ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា៖ «គ្មានឧបសគ្គអ្វីដើម្បីរារាំងបេសកកម្មរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មិនឱ្យទៅដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia NPP នោះទេ»។
លោកបានថ្លែងទៀតថា៖ «រុស្ស៊ីត្រូវតែអនុញ្ញាតជាបន្ទាន់និងគ្មានលក្ខខណ្ឌឱ្យអ្នកតំណាងរបស់ IAEA ធ្វើដំណើរទៅកាន់រោងចក្រនោះ។»
លោក Zelenskyy បានថ្លែងថា៖ «រុស្ស៊ីត្រូវតែអនុញ្ញាតជាបន្ទាន់និងគ្មានលក្ខខណ្ឌឱ្យតំណាងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ធ្វើដំណើរទៅកាន់រោងចក្រហើយនឹងដកកងទ័ពរបស់ខ្លួនជាបន្ទាន់និងគ្មានលក្ខខណ្ឌចេញពីរោងចក្រនោះ។ ពិភពលោកមានអំណាចដើម្បីធានាឱ្យមានរឿងនេះ។ ប្រសិនបើ ពិភពលោកមិនធានាបានទេ យើងអាចយកឯកសារអន្តរជាតិស្តីពីសុវត្ថិភាពនុយក្លេអ៊ែរនិងវិទ្យុសកម្មរបស់ទីភ្នាក់ងារនោះទាំងអស់ ទៅគ្រវាត់ចោលក្នុងធុងសំរាម។ រុស្ស៊ីកំពុងបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ។
នៅពេលព្រឹកនេះ លោក Zelenskyy បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគីលោកRecep Tayyip Erdogan នៅក្នុងទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន។
លោក Zelensky បានថ្លែងថា៖ «ខ្ញុំបានធ្វើការចរចាយ៉ាងច្រើនស្តីពីប្រធានបទជាច្រើនជាមួយប្រធានាធិបតីតួកគីលោក Erdogan។ ខ្ញុំថ្លែងអំណរគុណលោកចំពោះការគាំទ្រមិនងាករេចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសយើង។ យើងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារប្រទេស សេដ្ឋកិច្ចនិងថាមពល»។
នៅព្រឹកថ្ងៃដដែលនេះ លោក Guterresបានអំពាវនាវធ្វើឱ្យទីកន្លែងរោងចក្រថាមពល Zaporizhzhia ក្លាយជាទីកន្លែងគ្មានយោធា ដោយដកចេញឧបករណ៍យោធានិងបុគ្គលិកយោធា៕