ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ជំរុញ​ឱ្យ​មាន​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ចំ​ពេល​មាន​ក្ដី​បារម្ភ​រឿង​បាញ់​ផ្លោង​នៅ​រោងចក្រ​នុយក្លេអ៊ែរ


រូប​ឯកសារ៖ ទាហាន​រុស្ស៊ី​ម្នាក់​ឈរ​យាម​នៅ​តំបន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​កំពុង​ត្រូវ​កាន់កាប់​ដោយ​យោធា​រុស្ស៊ី នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ទាហាន​រុស្ស៊ី​ម្នាក់​ឈរ​យាម​នៅ​តំបន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​កំពុង​ត្រូវ​កាន់កាប់​ដោយ​យោធា​រុស្ស៊ី នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​វិស័យ​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី នៅ​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​បាញ់​ផ្លោង​នៅ​ឯ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ លោក Zelenskyy បាន​ព្រមាន​អំពី «មហន្តរាយ» ដែល​អាច​កើតឡើង​ដែល​នឹង​គំរាមកំហែង​ដល់​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់។

លោក Zelenskyy បាន​និយាយ​ដូច្នេះ​ថា៖ «ប្រសិនបើ​នៅ​ពេល​ឥឡូវ​នេះ​ពិភពលោក​មិន​បង្ហាញ​កម្លាំង​និង​ភាព​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​ការពារ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​មួយ​ទេ នោះ​វា​មាន​ន័យ​ថា​ពិភពលោក​បាន​បរាជ័យ»។

ទាំង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​សុទ្ធតែ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​បាញ់​ផ្លោង​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia។

ការ​ចោទ​ប្រកាន់​នេះ​បាន​បន្ត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​មន្ត្រី​ម្នាក់​ដែល​តែងតាំង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Enerhodar ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​គ្រាប់​ផ្លោង​របស់​អ៊ុយក្រែន​បាន​ធ្លាក់​នៅ​ជិត​រោងចក្រ​នោះ។ ចំណែក​ឯ​មន្ត្រី​អ៊ុយក្រែន​វិញ​បាន​បញ្ជាក់​ថា ការ​បាញ់​ផ្លោង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​ដើម្បី​ប៉ុនប៉ង​ធ្វើ​យ៉ាង​ណា​ឱ្យ​មើល​ទៅ​ដូច​អ៊ុយក្រែន​ជា​អ្នក​វាយ​ប្រហារ​អ៊ីចឹង​ដែរ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksii Reznikov បាន​ប្រាប់ VOA ផ្នែក​ភាសា​អ៊ុយក្រែន​ថា ការណ៍​ដែល​ថា​ អ៊ុយក្រែន​បាញ់​ផ្លោង​លើ​រោងចក្រ​នោះ​គឺ «មិន​ទំនង​នោះ​ទេ» ដោយ​ហេតុ​ថា «នៅ​ពេល​បច្ចុប្បន្ន​នេះ អ៊ុយក្រែន​យល់​អំពី​កម្រិត​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ទាំងស្រុង​លើ​មនុស្ស​ជាតិ។ យើង​បាន​រស់រាន​មាន​ជីវិត​ពី​សោកនាដកម្ម​រោងចក្រ​នុយក្លេអ៊ែរ Chernobyl ឆ្នាំ​១៩៨៦។ អ៊ុយក្រែន​គឺ​ជា​អ្នក​ដែល​យល់​មុន​គេ​អំពី​សោកនាដកម្ម Chernobyl នេះ។ នៅ​ពេល​នោះ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ការ​បញ្ចេញ​ចំហាយ​វិទ្យុ​សកម្ម​ពី​រោងចក្រ​នោះ»។

លោក Reznikov បាន​បន្ថែម​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​យើង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​រឿង​នេះ។ យើង​មិន​ត្រឹមតែ​ស្នើ [ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA)] ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ស្នើ​សហគមន៍​អន្តរជាតិ​ទាំង​មូល​ផង​ដែរ​ឱ្យ​ធ្វើ​អន្តរាគមន៍​និង​ជះ​ឥទ្ធិពល​ដើម្បី​កុំ​ឱ្យ​រឿង​នេះ​ក្លាយជា​មូលហេតុ​មួយ​ទៀត​នៃ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ទ្វីប​អឺរ៉ុប»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG