លោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ក្រុមរបស់លោកកំពុងធ្វើដំណើរទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន ដែលស្ថិតនៅខ្សែបន្ទាត់ជួរមុខនៃការឈ្លានពានរបស់រុស្ស៊ីនៅទីនោះ។
លោក Grossi បានសរសេរនៅលើ Twitter ថា លោកកំពុងដឹកនាំក្រុមរបស់លោកធ្វើដំណើរទៅកាន់រោងចក្រនេះ ដែលនឹងធ្វើដំណើរទៅដល់ «ក្នុងពេលខាងមុខនៃសប្ដាហ៍នេះ»។
លោកបានបន្ថែមថា៖ «យើងត្រូវតែការពារសុវត្ថិភាពនិងសន្តិសុខរបស់រោងចក្រនុយក្លេអ៊ែរដ៏ធំជាងគេបំផុតរបស់អ៊ុយក្រែននិងទ្វីបអឺរ៉ុបនេះ»។
ទីភ្នាក់ងារ IAEA បានបញ្ជាក់ថា បេសកកម្មនេះនឹងផ្ដោតលើការវាយតម្លៃលើការខូចខាតនៃអាគាររោងចក្រនេះ ការកំណត់លើភាពដែលអាចដំណើរការបាននៃប្រព័ន្ធសុវត្ថិភាពនិងសន្តិសុខ ការវាយតម្លៃលើស្ថានភាពរបស់បុគ្គលិកនៃរោងចក្រនេះ និងការអនុវត្ត «សកម្មភាពនៃវិធានការការពារបន្ទាន់»។
ប្រទេសរុស្ស៊ីបានត្រួតត្រាទីតាំងរោងចក្រនេះតាំងពីដំណាក់កាលដំបូងៗនៃការឈ្លានពានរបស់ខ្លួនក្នុងរយៈពេល ៦ ខែកន្លងមកនេះនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែវិស្វករអ៊ុយក្រែនគឺជាអ្នកដែលធ្វើប្រតិបត្តិការលើរោងចក្រនេះ។
បើទោះបីជាមានការវាយប្រហារជាច្រើននៅក្នុងតំបន់រោងចក្រនោះដែលរុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកប្រព្រឹត្តិក៏ដោយ ក៏លោក Grossi ថា អ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារ IAEA ថា៖ «ប្រព័ន្ធសុវត្ថិភាពទាំងអស់នៅដំណើរការដូចធម្មតា ហើយមិនមានការកើនឡើងនៃកម្រិតចំហាយវិទ្យុសកម្មនោះទេ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។