ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសារព័ត៌មាន​មិន​ជាប់​កុងត្រា​ប្រឈម​បញ្ហា ក្រោយ​បាត់បង់​ស្ថាប័ន​វីអូឌី


រូបឯកសារ៖ បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។

មិន​មាន​ស្ថាប័នសារព័ត៌មាន​ច្រើន​នោះ​ទេ​សម្រាប់​ កញ្ញា ស៊ើង និមល់ ដែល​ជា​អ្នក​សារ​ព័ត៌មាន​វ័យ​ក្មេង​មួយ​រូប ដែលចូល​ចិត្ត​សរសេរ​ព័ត៌​មាន​អំពី​ភាព​អយត្តិធម៌​ក្នុង​សង្គម។

​និស្សិត​មហា​វិទ្យាល័យ​វ័យ ២៣ ឆ្នាំរូបនេះ ដែលកំពុង​កសាង​អាជីព​ជា​អ្នក​សារ​ព័ត៌​មាន​វិជ្ជាជីវៈ​ម្នាក់ បាន​បាត់​បង់​ស្ថាប័ន​ដែល​កញ្ញា​អាច​សរសេរ​ព័ត៌មាន​ឱ្យ​ ដូច​អ្នក​សារព័ត៌មាន​ Freelance ផ្សេង​ទៀត ឬ​ហៅ​ថា​ជា​អ្នក​សារ​ព័ត៌​មានមិនជាប់កុងត្រា ក្រោយ​រដ្ឋាភិបាលបានបញ្ជាឲ្យ​បិទ​ស្ថាប័នសារព័ត៌មាន​វីអូឌី (VOD)។

កញ្ញា​ថ្លែង​ថា៖ «ក្រោយ​បិទ​វីអូឌី​នេះ​ យើង​ក៏​បាត់​ទីតាំង​មួយ ​ដែល​យើង​ផ្តល់​អត្ថ​បទ​លក់​ទៅ​ឱ្យ​ដែរ ​ព្រោះ​នៅ​ក្នុង​ស្រុក​ខ្មែរ​ បើ​តាម​ខ្ញុំដឹង ​គឺ​មាន​តែ​ពីរ​ទេ គឺ​វីអូឌី និង​ខេម​បូចា​។ ហើយ​វីអូឌី ជា​ទីតាំង​មួយ ដែល​គាត់​ទទួល​យក​រឿង​គ្រប់​ប្រភេទ ពាក់​ព័ន្ធ​បញ្ហា​សង្គម»។

ការ​បិទ​ស្ថាប័នសារព័ត៌មាន​វីអូឌី​បណ្តាល​ឱ្យប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន​ជាង​ ៣០ ​រូប រួមទាំង​អ្នក​សារព័ត៌មាន ​Freelance ផ្សេង​ទៀត ដែល​តែង​តែ​សរសេរ​អត្ថបទ​ឱ្យស្ថាប័ន​មួយ​នេះ។ ការ​បាត់​បង់​ការងារ គ្រាន់តែជា​បញ្ហា​ប្រឈម​មួយប៉ុណ្ណោះ​សម្រាប់​ពួកគេ។ ប៉ុន្តែ​អ្វី​ដែល​ជា​ចោទជាបញ្ហា​ចម្បងនិងក្តី​ព្រួយ​បារម្ភរបស់ពួកគេ គឺ​ប្រជាពលរដ្ឋ​បាត់​បង់​ព័ត៌មាន ហើយ​ពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន​បាត់បង់ស្ថាប័ន ដែល​ពួកគេ​អាចពឹងពាក់ដើម្បី​ជួយផ្សព្វ​ផ្សាយ​បញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ។

កញ្ញា ស៊ើង និមល់ ដែល​កំពុង​សិក្សាថ្នាក់​បរិញ្ញា​បត្រជំនាញ​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៅ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ថ្លែងប្រាប់វីអូអេបន្ថែម​ថា ​កញ្ញា​ចង់​ពាំ​នាំ​សំឡេង​របស់​ជន​រង​គ្រោះ ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​គ្រប់​ភាគី​ដឹង​ឮ ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​ពល​រដ្ឋ​ទាំង​នោះ បើ​ទោះ​បីជា​នៅ​ពេល​នេះ កញ្ញា​ប្រឈម​បញ្ហាសេដ្ឋ​កិច្ច​ខ្លះ ហើយ​ត្រូវ​រងពាក្យ​សម្តី​ធ្ងន់​ៗ ការ​រឹត​ត្បិត និង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មួយ​ចំនួនក្តី។

