ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា សារព័ត៌មាន​វីអូឌី​«បង្កើត​ការមិន​ជឿ​ទុកចិត្ត​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល»


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំរវាងសហភាពអឺរ៉ុបនិងសមាគមអាស៊ីអាគ្នេយ៍ នៅទីក្រុងព្រុចសែល ប្រទេសស្វីស កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំរវាងសហភាពអឺរ៉ុបនិងសមាគមអាស៊ីអាគ្នេយ៍ នៅទីក្រុងព្រុចសែល ប្រទេសស្វីស កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អះអាង​ថា​ រដ្ឋាភិបាល​របស់​លោក​មិន​អនុញ្ញាត​ឱ្យ​សារព័ត៌មាន​វីអូឌី ​(VOD​ ឬ Voice of Democracy) អាច​ដំណើរ​ការ​ឡើង​វិញ​ឡើយ ក្រោម​ហេតុ​ផល​ថា ​ការ​ផ្សាយ​កន្លង​ទៅ​ពាក់ព័ន្ធ​ថា ​លោក​ ហ៊ុន ម៉ាណែត ចុះ​ហត្ថ​លេខា​ផ្តល់​ជំនួយ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​តួកគី គឺ​ជា​ការ​ធ្វើ​ឱ្យ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន ដែល​បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​ឱ្យបិទ​សារព័ត៌មាន​វីអូឌី​ដែល​ដំណើរ​២០​ឆ្នាំ​មក​ហើយ បាន​ថ្លែង​ថា៖ «រឿង​នេះ​ជាការ​វាយ​ប្រហារ មិន​មែន​បញ្ហា ​ហ៊ុន​ ម៉ាណែត​ ដោយ​ឡែក​ទេ​ តែ​ជា​ការ​ប្រមាថ​ចំពោះ​រាជ​រដ្ឋាភិបាល និង​បង្កើត​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល ហើយ​ខុស​ជា​មួយ​នឹ​ងច្បា​ប់​ថវិកា​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​យើ​ងមិន​អា​ចអត់​ឱន​ឱ្យ​បាន​ទេ​ៗ»។

ចំណាត់​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ​វីអូឌី រង​ការ​រិះគន់​ថា​ជា​ការ​បំបិទ​សារព័ត៌​មាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ ទោះ​ជាយ៉ាងណា លោក ហ៊ុន សែន បាន​ចាត់​ទុក​សារ​ព័ត៌​មាន​វីអូឌី​ប្រឆាំង​នឹង​រដ្ឋា​ភិបាល ដោយ​សារ​តែ​បុគ្គ​លិក​របស់​វីអូឌី មិន​ហ៊ាន​ទៅ​ដាក់​ពាក្យ​ដើម្បី​ក្លាយ​ជា​មន្ត្រី​ក្រប​ខណ្ឌ​ស៊ីវិល។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖​ «ឥឡូវ​ខ្ញុំ​បាន​ទទួល​សារអំពីថាគ្រាន់​តែ​ទៅ​ដាក់​ពាក្យ​សុំ​(ធ្វើ​មន្ត្រី) ខ្លាច​គេ​ជេរ​ អ៊ី​ចឹង​ច្បាស់​ណាស់​ បង្ហាញ​ថា​វិទ្យុ​នេះ​គឺ​វិទ្យុ​ប្រឆាំង។ បើ​អ៊ីចឹង​ឱ្យ​វា​ងាប់​បណ្តោយ​ទៅ ជា​កន្លែង​ពន្លត់​នូវ​ព័ត៌​មាន​ក្លែង​ក្លាយ»។

លោក​នាយករដ្ឋមន្រ្តី​ថ្លែង​បន្ថែម​ថា៖ «តើ​ឱ្យ​ទទួល​ការ​ប្រមាថ​បែប​នេះ​ទេ អត់​ទេ។ បើ​ទោះ​បី​តម្លៃ​ណា​ក៏​ដោយ​ ហ៊ុន សែន ត្រូវ​ធ្វើ​ដាច់​ខាត​ សូម​បញ្ជាក់​ជូន​អ្នក​ឯង​ឱ្យ​បាន​ច្បាស់។ ហើយ​កុំ​សង្ឃឹម​ថា​អា​វិទ្យុ​នេះ​វា​អាច​រស់​ឡើង​វិញ។ ផ្ញើ​សារ​ទៅ​!»។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ិត សូធឿត​ ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ដែល​គ្រប់​គ្រង​ព័ត៌មាន​វីអូឌី បាន​នៅ​ឡើយ​ទេ។

លោក ណុប វី ​នាយក​ប្រតិបត្តិ​សមា​គម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា​ខេមបូចា​ជំរុញ​ឱ្យ​មាន​ការ​បើក​វិទ្យុ​វីអូឌី​ឡើងវិញ​ ដោយ​សារ​តែ​វិទ្យុ​នេះ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុងការពាំនាំ​សំឡេង​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​រដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោក​បញ្ជាក់​ថា​៖ «គ្រាន់តែ​ថា​សូម​ឱ្យ​សម្តេច​លោក​ពិនិត្យ​លទ្ធភាព​នៅ​ក្នុង​ការ​ផ្តល់ និង​អនុញ្ញាត​ផ្តល់​ឱកាស​ឱ្យ​វីអូឌី​មាន​ដំណើរ​ការ​ឡើង​វិញ​រាល់​សកម្ម​ភាព​ផ្សេងៗ​ទៀត​ដែល​វីអូឌី​ធ្លាប់​បា​ន​ធ្វើ​ឡើង​កន្លង​មក»។

ការ​ដក​អាជ្ញា​បណ្ណ​វីអូឌី​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជាជាតិ ​និង​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​ចាត់​ទុក​ថា​មិន​បាន​អនុលោម​ទៅ​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន។ ​អង្គការ​សង្គម​ស៊ីវិល​លើក​យក​មាត្រា​១០​នៃ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​នៅ​កម្ពុជា ​ដែល​ចែង​ថា​មនុស្ស​មាន​សិទ្ធិ​ទាម​ទារ​ឱ្យ​មាន​ការ​កែ​តម្រូវ ​និង​ការ​ឆ្លើយ​តប​ពី​អ្នក​ផ្សាយ​ព័ត៌មាន​នៅ​ពេល​ដែល​ពួក​គេ​យល់​ថា ​សេចក្តី​ថ្លែង​ការណ៍​មួយ​មិន​ត្រឹម​ត្រូវ​ ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​៧​ថ្ងៃ។

នៅ​ថ្ងៃ​ចន្ទនេះ នៅ​ចំពោះ​មុខ​និស្សិត​ទទួល​សញ្ញាបត្រ និង​មន្រ្តី​ថ្នាក់​ក្រោម លោក ហ៊ុន សែន បាន​ថ្លែង​ដែរ​ថា​ ការ​បិទ​សារព័ត៌មាន​វីអូឌី​មិន​ធ្វើ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ស្លាប់​ឡើយ។
ក្រោយបិទ​សារព័ត៌មាន​វីអូឌី លោក ​ហ៊ុន សែន បាន​សម្រេច​ផ្តល់​ក្រប​ខណ្ឌ​រដ្ឋ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចូល​បម្រើ​កិច្ចការ​រដ្ឋ។

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ដោយ​លុប​ចោល​អាជ្ញា​បណ្ណ​របស់​វីអូឌី ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​និយាយ​អំពី​លោក ​ហ៊ុន ម៉ាណែត ​ចុះ​ហត្ថ​លេខា​ជំនួស​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ការ​ផ្តល់​ជំនួយ​១០​ម៉ឺន​ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយ​ដី។ អត្ថបទ​នោះ​មាន​ការ​ដក​ស្រង់​សម្តី​របស់​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល។ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន​ លើក​ឡើង​ថា​មិន​មាន​ការ​ចុះ​ហត្ថ​លេខា​បែប​នេះ​ទេ ​ហើយ​ទាម​ទារ​ឲ្យ​ស្ថាប័ន​វីអូឌី​សុំ​ទោស​ជា​សាធារណៈ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG