ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា​និង​សង្គ្រោះជាតិ​គ្រោង​ជួបគ្នា​នៅ​ដើម​ខែ​ក្រោយ


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​នៅ​ក្រោយ​ការ​ជួប​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​រដ្ឋសភា​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ២០១៣។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​នៅ​ក្រោយ​ការ​ជួប​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​រដ្ឋសភា​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ២០១៣។
គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​បើក​ការ​ចរចា​ជា​លើក​ទី​បី​នៅ​ដើម​ខែ​ក្រោយ​នេះ​បើ​ពុំមាន​អ្វីប្រែប្រួល​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ទាំង​ពីរ។

មុន​ដំណើរការ​ចរចា​ឈាន​ចូល​មក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចរចា។ ​ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ទទួល​យក​លក្ខខណ្ឌ​ទាំង​នោះ​ទេ។​

ការ​ចរចា​ជា​លើក​ទី​បី​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​គណបក្ស​សង្គ្រោះជាតិ​ថា ​មិន​ធ្វើ​នៅ​ទីតាំង​រដ្ឋសភា​ជាតិ​ទៀត​ទេ ​ពោល​គឺ​ធ្វើ​ទី​កន្លែង​ផ្សេង​ក្រៅ​ពី​រដ្ឋសភា។ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ឱ្យការ​ចរចា​លើក​នេះ​ធ្វើ​ឡើង​ជា​សាធារណៈ​ដោយ​មាន​ការ​ចូល​រួម​ពីអ្នក​អង្កេត​ការណ៍​ជាតិ​ អន្តរជាតិ​ និង​ អ្នក​កាសែត​ដើម្បី​ឱ្យមាន​តម្លាភាព​ក្នុង​ការ​ចរចា។​

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្ស៊ិល​មិញ​បាន​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​ដោយ​បាន​សម្រេច​ដាក់​ចេញ​គោលការណ៍​ធំៗ​ចំនួន​បី​ចំណុច​មុន​នឹង​បើក​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​យ៉ែម បុញ្ញឫទ្ធិ ​អ្នកនាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ លក្ខខណ្ឌ​ទាំង​បី​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​មុន​នឹង​យក​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រួមមាន​ការស្នើ​ឱ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​មួយ​ស្វែង​រក​ការ​ពិត​នូវ​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះឆ្នោត​ ទាមទារ​ឱ្យរំលាយ​សមាស​ភាព​ថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ និង​ កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​ សហភាព​អឺរ៉ុប​ វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI ​និង​អង្គការ​ក្នុង​ស្រុក​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត។​

លោក​និយាយ​ថា៖​ «យើង​ទៅ​ជជែក​ពិភាក្សា​គ្នា​ព្រមព្រៀង​គ្នា​រួច​រាល់​ហើយ។​ ពេល​ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​គិត​ថា​តើ​ចូល​ប្រជុំ​សភា​ពេល​ណា​ហើយ​នឹង​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ទៅ​តាម​ម្តង​មួយៗ​វិធី​ណា​គឺ​ក្នុង​ន័យ​ទៅ​ជជែក​គ្នា​ឱ្យយល់​គ្នា​ទាំង​អស់​ថា​នឹង​មាន​ការ​ធានា​ឱ្យអនុវត្ត​អញ្ចឹង​មែន»។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​លោក​មិន​ទាន់​បាន​ឃើញ​លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ដាក់​ជូន​នៅ​ឡើយ​ទេ​គឺ​បាន​ឮ​តាម​រយៈ​សារ​ព័ត៌មាន​តែ​ប៉ុណ្ណោះ។​

លោក​បាន​និយាយ​ថា​ ការ​ដាក់​លក្ខខណ្ឌ​ឱ្យធ្វើ​កំណែ​ទម្រង់​សមាស​ភាព​គ.ជ.ប​គឺ​មិន​អាច​ទៅ​រួច​ទេ​ពីព្រោះ​សមាសភាព​គ.ជ.ប​គឺ​តែង​តាំង​ឡើង​ដោយ​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា។​

លោក​និយាយ​ថា៖​ «ការ​ពិត​ជំហរ​របស់​គណបក្ស​ប្រជាជន​គឺ​ផ្អែក​ទៅលើគោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​នីតិ​រដ្ឋ។ ​អ្វីទាំង​អស់​ត្រូវ​ចេញ​តាម​ហ្នឹង​ពី​ព្រោះ​បាន​ឯក​ភាព​គ្នា​ថ្ងៃ​១៦​រួច​ហើយ»។​

ថ្នាក់​ដឹក​នាំ​កំពូល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិដែល​មាន​សមាភាព​ម្ខាងៗ​ចំនួន​៦រូប​កាលពី​ថ្ងៃ​ទី​១៦​និង​១៧​ខែកញ្ញា​បាន​បើក​ការ​ចរចា​គ្នា​ចំនួន​ពីរ​ថ្ងៃ​ដើម្បី​បញ្ចប់​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ក៏ប៉ុន្តែ​ការ​ចរចា​ចំនួន​ពីរ​លើក​នោះ​បាន​បរាជ័យ។​

គណបក្ស​សង្គ្រោះជាតិ​ពេល​នោះ​បាន​ទាមទារ​កាន់កាប់​យក​មុខ​តំណែង​ប្រធាន​រដ្ឋសភា​ អនុប្រធាន​រដ្ឋសភា​មួយ​ក្នុង​ចំណោម​អនុ​ប្រធាន​ទាំង​ពីរ​និង​បែង​ចែក​ឱ្យបាន​៦​ស្នើ​គ្នា​នៃ​មុខ​តំណែង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​១២​នៃ​រដ្ឋសភា​តែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់។​

លោក​ យ៉ែម បុញ្ញឫទ្ធិ​បាន​បញ្ជាក់​ថា​ការ​ចរចា​លើក​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​លែង​ទាមទារ​យក​មុខតំណែង​អ្វី​ទៀត​ហើយ​គឺ​យើង​ទាម​ទារ​ឱ្យស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG