វ៉ាស៊ីនតោន៖ រដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេសបានសច្ចាថា នឹងធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើបញ្ហានានារបស់ប្រទេសនៅអាណតិ្តថ្មី ដោយអះអាងថា បញ្ហាតម្រូវការរបស់អ្នកគាំទ្រខ្លះនឹងត្រូវបញ្ចូលក្នុងគោលនយោបាយកែទម្រង់ដែរ។ នេះបើតាមការអះអាងរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបដែលជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០១៣។
បញ្ហាទាំងនោះរួមទាំងបញ្ហាយុត្តិធម៌ បញ្ហាសេវាកម្មផ្សេងៗដែលរដ្ឋាភិបាល ទទួលស្គាល់ថា មិនទាន់ដោះស្រាយដោយមានប្រសិទ្ធិភាពនៅឡើយ។
លោកបានអះអាងថា រដ្ឋាភិបាលបានរៀនសូត្រច្រើនពីសេចក្តីត្រូវការនៃក្រុម ប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ ជាពិសេសកាលពីពេល ឃោសនាបោះឆ្នោតកន្លងមក។ លោកបានអះអាងថា រដ្ឋាភិបាលបានធ្វើកិច្ចការ ច្រើន រួមទាំងការធានាកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខ ស្ថិរភាពជាដើម។ ហើយលោកសង្ឃឹមថា រឿងរ៉ាវសេសសល់នានានឹងដោះស្រាយបានតាមរយៈវេទិកានៅតាមបណ្តាខេត្តក្រុងដើម្បីឲ្យពលរដ្ឋសម្តែងមតិពីបញ្ហារបស់ពួកគាត់និងឲ្យមន្ត្រីមូលដ្ឋាន ហើយនឹងសង្គមស៊ីវិលចូលរួម ដោះស្រាយរួមគ្នា។
តែនៅពេលសួរពីការទទួលបានការគាំទ្រយ៉ាងណា បើប្រទេសជាច្រើននិង គណបក្សជំទាស់មិនបានទទួលស្គាល់រដ្ឋាភិបាលកម្ពុជានេះជារដ្ឋាភិបាល ស្របច្បាប់នោះ លោកផៃ ស៊ីផានអះអាងថា នោះជារឿងរបស់ប្រទេសខាងក្រៅ តែ កម្ពុជាធ្វើសម្រាប់កម្ពុជា ហើយគណបក្សគ្រប់គ្រងប្រទេសនៅតែបើកទ្វារឲ្យ មានកិច្ចចរចាដើម្បីឲ្យគណបក្សទាំងពីរអាចធ្វើការជាមួយគ្នាបាន៕