ក្រោយការបិទសារព័ត៌មានវីអូឌី (VOD) ដែលបានដំណើរការ២០ឆ្នាំមកហើយ សារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល ជាបន្តបន្ទាប់បានផ្សព្វផ្សាយថា វីអូឌីពាក់ព័ន្ធនឹងផែនការ«បដិវត្តន៍ពណ៍» ដែលជាការចោទប្រកាន់ត្រូវបានប្រើប្រាស់ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧។
បន្ថែមពីនេះ ក៏មានអតីតអ្នកយកព័ត៌មានវីអូឌីត្រូវបានមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីសម្ភាស ដោយមានការចោទប្រកាន់ថា វីអូឌីផ្សាយតែព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាល។
សារព័ត៌មាន Freshnews បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា៖ «អតីតបុគ្គលិក VOD ជាង២០នាក់ បានបន្តដាក់ពាក្យចូលបម្រើការងាររដ្ឋ ក្រោយមានការទម្លាយរឿងរ៉ាវផ្ទៃក្នុងអង្គភាពរបស់ខ្លួន ជាពិសេសទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេសសម្រាប់ឃោសនាវាយប្រហាររាជរដ្ឋាភិបាល» កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ សារព័ត៌មាន Freshnews បានយោងទៅទំព័រហ្វេសប៊ុកមួយ ដោយមានលើកឡើងអំពី លោក ប៉ា ងួនទៀង ជានាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលគ្រប់គ្រងវីអូឌី។ លោក ប៉ា ងួនទៀង កំពុងរស់នៅសហរដ្ឋអាមេរិក។
សារព័ត៌មាន Freshnews ក៏បានរាយការណ៍ថា៖ «គេនៅចាំបានថា នៅអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ប៉ា ងួនទៀង ប្រធាន CCIM និងប្រធានសមាគមធាងត្នោត បានសហការគ្នា បានរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ ដែលជាផែនការប្រមូលកម្លាំងប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌សាជាថ្មី បន្ទាប់ពីពួកគេ និងអតីតគណបក្សសង្គ្រោះជាតិអនុវត្តពុំបានជោគជ័យផែនការបដិវត្តន៍ពណ៌នៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពី លោក ប៉ា ងួនទៀង បាននៅឡើយទេ។
បន្ថែមពីនេះ ថ្មីៗនេះ គេក៏ឃើញមានអតីតអ្នកសារព័ត៌មានវីអូឌីម្នាក់គឺ លោក ឡាយ សាមាន បានចេញមុខផ្តល់បទសម្ភាសន៍ដល់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដោយលើកឡើងថា វីអូឌីផ្សព្វផ្សាយតែព័ត៌មានណាដែលប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីធ្វើឱ្យសាធារណជនមើលឃើញតែពី«ភាពខ្មៅងងឹត»របស់រដ្ឋាភិបាល។
លោក ឡាយ សាមាន ថ្លែងក្នុងន័យដើមថា៖ «គាត់ថាឯករាជ្យ ប៉ុន្តែអ្នកនៅក្នុងហ្នឹងបានដឹង គឺមើលឃើញរដ្ឋាភិបាលខ្មៅងងឹតតែម្តង»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា (CamboJA) លើកឡើងថា ការលាបពណ៌គ្នាទៅវិញទៅមកគួរតែបញ្ឈប់ ខណៈថា ការផ្សព្វផ្សាយពីអ្វីដែលពាក់ព័ន្ធនឹងគោលនយោបាយ ក៏ដូចជាបញ្ហានៃការអភិវឌ្ឍប្រទេសជាតិ គឺជាវិថីឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា៖ «ទោះបីជាយើងមិនស្ថិតនៅក្នុងជួររដ្ឋាភិបាល ប៉ុន្តែយើងយកមកជជែកបង្ហាញអំពីទិសដៅ ឬមួយក៏បង្ហាញអំពីវិធីនៅក្នុងការដោះស្រាយបញ្ហា ហើយឱ្យទៅមន្ត្រីដែលគេមានកាតព្វកិច្ចក្នុងការដោះស្រាយ។ ខ្ញុំគិតថាជាវិធីមួយដែលយើងអាចជំរុញដល់ប្រទេសជាតិរបស់យើងអាចឈានទៅរកភាពរីចម្រើន និងមានសន្តិភាពយូរអង្វែង»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា លោកមានការសោកស្តាយចំពោះការលើកឡើងថា ស្ថាប័នសារព័ត៌មានវីអូឌីពាក់ព័ន្ធជាមួយគម្រោងបដិវត្តន៍ពណ៌។
លោកប្រាប់វីអូអេថា៖ «នៅតែអំពាវនាវនិងទទូចហើយទទូចទៀតថា សុំកុំឱ្យប្រើប្រាស់នូវវប្បធម៌លាបពណ៌គ្នា ដើម្បីទម្លាក់កំហុសមួលបង្កាច់ដោយខ្វះការពិត ខ្វះការទទួលខុសត្រូវបែបហ្នឹង។ ខ្ញុំគិតថា នេះវាមិនមែនជាវប្បធម៌មួយដែលធ្វើឱ្យយើងខ្មែរយើងរីកចម្រើនបានទេ ពីព្រោះថាជាវប្បធម៌មួយដែលធ្វើឱ្យខ្មែរយើងទទួលរងនូវភាពអន្តរាយ»។
បើតាមលោក នី សុខា រដ្ឋាភិបាលកម្ពុជាក៏ទទួលជំនួយពីបរទេសដែរ ប៉ុន្តែការទទួលជំនួយពីបរទេសរបស់ក្រុមអង្គការសង្គមស៊ីវិលត្រូវបានចោទថា មានគម្រោងធ្វើបដិវត្តន៍ពណ៌ ខណៈអង្គការទាំងនោះបានចុះឈ្មោះត្រឹមត្រូវតាមផ្លូវច្បាប់៕
ភ្នំពេញ —