អ្នកសារព័ត៌មានចំនួន ៤៤ នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ ក្នុងឆ្នាំ ២០២៣ នេះ ជាពិសេសអំឡុងពេលប៉ុន្មានខែ នៅមុនការបោះឆ្នោតសកលដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែកក្កដា។ នេះបើតាមកំណត់ត្រាមួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
កំណត់ត្រាមួយផ្នែកនៃរបាយការណ៍របស់ខេមបូចាបានកត់សម្គាល់ថា ក្នុងចំណោមការយាយី សរុបចំនួន ៣៣ ករណី មាន ១៣ ករណី ដែលជាការប្រើប្រាស់ចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន គឺកើនឡើងពី ៧ ករណី បើធៀបនឹងឆ្នាំ ២០២២។
កំណត់ត្រាមួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ខេមបូចា បញ្ជាក់ក្នុងន័យដើមថា៖ «អ្នកសារព័ត៌មានយ៉ាងហោចណាស់ ៦ នាក់ ត្រូវបានឃុំខ្លួន និងដាក់ពន្ធនាគារ រីឯឆ្នាំ ២០២២មាន ៧ នាក់។ ការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងផ្សាយព័ត៌មានក្លែងក្លាយ ត្រូវបានប្រើប្រាស់ជាទូទៅប្រឆាំងនឹងអ្នកសារព័ត៌មានអនឡាញដោយប្រើក្រមព្រហ្មទណ្ឌ»។
នាយកប្រតិបត្តិ ខេមបូចា លោក ណុប វី ប្រាប់វីអូអេថា រដ្ឋាភិបាលអាណត្តិទី ៧ នេះកំពុងបង្កើតឱ្យមានយន្តការក្នុងការជួបជជែក និងដោះស្រាយបញ្ហារបស់អ្នកសារព័ត៌មាន ប៉ុន្តែលោកបានកត់សម្គាល់ថា មិនទាន់អាចមានការវាយតម្លៃជាថ្មីសម្រាប់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅឡើយទេ។ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះបន្ថែមថា លោកចង់ឃើញស្ថាប័នសារព័ត៌មានដែលផ្សាយពីបរទេសមានការិយាល័យនៅកម្ពុជាវិញផងដែរ។ លោកលើកឡើងថា វិស័យព័ត៌មានអនឡាញនៅកម្ពុជាក៏មានការរីកចម្រើនមួយកម្រិតទៀតផងដែរ។
លោកថ្លែងថា៖ «យ៉ាងណាក្តី ការវាយតម្លៃអំពីវឌ្ឍនភាពវិស័យសារព័ត៌មាន វាចាំបាច់ពិនិត្យទៅលើសុវត្ថិភាពរបស់អ្នកសារព័ត៌មាន Censorship [ការដាក់ពិរុទ្ធលើប្រព័ន្ធផ្សព្វផ្សាយ] រឿងទាក់ទងនឹងភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយដែលធ្វើការលើប្រទេសកម្ពុជា។ អ៊ីចឹងប្រសិនយោងតាមសូចនាករទាំងបីខាងលើដែលខ្ញុំលើកឡើងហ្នឹង គឺថា យើងមិនទាន់អាចវាយតម្លៃអំពីភាពប្រសើរឡើងនៅក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើងទេ»។
យ៉ាងណាមិញ លោក ណុប វី បញ្ជាក់ថា កន្លងទៅ ការដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយនានាបានបង្កឱ្យមានការព្រួយបារម្ភក្នុងការអនុវត្តសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ដែលវាបានប៉ះពាល់ដល់សិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ពួកគេ។
លោកថ្លែងថា៖ «[អ្វី] ដែលធ្វើឱ្យមានកង្វល់ ហើយធ្វើឱ្យយើងមានការទទូចយ៉ាងខ្លាំងទៅដល់រដ្ឋាភិបាល សុំឱ្យពិនិត្យអំពីការអនុវត្ត ហើយនឹងពង្រឹងក៏ដូចជាជួយបន្ថែមទៀត ដើម្បីផ្តល់ការបើកចំហការអនុវត្តសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការអនុវត្តសិទ្ធិរបស់អ្នកសារព័ត៌មាននៅក្នុងការទទួលបានព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានផងដែរ»។
លោក ណុប វី សង្កត់ធ្ងន់ដែរថា ការឈានដល់ដំណើរការនៃការដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយគួរមានការឆ្លងកាត់តាមប្រព័ន្ធតុលាការ ហើយអំពាវនាវឱ្យលុបចោលប្រកាសរបស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយដោយមិនឆ្លងកាត់ដំណើរការតុលាការ ដែលរំលោភលើគោលការណ៍សេរីភាពសារព័ត៌មាន និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
កាលពីខែកុម្ភៈ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាបណ្ណរបស់វីអូឌី តាមបញ្ជារបស់អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការផ្សាយអត្ថបទថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការផ្តល់ជំនួយ ១០០.០០០ ដុល្លារដល់ប្រទេសតួកគី សម្រាប់គ្រោះរញ្ជួយដី។ ក្រសួងព័ត៌មានបានបញ្ជាក់ថា វីអូឌី«រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។
នៅមុនការបោះឆ្នោតជាតិកាលពីខែកក្កដា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី ដែលត្រូវបានរដ្ឋាភិបាលបិទដំណើរការ។
គេហទំព័រឈ្មោះ «កំណត់ត្រា» kamnotra.io គឺជាការប្រមូលផ្តុំនូវទិន្នន័យព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយ។ វាត្រូវបានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលគ្រប់គ្រងវីអូឌី ដាក់ឱ្យដំណើរការកាលពីខែមិថុនា។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តនូវការងាររបស់ខ្លួន ស្របតាមវិជ្ជាជីវៈ និងតាមច្បាប់ស្តីពីរបបសារព័ត៌មាន ដោយគ្មានការរំខានណាមួយឡើយ។
លោកថ្លែងថា៖ «ដូច្នេះអ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជាក្នុងការផលិត និងការផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្តីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព»។
លោក ទេព អស្នារិទ្ធ បញ្ជាក់ទៀតថា ការលើកឡើងពីសិទ្ធិសេរីភាពអាចជារបៀបវារៈនយោបាយ ដោយលោកអះអាងថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាតែងតែត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលគ្រប់អាណតិ្ត។
លោកថ្លែងថា៖ «ហើយសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបាននូវព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណតិ្តមួយទៅអាណតិ្តមួយជារៀងរហូតមក ជាពិសេសនៅក្នុងអាណត្តិទី ៧ នេះតែម្តង ក្រសួងព័ត៌មានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ការគាំពារ និងការការពារសិទ្ធិដល់អ្នកសារព័ត៌មាន និងលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការចូលរួមការអភិវឌ្ឍសង្គមកម្ពុជា»។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះក៏ជំរុញឲ្យអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីបំពេញតួនាទីឱ្យមានប្រសិទ្ធភាព។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ ប្រទេស នៅឆ្នាំ ២០២៣ ដែលមានន័យថា បន្តសិ្ថតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