ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថា អ្នករាយការណ៍​ពិសេស​អ.ស.ប.លើក​ឡើង​«លម្អៀង»​ចំពោះ​ការបិទ​សារព័ត៌មាន​វីអូឌី


រូបឯកសារ៖ ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​​តាម​បញ្ជា​របស់​រដ្ឋាភិបាល។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​​តាម​បញ្ជា​របស់​រដ្ឋាភិបាល។ (ស៊ុន ណារិន/វីអូអេ)

មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​បាន​ច្រានចោល​ការអះអាង​របស់​ក្រុម​អ្នករាយការណ៍​ពិសេស​អ.ស.ប. ដោយ​ចាត់ទុក​ការលើកឡើង​របស់​ពួកគេ​មាន​ភាពលម្អៀង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​លោក អ៊ិន តារា ឯកអគ្គរាជទូត​និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អ.ស.ប.​និង​អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ដែល​វីអូអេ​ទទួលបាន​នៅ​ថ្ងៃពុធ​នេះ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា ​រដ្ឋាភិបាលកម្ពុជា​គាំពារ​សារ​ព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ មិន​រំលោភ​សិទ្ធិ​របស់​អ្នក​ដទៃ និង​មិន​បំភ្លៃ​ការ​ពិត។

តំណាង​អចិន្ត្រៃយ៍កម្ពុជា​បាន​អះអាង​ថា ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ«ធ្វើ​សេចក្ដី​អត្ថា​ធិប្បាយ​ដោយ​លម្អៀង និង​មាន​ការ​រើស​អើង» ទៅ​លើ​ការ​បិទ​សារព័ត៌មាន​វីអូឌី។

តំណាង​អចិន្ត្រៃយ៍កម្ពុជា​បញ្ជាក់​ថា ​អ្វី​ដែល​គួរឱ្យ​ព្រួយ​បារម្ភ​នោះ«គឺ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​បង្កាច់​បង្ខូច​ដោយ​ចេតនា ដែល​គ្រប់​ប្រទេស​ទាំង​អស់​តែង​តែ​ថ្កោល​ទោស»។

តំណាង​អចិន្ត្រៃយ៍​បន្ថែម​ថា៖ «កម្ពុជា​គាំពារ​សារព័ត៌​មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ត្រឹម​ត្រូវ មិន​រំលោភ​សិទ្ធិ​របស់​អ្នក​ដទៃ និងមិន​បំភ្លៃ​ការ​ពិត ហើយ​កម្ពុជា​ប្ដេជ្ញា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយសេរី យុត្តិធម៌ និង​ត្រឹមត្រូវ ដែល​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញ​លេញ​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»។

កាល​ពី​ថ្ងៃ​អង្គារ អ្នក​ជំនាញអង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប)​ ៣​រូប ​បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ស្ថាប័ន​សារព័ត៌​មាន​វីអូឌី (VOD​ ឬ Voice of Democracy)​ ដំណើរ​ការ​ឡើង​វិញ ដោយ​លើក​ឡើង​ថា ​ពិភពលោក​កំពុង​តែ​មើល​កម្ពុជា​នា​ពេល​នេះ ខណៈ​នឹង​មាន​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

អ្នក​ជំនាញ​ទាំង​នោះ មាន​ដូច​ជា​ លោក Vitit Muntarbhorn អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា អ្នកស្រី Mary Lawlor អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​ការពារ​អ្នក​តស៊ូ​មតិ និង​អ្នកស្រី Irene Khan អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ពួកគេ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ពួកគេ​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​លុប​ចោល​អាជ្ញា​បណ្ណ​សារព័ត៌មាន​វីអូឌី ដោយ​មិន​មាន​នីតិវិធី​ត្រឹម​ត្រូវ ដែល​វា​ប៉ះ​ពាល់​ភ្លាមៗ​នៅ​មុន​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​នេះ ដែល​មាន​សារៈសំខាន់»។

