នៅថ្ងៃចន្ទនេះ ក្រុមប្រទេស G-7 បានទាមទារឱ្យមានការផ្ដល់លទ្ធភាពដោយគ្មានការរារាំងឱ្យក្រុមការងាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចូលទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលត្រួតត្រាដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមនាយកផ្នែកការមិនរីកសាយភាយអាវុធនៃក្រុមប្រទេស G-7 បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមការងាររបស់ទីភ្នាក់ងារ IAEA ត្រូវតែអាចចូលទៅកាន់រោងចក្រនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនឱ្យបានទាន់ពេលវេលានិងមានសុវត្ថិភាព និង «ដោយគ្មានការរារាំង»។
ពួកគេបានបន្ថែមថា ក្រុមការងាររបស់ទីភ្នាក់ងារ IAEA ក៏គួរត្រូវបានគេអនុញ្ញាតផងដែរឱ្យ «ចូលរួមដោយផ្ទាល់និងដោយគ្មានការបង្អាក់ជាមួយនឹងបុគ្គលិករបស់អ៊ុយក្រែនដែលទទួលខុសត្រូវលើការធ្វើប្រតិបត្តិការរោងចក្រទាំងនេះ»។
ក្រុមនាយកនេះបានបញ្ជាក់បន្តថា ការត្រួតត្រាជាបន្តរបស់កងទ័ពរុស្ស៊ីលើរោងចក្រនេះបានបង្កឱ្យមាន «ការគំរាមកំហែងធ្ងន់ធ្ងរ» ចំពោះ «សុវត្ថិភាពនិងសន្តិសុខនៃរោងចក្រទាំងនេះ»។
ពួកគេបានព្រមានថា៖ «ទង្វើទាំងនេះបានបង្កើនច្រើនគួរសមនូវហានិភ័យនៃគ្រោះថ្នាក់ ឬក៏ឧបទ្ទវហេតុនុយក្លេអ៊ែរ និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ៊ុយក្រែន ប្រទេសជិតខាងអ៊ុយក្រែន និងសហគមន៍អន្តរជាតិ»។
ក្រុមនេះបានលើកឡើងថា គេមិនគួរប្រើរោងចក្រនុយក្លេអ៊ែរនេះសម្រាប់សកម្មភាពយោធា ឬក៏សម្រាប់ការស្ដុកទុកនូវសព្វាវុធណាមួយទេ៕
ក្រុមប្រទេស G-7 ទាមទារឱ្យទីភ្នាក់ងារ IAEA បានចូលទៅកាន់រោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនដោយគ្មានការរារាំង
ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ —