ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​បញ្ជា​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ចម្រុះ​លើ​ការ​អះអាង​ក្នុង​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​​ប៉ាណាម៉ា


តារា​បូលីវូដ​ល្បី​និង​មាន​ទ្រព្យធន់​ច្រើន​ Amitabh Bachchan មាន​ឈ្មោះ​នៅ​ក្នុង​ឯកសារ​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ (Panama Papers)។
តារា​បូលីវូដ​ល្បី​និង​មាន​ទ្រព្យធន់​ច្រើន​ Amitabh Bachchan មាន​ឈ្មោះ​នៅ​ក្នុង​ឯកសារ​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ (Panama Papers)។

នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ Narendra ​Modi​ បាន​បញ្ជា​ឱ្យ​​ស៊ើប​អង្កេត​ដោយ​ភ្នាក់​ងារ​ចម្រុះ​ទៅ​លើ​ការ​រក​ឃើញ​ដែល​អះអាង​ក្នុង​ឯកសារ​ Panama Papers​ ដែល​មាន​ឈ្មោះ​ប្រជាជន​ឥណ្ឌា​ជាង​ ៥០០​នាក់។

នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​ លោក​ Narendra ​Modi​ បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ភ្នាក់​ងារ​ចម្រុះ​ទៅ​លើ​ការ​រក​ឃើញ​ដែល​អះអាង​ក្នុង​ឯកសារ​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​មួយ​ ដែល​រួម​មាន​ឈ្មោះ​ប្រជាជន​ឥណ្ឌា​ជាង​ ៥០០​នាក់​ មាន​ចាប់​ពី​តារា​បូលីវូដ​ រហូត​ដល់​ទៅ​ឧស្សាហករ​ធំៗ​ និង​មហា​សេដ្ឋី​អចលនទ្រព្យ។

រដ្ឋមន្រ្តី​ផ្នែកហិរញ្ញវត្ថុ​ លោក ​Arun ​Jaitley បាន​ហៅ​របាយ​ការណ៍​នេះ​ថា​ជា​ «ជំហាន​ល្អ» ​ ហើយ​លោក​បាន​សន្យា​ថា ​នឹង​ចាត់​វិធានការ​ឆាប់​រហ័ស​មួយ។ ​«គណនី​ណា​មួយ​ក៏​ដោយ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ជា​គណនី​ខុស​ច្បាប់​ វិធាន​ការ​តឹងរឹុង​ដូច​ដែល​មាន​ចែង​ស្រាប់​នៅ​ក្នុង​ច្បាប់ នឹង​ត្រូវ​បាន​ប្រើ​ទៅ​លើ​ពួក​គេ»។​

ការ​សន្យា​ធំ​មួយ​ក្នុង​អំឡុង​ពេលបោះឆ្នោតរបស់​នាយក​រដ្ឋមន្រ្តី Modi​ គឺ​ការ​បង្ក្រាប​ទៅ​លើ​អ្នក​គេចពន្ធ​ និង​នាំ​យក​លុយ​រាប់​ពាន់​លាន​ដុល្លារ​ដែល​ជា​លុយ​ហូរ​ចូល​ទៅ​ក្នុង​កន្លែង​សម្រាប់​ចៀសវាង​ការ​បង់​ពន្ធ​ ត្រឡប់​មក​ក្នុង​ប្រទេស​វិញ។​

ការសែត ​The​ India ​Express​ គឺ​ជា​ការសែត​មួយ​ក្នុង​ចំណោម​អង្គភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ស៊ើប​អង្កេត​រយៈពេល​៨​ខែ​ ដោយ​ផ្អែក​ទៅ​លើ​ឯកសារ​ដែល​បែក​ធ្លាយ​ជាង​១១​លាន​ឯកសារ​របស់​ក្រុមហ៊ុន​ច្បាប់ ​Mossack​ Fonseca​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា។

ប្រជាជន​ឥណ្ឌា​ដែល​ជា​អ្នក​មាន​ និង​ល្បី​ឈ្មោះ​ហើយ​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ប៉ាណាម៉ា​ ​រួម​មាន​តារា​បូលីវូដ​ លោក ​Amitabh Bachchan​ តារា​សម្តែង ​និង​តារា​ម៉ូដែល​ Aishwarya​ Rai​ Bachchan​ អ្នក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​របស់​ប្រទេស​ឥណ្ឌា​ K.P. Signh ​និង​លោក ​Vinod Adani ​ដែល​ជា​បង​ប្រុស​របស់​ឧស្សាហករ​លោក​ Gautam Adani។

មនុស្ស​មួយ​ចំនួន​ដែល​បញ្ចេញ​ឈ្មោះ​ដោយ​កាសែត​ India Express​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា ​គណនី​នៅ​ក្រៅ​ប្រទេសរបស់​ពួក​គេ​ជា​គណនី​ស្រប​ច្បាប់។

កាសែត​នេះ​ក៏​បាន​រក​ឃើញ​វិធី​នៃ​ការ​ទូទាត់​លុយ​ដោយ​ក្រុមហ៊ុន​អ៊ីតាលី​មួយ​តាមរយៈ​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​ផ្សេងៗ​ សម្រាប់សម្ភារៈ​ផ្គត់ផ្គង់​ក្នុង​វិស័យ​ការពារ​ប្រទេស​ដែល​បាន​លក់​ទៅ​ឱ្យ​ប្រទេស​ឥណ្ឌា។

ដោយ​ហៅ​របាយកាណ៍​នេះ​ថា​ជា​ «តម្រុយ​ដ៏​ធំ» នោះ​ អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ឥណ្ឌា​និយាយ​ថា​ វាត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយថា​ ការ​គេច​ពន្ធ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ទំហំធំ​ធេង​ ​ហើយ​ភាគ​ច្រើន​នៃ​ «ប្រាក់​ងងឹត»​ ត្រូវ​បាន​គេ​តម្កល់​ទុក​នៅ​កន្លែងគេច​ពន្ធ​នៅ​បរទេស។

របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​អង្គការ​ឯករាជ្យមាន​ឈ្មោះ​ថា ​Global ​Financial ​Integrity ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ បាន​ប៉ាន់​ប្រមាណ​ថា ​ប្រទេស​ឥណ្ឌា​បាន​ទទួល​រង​នូវ​ការ​បាត់បង់​ទឹក​ប្រាក់​ចំនួន​៣៤៤​ពាន់​លាន​ដុល្លារ​ ក្នុង​លំហូរ​ចេញ​មូល​និធិ​ខុស​ច្បាប់​នៅ​ចន្លោះ​ឆ្នាំ​២០០២​ និង​ឆ្នាំ ​២០១១។

លោក​ Arun ​Kumar​ ​អតីត​សាស្រ្តាចារ្យ​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ ​Jawaharlal ​Nehru​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ «សេដ្ឋកិច្ច​ខ្មៅ​ក្នុង​ប្រទេស​ឥណ្ឌា» ឬ ​The​ Black ​Economy​ in​ India​ បាន​និយាយ​ថា​ ចំនួន​ទឹក​ប្រាក់​សរុប​ដែល​ប្រទេស​ឥណ្ឌា​បាន​បាត់បង់​ចាប់​តាំង​ពី​បាន​ឯករាជ្យ​មក​ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ។​

លោកនិយាយ​ថា៖ «ការ​ព្យាករ​ចុង​ក្រោយ​បង្អស់​របស់​យើង​បាន​បង្ហាញ​ថា ​ប្រទេស​ឥណ្ឌា​បាត់​បង់​ទឹក​ប្រាក់​ប្រហែល​២​លាន​លាន​ដុល្លារ​ (ទ្រីលាន) ពី​ឆ្នាំ​១៩៤៨​ រហូត​ដល់​ឆ្នាំ​២០១២។​ ការ​បាត់​បង់​នេះ​ រួម​ទាំង​ការ​ប្រាក់​ដែល​អាច​បាន​ពី​តម្លៃ​នៃ​ប្រាក់​ដែល​ត្រូវ​បាន​យក​ចេញ​ពី​ប្រទេស។​ ដូច្នេះ​ យើង​កំពុង​និយាយ​អំពី​ទំហំ​នៃ​ប្រាក់​ដ៏​ធំ​សម្បើម​ដែល​ត្រូវ​បាន​បាត់​ទៅ​ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ ហើយ​ដែល​ធនធាន​មាន​តិចតួច»។

ក្រុម​អ្នក​ជំនាញ​បាន​ចង្អុល​បង្ហាញពី​ភាព​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​សន្យា​របស់​ខ្លួន​ថា​នឹង​បង្ក្រាប ​«លុយ​កខ្វក់»។ អ្នក​ជំនាញ​ក៏​បាន​និយាយ​ដែរ​ថា ​តម្រូវ​ការ​បន្ទាន់​សម្រាប់​រដ្ឋាភិបាល​គឺ​រក​អ្នក​ដែល​ចរាចរ​លុយ​កខ្វក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ពី​ព្រោះ​ថា ​វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​តាមដាន​រក​អ្នក​ទាំង​នោះ​នៅ​ពេល​លុយ​ទាំង​នោះ​ត្រូវ​បាន​ផ្ទេរ​ទៅ​បរទេស​រួច​ហើយ។

ទោះ​បី​ជា​ប្រទេស​ឥណ្ឌា​មាន​ច្បាប់​ជា​ច្រើន​ប្រឆាំង​នឹង​ការ​គេច​ពន្ធ​ តែ​ការ​អនុវត្តន៍​ច្បាប់នោះ​នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។

លោក​ Kumar​ និយាយ​ថា៖​ «នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ការ​ចរាចរ​លុយ​ដោយ​បាន​ពី​ចំណូល​មិន​ស្រប​ច្បាប់​មាន​ភាព​ងាយ​ស្រួល​ណាស់​ ពីព្រោះ​ប្រព័ន្ធ​ច្បាប់​គឺ​ងាយ​នឹង​ថ្លោះធ្លោយ​អភិបាលកិច្ច​នៅ​ទន់​ខ្សោយ ​ហើយ​ អាជ្ញាធរ​អនុវត្ត​ច្បាប់​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ភាគ​ច្រើនគឺ​ពុក​រលួយ​ ហើយ​ឋានៈ​ផ្សេងៗ​ក្នុងជួរ​នយោបាយ​ក៏​ពុក​រលួយ​ដែរ»។

បន្ទាប់​ពី​ការ​សន្យា​សម្រាប់​ការ​បោះឆ្នោត​ថា​ នឹង​បង្ក្រាប​ទៅ​លើ​ការ​គេច​ពន្ធ​នោះ​ លោក ​Modi​ បាន​អនុម័ត​ច្បាប់ ​ «លុយ​កខ្វក់» ​ដែល​ដាក់​ពិន័យ​ធ្ងន់ៗ និង​ដាក់​ឲ្យ​ជាប់​ពន្ធនាគារ​អ្នក​គេច​ពន្ធ​ដែល​ខក​ខាន​មិន​បាន​ប្រកាស​ប្រាក់​ចំណូល​របស់​ពួក​គេ​នៅ​ក្រៅ​ប្រទេស។​

កាល​ពី​ឆ្នាំ​មុន​ លោក​ Modi​ ក៏​បាន​ចូល​រួម​កិច្ច​ព្រម​ព្រាង​ជាមួយ​មេ​ដឹកនាំ​មួយ​ក្រុម​មក​ពី​២០​ប្រទេស​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ផ្អែក​លើ​គោលការណ៍​ផ្លាស់​ប្តូរ​ទៅវិញ​ទៅមក​នៅ​ត្រឹម​ចុង​ឆ្នាំ ​២០១៨។​ រដ្ឋាភិបាល​ឥណ្ឌា​ក៏​បានចុះ​ហត្តលេខា​លើ​កិច្ច​ព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​អំពី​ពន្ធ​អាករ​ ជាមួយ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេច​ពន្ធ​នៅ​ឯនាយ​សមុទ្រ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក​ Jaitley ដែល​ការពារ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាម​ដាន​ទ្រព្យ​សម្បត្តិ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ឥណ្ឌា​ បាន​និយាយ​ថា៖​ «ឥឡូវ​នេះ​ពិភព​លោក​នេះ​នឹង​មាន​តម្លាភាព​កាន់​តែ​ខ្លាំង។​ ប្រទេស​នានា​កំពុង​សហការ​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​លើ​បញ្ហា​នេះ»។​

ប្រែ​សម្រួល​ដោយ​ ផន បុប្ផា

អត្ថបទ​ទាក់ទង

XS
SM
MD
LG