នៅចុងខែមករាខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា លោក កឹម សុខា អាចនឹងមានមេធាវីការពារក្តីឬយ៉ាងណា ដោយសារលោកត្រូវបានហាមឃាត់មិនឱ្យជួបអ្នកណាទាំងអស់។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សវនាការរបស់លោក កឹម សុខា នឹងបើកដំណើរការនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនឹងសំណុំរឿងទាំងអស់។
លោកថ្លែងថា៖ «ភាគីដែលពាក់ព័ន្ធនៅក្នុងរឿងហ្នឹងគឺតំណាងអយ្យការគាត់នឹងអញ្ជើញចូលរួមតាមនីតិវិធីដែលយល់ឃើញថា មានពាក់ព័ន្ធនឹងរឿងក្តី ជនជាប់ចោទគឺតំណាងអយ្យការអញ្ជើញមកមានវត្តមានចំពោះមុខសវនាការ»។
បើតាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ ២០២៣ លោក កឹម សុខា ត្រូវបានហាមឃាត់មិនឱ្យមានទំនាក់ទំនងជាមួយអ្នកដទៃលើកលែងតែក្រុមគ្រួសាររបស់លោក ហើយក្នុងនោះរួមមានមេធាវី និងសហមេធាវីរបស់លោកកឹម សុខា ក៏មិនអាចជួបជាមួយបានផងដែរ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យសាលាឧទ្ធរណ៍បញ្ជាក់យ៉ាងខ្លីថា៖ «រឿងមេធាវីការពារសិទ្ធិរបស់គាត់គឺសាលាឧទ្ធរណ៍តំណាងអយ្យការអញ្ជើញសវនាការជាធម្មតាតើស៎។ គាត់មានមេធាវីការពារក្តីរបស់គាត់»។
អតីតសហមេធាវីការពារក្តីឱ្យលោក កឹម សុខា អ្នកស្រី ម៉េង សុភារី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា គិតចាប់តាំងពីការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញមក អ្នកស្រី និងសហមេធាវីដទៃទៀតបានជួបជាមួយលោក កឹម សុខា តែម្តងគត់សម្រាប់ការសរសេរបណ្តឹងប្តឹងទៅសាលាឧទ្ធរណ៍។ អ្នកស្រីបញ្ជាក់ទៀតថា មូលហេតុដែលមិនអាចជួបជាមួយលោក កឹម សុខា គឺដោយសារតែសាលក្រមរបស់សាលាដំបូងបានហាមមិនឱ្យលោក កឹម សុខា ជួបអ្នកណាទាំងអស់ក្រៅពីក្រុមគ្រួសាររបស់លោក លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាទើបលោក កឹម សុខា អាចមានសិទ្ធិជួបជាមួយអ្នកដទៃ។
អ្នកស្រីបន្ថែមថា បច្ចុប្បន្ននេះ មេធាវីរបស់លោក កឹម សុខា ទាំងអស់ ក៏ចប់អាណត្តិផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានអូសបន្លាយរយៈពេលពេលយូរមកហើយ ដែលគួរដល់ពេលបើកសវនាការ។ លោកបញ្ជាក់ថា ការអូសបន្លាយនេះបានប៉ះពាល់សិទ្ធិសេរីភាពរបស់របស់លោក កឹម សុខា។ លោកបន្តទៀតថា រដ្ឋាភិបាលគួរមានការពិចារណាឡើងវិញក្នុងការដោះលែងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដែលធ្វើការលើការងារសង្គមផ្សេងទៀត ក៏ដូចជាលោក កឹម សុខា ដើម្បីបន្ធូរភាពតានតឹងផ្នែកនយោបាយ ដែលកម្ពុជាតែងតែទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិ។
លោកថ្លែងថា៖ «កម្ពុជាយើងគឺមានបញ្ហាចម្រូងចម្រាស និងការរិះគន់ខ្លាំងទាក់ទងបញ្ហាលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺមានការទាមទារឱ្យដោះលែងទៅលើមានដឹកនាំគណបក្សនយោបាយ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្សនិងសកម្មជនដែលធ្វើការងារសង្គមផ្សេងៗទៀត។ អ៊ីចឹងខ្ញុំគិតថា រាជរដ្ឋាភិបាលថ្មីអាណតិ្តទី ៧ នេះ គួរតែគិតគូរ ហើយនឹងពិចារណានៅក្នុងការដោះលែងឯកឧត្តម កឹម សុខា ឱ្យមានសេរីភាពឡើងវិញ ដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយ ក៏ដូចជាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាយើង»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បញ្ជាក់ថា សំណុំរឿងបណ្តឹងទាស់របស់លោក កឹម សុខា មិនមានភាពយឺតយ៉ាវនោះទេ ដោយសារតែករណីរបស់លោក កឹម សុខា មានភាពស្មុគស្មាញ និងមានឯកសារច្រើនត្រូវពិនិត្យមើល។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង លោក សម រង្ស៊ី បានបង្ហោះសារនៅលើបណ្តាញសង្គម X ពាក់ព័ន្ធនឹងការបើកសវនាការសាលាឧទ្ធរណ៍ថា៖ «លោក កឹម សុខា ត្រូវដោះលែងឱ្យមានសេរីភាព។ វាមិនមានមូលដ្ឋានជាក់ស្តែងណាមួយសម្រាប់ការធ្វើទុក្ខបុកម្នេញគាត់តាមរយៈតុលាការនោះទេ»។
ជាមួយគ្នានេះ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក៏បានសរសេរសារខ្លីមួយនៅក្នុងបណ្តាញសង្គម X ថា លោក កឹម សុខា គួររួចទោសដោយថា ការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជាមកលើរូបលោកគឺជារឿងនយោបាយ។
គួររំឭកថា កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ ២០១៧។ តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ ២០២៣ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មទៅនឹងតំណាងទូតបរទេសនៅកម្ពុជាថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណីលោក កឹម សុខា។ លោកលើកឡើងថា តំណាងទូតបរទេសមួយចំនួន បានទៅសួរសុខទុក្ខលោក កឹម សុខា ក្នុងពេលដែលតុលាការកំពុងស៊ើបអង្កេតរឿងឃុបឃិតជាមួយបរទេស៕