ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជាប់​គាំង​នយោបាយ​នៅ​បន្ត​ទោះ​បី​មាន​ការ​ចរចា​


លោក​សាយ ឈុំ (ខាងឆ្វេង)​ ​អគ្គលេខាគណបក្ស​ប្រជាជន​​កម្ពុជា និង​លោកហ៊ុន​ សែន​ អនុ​ប្រធាន​គណបក្ស​​​​ក្នុង​​​ពេល​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។​​​
លោក​សាយ ឈុំ (ខាងឆ្វេង)​ ​អគ្គលេខាគណបក្ស​ប្រជាជន​​កម្ពុជា និង​លោកហ៊ុន​ សែន​ អនុ​ប្រធាន​គណបក្ស​​​​ក្នុង​​​ពេល​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។​​​
ការ​ចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត គឺ​ណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះ​ស្រាយ​វិវាទ​នយោបាយកំពុង​ជាប់គាំង​នៅ​ពេល​ដែល​គណបក្ស​ទាំងពីរ​នៅ​តែ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពុំ​មាន​សញ្ញា​ណា​មួយ​នៃ​ការ​ការ​ចរចា​គ្នា​ឡើង​វិញ​នៅ​ពេល​នេះ​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចរចា​គ្នាចំនួន​ពីរ​លើក​កាល​ពី​ថ្ងៃ​ទី​១៦​និង​១៧​ខែកញ្ញា​កន្លង​ទៅ​នេះ​ប៉ុន្តែ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ណាមួយ​នោះ​ទេ។

ដោយសារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា​ជា​សំខាន់​ក្នុង​ការ​បែង​ចែក​ការ​គ្រប់គ្រង​អំណាច​សំខាន់​ពីរ​គឺ​គណ​បក្សប្រជាជន​កម្ពុជា​ត្រូវ​ការ​កាន់​កាប់​អំណាច​នីតិ​ប្រតិបត្តិ​គឺ​ដឹកនាំ​រដ្ឋាភិបាល​និង​កាន់​កាប់​អំណាច​នីតិ​បញ្ញត្តិ​គឺ​រដ្ឋសភា​ដោយ​សំអាង​ថា ខ្លួន​ជា​គណបក្ស​ឈ្នះ​ឆ្នោត។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​ដឹកនាំ​រដ្ឋសភា​ឬ​ត្រូវ​ការ​តំណែង​ប្រធាន​រដ្ឋសភា​និង​ការ​បែង​ចែក​សមស្រប​ការ​ដឹក​នាំ​គណកម្មការនៅ​ក្នុងស្ថាបន័នេះ។​មូលហេតុ​ដោយសារ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ចង់ឲ្យ​មាន​តុល្យភាព​អំណាច​រវាង​នីតិ​ប្រតិបត្តិ​និង​នីតិ​បញ្ញត្តិ​និង​ដើម្បី​អ្វី​មួយ​ដែល​គណបក្ស​ដដែល​បង្ហាញ​ថា ដើម្បី​យុត្តិធម៌​សម្រាប់​អ្នក​បោះឆ្នោត។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាន៍​ថា គណបក្ស​ទាំង​ពីរ​នៅ​តែ​មាន​ជំហរ​ខ្វែង​គ្នា​នៅ​ឡើយ។​

«រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​នៅ​មាន​ជំហរ​រៀងៗ​ខ្លួន​ដដែល។​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​រក​ការ​ពិត រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដដែល។​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មើល​ឃើញ​ថា ដំណើរការ​រដ្ឋសភា​ រដ្ឋាភិបាល​នេះ​មិន​ប្រក្រតី​ទេ»។

លោក ជាម យៀប តំណាងរាស្ដ្រ​និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ដឹង​ដែរ​ថា មិន​មាន​សំណើរ​ស្វែង​រក​ការ​ចរចា​ណាមួយ​រវាង​គណបក្ស​ទាំង​ពីរ​ទេ។ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ត្រឹមតែ​ការ​បែង​ចែក​តួនាទី​ក្នុង​រដ្ឋសភា​តែ​ប៉ុណ្ណោះ។

«បើ​សិន​ជា​និយាយ​អំពី​ការ​បង្កើត​គណៈកម្មការ​អ្វី​នោះ វា​ហួស​ពេល​ហើយ។ យើង​នៅ​សល់​តែ​និយាយ​ដើម្បី​ចង់​ចែក​រំលែក​ក្នុង​សភា​របៀប​ណា​នោះ​ទេ»។

ការ​ចែក​តួនាទី​នៅ​ក្នុង​រដ្ឋ​សភា​នោះ បើ​តាម​គោលការ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ផ្តល់​តំណែង​ជា​អនុ​ប្រធាន​មួយ​ក្នុងចំណោម​អនុប្រធាន​ទី​១ឬទី​២​ក្នុង​រដ្ឋ​សភា​ដល់​គណបក្ស​សង្រ្គោះ​ជាតិ​និង​ធ្វើការ​បែង​ចែក​ប្រធាន​គណៈកម្មការ​ចំនួន​បួន​ដល់​គណបក្ស​ជំទាស់​ក្នុង​ចំណោម​គណៈកម្មការ​សរុប​ចំនួន​ប្រាំបួន​និង​ផ្តល់​ឲ្យ​គណបក្ស​ជំទាស់​នូវ​តួនាទី​ជា​អនុ​ប្រធាន​ក្នុង​គណៈកម្មការ​ចំនួន​ប្រាំ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​តំណែង​អនុប្រធាន​គណៈកម្មការ​ក្នុង​រដ្ឋ​សភា​ចំនួន​បួន​វិញ។ ប៉ុន្តែ​ការ​តថ្លៃ​នេះ​មិន​ត្រូវ​រ៉ូវ​គ្នា​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​ដំណើរ​នយោបាយ​ស្ថិត​ក្នុងភាព​ជាប់​គាំង​មួយ​កម្រិត។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅថា​ខុមហ្វ្រែល​ផ្តល់​យោបល់​ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ស្វែងរក​មធ្យោបាយ​បង្កើតការ​ចរចា​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ ទាំង​រដ្ឋ​សភា​ទាំងរ​ដ្ឋាភិបាល​សព្វ​ថ្ងៃ​នឹង​មិន​អាច​ដំណើរការ​ដោយ​ពេញ​មុខ​មាត់​គ្រប់​គ្រាន់​លើ​ឆាក​អន្តរជាតិ​នោះ​ទេ។

«ត្រូវ​តែ​មាន​ការ​ចរចា​គ្នា​ដើម្បី​រក​កិច្ច​ព្រម​ព្រៀង​ខាង​នយោបាយ​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុងសមត្ថ​កិច្ច​របស់​រដ្ឋាភិបាល​និង​រដ្ឋសភា។ ហើយបើ​មិន​បាន​ជួប​គ្នា​ថ្នាក់​កំពូល​ក៏​ជួប​គ្នា​ត្រឹម​គណៈកម្មការ​ពិសេស​ជួប​គ្នា​ទៅ ក្រុម​នេះ​មិន​មែន​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ទេ ប៉ុន្តែ​គ្រាន់​តែ​អាច​ជជែក​គ្នា​បាន​រវាង​គណបក្ស​ទាំងពីរ​ហ្នឹង»។

ក្នុង​ពេល​ដែល​មិនទាន់​មាន​ការ​ចរចា​រក​ដំណោះស្រាយ​បន្ត​ទៀត​គណបក្ស​ប្រជាជន​កម្ពុជាបាន​ចាប់​ផ្តើម​ដំណើរការ​រដ្ឋាភិបាល​និង​រដ្ឋសភា។ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​គម្រោង​ធ្វើ​សមាជ​មហាជន​នៅ​ថ្ងៃ​អាទិត្យ​ទី​៦​ខែ​តុលា​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្ទង់​មតិ​ប្រជាពលរដ្ឋ​មុន​នឹង​ចាប់​ផ្តើម​ធ្វើ​មហាបាតុកម្ម​ជា​លើក​ទី​៣​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG