ការបែកធ្លាយឯកសារធនាគាដ៏ច្រើនសន្ធឹកសន្ធាប់មួយដែលគេស្គាល់ថាជា ឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា ឬ គេហៅជាភាសាអង់គ្លេសថា Panama Papers បានបង្ហាញឈ្មោះអ្នកជាប់ពាក់ព័ន្ធធំៗមួយចំនួននៅទ្វីបអាហ្រ្វិក។ ឯកសារដែលត្រូវគេអធិប្បាយថាជាការបែកធ្លាយដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនេះ បង្ហាញឲ្យដឹងពីអ្នកនយោបាយចំនួន១៤៣នាក់ រួមមានមេដឹកនាំពីប្រទេសចំនួន១២ បានប្រើប្រាស់ក្រុមហ៊ុននៅក្រៅប្រទេសជាកន្លែងសម្រាប់គេចវេះការបង់ពន្ធ និងវិធីសាស្ត្រផ្សេងទៀតដើម្បីចៀសវាងការបង់ពន្ធនិងការដាក់ទណ្ឌកម្ម។
ជនជាតិអាហ្វ្រិកដែលត្រូវបានបញ្ចេញឈ្មោះនៅក្នុងឯកសារនោះ រួមបញ្ចូលទាំងក្មួយប្រុសរបស់ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma បងប្អូនស្រីភ្លោះរបស់ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) លោក Joseph Kabila អតីតអភិបាលរដ្ឋ Delta ដែលសម្បូរទៅដោយប្រេងកាតរបស់ប្រទេសនីហ្សេរីយ៉ា (Nigeria) ដែលពេលនេះកំពុងជាប់ពន្ធនាគារ និងរដ្ឋមន្ត្រីផ្នែកប្រេងឥន្ធនៈនៃប្រទេសអង់ហ្គោឡា (Angola) ដែលជាប្រទេសផលិតប្រេងកាតធំលំដាប់ទីពីរបន្ទាប់ពីប្រទេសនីហ្សេរីយ៉ា។
លោក Stanley Achonu គឺជានាយកផ្នែកប្រតិបត្តិនៃអង្គការ Budgit ដែលជាអង្គការស៊ីវិលធ្វើការដើម្បីសម្រួលដល់ថវិកាសហព័ន្ធសម្រាប់ប្រជាជននីហ្សេរីយ៉ាសាមញ្ញទូទៅ។ លោកនិយាយថា នៅខណៈពេលដែលការប្រើប្រាស់ក្រុមហ៊ុននៅក្រៅប្រទេសមិនមែនជារឿងឧក្រិដ្ឋនោះ ការបែកធ្លាយនេះបញ្ជាក់ឲ្យឃើញពីអ្វីដែលជនជាតិអាហ្វ្រិកបានដឹងជាយូរមកហើយអំពីមេដឹកនាំរបស់ពួកគេមួយចំនួនថា ពួកគេបានប្រើប្រាស់គណនេយ្យធនាគារនៅក្រៅប្រទេសដើម្បីលាក់បាំងមូលនិធិសាធារណៈដែលពួកគេបានលួច។
លោកនិយាយថា៖ «នេះមិនមែនជារឿងថ្មីទេ។ ការបង្ហាញឲ្យឃើញនេះ គឺជាអ្វីដែលយើងបានដឹងជាទូទៅហើយ។ តែឥឡូវវាធ្វើឲ្យយើងយល់កាន់តែច្បាស់ពេលដែលយើងមានបញ្ជីជាក្រដាសជាក់ស្តែង ដើម្បីគាំទ្រទៅលើអ្វីដែលយើងបានដឹងឮកាលពីអតីតកាល»។
លោក James Ibori អភិបាលរដ្ឋ Delta ដែលសម្បូរដោយប្រេងកាតរបស់ប្រទេសនីហ្សេរីយ៉ាពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៧ បានសារភាពកំហុសនៅក្នុងតុលាការក្នុងទីក្រុងឡុងដ៍នៅឆ្នាំ២០១២ លើបទចោទផ្សំគំនិតក្នុងការឆបោកនិងបទល្មើសលាងលុយកខ្វក់។ លោក Ibori បានសារភាពថា បានប្រើប្រាស់តួនាទីរបស់លោកជាអភិបាលរដ្ឋ ដើម្បីទទួលនិងបង្វែរប្រាក់៧៥លានដុល្លារដោយពុករលួយ ចេញពីប្រទេសនីហ្សេរីយ៉ា តាមរយៈបណ្តាញមួយនៃក្រុមហ៊ុនមួយចំនួននៅក្រៅប្រទេស បើទោះជាក្រុមអាជ្ញាធរបានចោទប្រកាន់ថា ចំនួនទឹកប្រាក់សរុបដែលគាត់បានលួច ប្រហែលជាមានលើសពី២៥០លានដុល្លារក៏ដោយ។ លោក Ibori ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ។
លោក Achonu និយាយថា ទិន្នន័យដែលបានបែកធ្លាយនឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Muhammadu Buhari ក្នុងការស្តារឡើងវិញនូវមូលនិធិសាធារណៈដែលត្រូវបានលួច។
លោកថ្លែងថា៖ «នេះសបញ្ជាក់ចំពោះអ្វីដែលគាត់បាននិយាយកាលពីប៉ុន្មានខែមុននេះ អំពីចំនួនទឹកប្រាក់យ៉ាងច្រើនដែលត្រូវបានលួចដោយមន្ត្រីកាន់តំណែងដោយការបោះឆ្នោតនិងមន្ត្រីដែលត្រូវបានតែងតាំង។ ខ្ញុំជឿជាក់ថា ការបែកធ្លាយឯកសារនេះនឹងបន្ថែមភស្តុតាងបន្ថែមទៀតសម្រាប់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»។
ឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា ក៏បានបញ្ចេញឈ្មោះក្មួយប្រុសរបស់ប្រធានាធិតីអាហ្វ្រិកខាងត្បូង Jacob Zuma ផងដែរ។
ក្មួយរបស់លោក Zuma ឈ្មោះ Khulubuse Zuma ត្រូវបានចុះក្នុងបញ្ជីថាជាអ្នកតំណាងឲ្យក្រុមហ៊ុនឈ្មោះ Caprikat Limited ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននៅបរទេសចំនួនពីរ ដែលទទួលរងការចោទប្រកាន់ថា បានកាន់កាប់តំបន់ប្រេងកាតនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងកិច្ចព្រមព្រៀងមួយមានទឹកប្រាក់ ៦,៨លានដុល្លារនៅឆ្នាំ២០១០។ ក្រុមហ៊ុន Caprikat ត្រូវបានចុះបញ្ជីនៅក្នុងកោះ British Virgin ដែលជាកន្លែងសម្រាប់ចៀសវាងការបង់ពន្ធដ៏ចម្បងមួយ ដែលជាប់ទាក់ទិននឹងឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា។
លោក Vuyo Mkhize អ្នកនាំពាក្យរបស់លោក Khulubuse Zuma បាននិយាយកាលពីថ្ងៃច័ន្ទថា លោក Khulubuse Zuma គឺមិនមាន ហើយក៏មិនធ្លាប់មានគណនេយ្យធនាគារនៅក្រៅប្រទេសដែរ ហើយថាឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា គ្រាន់តែលើកឡើងថាគាត់មានជាប់ទាក់ទងជាមួយក្រុមហ៊ុន Caprikat ប៉ុណ្ណោះ ដែលនោះគឺគ្រាន់តែជារឿងឯកសារសាធារណៈ។
ការបញ្ចេញឈ្មោះទាំងនេះ មិនអាចកើតមាននៅចំពេលដ៏អាក្រក់សម្រាប់ប្រធានាធិបតី Jacob Zuma ទេ ខណៈពេលដែលរដ្ឋសភាគ្រោងនឹងបើកការពិភាក្សាសួរដេញដោលកាលពីថ្ងៃអង្គារ ទៅតាមបណ្តឹងរបស់គណបក្សប្រឆាំងដែលបានប្តឹងលោកពីការរំលោភរដ្ឋធម្មនុញ្ញ។
តុលាការធម្មនុញ្ញបានចេញសេចក្តីសម្រេចកាលពីសប្តាហ៍មុនថា លោក Zuma «ខកខានមិនបានធ្វើតាម មិនបានការពារ និងមិនបានគោរពតាមរដ្ឋធម្មនុញ្ញ» ដោយការខកខានមិនបានបង់ប្រាក់ខ្លះនៃមូលនិធិសាធារណៈទៅឲ្យរដ្ឋវិញ ដែលប្រាក់ទាំងនោះត្រូវបានប្រើប្រាស់ដើម្បីធ្វើទំនើបកម្មផ្ទះឯកជនរបស់លោកទៅវិញ។
លោក Zuma បានថ្លែងតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រជាជាតិលោកកាលពីសប្តាហ៍មុនថា លោក «មិនបានដឹងឬរៀបចំគម្រោងដើម្បីរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់សាធារណរដ្ឋនេះ ដោយចេតនានោះទេ»។ លោក Achonu និយាយថា វាជិតដល់ពេលដែលប្រជាជនអាហ្វ្រិកខាងត្បូងត្រូវធ្វើការសម្រេចចិត្តថាត្រូវធ្វើអ្វីទៀតទៅលើប្រធានាធិបតីរបស់ខ្លួន។
លោក Achonu និយាយថា៖ «សម្រាប់ខ្ញុំ វាមិនមែនសម្រាប់តែប្រទេសអាហ្វ្រិកខាងត្បូងមួយទេ។ វាគឺទាក់ទងទៅនឹងតួនាទីធំជាងនេះ ដែលប្រទេសអាហ្វ្រិកខាងត្បូងមាននៅក្នុងទ្វីបនេះ គឺថាអាហ្វ្រិកខាងត្បូងគឺជាប្រទេសធំជាងគេមួយឈរលំដាប់ទីពីរបន្ទាប់ពីនីហ្សេរីយ៉ា។ ប្រទេសអាហ្វ្រិកខាងត្បូងមិនអាចមានលទ្ធភាពមានប្រធានាធិបតីដែលត្រូវបានប្រឡាក់គ្រប់ជ្រុងទាំងអស់ទាក់ទិននឹងរឿងអាស្រូវទេ»។
ឯកសារនោះក៏បានលើកឡើងពីឈ្មោះ Jaynet Désirée Kabila ដែលជាប្អូនស្រីភ្លោះរបស់ប្រធានាធិបតី Joseph Kabila នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ។ លោកស្រីគឺជាសមាជិកនៃរដ្ឋសភាតាំងពីឆ្នាំ២០១២មកម្ល៉េះ។ លោកស្រីត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុន Keratsu Holding Limited ដេលជាក្រុមហ៊ុនមួយចុះបញ្ជីនៅតំបន់ប៉ាស៊ីហ្វិក គឺនៅកោះ Niue កាលពីខែមិថុនា ឆ្នាំ២០០១ គឺនៅប៉ុន្មានខែមុនពេលបងប្រុសរបស់លោកស្រីត្រូវបានបោះឆ្នោតជាប្រធានាធិបតី។ ប្រធានាធិបតី Kyungu មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់នេះនៅឡើយទេ។
លោក Achonu និយាយថា នៅខណៈពេលដែលការប្រើប្រាស់ទីកន្លែងនៅក្រៅប្រទេសមិនមែនជារឿងឧក្រិដ្ឋនោះ ការបែកធ្លាយឯកសារសម្ងាត់នេះបញ្ជាក់ពីអ្វីដែលជនជាតិអាហ្វ្រិកទាំងអស់បានដឹងជាហូរហែអំពីមេដឹកនាំរបស់ពួកគេមួយចំនួន គឺថាពួកគេបានប្រើប្រាស់គណនេយ្យធនាគារនៅក្រៅប្រទេសទាំងនោះដើម្បីបិទបាំងមូលនិធិសាធារណៈដែលពួកគេបានលួច។
«ខ្ញុំមិនចង់ឲ្យមានការកំហិតឯកសារដែលបានចេញផ្សាយនោះ ឲ្យនៅត្រឹមតែបញ្ហាការគេចពន្ធទេ។ ជាពិសេសក្នុងទ្វីបអាហ្វ្រិក វាទំនងជាមានករណីដែលមនុស្សបានលួចមូលនិធិសាធារណៈ ដែលពួកគេមិនអាចកែសម្រួលបានដោយការប្រើប្រាស់ចំណូលជាទៀតទាត់ពីតួនាទីដែលពួកគេមាននៅក្នុងជួររដ្ឋាភិបាល ហើយពេលនេះពួកគេព្យាយាមលាក់ទុកទ្រព្យសម្បត្តិ និងធនធានរបស់ពួកគេ តាមរយៈក្រុមហ៊ុននៅក្រៅប្រទេស»។
ជនជាតិអាហ្វ្រិកមួយចំនួនទៀតដែលត្រូវបានបញ្ចេញឈ្មោះនៅក្នុងឯកសារបែកធ្លាយនោះ មានរួមបញ្ចូលទាំងលោក Kalpana Rawal អនុប្រធានផ្នែកយុត្តិធម៌របស់ប្រទេសកេនយ៉ា និងស្ត្រីពោះម៉ាយ Mamadie Touré ដែលជាអតីតភរិយារបស់លោក Lansana Conte ប្រធានាធិបតីនៃប្រទេសហ្គីណេ (Guinea)។
អត្ថបទមួយរបស់ទស្សនាវដ្តី Newsweek បានសរសេរថា អាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់លោកស្រី Touré ថាបានទទួលប្រាក់ចំនួន ៥,៣លានដុល្លារជាការសូកប៉ាន់ ដើម្បីជួយក្រុមហ៊ុនជីករ៉ែមួយឲ្យទទួលបានសិទ្ធិក្នុងការជីកយកបណ្តុំរ៉ែនៅក្នុងតំបន់សម្បូរទៅដោយរ៉ែដែកជាងគេរបស់ពិភពលោក។
អត្ថបទនោះសរសេរថា នៅឆ្នាំ២០១៤ អាជ្ញាធរអាមេរិកបានវាយឆ្មក់ចូលផ្ទះរបស់លោកស្រី Touré ក្នុងរដ្ឋ Florida ដោយបានរឹបអូសយកទ្រព្យសម្បត្តិ សម្ភារៈភោជនីយដ្ឋាន និងម៉ាស៊ីកក្លាហ្សេការ៉េម ដែលសរុបទៅមានតម្លៃជាង១លានដុល្លារ។
កូនប្រុសរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ Kofi Annan ក៏ត្រូវបានបញ្ចេញឈ្មោះនៅក្នុងឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ានោះដែរ។
យោងតាមទស្សនាវដ្តី Newsweek ក្រុមហ៊ុន Cotecna របស់ប្រទេសស្វ៊ីស បានជួលលោក Kojo Annan នៅឆ្នាំ១៩៩៥ ដើម្បីធ្វើការនៅក្នុងប្រទេសនីហ្សេរីយ៉ា។ នៅដើមឆ្នាំ១៩៩៨ លោកបានលាចេញពីការងារនោះ ហើយបានក្លាយជាទីប្រឹក្សារបស់ក្រុមហ៊ុន Cotecna នេះ។ ប៉ុន្មានខែក្រោយមក អង្គការសហប្រជាជាតិបានផ្តល់រង្វាន់ឲ្យក្រុមហ៊ុននេះនូវដោយផ្តល់កិច្ចសន្យាដែលជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌មួយឈ្មោះ «ប្រេងសម្រាប់អាហារ» នៅប្រទេសអ៊ីរ៉ាក់ ដែលការណ៍នេះ បានធ្វើឲ្យមានការចោទប្រកាន់អំពីភាពមិនសមរម្យ។ ក្រុមពិភាក្សាឯករាជ្យមួយបានស៊ើបអង្កេតលើកម្មវិធីនេះ ដែលរួមមានទាំងលោក Kojo Annan ផង ហើយបានចេញរបាយការណ៍មួយនៅឆ្នាំ២០០៥ ក៏ប៉ុន្តែការស៊ើបអង្កេតនោះរកឃើញថា មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា លោក Kojo Annan បានព្យាយាមប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ឬប្រើប្រាស់ទំនាក់ទំនងគ្រួសារដើម្បីទទួលបានផលពីកម្មវិធីនោះទេ។
លោក Alaa Mubarak កូនប្រុសរបស់អតីតប្រធានាធិបតី Hosni Mubarak នៃប្រទេសអេហ្ស៊ីបក៏ត្រូវបានបញ្ចេញឈ្មោះនៅក្នុងការបែកធ្លាយឯកសារសម្ងាត់ពីប្រទេសប៉ាណាម៉ាដែរ ព្រមទាំងលោក Ian Stuart Kirby ប្រធានតុលាការឧទ្ធរណ៍នៃប្រទេសបុតស្វាណា (Botswana) ក៏ដូចជាលោក Attan Shansonga អតីតឯកអគ្គរដ្ឋទូតរបស់ប្រទេសសំប៊ី (Zambia) ប្រចាំសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួលដោយ នៀម ឆេង