ប្រទេសអ៊ុយក្រែនបានរាយការណ៍ថាប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារថ្មីតាមផ្លូវអាកាសនៅថ្ងៃចន្ទនេះនៅជិតទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។
ការលើកឡើងរបស់អ៊ុយក្រែននេះបានធ្វើឡើង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានថារុស្ស៊ីអាចធ្វើសកម្មភាពណាមួយនៅពេលដែលអ៊ុយក្រែនកំពុងត្រៀមប្រារព្ធទិវាឯករាជ្យរបស់ខ្លួន។ អ៊ុយក្រែននឹងប្រារព្ធទិវាឯករាជ្យរបស់ខ្លួននៅថ្ងៃពុធខាងមុខ។
អភិបាលតំបន់លោក Valentyn Reznichenko បាននិយាយថា ការវាយប្រហារដោយរ៉ុក្កែតរបស់រុស្ស៊ីបានប៉ះចំតំបន់នៅភាគខាងលិចរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។ លោក Reznichenko ថា រ៉ុក្កែតទាំងនោះបានប៉ះចំផ្ទះប្រជាពលរដ្ឋ សាលាមត្តេយ្យមួយកន្លែង និងហាងមួយចំនួន។
កន្លងមក រុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកទាក់ទិននឹងការបាញ់ផ្លោងម្ដងហើយម្ដងទៀតនៅជិតរោងចក្រនុយក្លេអ៊ែរនោះ។ អ៊ុយក្រែនបានស្នើអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗឱ្យបង្ខំរុស្ស៊ីឱ្យចាកចេញពីរោងចក្រនោះ។ រុស្ស៊ីបានត្រួតត្រារោងចក្រនោះតាំងពីខែមីនាមក បើទោះបីជាអ្នកបច្ចេកទេសអ៊ុយក្រែននៅធ្វើជាអ្នកប្រតិបត្តិការលើរោងចក្រនោះក៏ដោយ។
សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានពិភាក្សាគ្នាអំពីស្ថានការណ៍នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។
សេចក្ដីថ្លែងការណ៍របស់សេតវិមានថា មេដឹកនាំទាំង ៤ រូបបានពិភាក្សាគ្នាអំពី «តម្រូវការចាំបាច់នៅក្នុងការបញ្ចៀសមិនឱ្យមានប្រតិបត្តិការយោធាណាមួយនៅជិតរោងចក្រនោះ និងសារៈសំខាន់នៃការមានទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបានដើម្បីពិនិត្យឱ្យបានច្បាស់នូវស្ថានភាពនៃប្រព័ន្ធសុវត្ថិភាព [នៅរោងចក្រនោះ]»។
កាលពីយប់ថ្ងៃអាទិត្យ លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកថា លោកបាននិយាយជាមួយនឹងលោក Macron អំពី «ការគំរាមកំហែងទាំងអស់» ដែលបង្កឡើងដោយរុស្ស៊ី និងថា សារស្រដៀងគ្នានេះដែរត្រូវបានបញ្ជូនទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។