ប្រទេសចិនបានចាត់វិធានការភ្លាមៗដើម្បីហាមឃាត់មិនឲ្យមានការពិភាក្សាទៅលើឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ាដែលគេហៅជាភាសាអង់គ្លេសថា Panama Papers និងព័ត៌មានអំពីការប្រើប្រាស់កន្លែងសម្រាប់ចៀសវាងការបង់បង់ពន្ធរបស់ក្រុមគ្រួសារនៃអតីតមេដឹកនាំកំពូលៗ និងមេដឹកនាំបច្ចុប្បន្នយ៉ាងហោចណាស់៨រូប ដោយរួមមានទាំងបងប្អូនថ្លៃប្រុសរបស់ប្រធានាធិបតី Xi Jinping ផងដែរ។
ទ្រព្យសម្បត្តិយ៉ាងច្រើនដែលប្រមូលផ្តុំដោយក្រុមគ្រួសាររបស់សមាជិកបក្សកាន់អំណាចរបស់ចិនបានក្លាយជាក្តីបារម្ភដ៏ធំមួយជាយូរណាស់មកហើយនៅក្នុងប្រទេសចិន ហើយវាក៏ជាប្រធានបទមួយដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងជាយូរមកហើយផងដែរ។
ការទប់ស្កាត់លើឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា
កាលពីថ្ងៃអង្គារ ការស្រាវជ្រាវនៅលើគេហទំព័រភាសាចិនបានភ្ជាប់ទៅនឹងរឿងរ៉ាវអនឡាញអំពីឯកសារបែកធ្លាយដ៏សន្ធឹកសន្ធាប់នេះ ប៉ុន្តែក្រៅពីរឿងរ៉ាវរបស់ក្រុមកីឡាករល្បីៗ គេហទំព័រភាគច្រើនទៀតត្រូវបានគេបិទចោល។
នៅលើបណ្ដាញសង្គម ការពិភាក្សាលើបញ្ហានេះត្រូវបានគេរឹតត្បិតយ៉ាងខ្លាំង។ យោងតាមគេហទំព័រ Freeweibo.com ពាក្យ Panama ជាភាសាអង់គ្លេស និង Panama ជាភាសាចិន ក៏ដូចជាពាក្យឯកសារ Panama ស្ថិតក្នុងចំណោមឃ្លាទាំង១០ដែលត្រូវបានគេបិទមិនឲ្យស្រាវជ្រាវឃើញនៅថ្ងៃអង្គារនេះ។
ការបង្ហោះមួយដែលត្រូវបានគេលុបចោលបានសរសេរថា៖ «កន្លែងសម្រាប់ចៀសវាងការបង់ពន្ធគឺជារឿងធម្មតានិងសមហេតុផលសម្រាប់អ្នកជំនួញ ប៉ុន្តែតើលុយមិនបានបង់ពន្ធទាំងអស់នេះដែលមន្រ្តីមាន បានមកពីណាមក?»
វិធានការស្ងាត់ៗនិងខ្លាំងក្លាបានធ្វើឲ្យមនុស្សមួយចំនួនមិនយល់។ សម្រាប់អ្នកខ្លះ ការធ្វើបែបនេះធ្វើឲ្យមានការយល់ឃើញផ្សេងៗគ្នាកាន់តែច្រើន។
អ្នកប្រើប្រាស់អ៊ិនធឺណិតម្នាក់ដែលដាក់ឈ្មោះថា Space Out និយាយថា៖ «ខ្ញុំមិនយល់ថា ហេតុអ្វីបានជាឃ្លា Panama Papers ត្រូវបានគេចាត់ទុកជាពាក្យរសើប។ មកដល់ពេលនេះ ប្រទេសរបស់យើងមិនទាន់រងផលប៉ះពាល់អវិជ្ជមានណាមួយនៅឡើយទេ។ តើនេះមកពីអាជ្ញាធរប្រមើលមើលឃើញថា ឯកសារទាំងនោះអាចនឹងមានអ្វីជាប់ពាក់ព័ន្ធជាមួយយើងឬ?»
