នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់ បានលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារ ដោយបានក្លាយទៅជាជនទីមួយដែលរងគ្រោះដោយសារការលាតត្រដាងឱ្យដឹងអំពីឯកសារពីប្រទេសប៉ាណាម៉ា ដែលភាសាអង់គ្លេសហៅថា Panama Papers អំពីការធ្វើវិនិយោគសម្ងាត់នៅក្រៅប្រទេសដោយក្រុមមនុស្សមានធនធានច្រើន មានអំណាច និងល្បីឈ្មោះ នៅទូទាំងពិភពលោក។
លោកនាយករដ្ឋមន្ត្រី Sigmundur David Gunnlaugsson បានលាលែងចេញពីតំណែងនៅក្រោយសំណុំឯកសារដែលបានត្រូវលេចឡើងចេញពីក្រុមហ៊ុនខាងច្បាប់មួយនៅក្នុងប្រទេសប៉ាណាម៉ា បានបង្ហាញថា ប្រពន្ធលោកគឺអ្នកស្រី Anna Sigurlaug Palsdottir មានក្រុមហ៊ុនមួយនៅក្នុងប្រជុំកោះ British Virgin ដែលមានការតម្កល់ប្រាក់ជាង៤លានដុល្លារ គឺមានច្រើនជាងអ្វីដែលធនាគាររបស់ប្រទេសនេះបានអនុញ្ញាត។
លោក Gunnlaugsson បាននិយាយថា ធនធានរបស់ប្រពន្ធលោកនៅក្រៅប្រទេសបានត្រូវបង់ពន្ធដារក្នុងប្រទេសអ៊ីស្លង់ ក៏ប៉ុន្តែពួកអ្នកប្រឆាំងនឹងលោកបានថ្លែងថា លោកគួរប្រាប់ឱ្យដឹងអំពីកម្មសិទ្ធិរបស់ប្រពន្ធលោកលើក្រុមហ៊ុននេះ ពីព្រោះរដ្ឋាភិបាលមានទាក់ទិននឹងការដោះស្រាយការទាមទារប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុដែលក្ស័យធន។
លោក Gunnlaugsson បានលាលែងចេញពីតំណែងនៅមុនមានការបោះឆ្នោតមិនទុកចិត្តលោក ដែលបានត្រូវគ្រោងនឹងធ្វើនៅក្នុងសភា ហើយគណបក្សជឿនលឿនដែលភាសាអង់គ្លេសហៅថា Progressive Party ដែលជាគណបក្សគ្រប់គ្រងប្រទេសបានតែងតាំងអនុប្រធានរបស់បក្សគឺលោក Sigurdur Ingi Johannsson ឱ្យបន្តតំណែងជាមេដឹកនាំថ្មីរបស់ប្រទេសនេះ៕