កញ្ញា និមល់ ​បានប្រឡូក​ក្នុង​វិស័យ​សារ​ព័ត៌​មាន​អស់​រយៈ​ពេល​ជិត ​២ ​ឆ្នាំ​នេះ ហើយបាន​ធ្វើ​ជា​អ្នកសារ​ព័ត៌​មាន ​Free​lance ​ឲ្យ​វីអូឌី​ បានរយៈពេល​ជាង​ ២ ​ខែ បញ្ជាក់ទៀត​ថា សូម្បី​តែ​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ ក៏​បង្ហាញ​ក្តី​បារម្ភ​ថា ​តើបញ្ហា​ដីធ្លី​របស់​ពួក​គាត់នឹងបាននរណា​ជួយ​ផ្សាយ​បន្ត​ទៀត ដើម្បី​អាច​ឱ្យ​អាជ្ញាធរនិងរដ្ឋាភិបាល​ដឹង​ឮ និង​រក​ដំណោះ​ស្រាយ​ឱ្យ​ពួកគាត់នោះ។

​កញ្ញា​ថ្លែង​ថា​៖ «កាល​ពី​បិទ​វីអូឌី​ថ្មី​ៗ ខ្ញុំ​ដើរ​ចេញ​ពី ​office​ [ការិយា​ល័យ​ធ្វើ​ការ​វីអូឌី​] មាន​អ៊ំ​ស្រី​ម្នាក់​ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ​គាត់​ជា​ជន​រង​គ្រោះ​ដី​ធ្លី...គាត់​ឃើញ​ខ្ញុំ គាត់​សួរ​ថា​ក្មួយ ​គេ​បិទ​វីអូឌី​ហើយ​មែន​? ​ខ្ញុំប្រាប់ គាត់​ថា​ «ចាស៍​អ៊ំ​! គេ​បិទ​មែន​ហើយ ​ផ្លូវការ​ហើយ​»។ ហើយ​គាត់​ក៏​យំ​ម៉ង គាត់​យំ​ហើយ គាត់​ដើរ​ចេញ ប៉ុន្តែ​ខ្ញុំឮ​សំឡេងគាត់​និយាយ​ពេល​យំ គាត់​ថា ​ចុះ​បញ្ហា​ដីធ្លី​របស់​ខ្ញុំ ​បាន​អ្នក​ណា​ជួយ​ផ្សាយ​ដោះ​ស្រាយ​បន្ត​ទៀត​។ អ៊ីចឹង​ចំណុច​ហ្នឹង យើង​មើល​ឃើញ​ថា ​សូម្បី​ប្រជា​ពល​រដ្ឋ​ក៏​គាត់​មើល​ឃើញ​ថា​ ការបិ​ទ​វីអូឌី​ហ្នឹង ជា​ការ​បាត់​បង់​មួយ​ផ្នែក​នៃ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដែរ»។

រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​ស្រែក​យំ​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​ស្រែក​យំ​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។

លោក សុត បាន ​ជា​អ្នក​សារព័ត៌​មាន ​Freelance​ សរសេរ​អត្ថបទ​ឱ្យ​ស្ថាប័ន​វីអូឌី​ម្នាក់​ទៀត ក៏​លើក​ឡើង​មិន​ខុស​គ្នា​ពី​កញ្ញា ​និមល់​ ដែរ។ លោក​នៅ​តែប្រកាន់​ជំហរ​ថា​មិន​បោះ​បង់​អាជីព​សារ​ព័ត៌​មានមួយ​នេះ​ទេ បើ​ទោះ​បី​លោក​ប្រឈម​បញ្ហា​សេដ្ឋ​កិច្ចក្តី។ លោក​ចាត់​ទុក​ថា អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ ​គឺជា​ទីប្រឹក្សា​ចិត្ត​របស់​ប្រជា​ពល​រង​គ្រោះ ដោយ​សារពួកគេអាច​ពាំ​នាំ​ទុក្ខ​កង្វល់​របស់​ពល​រដ្ឋ​ទាំង​នោះ​ទៅផ្សព្វ​ផ្សាយ ជា​ពិសេស​អាច​ប​ន្លឺ​សំឡេង ដែល​ជា​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដឹង​ឮ។

លោក​ថ្លែងថា៖ «ជម្លោះ​ដីធ្លី​នៅ​កោះ​កុង​ ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កណ្តាល ភាគ​ច្រើន​គាត់​ពឹង​មក​លើ​វីអូឌី​យើង បើ​ទោះ​បី​ជា​វីអូឌី​យើង​ មិន​មែន​ជា​តុលាការ​ក្តី​ ប៉ុន្តែ​វីអូឌី​យើង​នៅ​តែដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុងការ​ពាំនាំ​ទុក្ខ​កង្វល់​របស់​ពួក​គាត់ទៅ​ជជែក​ជាមួយ​រដ្ឋា​ភិបាល​ ទៅ​រក​ដំណោះ​ស្រាយ​ជាមួយ​រដ្ឋាភិបាល»។

