ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ថៃ៖ ពលរដ្ឋ​ខ្មែរ​៧១១​គ្រួសារ អាច​ដាក់​បណ្ដឹង​រួម ប្ដឹង​ក្រុមហ៊ុន​ស្ករ​មិត្រផុល ​(Mitr Phol)


រូបឯកសារ៖ ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

អ្នក​នាង ​Sor Rattanamanee Polkla ​មេធាវី​ថៃ​តំណាង​អ្នក​ភូមិ​កម្ពុជា​ទាំង​៧១១​គ្រួសារ ​បាន​លើក​ឡើង​ថា​ ចៅ​ក្រម​នៃ​សាលា​ឧទ្ធរណ៍​ថៃ​ បាន​សម្រេច​យល់​ព្រម​តាម​បណ្ដឹង​សុំ​ប្ដឹង​ជា​សមូហភាព​របស់​អ្នកនាង​ ដោយ​ច្របាច់​ចូល​ជាមួយ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Mitr Phol។

តុលាការ​មួយ​របស់​ប្រទេស​ថៃ ​បាន​សម្រេច​ទទួល​យក​អ្នក​ភូមិ​ខ្មែរ​រាប់​រយ​គ្រួសារ ​ចូល​ប្ដឹង​ជា​កញ្ចប់​ប្រឆាំង​ក្រុមហ៊ុន​ស្ករស​ថៃ Mitr Phol ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​ហិង្សា​មួយ​ដែល​អូស​បន្លាយ​ជាង​១០​ឆ្នាំ​មក​ហើយ។​

ក្នុង​សេចក្ដី​សម្រេច​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ សាលា​ឧទ្ធរណ៍​នៃ​ព្រះ​រាជាណាចក្រ​ថៃ ​បាន​យល់​ព្រម​កំណត់​ទទួល​ស្គាល់​អ្នកភូមិ​ទាំងអស់​៧១១​គ្រួសារ​ មកពី​ខេត្ត​ឧត្ដរមានជ័យ ​ប្រទេស​កម្ពុជា​ ជា​ដើម​បណ្ដឹង​សមូហភាព​ក្នុង​សំណុំ​រឿង​ប្ដឹង​ក្រុមហ៊ុន​ស្ករស​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​មួយ​នេះ​ ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ករណី​រំលោភ​បំពាន​ដី​ភូមិ​និង​ស្រែ​ចម្ការ​របស់​ខ្លួន​ ដើម្បី​យក​ដី​ដាំ​អំពៅ​ផលិត​ជា​ស្ករស។​ នេះ​បើ​យោង​តាម​មេធាវី​ និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស។​

អ្នក​នាង ​Sor Rattanamanee Polkla ​មេធាវី​ថៃ​តំណាង​អ្នក​ភូមិ​កម្ពុជា​ទាំង​៧១១​គ្រួសារ ​បាន​លើក​ឡើង​ថា​ ចៅ​ក្រម​នៃ​សាលា​ឧទ្ធរណ៍​ថៃ​ បាន​សម្រេច​យល់​ព្រម​តាម​បណ្ដឹង​សុំ​ប្ដឹង​ជា​សមូហភាព​របស់​អ្នកនាង​ ដោយ​ច្របាច់​ចូល​ជាមួយ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Mitr Phol។

មេធាវី​រូប​នេះ​លើក​ឡើង​ថា​ ការណ៍​នេះ ​ជួយ​អ្នក​ភូមិ​មិន​ចាំ​បាច់​ដាក់​ពាក្យ​បណ្ដឹង​ផ្សេងៗ​គ្នា​សរុប​៧១១​បណ្ដឹង​នោះ​ទេ​ តែ​អាច​ផ្ដល់​ត្រឹម​តែ​មួយ​បណ្ដឹង​រួម​ ​ហើយ​ប្ដឹង​ទារ​សំណង​តាម​មួយ​គ្រួសារៗ​ដែល​រង​ផល​ប៉ះពាល់។​ មេធាវី​រូប​នេះ​បន្ត​ថា​ ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សវនាការ​នៅ​ប្រទេស​ថៃ ​ក៏​ត្រូវ​ការ​តែ​ដើម​បណ្ដឹង​ពីរ​នាក់​ទៅ​ចូល​រួម​អម​មេធាវី ​មិន​បាច់​ទៅគ្រប់​គ្នា​ទេ។

ក្រុមហ៊ុន​ស្ករស​ចំនួន​បី​គឺ​ Angkor Sugar Co. Ltd., Tonle Sugar Cane Co. Ltd., និង Cane and Sugar Valley Co. Ltd ​សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ឈូស​ឆាយ​ដីផ្ទះ​ និង​ច្បារ​ដំណាំ​អ្នកភូមិ​ដែល​បាន​ដាក់​បណ្ដឹង​នេះ ​កាល​ពី​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០០៩។​ តំណាង​អ្នក​ភូមិខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង។​

«បញ្ហា​សំខាន់​ដែល​យើង​ផ្ដោត​នោះ ​គឺ​យើង​មាន​ភស្ដុតាង​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជាក់​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​ Mitr Phol ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងបី​នៅ​កម្ពុជា​នេះ»។ ​ នេះ​ជា​ការ​លើក​ឡើង​របស់​មេធាវី​ជន​ជាតិ​ថៃ​អ្នកនាង ​Sor Rattanamanee Polkla។​

តំណាង​ក្រុមហ៊ុន ​Mitr Phol ​នៅ​កម្ពុជា​ បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លើ​សំណុំ​រឿង​នេះទេ។​ ស្ត្រី​ជា​បុគ្គលិក​មួយ​រូប​ដែល​បាន​លើក​ទូរស័ព្ទ​បាន​ប្រាប់​ថា​ ការិយាល័យ​នៅ​កម្ពុជា​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នេះ​ គឺ​សម្រាប់​តែ​ការ​ចែក​ចាយ​លក់​ស្ករស ​ហើយ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ពុំ​មាន​ដំណាំ​ដាំ​អំពៅ​នៅ​កម្ពុជា​ទៀត​ឡើយ។​

ក្រុមហ៊ុន ​Mitr Phol ​បាន​បិទ​ចម្ការ​អំពៅ​ទាំងអស់​នៅ​កម្ពុជា​ត្រឹម​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​តាម​លោក​ អៀង វុទ្ធី​ នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​ដែល​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ករណី​ជម្លោះ​ដី​ធ្លី​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ គាត់​បាន​ដក​ចេញ​ហើយ ។​ អ៊ីចឹង​គាត់​ព្យាយាម​ដោះ​ដៃ ​ដើម្បី​ឱ្យ​រួច​ផុត​ពី​កាតព្វ​កិច្ច​ ជាក់​ស្ដែង។​ គាត់​អត់​រួច​ ដោយ​សារ​នៅ​ស្រុក​ថៃ​ គឺ​គេ​មាន​ច្បាប់​ដោះ​ស្រាយ​ឆ្លង​ដែន ​អ៊ីចឹង​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ថៃ»។​

លោក​បន្ថែម​ថា៖​ «យើង​គិត​ថា​ ​ទីមួយ​ករណី​នេះ​អាច​ជា​ករណី​ដំបូង​ នៅ​ប្រទេស​ថៃ ​និង​ក៏​ដូចជា​នៅ​អាស៊ី​អាគ្នេយ៍​យើង​ដែរ​ ដែល​ប្រជា​ពលរដ្ឋ​ប្រទេស​ផ្សេង​ទៀត​ អាច​ប្រើ​យន្តការ​ច្បាប់​នីតិវិធី​ឆ្លង​ដែន​ ដែល​ពលរដ្ឋ​ប្រទេស​ផ្សេង​ទៀត​អាច​ប្រើប្រាស់​យន្ដការ​នេះ​បាន»។​

ដើម​បណ្ដឹង​ពីរ​នាក់​ដែល​ជា​តំណាង​ត្រូវ​ទៅ​ចូលរួម​សវនាការ​នៅ​ប្រទេស​ថៃ​នោះ​គឺ​អ្នកស្រី​ ហូយ ម៉ៃ ​និង​លោក ​ស្មិន តិ។​ VOA ​មិន​អាច​ទាក់ទង​អ្នក​ទាំង​ពីរ​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ តែ​អ្នកស្រី​ហូយ ម៉ៃ​ត្រូវ​បាន​ស្រង់​សម្ដី​ក្នុង​កំណត់​ផ្សាយ​មួយ​របស់​អង្គការ​សមធម៌​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖​

«សេចក្ដី​សម្រេច​នេះ​ផ្ដល់​ឱ្យ​យើង​នូវ​ក្ដី​សង្ឃឹម​ថ្មី​មួយ។ ​ក្រុមហ៊ុន​មីត្រផុល ​(Mitr Phol) ​មិន​អាច​ព្រងើយ​កន្ដើយ​ចំពោះ​យើង​ទៀត​ទេ។​ វា​មាន​រយៈ​ពេល​ជាង​ដប់​ឆ្នាំ​ហើយ ​ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ខ្ញុំ​ ហើយ​ទន្ទ្រាន​យក​ដីធ្លី​របស់​ខ្ញុំ។ ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​ធ្វើ​ត្រូវ​បាន​បំផ្លាញ​ចោល»។​

អ្នក​ទាំង​ពីរ​បាន​ប្ដឹង​ក្រុមហ៊ុន ​Mitr Phol​ ទារ​សំណង​ការ​ខូចខាត​សរុប​៧​លាន​បាត​(២២​ម៉ឺន​ដុល្លារ​អាមេរិក)​ ដែល​នេះ​មិន​ទាន់​រាប់​បញ្ចូល​ដើម​បណ្ដឹង​៧០៩​នាក់​ផ្សេង​ទៀត​ ក្នុង​បណ្ដឹង​រួម​នេះ​ផង។​ នេះ​បើ​យោង​តាម​កញ្ញា​មេធាវី ​Sor Rattanamanee Polkla ​ដែល​បាន​បន្ថែម​ថា ​បន្ទាប់​ពី​នេះ ​ដំណាក់​កាល​សវនាការ​នឹង​ចាប់​ផ្ដើម។​

លោក​ ជិន ម៉ាលីន​ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​កម្ពុជា​ បាន​លើក​ឡើង​ថា ​ រដ្ឋាភិបាល​គោរព​ជម្រើស​ទៅ​រក​យុត្តិធម៌​របស់​ពលរដ្ឋ​ដែល​ជ្រើស​យក​ប្រព័ន្ធ​តុលាការ​ថៃ។ ​តុលាការ​ថៃ​មាន​យុត្តាធិការ​លើ​ទង្វើ​របស់​ក្រុមហ៊ុន​ថៃ​នៅ​ក្រៅ​ប្រទេស។ ​

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​ចំណាត់​ការ​នៅ​តុលាការ​កម្ពុជា ​ លោក​បាន​បង្វែរ​ឱ្យ​ទៅ​សួរ​តុលាការ​ តែ​លោក​ថា៖​

«ព្រោះ​អី​យើង​ផ្អែក​លើ​ដំណើរការ​នីតិវិធី​តុលាការ​ថៃ​ ហើយ​សន្និដ្ឋាន​ឱ្យ​អ្នកណា​ខុស​ អ្នកណា​ត្រូវ​យ៉ាង​ម៉េច​កើត​ បើ​តុលាការ​ថៃ​មិន​ទាន់​សម្រេច​ដល់​អង្គហេតុ​យ៉ាង​ម៉េច។​ អ៊ីចឹង​មិន​ទាន់​ចូល​ដល់​អង្គ​សេចក្ដី ​អ្នក​ណាខុស​ អ្នក​ណា​ត្រូវ​ ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ម៉េច​អី​យ៉ាងម៉េច​ផង។ ​ អ៊ីចឹង​យើង​យក​មក​សន្និដ្ឋាន​ថា​អា​នេះ​ខុស​ អា​នេះ​ត្រូវ​ ហើយ​តុលាការ​ខ្មែរ​គួរ​ចាត់​ការ​យ៉ាង​ម៉េច​ វា​ម៉េច​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​កើត?»​

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​របស់​អង្គការ​សង្គមស៊ីវិល​កម្ពុជា​ រួម​មាន​អង្គការ​សមធម៌​កម្ពុជា​ អង្គការ​លីកាដូ ​សមាគម​អាដហុក​ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជាដើម ​ដែល​ជួយ​អ្នក​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១៥ គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ជាតិ​ថៃ ​បាន​រក​ឃើញ​ថា​ ​ ក្រុម​ហ៊ុន​មិត្រ​ផុល ​«ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ទន្រ្ទាន​ដី​ធ្លី និង​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​កែ​តម្រូវ​និង​ដោះ​ស្រាយ​ផល​ប៉ះពាល់»។​

អង្គការ​ទាំង​នោះ​បញ្ជាក់​ថា​៖ «រហូត​មក​ដល់​ពេល​នេះ ​ ក្រុមហ៊ុន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ក្នុង​ការ​ផ្តល់​សំណង​តាម​រូបភាព​ណា​មួយ​ក៏​ដោយ​ដល់​ក្រុម​គ្រួសារ​កម្ពុជា​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ដែល​ខ្លួន​បាន​បង្ក​ឡើង​ដល់​ជីវិត​រស់​នៅ​របស់​ពួក​គាត់»។​

បើ​តាម​អង្គការ​សង្គមស៊ីវិល​ ​មិត្រផុល ​គឺ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ស្ករ​ស​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់ ​និង​មាន​អតិថិជន​ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​ល្បី​ធំៗ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក ​ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​ Nestle​ កូកាកូឡា ​និង​ប៉ិបស៊ី​ជាដើម៕​

XS
SM
MD
LG