ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ជំរុញ​លោក Putin ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន


រូបសញ្ញា​​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ត្រូវ​បាន​គេ​ឃើញ​ព្យួរ​នៅ​អគារ​​មួយ​ក្នុង​ទី​ក្រុង Enerhodar ក្នុង​តំបន់​ Zaporizhzhia ដែល​ត្រូវ​គ្រប់គ្រង​ដោយ​រុស្ស៊ី នៅ​​​ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២២។
រូបសញ្ញា​​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ត្រូវ​បាន​គេ​ឃើញ​ព្យួរ​នៅ​អគារ​​មួយ​ក្នុង​ទី​ក្រុង Enerhodar ក្នុង​តំបន់​ Zaporizhzhia ដែល​ត្រូវ​គ្រប់គ្រង​ដោយ​រុស្ស៊ី នៅ​​​ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២២។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​អ្នកស្រី Michelle Bachelet នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «បញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​យោធា​លើ​ប្រទេស​អ៊ុយក្រែន»។ អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​រយៈពេល ៦ ខែ​គត់។

អ្នកស្រី Bachelet បាន​លើកឡើង​អំពី​ស្ថានការណ៍​ទាក់ទិន​នឹង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​អ៊ុយក្រែន ដោយ​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​នោះ​កំពុង​បង្ក​ឱ្យ​មាន «ហានិភ័យ​ដែល​មិន​អាច​គិត​ដល់» ចំពោះ​ជន​ស៊ីវិល​និង​បរិស្ថាន។

កន្លង​មក រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​វាយ​ប្រហារ​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​នោះ ហើយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) បាន​បញ្ជាក់​ថា ខ្លួន​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​បញ្ជូន​ក្រុម​ការងារ​ទៅ​កាន់​ទីតាំង​រោងចក្រ​នោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ថា​រោងចក្រ​នោះ​មាន​សុវត្ថិភាព។

អ្នកស្រី Bachelet ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទាំង​កងទ័ព​រុស្ស៊ី​និង​កងទ័ព​អ៊ុយក្រែន​ត្រូវតែ​គោរព​តាម​ច្បាប់​សិទ្ធិ​មនុស្សធម៌​អន្តរជាតិ ហើយ​សហគមន៍​អន្តរជាតិ​ត្រូវតែ​ធានា​ថា​អ្នក​ដែល​រំលោភ​លើ​ច្បាប់​សិទ្ធិ​មនុស្សធម៌​អន្តរជាតិ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ មន្ត្រី​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ឯ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​បាន​កើន​ដល់​ចំនួន ២៥ នាក់ បន្ទាប់ពី​គេ​បាន​រក​ឃើញ​សាកសព​មួយ​ចំនួន​បន្ថែម​ទៀត​នៅ​ក្នុង​កម្ទេច​ថ្ម​បាក់បែក​ក្នុង​ក្រុង Chaplyne។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​លើ Twitter កាលពី​ថ្ងៃ​ពុធ​ថា៖ «ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​គឺ​មាន​លំនាំ​ដូច​ទៅ​នឹង​អំពើ​ឃោរឃៅ។ សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​ដៃគូ​នានា​នៅ​ជុំវិញ​ពិភពលោក​នឹង​បន្ត​គាំទ្រ​ប្រទេស​អ៊ុយក្រែន​និង​ស្វះស្វែង​ធ្វើ​យ៉ាង​ណា​ឱ្យ​មន្ត្រី​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG