ហ្វូងមនុស្សប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងរដ្ឋាភិបាលបានរីករាលដាលទូទាំងប្រទេសថៃ នៅពេលដែលក្រុមយុវជនជំនាញបច្ចេកវិទ្យាទាមទារឲ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ ការទាមទារនេះត្រូវបានធ្វើឡើង ខណៈដែលប្រទេសនេះព្យាយាមងើបឡើងពីវិបត្តិជំងឺកូវីដ១៩។
ចំនួននៃការប្រមូលផ្តុំគ្នាអស់រយៈពេលប៉ុន្មានសប្ដាហ៍មកនេះបានកើនឡើងក្នុងព្រះរាជាណាចក្រថៃ ដែលមានចំនួនជាង ៤០បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ហើយរៀបចំឡើងដោយមានការជូនដំណឹងជាបន្ទាន់ ចាប់តាំងពីបាតុកម្មទ្រង់ទាយធំមួយត្រូវបានរៀបចំឡើងនៅទីក្រុងបាងកកកាលពីថ្ងៃទី១៨ ខែកក្កដាមក។
បាតុករកំពុងទាមទារឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោតថ្មី និងការបញ្ឈប់ការយាយីនិងរំលោភបំពានលើសកម្មជនសិទ្ធិមនុស្ស។
បាតុកម្មដំបូងបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញថៃរំលាយគណៈបក្សអនាគតថ្មីកាលពីថ្ងៃទី២១ ខែកុម្ភៈ និងបានហាមឃាត់មេដឹកនាំរបស់បក្សគឺលោកThanathorn Juangroongruangki មិនឲ្យធ្វើនយោបាយរយៈពេល១០ ឆ្នាំ។
គណបក្សអនាគតថ្មីនេះទទួលបានការគាំទ្រច្រើនលំដាប់ទីបីក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៩ ដែលភាគច្រើនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង។
ទោះជាយ៉ាងណាក្ដី បាតុកម្មនានាត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅពេលជំងឺកូវីដ១៩បានធ្វើឲ្យប្រទេសថៃបិទសកម្មភាពសង្គម រួមទាំងការហាមប្រាមលើការប្រមូលផ្តុំជាសាធារណៈផងដែរ។
បច្ចុប្បន្ននិស្សិតជំនាញបច្ចេកវិទ្យាបានរៀបចំការប្រមូលផ្តុំដោយជូនដំណឹងភ្លាមៗ តាមរយៈការបង្ហោះសារលើបណ្តាញសង្គមប៉ុន្មានថ្ងៃមុនប៉ុណ្ណោះមុនការតវ៉ាមកដល់ ដើម្បីចៀសវាងការប៉ះទង្គិចផ្នែកសន្ដិសុខ។
និស្សិតស្រីដែលជាមេដឹកនាំអាយុ២៣ឆ្នាំម្នាក់បានធ្វើដំណើរទៅទីក្រុងភាគខាងជើងដើម្បីបង្ហាញការគាំទ្ររបស់នាង។ នាងបាននិយាយថា៖ «នៅក្នុងបាតុកម្មទីមួយនៅវិមានប្រជាធិបតេយ្យយើងប្រើសញ្ញាទ្រុងជ្រូក (#)ជាមួយនឹងពាក្យថា យុវជនមានសេរីភាពហើយវាគឺជាលើកដំបូងដែលយើងប្រើវា។ សញ្ញានេះត្រូវបានគេគាំទ្រយ៉ាងឆាប់រហ័ស រហូតទទួលបានការពេញនិយមបំផុតនៅក្នុងពិភពលោក»។
ដូចអ្នកឯទៀតដែលបានបញ្ចេញមតិក្នុងសេចក្ដីរាយការណ៍នេះដែរនិស្សិតម្នាក់នេះ សូមមិនបញ្ចេញអត្តសញ្ញាណរបស់ខ្លួនដោយសារហេតុផលសុវត្ថិភាព។
ប៉ុន្តែមិនមែនអ្នកចូលរួមទាំងអស់នៅក្នុងបាតុកម្មនោះគាំទ្រចលនានេះនោះទេ ដោយសារតែមានប៉ូលិសក្នុងឯកសណ្ឋានស៊ីវិលមួយចំនួនក៏ស្ថិតក្នុងចំណោមពួកគេដែរ ដើម្បីថតរូបអ្នកចូលរួមនិងតាមដានសុន្ទរកថារបស់ពួកគេ។
ក្នុងចំណោមមនុស្សជាង៤០០នាក់ ដែលបានចូលរួមការប្រមូលផ្តុំកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅនេះ ក្នុងទីក្រុង Lampang យុវជនពីរនាក់បានលើករូបថតរបស់សាស្ត្រាចា្យជនជាតិថៃពីររូបដែលកំពុងនិរទេសខ្លួនគឺលោក Pavin Chachavalpongpun និងលោក Somsak Jeamteerasakulដែលប្រឈមនឹងការចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ។
យោងតាមមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌថៃ ការប្រមាថព្រះមហាក្សត្រឬរិះគន់របបរាជានិយម ត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ។
មេដឹកនាំបាតុកម្មមួយចំនួនបារម្ភថាបើសិនជាសុន្ទរកថារបស់ពួកគេត្រូវបានបកស្រាយថាបានរិះគន់គណបក្សកាន់អំណាចពួកគេអាចត្រូវបង្ខំឲ្យនិរទេសខ្លួន។
មេដឹកនាំសកម្មជននិស្សិតម្នាក់ ដែលសុំប្រើឈ្មោះ “Tae” ដោយស្នើមិនប្រាប់ឈ្មោះពិតប្រាកដបាននិយាយថាលោកបានត្រូវបានប៉ូលិសកោះហៅបន្ទាប់ពីបានចូលរួមការប្រមូលផ្តុំមួយកាលពីពេលថ្មីៗនេះ។
លោកថ្លែងថា៖ «មិត្តភក្តិរបស់ខ្ញុំជាច្រើនដែលខ្ញុំបានទាក់ទងនិយាយថាពួកគេត្រូវបានរថយន្តមួយគ្រឿងតាមដាន។ យើងមិនច្បាស់ពីចេតនារបស់គេនោះទេ ប៉ុន្តែយើងដឹងច្បាស់ថានេះគឺជាការយាយីពីរដ្ឋាភិបាល»។
លោកបានបន្តថា៖ «វាគឺជាផ្លូវងងឹតមួយ។ មិនមានផ្លូវណាច្បាស់លាស់ដែលយើងអាចដើរបានទេដោយសារតែសេដ្ឋកិច្ចបានបង្កើតសម្ពាធយ៉ាងខ្លាំងក្លាសម្រាប់យុវជនជំនាន់ក្រោយ ឲ្យចេញមុខធ្វើជាអ្នកដឹកនាំទាមទារសិទ្ធិរបស់យើងមកវិញ»។
លោក “Tae” មានហេតុផលសមស្របដើម្បីបារម្ភពីរឿងនេះ។
អាជ្ញាធរថៃបានចាប់ផ្តើមប្រើនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងយុវជនយ៉ាងហោចណាស់ចំនួន២៥ នាក់ដែលបានពាក់ព័ន្ធនៅក្នុងបាតុកម្ម ចាប់តាំងពីមានអនុក្រឹត្យដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្នមក។នេះបើយោងតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្ស។
លោក Brad Adams នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយក្នុងរបាយការណ៍ដែលមានចំណងជើងថា «ប្រទេសថៃ៖ ស្ថានភាពនៃការបន្ថែមពេលដាក់ប្រទេសក្នុងភាពអាសន្នដោយមិនសមហេតុផល»យ៉ាងដូច្នេះថា៖ «នៅពេលដែលរដ្ឋាភិបាលថៃមានការទទួលខុសត្រូវដើម្បីប្រើវិធានការការពារប្រជាជនរបស់ខ្លួនពីជំងឺរាតត្បាតរដ្ឋាភិបាលមិនបានផ្តល់ជាភស្តុតាងដើម្បីបញ្ជាក់ពីការបន្តដាក់ប្រទេសក្នុងភាពអាសន្នគ្មានព្រំដែនរបស់ខ្លួនឡើយ»។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសពីការបន្ថែមពេលអនុវត្តអនុក្រឹត្យស្ដីពីគ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែសីហា ដោយលើកហេតុផលថានៅមានតម្រូវការដើម្បីបន្តគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩។
លោក Adams បន្តថា៖ «ការបន្តដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ននឹងអនុញ្ញាតឲ្យអាជ្ញាធរថៃបន្តបង្រ្កាបទស្សនៈប្រឆាំងរដ្ឋាភិបាល ចាប់ខ្លួនអ្នករិះគន់ និងហាមឃាត់ការប្រមូលផ្តុំដោយសន្ដិវិធី ដោយសារហេតុផលនយោបាយមិនមែនដោយសារហេតុផលសុខភាពសាធារណៈនោះទេ»។
អ្នកចូលរួមជាច្រើនក្នុងចលនានោះ ក៏រួមមានសិស្សវិទ្យាល័យ និងនិស្សិតដែលជាសមាជិកក្រុម«យុវជនសេរី» និងក្រុម «សហភាពនិស្សិតថៃ» ផងដែរ។
ទោះបីជាពួកគេមិនមានបទពិសោធន៍ក៏ដោយ ក៏សកម្មជនជើងចាស់និយាយថា រដ្ឋាភិបាលកាន់អំណាចមិនគួរមើលស្រាលបាតុករវ័យក្មេងទាំងនេះដោយប្រើឃ្លាដូចជា«គួរឲ្យស្រឡាញ់» ដើម្បីពណ៌នាពីបាតុករវ័យក្មេងទាំងនេះឡើយ។
លោក Tanet Charoenmuang សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យឈៀងម៉ៃនិយាយថា បច្ចេកវិទ្យាទំនាក់ទំនងបានធ្វើឲ្យយុវជនជំនាន់ក្រោយនាំមុខក្នុងការធ្វើបាតុកម្ម។
សាស្ត្រាចារ្យនិងជាសកម្មជនវ័យ៦៩ឆ្នាំរូបនេះបានប្រាប់វីអូអេថា៖ «ខ្ញុំឃើញចលនាសព្វថ្ងៃនេះខុសប្លែកពីចលនាមុនៗច្រើន។ ជាជាងធ្វើដំណើរទៅដល់ទីក្រុងបាងកកដោយផ្ទាល់ ពួកគេបានបង្កើតក្រុមតាមមូលដ្ឋានគ្រប់កន្លែងទាំងអស់។ គុណសម្បត្តិនៃការធ្វើដូច្នេះគឺថាពួកគេអាចរៀបចំមនុស្សតាមតំបន់។ ពួកគេមិនបាច់ចំណាយលុយច្រើនដើម្បីធ្វើដំណើរតាមរថយន្តក្រុងរថភ្លើង ឬយន្តហោះទៅបាងកកនោះទេ»។
លោក Charoenmuang យល់ថា អំឡុងពេលនេះគឺជាដំណើរការសិក្សាដ៏មានតម្លៃសម្រាប់យុវជនដើម្បីយល់ដឹងឲ្យបានច្រើនជាងមុនពីស្ថានភាពនយោបាយ។
ប៉ុន្តែមិនមែនអ្នកគាំទ្រចលនាថ្មីនេះទាំងអស់សុទ្ធតែជឿជាក់ថាវានឹងជោគជ័យនោះទេ។
នៅភាគខាងជើងនៃប្រទេសថៃ កសិករដែលគាំទ្រគណបក្សPalang Pracharath ដែលគាំទ្រដោយយោធា ត្រូវបានគេសន្យាថាដំណាំពួកគេនឹងឡើងថ្លៃ។
ប៉ុន្តែពលរដ្ឋជាច្រើនមិនបានឃើញរដ្ឋាភិបាលបំពេញតាមការសន្យានេះទេ ឬក៏អាចមិនទាន់ធ្វើបាន ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៩ និងក្រោយពីមានការផ្ទុះរាលដាលវីរុសកូរ៉ូណាកាលពីដើមឆ្នាំនេះមក៕
ប្រែសម្រួលដោយកញ្ញាទុំ ម្លិះ