ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ថ្មី៖ ក្រុមហ៊ុនរ៉ែនៅកម្ពុជាកាប់បំផ្លាញព្រៃឈើ និងរំលោភសិទ្ធិមនុស្ស


រូបឯកសារ៖ បុរសម្នាក់​បង្ហាញ​ដុំមាស​ដែល​រែង​បាន​ នៅខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១១។
រូបឯកសារ៖ បុរសម្នាក់​បង្ហាញ​ដុំមាស​ដែល​រែង​បាន​ នៅខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១១។

របាយ​ការណ៍​ថ្មី​របស់​អង្គការ​សមធម៌​បង្ហាញ​ថា​ សាជីវ​កម្ម​រ៉ែ ដោយ​ប្រើ​គ្រឿង​យន្តខ្នាត​ធំ និង​ការ​ប្រើប្រាស់​សារធាតុ​គីមី បាន​បង្កើន​ហានិភ័យ​នៃ​ការ​ទន្ទ្រាន​យក​ដី ការ​បំផ្លាញ​បរិស្ថាន សុខភាព​ និង​សុវត្ថិ​ភាព​ការងារ​សម្រាប់​ប្រជា ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ។

របាយ​ការណ៍​នេះ​មាន​ក្រោម​ចំណង​ជើង​ថា៖ ​«របាយការណ៍​ស្តី​ពី​ស្ថានភាព​ឧស្សាហកម្ម​រ៉ែ មាស​នៅ​កម្ពុជា៖ ការ​រំលោភ​សិទ្ធិមនុស្ស​ និងការបំផ្លាញ​បរិស្ថាន»។ របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៦ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ អះអាង​ថា ​ការ​គាស់​កាយ​សាងសង់​ផ្លូវ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​សម្រាប់​ការ​ទាញ​យក​រ៉ែ ​និង​ការ​ចម្រាញ់​យក​រ៉ែ​មាស ​បង្កើន​អត្រា​ហានិភ័យ​ខ្ពស់​ដល់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​សកល និង​ថា​ ក្តី​ព្រួយ​បារម្ភ​អំពី​បរិស្ថាន​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ការ​គ្រប់​គ្រង​កាក​សំណល់​ពុល ​និង​ការ​បាត់​បង់​ជីវៈ​ចម្រុះ​នៅ​តែ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា។​

របាយ​ការណ៍​បញ្ជាក់​ថា៖​ «ការ​ផ្តល់​អាជ្ញា​បណ្ណ​នៅ​តែ​ជា​ចំណុច​ចម្បង​នៃ​ការ​រិះគន់​របស់​សង្គម​ស៊ីវិល​ចំពោះ​ឧស្សាហ​កម្ម​នេះ។ ​ការ​ដ្ឋាន​ជីក​យក​រ៉ែ​ដំណាក់​កាល​ចម្រាញ់​មួយ​ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុង​ខេត្ត​មណ្ឌលគិរី​ មាន​ប្រវត្តិ​ក្រុមហ៊ុន​ដែល​ធ្លាប់​មាន​ស្លាក​ស្នាម ​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​ជាតិ​អូស្ត្រាលី​ថ្មីៗ​នេះ​ ដែល​បាន​ផាក​ពិន័យ​អតីត​ម្ចាស់​ក្រុមហ៊ុន​នោះ​ជាង​ ១០​ លាន​ដុល្លារ​ ពី​បទ​សូកប៉ាន់​មន្ត្រី​កម្ពុជា​ ដែល​ការណ៍​នេះ​ពិបាក​នឹង​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ និង​មិន​កើត​ឡើង​ម្តង​ទៀត​ណាស់»។​

របាយ​ការណ៍​បន្ថែម​ថា៖​ «វាជា​រឿង​សំខាន់​ ដែល​វិស័យ​រ៉ែ​ទាំង​មូល​ ត្រូវ​ផ្តោត​លើ​ប្រយោជន៍​ប្រជា​ពលរដ្ឋ​កម្ពុជា ​និង​បរិស្ថាន​ជា​ជាង​ការ​ផ្តោត​លើ​តែ​ប្រាក់​ចំណេញ​និង​សួយ​សារអាករ​របស់​សាជីវ​កម្ម»។​

របាយ​ការណ៍​បាន​សិក្សា​ទៅ​លើ​ករណី​ចំនួន​ ៥ ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​ជីក​យក​រ៉ែ​នៅ​កម្ពុជា​ ក្នុង​នោះ​មាន​ដូច​ជា​ក្រុមហ៊ុន​ជីក​យក​រ៉ែ​ អង្គរ​ហ្គោល​ ខប មេសកូ​ហ្គោល ​(Angkor Gold Corp, Mesco Gold) ​ ក្រុមហ៊ុន​រុង​ឆេង​ អ៊ិនដាសស្ទ្រៀល​ អ៊ិន​វេសមិន និង​រី​ណេសិន​មីនឺរ៉ល ខេមបូឌារ​ជាដើម។​

បើ​តាម​របាយ​ការណ៍ ​ក្រុមហ៊ុន​ Angkor Gold Corp, Mesco Gold ​ ដែល​បាន​ជីក​យក​រ៉ែ​ នៅ​ភូមិ​ពាក​ និង​ភូមិ​ផ្លាង​ ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​ បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​ធម្ម​ជាតិ​ និង​ដី​ ដែល​ជា​កត្តា​ចាំបាច់​ក្នុង​ការ​ទ្រទ្រង់​ ការ​ចិញ្ចឹម​ជីវិត​បែប​ប្រពៃណី ​និង​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ដើម​ភាគ​តិច។ ​របាយ​ការណ៍​បន្ថែម​ថា​ ពួកគេ​ជឿ​ថា​ ការ​វិនិយោគ​លើ​ការ​ជីក​យក​រ៉ែ​នេះ មិន​មែន​ជា​ការ​វិនិយោគ​លើ​អនាគត​របស់​ពួកគេ​ទេ​ ហើយ​វា​ក៏​មិន​បាន​បង្កើត​តម្លៃ​ពិត​ប្រាកដ​ និង​យូរ​អង្វែង​សម្រាប់​សហគមន៍​ដែរ។​

លោក​ អៀង វុទ្ធី​ នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ របាយ​ការណ៍​នេះ​សិក្សា​ករណី​ជាក់លាក់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ​ខណៈ​ថា ​ស្ថានភាព​ទូទៅ​ដែល​ជា​ក្តី​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​ មាន​ដូច​ជា​ការ​គ្រប់​គ្រង​កាក​សំណល់​មិន​បាន​ល្អ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ខ្វះ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ និង​មិន​មាន​តម្លាភាព​នៃ​ចំណូល​និង​ចំណាយ។​

លោក​បញ្ជាក់​ថា៖​ «តែ​ជារួម​យើង​បាន​លើក​ឡើង​ភាព​ខ្វះ​ខាត​អំពី​តម្លាភាព​ ហើយ​ការ​គ្រប់គ្រង​ហ្នឹង​ យើង​ចង់​ឃើញ​ថា​ឱ្យ​មាន​ការ​បង្កើត​ជា​ក្រុម​ត្រួត​ពិនិត្យ​តំបន់​រ៉ែ​ទាំង​អស់​ហ្នឹង​ជា​ប្រចាំ​ ហើយ​ត្រូវ​ធានា​ថា​ ពួក​គាត់​ធ្វើ​ទៅ​តាម​ច្បាប់​ដែល​យើង​បាន​កំណត់​ ហើយ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សហ​គមន៍​មូលដ្ឋាន​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល ​ដើម្បី​តាម​ដាន​អំពី​ស្ថាន​ភាព​ទាំង​អស់​ហ្នឹង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក ​អ៊ឹង​ ឌីប៉ូឡា ​ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល ​និង​លោក​ ផៃ ប៊ុនឈឿន ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​នៅ​ឡើយ​ទេ។​ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​រ៉ែ​មួយ​ចំនួន​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​របាយ​ការណ៍​នេះ​ដែរ។​

អភិបាល​ខេត្ត​រតនគិរី ​លោក ​ញ៉ែម សំអឿន​ ប្រាប់​វីអូអេ​ថា ​លោក​មិន​ដឹង​អំពី​របាយ​ការណ៍​នេះ​ទេ​ ប៉ុន្តែ​លោក​ថា​ កន្លង​ទៅ​មាន​ក្រុមហ៊ុន​មួយ​ប្រតិបត្តិ​ការ​អាជីវ​កម្ម​រ៉ែ​នេះ ​ប៉ុន្តែ​ក្រុមហ៊ុន​នោះ​បាន​ឈប់​ដំណើរ​ការ​យូរ​មក​ហើយ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​មិន​ដឹង​រឿង​របាយ​ការណ៍​ហ្នឹង​ដែរ។​ របាយ​ការណ៍​ហ្នឹង​ដឹង​យ៉ាង​ម៉េច​ អីយ៉ាង​ម៉េច? ​ហើយ​គេ​មាន​ចុះ​មក​ពិនិត្យ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច?​ ខ្ញុំ​អត់​ដឹង​ទេ។ នេះ​មិន​មាន​អី​ទេ​ សកម្ម​ភាព​ហ្នឹង​យូរ​ហើយ ​ហើយ​ក្រុមហ៊ុន​ហ្នឹង​ដូច​មិន​ដែល​មាន​បញ្ហា​អី​ផង»។​

លោក ​ទុយ ឆេង ​អាយុ​៦៧​ឆ្នាំ ​ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រមទម​ ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កាល​ពី​ដើម​ឡើយ ​ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ​ក្រៅ​ពី​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ ពួកគេ​តែង​តែ​រ៉ែង​មាស​បន្ថែម ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។​ ប៉ុន្តែ​លោក​ថា​ មក​ទល់​ពេល​នេះ​ ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​រុក​រក​បន្ត​ទៀត​ទេ ​បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ចុះ​មក​រុករក​រ៉ែ​មាស​នៅ​ទីតាំង​នេះ។​

លោក​ថ្លែង​ថា៖​ «ការ​ធ្វើ​នេះ​ ប្រជាជន​ទទួល​រង​ការ​លំបាក​ ពីព្រោះ​ដី​ជុំវិញ​នេះ​មាន​ ១​ម៉ឺន​៨​ពាន់​ហិកតា។ ​ក្រុម​ហ៊ុន​ហ្នឹង​ឯង​គេ​អត់​ឱ្យ​ប្រជាជន​ណា​រក​តា​ពេស​តាពាស​ទេ។​ ដូច្នេះ​វា​ប្រើ​អំណាច​ផ្តាច់​ការ​ពេក​ហើយ​រាល់​ថ្ងៃ​នេះ។​ ប៉ុន្តែ​ថា​ បើ​និយាយ​ទៅ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ ខ្មោច​ស្រុក​វា​ឱ្យ​ដៃ ​ខ្មោច​ព្រៃ​វា​ចូល​ហើយ។​ ដូច្នេះ​វា​មក​ពី​អាជ្ញាធរ​ស្រុក​អាជ្ញាធរ​ខេត្ត​ហ្នឹង ​គឺ​មិន​បាន​ គិត​គូរ​ដល់​ប្រជាជន​រស់​នៅ​ក្នុង​តំបន់»។​

លោក​សំណូមពរ​ឱ្យ​គ្រប់​ភាគី​ពាក់​ទាំង​អស់​គួរ​តែ​ពន្លឿន​ដល់​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ឱ្យ​បាន​ឆាប់។

លោក​លើក​ឡើង​ថា៖​« ជូន​ទៅ​ដល់​សម្តេច​នាយក​ ឬ​ក៏​សម្តេច​បវរធិបតី ​ព្រម​ទាំង​ក្រសួង​ដែល​មាន​សមត្ថ​កិច្ច​ ជួយ​មើល​ប្រជាជន​នៅ​ក្នុង​ភូមិ​រមទម​ ស្រុក​រវៀង​នេះ​ផង។ ជា​ពិសេស​ ចៅ​ហ្វាយ​ខេត្ត​ត្រូវ​មើល​ពី​សុខ​ទុក្ខ​របស់​ប្រជាជន​នេះ​ផង​ ពីព្រោះ​ពួក​គាត់​កំពុង​តែ​លំបាក​ដោយ​សារ​ការ​គាប​សង្កត់​ពី​ក្រុម​ហ៊ុន​ហ្នឹង​ឯង»។

អ្នកស្រី ​ពុយ​ ជីវ៉ា​ អាយុ​២៤​ឆ្នាំ ​ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី​ ប្រាប់​វីអូអេ​ថា​ មាន​ការ​ទន្ទ្រាន​ដី​ពី​ក្រុម​ហ៊ុន ​និង​មាន​ការ​ល្បួង ​ក៏ដូច​ជា​ទិញ​ទឹក​ចិត្ត​ដើម្បី​ទទួល​បាន​ដី​ពី​ប្រជា​ពលរដ្ឋ។​ អ្នកស្រី​ជំរុញ​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដើម្បី​ជួយ​ដល់​អ្នក​ភូមិ។

អ្នកស្រី​បញ្ជាក់​ថា៖​ «ចង់​ឱ្យ​សំណូម​ពរ​ដល់​អាជ្ញាធរ​ឃុំ​ ក៏ដូច​ជា​ខាង​អង្គការ​ ចង់​ឱ្យ​ជួយ​ផ្តល់​ជា​គំនិត​យោបល់​ទាក់ទង​នឹង​ផ្នែក​ច្បាប់ ​និង​ខាង​រ៉ែ​អ៊ីចឹង​ចា៎។ ​ខ្ញុំ​ចង់​ជួយ​ដល់​សហ​គមន៍។​ខ្ញុំ​អត់​ចង់​ឱ្យ​មាន​ការ​បំពាន​មក​លើ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ខ្ញុំ​អ៊ីចឹង​ទេ»។​

វិធី​សាស្ត្រ​ស្រាវជ្រាវ​នៃ​របាយ​ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ពិភាក្សា​ផ្តោត​ជា​ក្រុម​ជាមួយ​សហ​គមន៍​មូលដ្ឋាន​ ​ដែល​រស់​នៅ​ក្នុង​និង​ជិត​តំបន់​ជីក​យក​រ៉ែ។ ​ការ​សម្ភាស​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​អ្នក​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ រួមមាន​កម្មករ​ក្រុមហ៊ុន​ មន្ត្រី​មូលដ្ឋាន ​និង​អង្គការ​សង្គម​ស៊ីវិល​នានា ​ដែល​សរុប​មាន​មនុស្ស​ចំនួន​ ៥៩​ នាក់​ ដែល​ត្រូវ​បាន​សម្ភាស​សម្រាប់​របាយ​ការណ៍​នេះ។​

របាយ​ការណ៍​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ ដោយ​ស្នើ​ឱ្យ​មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​គិត​គូរ​ពី​ក្តី​កង្វល់​របស់​សហគមន៍​មូលដ្ឋាន​ឱ្យ​បាន​ហ្មត់​ចត់​ ហើយ​ចំណាយ​ធនធាន​បន្ថែម​ទៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដោយ​ស្មោះ​ត្រង់ ​នៅ​ក្នុង​តំបន់​សំខាន់ៗ ​ដែល​ការ​ជីក​ចម្រាញ់​យក​រ៉ែ​មាស​កំពុង​ធ្វើ​ឡើង។​ របាយ​ការណ៍​ក៏​ជំរុញ​ឱ្យ​មាន​ការ​ចាត់​វិធាន​ការ​ដើម្បី​ផ្អាក​ប្រតិបត្តិ​ការ​ណា​មួយ​ ដែល​បង្កើត​ការ​ខូចខាត​ចំពោះ​បរិស្ថាន​ និង​ផ្តល់​ជំនួយ​ដល់​ប្រតិបត្តិករ​ ដើម្បី​ធានា​ថា​ ប្រតិបត្តិ​ការ​របស់​ពួក​គេ​អនុលោម​តាម​ស្តង់ដារ​អន្តរ​ជាតិ ​និង​គោរព​តាម​ច្បាប់​បរិស្ថាន​របស់​កម្ពុជា៕​

XS
SM
MD
LG