អ្នកប្រើអ៊ីនធឺណិតម្នាក់ទៀតនិយាយថា៖ «វាបង្ហាញថា គណបក្សកុម្មុយនិស្តមិនមានបំណងឲ្យសាធារណជនយល់ដឹងពីបញ្ហានេះទេ។ ខ្ញុំជឿថា មានមេដឹកនាំកំពូលៗជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ»។
អ្នកខ្លះព្យាយាមប្រើឈ្មោះបង្វៀងនៃឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ានេះជាភាសាចិន 巴XX (BA NA MA) ឬប្រើពាក្យអង់គ្លេសរ៉ូម៉ាំងដែលប្រើក្នុងប្រទេសនេះ ដោយសរសេរដកឃ្លា ដើម្បីព្យាយាមបង្ហោះយោបល់នៅលើបណ្តាញសង្គម ប៉ុន្តែការបង្ហោះរបស់ពួកគេនៅតែត្រូវបានគេបិទ។
ការរឹតត្បិតនេះមានភាពខ្លាំងក្លាណាស់ រហូតដល់មានអ្នកខ្លះនិយាយលេងថា ឯកសារទាំងនោះឥឡូវបាត់អស់ហើយ។
អ្នកប្រើប្រាស់ម្នាក់និយាយថា៖ «ជាក់ស្តែងណាស់ ប៉ា ណា ម៉ា (Panama) គឺជាឃ្លាដែលមានភាពរសើបមួយ»។
អ្នកផ្សេងទៀត ដូចជាអ្នកប្រើប្រាស់ដែលមានឈ្មោះថា 1874 BC ត្រូវបានគេតាមរកឃើញដោយប្រើប្រព័ន្ធរឹតត្បិត នៅពេលបង្ហោះរូបភាពនៃអត្ថបទមួយដែលនិយាយអំពីឯកសារនោះ។ ពាក្យពេចន៍ដែលគេសរសេរនៅលើរូបនោះគឺ៖ «មានគេពិភាក្សាតិចតួចប៉ុណ្ណោះនៅស្រុកយើង អំពីបញ្ហាធំបំផុតនៅក្នុងពិភពលោកមួយនេះ ដែលរឿងរ៉ាវទាំងនោះត្រូវបានគេរឹតត្បិតនៅលើគេហទំព័រ Weibo»។
មនុស្សម្នាក់ទៀតនិយាយថា៖ «រឿងរ៉ាវរបស់ឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា ដែលខ្ញុំទើបតែអានចប់ ត្រូវបានលុបចោលមួយពព្រិចភ្នែក។ លឿនមែនទែន។ គ្មានអ្វីនៅសល់លើគេហទំព័រស្វែងរកព័ត៌មាន Baidu ទៀតទេ»។
ការផ្សំគំនិតពីក្រុមបស្ចិមប្រទេស
ខណៈដែលសារព័ត៌មានចិនជាច្រើននៅស្ងាត់ស្ងៀម សារព័ត៌មាន Global Times ដែលជាកាសែតដ៏ល្បីមួយគាំទ្រគណបក្សបានចេញផ្សាយបទវិចារណកថាមួយជាភាសាអង់គ្លេសនិងភាសាចិន ដែលអះអាងថា កន្លែងផ្ទុកឯកសារដ៏ធំសម្បើមនោះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងលើមេដឹកនាំជាច្រើនដែលមិនមែនជាមេដឹកនាំលោកខាងលិច។
អត្ថបទវិចារណកថានោះមិនបានលើកឡើងពីឯកសារបែកធ្លាយដែលពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកប្រធានាធិបតី Xi Jinping ប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី Li Peng ឬចៅស្រីរបស់លោក Jia Qingling នោះទេ ប៉ុន្តែអត្ថបទនោះកត់សម្គាល់ថា សារព័ត៌មានលោកខាងលិចកំពុងបន្ថែមការចាប់អារម្មណ៍លើឯកសារដែលទាក់ទងនឹងលោកប្រធានាធបិតី Vladimir Putin របស់ប្រទេសរុស្ស៊ីកាន់តែខ្លាំង។
អត្ថបទវិចារណកថាដដែលសរសេរថា៖ «នៅក្នុងសម័យអ៊ីនធឺណិតនេះ ការបង្ហោះព័ត៌មានមិនពិតមិនបង្កឲ្យមានហានិភ័យខ្លាំងទៅលើវរជនល្បីៗនៅលោកខាងលិច ឬលើប្រទេសលោកខាងលិចទេ។ សម្រាប់រយៈពេលវែងទៅមុខទៀត វានឹងក្លាយជាមធ្យោបាយថ្មីមួយសម្រាប់ប្រទេសលោកខាងលិចប្រើដើម្បីផ្សព្វផ្សាយមនោគមវិជ្ជា គឺសម្រាប់ប្រទេសសម្ព័ន្ធមិត្តរបស់លោកខាងលិចក្នុងការវាយប្រហារលើឥស្សរជនដែលមិនមែនមកពីលោកខាងលិចនិងលើស្ថាប័នសំខាន់ៗផ្សេងទៀត»។
គេរំពឹងថានឹងមានព័ត៌មានលម្អិតផ្សេងទៀត
រហូតមកដល់ពេលនេះ សមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ ឬ International Consortium of Investigative Journalists (ICIJ) បានចេញផ្សាយឯកសារទាក់ទងនឹងមន្រ្តីកំពូលៗ៤រូបរបស់បក្សកុម្មុសនិស្តចិននៅលើគេហទំព័ររបស់ខ្លួន។
យោងតាមឯកសារបែកធ្លាយដែល ICIJ ទទួលបាន ប្អូនថ្លៃរបស់លោកប្រធានាធិបតី Xi Jinping ដែលមានឈ្មោះថា Deng Jiajun បានក្លាយជានាយកនិងជាម្ចាស់ភាគហ៊ុនតែមួយគត់របស់ក្រុមហ៊ុននៅក្រៅប្រទេសចំនួនពីរកាលពីឆ្នាំ២០០៩។ ក្រុមហ៊ុនដែលមានតែឈ្មោះទាំងពីរនេះ (ឬក្រុមហ៊ុនដែលបានចុះបញ្ជីប៉ុន្តែមិនមានសកម្មភាព) ស្ថិតនៅក្នុងបញ្ជីរបស់ក្រុមហ៊ុនមេធាវី Mossack Fonseca ដែលក្រុមហ៊ុនមេធាវីនេះមានជាប់ទាក់ទិនខ្លាំងទៅនឹងបណ្តុំឯកសារដែលត្រូវបានគេទម្លាយ។ សមាគម ICIJ និយាយថា នៅពេលដែលលោក Xi Jinping បានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុននោះនៅអសកម្មនៅឡើយ។
ការលាតត្រដាងមួយចំនួននោះ មិនមែនជារឿងថ្មីទេ។ បណ្តុំឯកសារដែលបានបែកធ្លាយនោះក៏មាននិយាយពីព័ត៌មានលម្អិតពីលោក Patrick Henri Devillers ដែលជាអតីតដៃគូពាណិជ្ជកម្មរបស់ភរិយាលោក Bo Xilai ដែលជាប្រធានបក្ស Chongqing ដែលត្រូវបានគេបណ្តេញចេញពីតំណែង។
លោក Deng ដែលជាប្អូនថ្លៃលោកប្រធានាធិបតី Xi Jinping និង អ្នកស្រី Li Xiaolin កូនស្រីរបស់លោកនាយករដ្ឋមន្រ្តី Li Peng ត្រូវបានគេលើកឡើងនៅក្នុងឯកសារពីមុនៗដែលសមាគម ICIJ បានចេញផ្សាយផ្សាយអំពីភាគហ៊ុននៅក្រៅប្រទេស។
នៅខណៈពេលដែលមានអ្នកខ្លះអះអាងថា ព័ត៌មាននៅក្នុងឯកសារបែកធ្លាយទាំងនោះអាចមានប្រយោជន៍សម្រាប់អ្នកស៊ើបអង្កេតលើអំពើពុករលួយរបស់ប្រទេសចិនក៏ដោយ វាទំនងជាមិនមានការបន្តតាមដានលើការលាតត្រដាងនេះ ពីសំណាក់អាជ្ញាធរនៅក្នុងប្រទេសនេះទេ។
កាលពីថ្ងៃអង្គារ នៅក្នុងការឆ្លើយតបជាលើកដំបូងទៅនឹងសំណួរអំពីឯកសារទាំងនោះ លោក Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយដោយខ្លីថា៖ «រឿងចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ ខ្ញុំមិនគ្មានយោបល់ទេ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