អ្នក​សារ​ព័ត៌​មានវ័យ​អាយុ​ ៣២ ​ឆ្នាំ​រូប​នេះ​ ​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ​នៅ​ពេល​ក្រសួង​ព័ត៌​មាន​លុប​អាជ្ញា​បណ្ណ​សារ​ព័ត៌​មាន​សំឡេងប្រជាធិបតេយ្យ វីអូឌី តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក​បន្ត​ថា៖​ ​«យើង​គ្រាន់​តែ​ជា​អ្នក​នាំ​សារ ជា​អាជ្ញា​កណ្តាល យក​ពាក្យ​ម្ខាង​ទៅ​ជជែក​ជាមួយ​ម្ខាង​ទៀត ដើម្បី​បាន​ដំណោះ​ស្រាយ ​បែរ​ជា​ចោទ​យើង​ថា​ មាន​និន្នាការ​ ឬ​បម្រើ​ផល​ប្រយោ​ជន៍​គណ​បក្ស​នយោ​បាយ។ យើង​យល់​ថា ​វា​ជា​រឿង​អយុត្តិ​ធម៌​ខ្លាំង​បំផុត»។

លោក សុត បាន ​បាន​ប្រឡូកក្នុង​វិស័យ​សារ​ព័ត៌​មានអស់រយៈពេល​ប្រមាណ​ ២ ​ឆ្នាំ ហើយ​ភាគ​ច្រើន លោក​បានសរសេរ​អត្ថ​បទ​ទាក់​ទង​នឹង​បញ្ហាព្រៃ​ឈើ។ លោក​បន្ថែម​ថា ខណៈ​ស្ថាប័ន​វីអូឌី​ត្រូវ​បាន​បិទ ​សហ​គមន៍​ព្រៃឈើ​ជា​ច្រើន​បាន​ទាក់​ទង​ឱ្យ​លោក​ជួយ​ផ្សាយបញ្ហា​ព្រៃឈើ ដែល​ជា​ក្តី​កង្វល់​របស់ពួកគេ ប៉ុន្តែ​លោកមិនអាច​ជួយ​ផ្សព្វផ្សាយ​បាន។

ចំណែក​លោក ឃាង​ សុខ​មាន​ អាយុ​ ៣២ ​ឆ្នាំ ជា​អ្នក​សារព័ត៌មាន ​Freelance ​ម្នាក់​ទៀត​ នៅ​ស្ថាប័ន​វីអូឌី​អស់​រយៈ​ពេល​ជាង​ ២ ​ឆ្នាំ​មក​ហើយ។ លោកក៏​បាន​លើក​ឡើង​ថា​ ការ​បិទ​វីអូឌី​នេះ​ពិត​ជា​ប៉ះពាល់​ជីវ​ភាព​រស់​នៅ​របស់​លោក ដោយសារ​លោក​លែង​រក​ចំណូល​បាន។ លោក​ថ្លែងបន្ថែម​ថា ​លោក​មិន​ជំទាស់​នឹង​ការ​សម្រេច​របស់​រដ្ឋា​ភិបាល​ទេ ប៉ុន្តែ​លោក​នៅ​តែ​ចង់​ឱ្យរដ្ឋា​ភិបាល​អនុ​ញ្ញាត​ឱ្យ​វីអូឌី​ដំណើរ​ការ​ឡើង​វិញ ​ដើម្បី​ជា​ប្រយោជន៍​ប្រជា​ពលរដ្ឋ និង​រដ្ឋា​ភិបាល​ផ្ទាល់។

លោក​ក៏បានបញ្ជាក់ទៀត​ថា ​ការ​បិទវីអូឌី ក៏​ធ្វើ​ឱ្យ​យុវជនដែល​ស្រឡាញ់​វិស័យ​សារព័ត៌មាន​ រារែកចិត្តមិន​ហ៊ាន​ប្រឡូកក្នុង​វិស័យ​មួយ​នេះ។

លោក​ ឃាង សុខមាន ថ្លែងថា៖ «នៅ​ពេល​ដែល​ការ​បិទ​បែប​ហ្នឹង​ធ្វើ​ឱ្យ​យុវជនផ្សេងៗ​ខ្លាច​រអា ក្នុងវិស័យ​សារ​ព័ត៌​មាន អ៊ីចឹង​មាន​ន័យ​ថា ​វិស័យ​សារ​ព័ត៌​មាន​កាន់​តែ​មាន​ភាព​មិន​ល្អ​ប្រសើរ​ទៅ​ទៀត។ អ៊ីចឹង​បាន​ខ្ញុំ​លើក​ឡើង​ខាង​ដើម ខ្ញុំ​ចង់​សំណូម​ពរ​ទៅ​ដល់រដ្ឋាភិបាល​ ខ្ញុំចង់សូម​ឱ្យ​រដ្ឋាភិបាល​ពិចារ​ណា​លើ​ការ​បើក​កន្លែង​បណ្តុះ​ធនធាន​មនុស្ស​ឡើងវិញ ដើម្បី​យុវជន ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ ទទួល​បាន​ការ​រៀន​ផ្នែកព័ត៌​មាន​តាម​រយៈ​ស្ថាប័ន​មួយ​នេះ»។

ប្រជាពលរដ្ឋ​ដែល​តែង​តែ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​វីអូឌីដើម្បី​ផ្សព្វផ្សាយ ក៏​សោកស្តាយចំពោះ​ការ​បាត់​បង់​ស្ថាប័ន​មួយនេះ ដែល​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​សំឡេង​របស់​ពួកគេបាន។ ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​បឹង​តាមោក ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដូចជាអ្នក​ស្រី ​ប្រាក់ សុភា យល់​ថា ​ការ​បិទ​វីអូឌីគឺ​ដូច​បាត់​បង់​អ្នក​ពាំ​នាំ​សំឡេង​របស់​ពល​រដ្ឋ​រង​គ្រោះ។

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំសោក​ស្តាយ​ចំពោះ​សារ​ព័ត៌មាន​វីអូឌី​ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ដែល​មិន​មាន​អ្នកណា​ពាំនាំ​សំឡេង​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ភាព​យុត្តិធម៌។ អ៊ីចឹង​ខ្ញុំ​ឈឺ​ចាប់​បំផុត។ ហើយ​ឥឡូវ​នេះ ​សហគមន៍​របស់​ខ្ញុំ​កំពុង​តែរង​គ្រោះ​រឿង​ដីធ្លី​ អ៊ីចឹង​ខ្ញុំ​អត់​រំពឹង​ទៅ​លើអ្វី​ទៀត​ទេ​ ខ្ញុំមិន​មាន​ភាព​យុត្តិ​ធម៌»។

ចំណែក​កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ​ជា​កូដករ​តវ៉ា​រឿង​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ ប្រាប់​វីអូអេ​ថា៖ ​«វីអូឌី​បាន​ធ្វើការ​ទៅ​លើ​បញ្ហា​ផ្ទាល់​របស់​ប្រជាជន​ ដែល​ជួប​បញ្ហា​មិនថាវិស័យ​ការងារ​ វិស័យ​ដីធ្លី វិស័យ​ព្រៃឈើ​ទេ គឺថា ​ឱ្យ​តែ​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​កំពុង​តែ​មាន​បញ្ហា គាត់​បាន​ចុះ​ទៅ​យក​ផ្ទាល់​ [ខណៈ​] ដែល​ខ្លួន​គាត់​ជា​ជ​ន​រង​គ្រោះ​គាត់​អត់​ដឹង​ ត្រូវ​រក​វិធី​ណា ដើម្បី​សំឡេង​របស់​គាត់​បាន​មកដល់​ថ្នាក់ដឹក​នាំ ដើម្បី​ឱ្យ​គាត់​បាន​ឃើញ​ បាន​ដឹង​នូវ​បញ្ហា​ មាន​បញ្ហា​នូវ​កន្លែង​ណា។ អ៊ីចឹង​មាន​តែ​វីអូឌី​ហ្នឹង​ហើយ​ដែល​អាច​ជួយ​នាំ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ថ្នាក់ដឹកនាំ​ឱ្យបាន​មានការទំនាក់​ទំនង​គ្នា​នៅ​ក្នុង​ការ​ដោះស្រាយបញ្ហា​មួយ​ៗ»។

លោក ណុប វី នាយក​ប្រតិបត្តិ​សមា​គម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា យល់ថា ​វា​ជាការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ ចំពោះ​កា​រ​បាត់​បង់​ការងារ​របស់​អ្នកសារ​ព័ត៌​មាន។ ចាប់​តាំង​ពីឆ្នាំ​ ២០១៧​ មក អ្នកសារព័ត៌​មាន​ដែល​បាត់​បង់​ការងារ បាន​បោះ​បង់​ការងារ​នេះ​ជា​ច្រើន​នាក់។ លោក​បញ្ជាក់ទៀត​ថា​ នៅ​ពេល​បិទ​ស្ថាប័ន​សារព័ត៌​មាន​វីអូឌី ក៏​អាច​ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ លែង​សូវ​ចាប់​អារម្មណ៍​សរសេរ​បញ្ហា​សង្គម ដើម្បី​បង្ហាញ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​ប្រទេសឱ្យ​ដឹងឮ​។

លោក​បាន​បៀប​ធៀបជំងឺ​សង្គម ​ដូចគ្នា​នឹងជំងឺមនុស្ស ដោយលោកអះអាង​ថា​ ប្រសិន​ជំងឺ​សង្គម​ មិន​ត្រូវ​បាន​អ្នក​សារ​ព័ត៌​មាន​បង្ហាញ​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​ដឹងឮ ​ឬ​មិន​ត្រូវ​ដោះស្រាយ​បាន​ទាន់​ពេល​វេលា​ទេ នោះវា​នឹង​អាចក្លាយទៅ​ជាផល​លំបាក​សម្រាប់​សង្គម​ជាតិ​ទៅ​វិញ។

​លោក​ថ្លែង​ថា៖ ​«​អ៊ីចឹង​ជំងឺ​នៅ​ក្នុង​ខ្លួន​មនុស្ស ឬបញ្ហា​នៅ​ក្នុង​សង្គម​ហ្នឹង ​វាអាច​នឹង​ធ្វើ​ឱ្យយើង​ហ្នឹង ​គឺ​ទទួល​រង​នូវឥទ្ធិពល​ជា​អវិជ្ជ​មាន​ជា​បន្តបន្ទាប់​។ ហើយ​ថ្ងៃណា​មួយ​ហ្នឹង​ ទោះបីជា​យើងសម្រេច​ចិត្ត​ទៅរក​ថ្នាំ​ព្យាបាល​ ក៏​ប៉ុន្តែ​ជំងឺ​អាច​វិវត្ត​ហួស​ពី​ការ​ព្យា​បាល​របស់​យើង ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិ​ភាព ​ដែលយើង​កំពុង​មាន​ប៉ះពាល់​ដល់​ស្ថិរភាព​នយោ​បាយ​របស់​យើង​នៅ​ពេល​បច្ចុប្បន្ន​ ហើយ​នឹងធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​របស់​យើង ​ដែល​រដ្ឋាភិបាល​បាន​កំពុង​ប្រឹងប្រែ​ង​ហ្នឹង»។

សម្រាប់​កញ្ញា ស៊ើង និមល់ ដែល​កំពុង​ពង្រឹង​សមត្ថភាព​សរសេរ​ព័ត៌មាន បាន​អះអាង​ថា​នឹង​បន្ត​អាជីពអ្នក​សារ​ព័ត៌​មាន​នេះ​បន្ត​ទៀត ដោយ​នឹង​ស្វែងរកស្ថាប័ន​សារព័ត៌​មាន​ឯក​រាជ្យ​ផ្សេងៗ ដែលផ្តល់​ឱកាស​ឱ្យ​កញ្ញាអាច​បន្ត​សរសេរ​រឿង​សង្គម​បាន​ទៀត។

កញ្ញា​ថ្លែង​ថា​៖ «ឆន្ទៈ​របស់​ខ្ញុំ [គឺ]​ ខ្ញុំ​មើល​ឃើញ​បញ្ហាអ​យុត្តិ​ធម៌​ជន​រង​គ្រោះ​នៅ​បន្ត​កើត​មាន។ គាត់​មិន​ទាន់​ទទួល​បាន​យុត្តិ​ធម៌ ឬ​ការ​ដោះ​ស្រាយ​សម​ស្រប​ណា​មួយ ​ពួក​គាត់​នៅ​តែ​ហូរ​យំ ទឹកភ្នែក​របស់​ពួក​គាត់​នៅ​តែ​បន្តមាន។ អ៊ីចឹង​ខ្ញុំ​មើល​ឃើញ​ការ​ឈឺ​ចាប់​របស់​ពួក​គាត់​ហ្នឹង​ហើយ ទើប​ឱ្យ​ខ្ញុំ​បន្ត​នៅ​ក្នុង​ការ​សរសេរ​ ទោះ​បីជា​ពេល​ខ្លះ​មាន​ការ​រឹត​ត្បិត មាន​ការ​ហាម​ឃាត់ ឬរងការគំរាម​កំហែង​ពី​ភាគី​អាជ្ញាធរ»៕

XS
SM
MD
LG