អង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នែកប្រឆំាងអំពើពុករលួយ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា ដែលមានឈ្មោះក្នុងឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា (Panama Papers) ដែលកំពុងធ្វើឲ្យមានការចាប់អារម្មណ៍នៅទូទាំងពិភពលោក។
ឯកសារសម្ងាត់ Panama Papers នេះដ៏ល្បីល្បាញនេះបង្ហាញថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាមានទិញភាគហ៊ុននៅឯបរទេស។ ក្រុមអ្នកជំនាញទាំងនេះក៏អះអាងផងដែរថា ការស៊ើបអង្កេតបែបនេះក៏នឹងជួយបកស្រាយចម្ងល់សាធារណជន ដែលកំពុងមានការសង្ស័យ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានប្រាប់ VOA នាថ្ងៃសុក្រនេះថា ការបើកការស៊ើបអង្កេតមួយលើករណីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា គឺជាការល្អមួយដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងបញ្ចប់ការសង្ស័យលើរដ្ឋមន្ត្រីរូបនេះ ឬក៏រកភស្តុតាងដើម្បីដាក់ទោសអ្នកប្រព្រឹត្តខុសនោះ។
លោក ព្រាប កុល ពន្យល់ថា៖«ខ្ញុំថាគួរ បើមានព័ត៌មាន មានអីបែបហ្នឹង ហើយដើម្បីរក្សាកិត្តិនាមរបស់មន្ត្រីរដ្ឋាភិបាល ឬក៏រកឱ្យឃើញនូវភាពពិតនៃព័ត៌មាន។ អាចគួរពិចារណា ហើយអង្គភាពដែលពាក់ព័ន្ធ គឺអង្គភាពប្រឆាំងនឹងអំពើពុករលួយ មានសមត្ថកិច្ច ពីព្រោះវាអាចពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបើសិនមួយទៀតគឺស្ថាប័នស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ។ យើងមិនទាន់អាចថាយ៉ាងម៉េចទេ គ្រាន់តែថា ព័ត៌មាននេះ គឺព័ត៌មានដែលប្រជាពលរដ្ឋយើងចង់ដឹង ហើយយើងអាចរកព័ត៌មានមួយ ដើម្បីមកបញ្ជាក់ឲ្យបានដឹងច្បាស់ក៏ជារឿងមួយល្អផងដែរ»។
ស្រដៀងគ្នានោះដែរ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានបញ្ជាក់ប្រាប់ VOA ផងដែរថា ការស៊ើបអង្កេតមួយនឹងជួយស្តារកិត្តិយសរបស់ប្រទេសជាតិ និងរដ្ឋាភិបាលខ្លួនឯងផងដែរ ប្រសិនបើលោក អង្គ វង្សវឌ្ឍនា ត្រូវរកឃើញថាស្អាតស្អំនោះ។
លោក សន ជ័យ ថ្លែងថា៖«រឿងដែលសំខាន់គឺសមត្ថកិច្ចនៅក្នុងប្រទេសដែលជាអ្នកអនុវត្តច្បាប់នៅកម្ពុជាហ្នឹងគឺ ACU ហ្នឹងឯង ត្រូវតែមានវិធានការ ដើម្បីស៊ើបអង្កេតបន្ថែមដែរ។ បើទោះបីជាមិនទាន់មានអ្នកប្តឹងក៏ដោយ ក៏ប៉ុន្តែអានេះ វាពាក់ព័ន្ធជាមួយកិត្តិយស និងមុខមាត់របស់ប្រទេសកម្ពុជាយើងដែរនៅលើឆាកអន្តរជាតិ ព្រោះអីមានឈ្មោះឧត្តមមន្ត្រីខ្មែរយើងម្នាក់ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ មិនមែនក្រសួងអីធម្មតាទេ គឺក្រសួងយុត្តិធម៌ទៀត ដែលត្រូវរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋយើង តែបែរជាស្ថិតក្នុងរឿងអាស្រូវបែបនេះ»។
ការលើកឡើងរបស់អ្នកជំនាញប្រឆំាងអំពើពុករលួយធ្វើឡើងមួយថ្ងៃ ក្រោយពីការលើកឡើងរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆំាងអំពើពុករលួយកម្ពុជាអំពីបញ្ហានេះ។ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទពិសេសមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អង្គភាពរបស់លោកកំពុងតែ«ធ្វើការ»លើករណីឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា ដែលគេហៅជាភាសាអង់គ្លេសថា Panama Papers នោះ។
ឯកសារនោះក៏បង្ហាញឈ្មោះលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា អង្គ វង្សវឌ្ឍនា ផងដែរ។ ក៏ប៉ុន្តែលោក ឱម យ៉ិនទៀង បញ្ជាក់ច្បាស់ថា ការណ៍នេះមិនមានន័យថា អង្គភាពរបស់លោក«បើកការស៊ើបអង្កេត»អ្វីនោះទេ។
លោក ឱម យ៉ិនទៀង ថ្លែងថា៖«ពាក្យស៊ើបអង្កេត គឺអត្ថន័យជំហានរបស់វា គឺជ្រៅជាង! ព្រោះអានេះជាដំណឹង អញ្ចឹងយើងស្វែងរកស្រាវជ្រាវ តើដំណឹងវាពិតប៉ុណ្ណា អាចទុកចិត្តបានទេ? ហើយបើទុកចិត្តបានហើយ យើងទៅជួបអ្នកណាទៀត យើងចេះតែអង្គៀកៗទៅមុខតិចៗទៅក្នុងគោលដៅដើម្បីអាចឃើញថា គួរតែបើកការស៊ើបអង្កេត ឬមិនបើក?»។
កាលពីដើមសប្តាហ៍នេះ ឯកសារសម្ងាត់ជាច្រើនពីប្រទេសប៉ាណាម៉ា ដែលគេហៅជាភាសាអង់គ្លេសថា Panama Papers ដ៏ល្បីល្បាញ ត្រូវបានផ្សាយដោយសមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិមួយក្រុម ឬ International Consortium of Investigative Journalists (ICIJ)។ ឯកសារនេះបង្ហាញថា មន្ត្រីជាន់ខ្ពស់ជាច្រើនលើពិភពលោក បានដាក់វិនិយោគទុននៅក្រៅស្រុកដោយសម្ងាត់ ដើម្បីគេចវេសពីការបង់ពន្ធអាករក្នុងស្រុក។
ក្នុងនោះ ICIJ បានបើកកកាយថាលោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ដែលកាន់តំណែងជារដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ចាប់តាំងពីឆ្នាំ២០០៤ បានប្រើប្រាស់ថវិកា៥.០០០ដុល្លារអាមេរិក ដើម្បីទិញភាគហ៊ុនចំនួន៥.០០០ហ៊ុន ក្នុងក្រុមហ៊ុនឈ្មោះ RCD International Limited ដែលមានមូលដ្ឋាននៅកោះ British Virgin Islands ដែលជាដែនដីឯនាយសមុទ្រ (overseas territory) របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៧។
VOA មិនអាចទាក់ទងលោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា និងមន្ត្រីក្រសួងយុត្តិធម៌ដើម្បីសុំការអធិប្បាយបានទេ កាលពីថ្ងៃសុក្រនេះ ដោយទូរស័ព្ទរោទិ៍ ប៉ុន្តែគ្មានអ្នកទទួល។
កាលពីថ្ងៃច័ន្ទកន្លងទៅ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ បានចេញសេចក្តីប្រកាសព័ត៌មានការពារលោក អង្គ វង្សវឌ្ឍនា ដោយលើកឡើងថា លោករដ្ឋមន្ត្រីរូបនេះមិនដែលបានស្គាល់ និងមិនដែលទិញហ៊ុនរបស់ក្រុមហ៊ុន RCD International Limited នៅ British Virgin Islands នេះទេ។ លោកចោទថា ព័ត៌មានដែលផ្សព្វផ្សាយនោះគឺ«ព័ត៌មានមិនពិតភូតកុហក ដែលធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់»លោករដ្ឋមន្ត្រី។
យ៉ាងណាក៏ដោយ លោក សន ជ័យ ថ្លែងថា ការលើកឡើងរបស់ក្រសួងយុត្តិធម៌ វាហាក់ដូចយឺតពេលបន្តិច និងមិនមានភាពច្បាស់លាស់ បើធៀបនឹងចំណាត់ការរបស់ប្រទេសនានាលើសាកលលោក។
លោកថា៖«បាទ! បើនិយាយពីប្រតិកម្មវិញ ឥឡូវយើងដឹងទាំងអស់គ្នាហើយថា ប្រតិកម្មពីរដ្ឋាភិបាលកម្ពុជាយើង មានការយឺតយាវដែរ ក្រៅតែពីឃើញឯកឧត្តម អង្គ វង្សវឌ្ឍនា តាមរយៈអ្នកនាំពាក្យរបស់គាត់ហ្នឹង ឃើញថាចេញសេចក្តីប្រកាសព័ត៌មានមួយបដិសេធចោល ឬការបង្ហាញនូវការលើកឡើងរបស់របាយការណ៍ Panama Papers ហ្នឹង។ ក៏ប៉ុន្តែប្រទេសថៃ គេចាត់ការភ្លាមតែម្តង មន្ត្រីគេកំពុងតែធ្វើការស៊ើបអង្កេតអារឿងហ្នឹង ពីព្រោះអីនៅប្រទេសថៃ វាទាក់ទងនឹងបុគ្គលសាធារណៈនៃប្រទេសថៃហ្នឹងតែម្តង»។
ក្រោយពីការលេចធ្លាយមក ឯកសារសម្ងាត់ឈ្មោះ Panama Papers បង្ហាញថាមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងពិភពលោក បានដាក់វិនិយោគទុននៅក្រៅស្រុកដោយសម្ងាត់ ដើម្បីគេចវេសពីការបង់ពន្ធអាករក្នុងស្រុក។ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់ (Iceland) បានលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានក្លាយទៅជាជនទីមួយដែលរងគ្រោះ ដោយសារការលាតត្រដាងឱ្យដឹងពីឯកសារប្រទេសប៉ាណាម៉ានេះ។
ជាមួយគ្នានោះដែរ ប្រទេសជាច្រើនក៏បានបើកការស៊ើបអង្កេតភ្លាមៗលើក្រុមមន្ត្រីរបស់ខ្លួនដែលមានឈ្មោះក្នុងឯកសារនោះ។ ដោយឡែកនៅប្រទេសចិន អាជ្ញាធរបានធ្វើការហាមប្រាមមិនឲ្យមានការជជែកពីបញ្ហាឯកសារដែលលេចធ្លាយនោះទេ៕