ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បន្ត​តំណែង​នាយក​រដ្ឋមន្រ្តី​ទោះ​បី​មហា​អំណាច​មិន​ទាន់​ទទួល​ស្គាល់


លោក​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ដែល​គាំទ្រ​ដោយ​សមាជិក​សភា​ឯក​បក្ស។
លោក​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ដែល​គាំទ្រ​ដោយ​សមាជិក​សភា​ឯក​បក្ស។
ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ដែល​គាំទ្រ​ដោយ​សមាជិក​សភា​ឯក​បក្ស​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ បានប្រកាស​ជា​ចំហ​ថា កម្ពុជា​មិន​ត្រូវ​ការ​សហគមន៍​អន្តរជាតិ​ឬ​អង្គការ​សហ​ប្រជាជាតិ​គាំ​ទ្រ​នោះ​ទេ។ លោក​សន្យាថា នឹង​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា​ពី​ប្រទេស​ដទៃ។ លោក ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​នៅ​មុនពេល​បិទ​បញ្ចប់​កិច្ច​ប្រជុំ​បើក​គណៈរដ្ឋមន្ត្រី​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

«យើង​អត់​ត្រូវ​ការ​ឲ្យ​ប្រធានា​ធិបតី​ឬ​អគ្គ​រដ្ឋទូត​ប្រទេស​ណា​មក​ទទួល​ស្គាល់​ទេ។ វា​គ្មាន​ការ​ចាំ​បាច់​ឲ្យ​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ ឲ្យ​ប្រទេស​ហត្ថលេខី​លើ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារី​មក​ទទួល​ស្គាល់​ទេ»។

សេចក្តីថ្លែង​ការណ៍​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​សម​ រង្ស៊ី ​បាន​ព្រមានថា​ លោក​នឹង​ធ្វើ​យុទ្ធនាការ​ស្នើកុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋា​ភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ព្រម​ទាំង​ស្នើ​សុំ​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជានៅ​អង្គការ​សហ​ប្រជាជាតិ​បណ្តោះ​អាសន្ន។​

លោក​សម រ​ង្ស៊ី ​ថ្លែង​ថា រដ្ឋាភិបាល​ថ្មី​និង​រដ្ឋ​សភា​ថ្មី ​របស់​កម្ពុជា​ជា​រដ្ឋាភិបាល​និង​រដ្ឋ​សភា​មិន​ស្រប​ច្បាប់។

ម្យ៉ាង​វិញ​ទៀត​សហ​រដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន​នៅ​ក្នុង​សប្តាហ៍​នេះ​ហាក់​ដូចជា​នៅ​តែ​រក្សា​ជំហរ​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឡើយ​តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន លើក​ឡើង​ថា រដ្ឋា​ភិបាល​របស់​លោក​ស្រប​ច្បាប់​រួច​ទៅ​ហើយ​ក្រោយ​ពី​រដ្ឋ​សភាដែល​មាន​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចំនួន​៦៨​រូប​បោះឆ្នោត​គាំ​ទ្រ​និង​ព្រះ​មហាក្សត្រ​តែង​តាំង​រូប​លោក​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ។ បន្ថែម​ពី​នោះ​លោក​ហ៊ុន​ សែន ក៏​បាន​បញ្ជាក់​ជំហរ​ប្រឆាំង​នឹង​អន្តរគមន៍​របស់​អន្តរជាតិ​ក្នុង​នយោបាយ​របស់​កម្ពុជា។

«សម្តេច​ព្រះ​សង្ឃរាជ​ទេព​ វង្ស ​បាន​អាន​ដល់​កន្លែង​ថា យើង​មិន​ឲ្យ​បរទេស​មក​បង្គាប់​បញ្ជា​នយោបាយ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ខ្ញុំ​មាន​មោទនភាព​ដោយ​ពាក្យ​សម្តី​នេះ​ណាស់​ព្រោះ​យើង​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ណា​មក​បង្គាប់​បញ្ជា​នយោបាយ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទេ»។

ទោះ​ជា​បែប​នេះ​ក្តី លោក យ៉ែម ប៉ុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិអះអាង​ថា​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ពេល​នេះ​នឹង​ទទួល​រងផល​ប៉ះ​ពាល់​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ។

«ពីព្រោះ​ការ​រៀបចំ (រដ្ឋាភិបាល) នេះ​មាន​ការ​ខុស​ពី​រដ្ឋធម្មនុញ្ញ។ យើង​យល់​ឃើញ​ថា មាន​ផល​ប៉ះពាល់​ដល់​រាជរដ្ឋា​ភិបាល​មួយ​ដែល​កើត​ចេញ​មក​មិន​ទាន់​គ្រប់​លក្ខណៈ»។

បើ​ទោះ​ជា​យល់​ឃើញ​ថា ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា​នឹង​មិន​ប្រឈម​ខ្លាំង​ពី​បញ្ហា​ទំនាក់​ទំនងអន្តរជាតិ ក៏​លោក អ៊ូ វីរៈ នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​យល់​ថា កម្ពុជា​ត្រូវ​តែ​គិតគូ​ដល់​បញ្ហា​នេះ​ដែរ។

«ប្រទេស​កម្ពុជា​ត្រូវ​ការ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​និង​អង្គការ​សហ​ប្រជា​ជាតិ​ពីព្រោះ​យើង​ត្រូវ​ការ​កៅ​អី​នៅ​អង្គការ​សហ​ប្រជាជាតិ​ហើយ​ការ​ត្រូវ​ការ​កៅអី​នោះ​មាន​តែ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​មួយ​ទេ​ដែល​អាច​អង្គុយ​នៅ​កៅអី​នោះ​បាន»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ លោក ហ៊ុន សែន ​បាន​បង្ហាញ​ថា មាន​សារ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​មក​ពី​ប្រទេស​មួយ​ចំនួន​រាប់​ទាំង​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ផង​ដែរ។

ផ្អែក​តាម​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស ប្រទេស​វៀតណាម ​ឡាវ ​សិង្ហបុរី ថៃ កូរ៉េ​ខាង​ជើង រុស្ស៊ី ​គុយបា​ និង​ប្រទេស​ចិន ​បាន​ផ្ញើ​សារ​អបអរ​សាទរ​ការ​ឡើង​កាន់​ដំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​របស់​លោក​ហ៊ុន ​សែន។

ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​ប្រទេស​ចិនបាន​បញ្ជាក់​ជំហរ​យ៉ាង​រឹងមាំ​ដោយ​ចាត់​ទុក​កម្ពុជា​ជា «អ្នក​ជិត​ខាង​ល្អ ​ជា​ដៃ​គូ​ល្អ ​ជា​មិត្ត​ភក្តិ​ល្អ ​និង​ជា​បង​ប្អូន​ដ៏​ល្អ​ជិត​ស្និទ្ធ» ​ហើយ​ប្រទេស​ចិន​នឹង​ខិតខំ​ធ្វើ​ការ​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​គ្រប់​ជ្រុង​ជ្រោយកម្រិត​ខ្ពស់៕
XS
SM
MD
LG