ការបែកធ្លាយឯកសារសម្ងាត់ពីក្រុមហ៊ុនមួយនៅប្រទេសប៉ាណាម៉ាអំពីគណនេយ្យធនាគារនៅបរទេស កំពុងតែបង្ហាញព័ត៌មានបន្ថែមទៀតអំពីរឿងរ៉ាវរបស់សាច់ញាតិរបស់មេដឹកនាំកំពូលគណបក្សកុម្មុយនិស្តចិន ដោយរួមមានទាំងសាច់ញាតិរបស់លោកប្រធានាធិបតីចិនផងដែរ។
ចិនបានធ្វើចំណាត់ការជាបន្ទាន់ក្នុងសប្តាហ៍នេះក្នុងការមិនឲ្យជជែកពិភាក្សាអ្វីអំពីឯកសារដែលបែកធ្លាយពីក្រុមហ៊ុនមួយនៅប្រទេសប៉ាណាម៉ា ដែលនិយាយអំពីការគេចវេសពីការបង់ពន្ធ របស់ក្រុមគ្រួសារអតីតសមាជិក និងសមាជិកនាពេលបច្ចុប្បន្នរបស់គណៈកម្មការមជ្ឈឹមបក្សចំនួន៨រូប ដែលសុទ្ធតែជាអ្នកដឹកនាំជាន់ខ្ពស់នៅក្នុងគណបក្ស។ ប៉ុន្តែឯកសារដែលបែកធ្លាយពីសមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ ឬ International Consortium of Investigative Journalists ដែលហៅកាត់ថា ICIJ នៅតែបន្តចេញមក។
កាលពីថ្ងៃពុធ ICIJ បានឲ្យដឹងថា ក្នុងចំណោមសាច់ញាតិរបស់ក្រុមមេដឹកនាំចិន ដែលមានទ្រព្យសម្បត្តិនៅបរទេសរួមមាន៖ លោក Deng Jiagui បងប្អូនថ្លៃរបស់លោកប្រធានាធិបតី ស៊ី ជីនពីង លោក Lee Shing Pu កូនប្រសាររបស់លោក Zhang Gaoli សមាជិកគណៈកម្មការមជ្ឈឹមបក្ស លោក Zeng Qinghuai បងប្អូនប្រុសរបស់លោក Zeng Qinghong អតីតប្រធានាធិបតីចិន និងលោកស្រី Li Xiaolin កូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី Li Peng។
ការប្រមូលទុកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់សាច់ញាតិរបស់សមាជិកគណបក្សកាន់អំណាចនៅចិនគឺជាក្តីបារម្ភដ៏ធំនៅក្នុងប្រទេសចិនអស់រយៈពេលជាយូរមកហើយ ប៉ុន្តែវាគឺជាប្រធានបទមួយដែលត្រូវបានត្រួតត្រាយ៉ាងតឹងរ៉ឹង៕