ពួកគេ​អះអាង​ថា វា​ស្ទើរ​តែ​លែង​មាន​សារព័ត៌មាន​ឯក​រាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ហើយ ក្រោយ​បិទ​សារព័ត៌​មាន​វីអូឌី ដែល​ហ៊ាន​រាយការណ៍​បញ្ហា​សិទ្ធិ​មនុស្ស បទ​ល្មើស​បរិស្ថាន និង​អំពើ​ពុក​រលួយ។

អ្នក​រាយការណ៍​ពិសេស​បញ្ជាក់​ថា៖ «ពិភព​លោក​កំពុង​តែ​មើល​មក​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ»។

នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា​ វា​មិន​មាន​អ្វី​ចម្លែក​ទេ ដែល​របាយ​ការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​តែង​តែ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​រដ្ឋាភិបាល​កម្ពុជា។

លោក​ប្រាប់​វីអូអេថា​៖ «ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស គឺ​គេ​មាន​សម្អាង​របស់​គេ មុន​នឹង​គេ​ធ្វើ​ការ​លើក​ឡើង​ទាំង​អស់​ហ្នឹង។ អញ្ចឹង​ខ្ញុំ​គិត​ថា ​អ្វី​ដែល​ជា​អនុ​សាសន៍ អ្វី​ដែល​ជា​ការ​លើក​ឡើង យើង​គួរ​តែ​ពិចារណា​ផង​ដែរ អ្វី​ដែល​យើង​អាច​កែ​ប្រែ​បាន កែ​លម្អ​បាន យើង​ធ្វើ​ការ​កែ​លម្អ អាហ្នឹង​គឺ​ជា​រឿង​មួយ​ល្អ ហើយ​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា​ផង​ដែរ»។

ការ​ដក​អាជ្ញាបណ្ណ​វីអូឌី​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជាជាតិ ​និង​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​ចាត់​ទុក​ថា​ មិន​បាន​អនុ​លោម​ទៅ​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌មានទេ។ អង្គការ​សង្គម​ស៊ីវិល​លើក​យក​មាត្រា​១០​នៃ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​នៅ​កម្ពុជា ​ដែល​ចែង​ថា​ មនុស្ស​មាន​សិទ្ធិ​ទាម​ទារ​ឱ្យ​មាន​ការ​កែ​តម្រូវ ​និង​ការ​ឆ្លើយ​តប​ពី​អ្នក​ផ្សាយ​ព័ត៌មាន​នៅ​ពេល​ដែល​ពួក​គេ​យល់​ថា ​សេចក្តី​ថ្លែង​ការណ៍​មួយ​មិន​ត្រឹម​ត្រូវ​ ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​៧​ថ្ងៃ។

ទោះ​ជាយ៉ាងណា កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​ថា​ រដ្ឋា​ភិបាល​របស់​លោក​មិន​អនុញ្ញាត​ឱ្យ​សារព័ត៌មាន​វីអូឌី​អាច​ដំណើរ​ការ​ឡើង​វិញ​ឡើយ ក្រោម​ហេតុ​ផល​ថា​ ការ​ផ្សាយ​កន្លង​ទៅ​ពាក់ព័ន្ធ​ថា ​លោក​ ហ៊ុន ម៉ាណែត ចុះ​ហត្ថ​លេខា​ផ្តល់​ជំនួយ​ឱ្យ​រដ្ឋា​ភិបាល​ប្រទេស​តួកគី គឺ​ជា​ការ​ធ្វើ​ឱ្យ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​រដ្ឋា​ភិបាល។

លោក ណុប វី នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេម​បូចា (CamboJA) ថ្លែង​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ បញ្ហា​សង្គម និង​ភាព​មិន​ប្រក្រតី​នានា​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ក្រោយ​បាត់​បង់​សារ​ព័ត៌មាន​ឯក​រាជ្យ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG