ១៤២​ ករណី ​និង​ចំពោះ​អ្នក​សារព័ត៌​មាន​ចំនួន​ ១១៦​ ករណី ​ដោយ​មូល​ហេតុ បន្ទប់​សវនាការ​តូច​ចង្អៀត​ គ្មាន​ដីកា​អញ្ជើញ​ ឬ​មិន​បាន​ចុះ​ឈ្មោះ​ជា​មុន​ នគរបាល​បិទ​ទ្វារ​របង​មិន​អនុញ្ញាត​ឱ្យ​ចូល​ជាដើម។ ​តុលាការ​មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មាន​មេធាវី ​ឬ​សិទ្ធិ​ការពារ​ខ្លួន​ ចំនួន​ ៦៩ ​ករណី ​និង​មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មិន​ឆ្លើយ​ចំនួន​៩៥​ករណី។​

ក្រៅពី​នោះ ​អាដហុក​ថា​ ​តុលាការ​មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មិន​បង្ខំ​ឱ្យ​សារភាព​កំហុស​ ចំនួន​ ៩៤​ ករណី ​តុលាការ​មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​ការ​សន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស​ចំនួន ​៩៤ ​ករណី​ ជន​ជាប់​ចោទ​ពាក់​ឯក​សណ្ឋាន​ពន្ធនាគារ​អំឡុង​ពេល​សវនាការ​ចំនួន​ ១៣២ ​ករណី ​ជន​ជាប់​ចោទ​ជាប់​ខ្នោះ​ដៃ​អំឡុង​ពេល​សវនាការ​ចំនួន​៧២​ករណី។​

ព្រះរាជ​អាជ្ញា​ស្រែក​សម្លុត​ នៅ​ពេល​ជន​ជាប់​ចោទ​មិន​ឆ្លើយ​ចំនួន​៧​ករណី​ ចៅក្រម​ជំនុំ​ជម្រះ​បាន​ប្រាប់​ឱ្យ​ជនជាប់​ចោទ​សុំទោស​ចំនួន ​៨១ ​ករណី ​ចៅក្រម​ឬ​តំណាង​អយ្យការ​សម្តែង​អាកប្ប​កិរិយា​សម្លុត​គំរាម​ជន​ជាប់​ចោទ​ចំនួន​ ១៨ ​ករណី​ ចៅក្រម​ឬ​តំណាង​អយ្យការ​ចាក​ចេញ​ពី​បន្ទប់​អំឡុង​ពេល​សវនាការ​ចំនួន ​៨២​ ករណី ចៅក្រម​ឬ​តំណាង​អយ្យការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អំឡុង​ពេល​សវនាការ​ចំនួន​ ៣៣ ​ករណី​ តុលាការ​លើក​ពេល​ប្រកាស​សាល​ក្រម​ចំនួន ​១៧០​ ករណី ​តុលាការ​លើក​ពេល​ប្រកាស​សាល​ក្រម​ដោយ​មិន​បញ្ជាក់​កាល​បរិច្ឆេទ​ចំនួន​ ៩៤​ ករណី ​ហើយ​តុលាការ​បាន​បន្ថែម​បទ​ល្មើស​ថ្មី​នៅ​ពេល​ប្រកាស​សាលក្រម​ ចំនួន​ ១៣៧ ​ករណី។ ​នេះ​បើ​តាម​ការ​កត់ត្រា​ដោយ​សមាគម​អាដហុក។​

ករណី​ផ្សេង​ទៀត​មាន​ដូចជា​ជន​ជាប់​ចោទ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​លើស​រយៈ​ពេល​ ៦ ​ខែ​ រហូត​ដល់​ ២៤ ​ខែ​ បើ​គិត​ដល់​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះ ​ដែល​បញ្ហា​នេះ​មាន​ចំនួន​ ១៤២​ ករណី។​

សមាគម​អាដហុក​បាន​ផ្តល់​អនុសាសន៍​ចំនួន​៩​ចំណុច​ទៅ​ក្រសួង​យុត្តិធម៌ ​និង​ចៅក្រម​ ដោយ​ក្នុង​នោះ​ស្នើ​ក្រសួង​យុត្តិធម៌​ ពិនិត្យ​ ដាក់​វិធាន​ការ​ច្បាស់​លាស់​ចំពោះ​ការ​អនុវត្ត​របស់​ចៅក្រម​ និង​តំណាង​អយ្យការ​ ដែល​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ។ ​ចំពោះ​ចៅក្រម​ និង​តំណាង​អយ្យការ ​សមាគម​នេះ​ ស្នើ​ឱ្យ​ពិចារណា​ក្នុង​ការ​ប្រើ​ពាក្យ​ ឬ​និយាយ​ពី​ភាព​មាន​ ឬ​គ្មាន​ទោស​ដល់​ជន​ជាប់​ចោទ មុន​ពេល​ចេញ​សាលក្រម ​ជា​ពិសេស​ដូច​ជា​ប្រាប់​ឱ្យ​ជន​ជាប់​ចោទ​សុំទោស ​និង​ពិនិត្យ​សិទ្ធិ​របស់​ជន​ជាប់​ចោទ ​និង​ពន្យល់​ជនជាប់​ចោទ​ ឬជន​រងគ្រោះ​ឱ្យ​បាន​ច្បាស់​អំពី​សិទ្ធិ​ដែល​ត្រូវ​បាន​ទទួល ​ដូច​ជា​សិទ្ធិ​មាន​មេធាវី​ សិទ្ធិ​មិន​ឆ្លើយ ​សិទ្ធិ​មិន​បង្ខំ​ឱ្យ​សារ​ភាព​កំហុស​ និង​សិទ្ធិ​សន្មត​ទុកជា​មុន​ថា​គ្មាន​កំហុស​ជាដើម។​

ព្រះ​រាជ​អាជ្ញារង ​និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​ ប្លង់ សុផល ​សុំ​មិន​បញ្ជាក់​អ្វី​ទេ​ជុំវិញ​របាយ​ការណ៍​ដែល​ចេញ​ដោយ​សមាគម​អាដហុក។​ លោក​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​តេឡេក្រាម​ថា៖​ «ដោយ​សារ​របាយ​ការណ៍​ខាង​លើ​មិន​ដឹង​ថា ​គាត់​ផ្អែក​លើអ្វី​ដើម្បី​មក​វាយ​តម្លៃ​ ដូច្នេះ​ខ្ញុំ​គ្មាន​យោបល់​ទេ»។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​ថា ​របាយ​ការណ៍​របស់​អាដហុក ​«ពិបាក​យក​ជា​ការណ៍​បាន»។ ​លោក​បញ្ជាក់​ត្រង់​ចំណុច​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ចំពោះ​បទ​ឧក្រិដ្ឋ​ថា​ នីតិវីធី​ច្បាប់​គឺ​អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​ ៦ ​ខែ ​ចំនួន​ ២​លើក។​

លោក​ថ្លែង​ថា៖ ​«របាយ​ការណ៍​នេះ ​វា​ពិបាក​យក​ជា​ការណ៍​បាន​ ដោយ​សារ​បញ្ហា​៣។ ​ទី ១ ​លើ​គុណ​ភាព​នៃ​ការ​បញ្ចេញ​របាយ​ការណ៍​ គុណ​ភាព​នៃ​ការ​អង្កេត។ ​ទី ២ ​គឺ​ចំណេះ​ដឹង​នៃ​ការ​អង្កេត​ហ្នឹង​ ដែល​មិន​មាន​ការ​យល់​ដឹង​ច្បាស់​លាស់​ពី​ដំណើរ​ការ​និតីវិធី​តុលាការ ​និង​បញ្ញត្តិ​នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ ​និង​ក្រម​និតីវិធី​ព្រហ្មទណ្ឌ។ ​ហើយ​បញ្ហា​ទី ៣ ​អត់​មាន​ការ​ចូល​រួម។ ​គាត់​មើល​តែ​ឯង​ ហើយ​សន្និដ្ឋាន​តែ​ឯង​ ទាំង​យល់​ខុស​ក៏​ចេះតែ​ទៅ​ដែរ ​អត់​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ដែល​ពាក់ព័ន្ធ ​និង​អ្នក​អនុវត្ត​ផ្ទាល់»។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​ស្នើ​សមាគម​អាដហុក​ផ្តល់​ភស្តុតាង​និង​មូលដ្ឋាន​ច្បាស់​លាស់​ដល់​ក្រសួង​យុត្តិធម៌​ថា​ តើ​ចៅក្រម​ ឬ​ក្រឡា​បញ្ជី​ និង​តំណាង​អយ្យការ​រូប​ណា​ខ្លះ​ ដែល​បាន​ប្រព្រឹត្ត​ខុស​នីតិវិធី ​និង​ខុស​ក្រម​វិជ្ជាជីវៈ​ដើម្បី​ក្រសួង​ពិនិត្យ ​មាន​វិធាន​ការ​ និង​អាច​ធ្វើ​អធិការ​កិច្ច​បន្ថែម។​

លោក​ ថុន រដ្ឋា ​សកម្មជន​មួយ​រូប​នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ និង​ធ្លាប់​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ​១ ​ឆ្នាំ ​ពី​បទ​«ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ​កាល​អំឡុង​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២១​ ប្រាប់​វីអូអេ​ថា​ លោក​ធ្លាប់​រង​នូវ​ពាក្យ​សម្តី​ធ្ងន់ៗ​ពី​ព្រះ​រាជអាជ្ញា​នៅ​ក្នុង​សវនាការ។​ លោក​ថា​ ទាំង​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ​ដោយ​នគរបាល​យុត្តិធម៌​ និង​តុលាការ​ក្តី​មិន​បាន​បញ្ជាក់​លម្អិត​អំពី​សិទ្ធិ​ដល់​រូប​លោក​ទេ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​ក៏ធ្លាប់​ប៉ះ​ពាក្យ​សម្តី​ជាមួយ​ព្រះរាជ​អាជ្ញា ​មិន​ថា​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏ដូច​ជា​នៅ​សាលា​ឧទ្ធរណ៍​ទេ​ គឺ​ប៉ះ​ពាក្យ​សម្តី​ទាំង ​២ ​លើក ​ជាមួយ​ព្រះ​រាជ​អាជ្ញា​ទាំង​ ២ ​កន្លែង​ហ្នឹង។​ ហើយ​ដោយ​គាត់​ប្រើ​ពាក្យ​សម្តី​បែប​ចោទ​ប្រកាន់​ធ្ងន់ៗ​មក​កាន់​ពួក​យើង​ផង​ ប្រើ​សំឡេង​បែប​គំហក​ផង ​ជា​ពិសេស​ហ្នឹង​គឺ​ហាក់បី​ដូច​ជា​មិន​ចាត់​ទុក​ពួក​យើង​ហ្នឹង​គឺ​ជា​មនុស្ស​ទេ ​ចាត់​ទុក​ពួក​យើង​ដូច​ជា​ឧក្រិដ្ឋ​ជន​ ដូច​ជា​គេ​ហៅ​ថា​ ​មិន​មែន​ជា​មនុស្ស​ដោយ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ ​សម្លុត​ជាដើម»​។

ក្រៅពី​នេះ​ លោក ​ថុន រដ្ឋា ​សង្កេត​ឃើញ​ថា ​ជនជាប់​ចោទ​ដែល​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ ដូចជា​លួច ឆក់​ ប្លន់​ ជាដើម ​ក៏​រង​សម្តី​មិន​សមរម្យ ​និង​រង​ការ​សម្លុត​ពី​ព្រះ​រាជអាជ្ញា​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​ជន​ទាំង​នោះ​មិន​ហ៊ាន​ឆ្លើយ ​ឬ​តវ៉ា​អ្វី​ឡើយ​ ព្រោះ​បារម្ភ​ខ្លាច​ជាប់​ពន្ធនាគារ​រយៈ​ពេល​យូរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG