ទីភ្នាក់ងារសហព័ន្ធនៅក្នុងប្រទេសប៉ាណាម៉ា បានវាយឆ្មក់ការិយាល័យរបស់ក្រុមហ៊ុនច្បាប់ Mossack Fonseca ដែលជាប់ពាក់ព័ន្ធជាមួយ គណនីនៅឯបរទេសមួយចំនួនទាក់ទងនឹងមេដឹកនាំក្នុងពិភពលោក។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសប៉ាណាម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួករដ្ឋអាជ្ញានិងប៉ូលិស បានឆែកឆេររកភស្តុតាងដែលអាចឲ្យក្រុមហ៊ុននោះប្រើប្រាស់សម្រាប់ធ្វើសកម្មភាពខុសច្បាប់។ ក្រុមហ៊ុនច្បាប់ Mossack Fonseca បានរងការចោទប្រកាន់ពីការជួយទៅលើការគេចពន្ធនិងការបន្លំលួចពន្ធ។
ក្រុមមន្រ្តី បានជួបជំុទីស្នាក់ការធំរបស់ក្រុមហ៊ុនច្បាប់នោះកាលពីយប់ថ្ងៃអង្គារដើម្បីឆែកឆេរការិយាល័យរកភស្តុតាងគាំទ្រការចោទប្រកាន់។ក្នុងខណៈនោះដែរ ក្រុមហ៊ុនច្បាប់នោះ បានចុះផ្សាយនៅក្នុងប្រព័ន្ធ Twitterថា ខ្លួន នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរនៅក្នុងការស៊ើបអង្កេតនេះ។
«ឯកសារប៉ាណាម៉ា» ដែលគេបាននិយាយនោះ បានបែកធ្លាយនៅលើប្រព័ន្ធអុីនធឺណិត កាលពីមួយជាងសប្តាហ៍មុន ដែលក្នុងនោះមានឯកសារសំខាន់ពីក្រុមហ៊ុន Mossack Fonseca ចង្អុលបង្ហាញថាខ្លួន បានបង្កើតទីកន្លែងគេចពន្ធនៅឯបរទេសសម្រាប់អតិថិជនអន្តរជាតិដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើន។
លោក Ramon Fonseca ម្ចាស់ក្រុមហ៊ុននោះ បាននិយាយថា ក្រុមហ៊ុនមិនបានរំលោភច្បាប់ហើយមិនបានកម្ទេចឯកសារទេ។
អតិថិជនរបស់ក្រុមហ៊ុនច្បាប់នោះរួមមាន ប្រធានាធិបតី Petro Poroshenko នៃប្រ ទេសអ៊ុយក្រែន មិត្តភ័ក្រ្តរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin សាច់ញាតិរបស់នាយករដ្ឋមន្រ្តី David Cameron នៃប្រទេសអង់គ្លេស នាយករដ្ឋមន្រ្តី Nawaz Sharif នៃប្រទេសប៉ាគីស្ថាន ហើយនិងប្រធានាធិបតី ស៊ី ជីងពីងនៃប្រទេសចិន៕