ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ថៃ​​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ​ជ្រាល​ជ្រៅ


ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាលថៃ លើក​ម្រាម​ដៃ​៣ ជា​សញ្ញា​ដែល​យក​ពី​ខ្សែ​ភាព​យន្ត​ហូលីវូដ «The Hunger Games» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៧ សីហា ២០២០។
ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាលថៃ លើក​ម្រាម​ដៃ​៣ ជា​សញ្ញា​ដែល​យក​ពី​ខ្សែ​ភាព​យន្ត​ហូលីវូដ «The Hunger Games» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៧ សីហា ២០២០។

មេដឹកនាំ​នៃ​បាតុកម្ម​ក្នុង​ទីក្រុង​បាងកក​បាន​គំរាម​ថា ​ពួកគេ​នឹង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាលលោក​នាយក​រដ្ឋមន្ត្រី ​Prayuth Chan-ocha ប្រសិន​បើលោក​ខកខាន​មិន​ធ្វើ​តាម​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ។

បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ បាន​កក្រើក​ឡើង​វិញ​ភាគ​ច្រើន​នៅ​តាម​សាលារៀន​និង​សាកល​វិទ្យាល័យ​នានា ក្រោយ​ពី​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំ​២០១៤។ បាតុករ​នៅ​ពេល​នេះ​ភាគ​ច្រើន​ជា​យុវជន ដែល​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន។

បាតុករ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ជួប​ប្រជុំ​គ្នា​នៅ​មុខ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទី​ក្រុង​បាងកក ដោយ​មាន​ការ​ចូល​រួម​រួម​ពី​មេដឹកនាំ​៨​រូប​នៃ​ចលនា​ពលរដ្ឋ​សេរី ដែល​ធ្លាប់​មាន​ឈ្មោះ​ថា​យុវជន​សេរី ហើយ​ពួក​គេ​បាន​ប្រកាស​ពី​គម្រោង​បាតុកម្ម​ធំ​មួយ​ទៀត​នៅ​ក្នុង​ថ្ងៃ​ទី ១៦ ខែសីហា​ខាង​មុខ។

បាតុករ​បាន​កាន់​បដា ដែល​សរសេរ​ថា «ប្រជាធិបតេយ្យ​ត្រូវ​ចេញ​ពី​ប្រជាពលរដ្ឋ» និង​បដា «យើង​មិន​ស្អប់​ប្រទេស​ជាតិ​ទេ ប៉ុន្តែ​ស្អប់​របប​ផ្តាច់ការ​និង​រដ្ឋប្រហារ»។

លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha ថ្លែង​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ​លោក​នឹង​យក​ការ​ទាមទារ​របស់​បាតុករ​មក​ពិចារណា​ ប៉ុន្តែ​មេដឹកនាំ​បាតុករ​ម្នាក់​ថា​ការ​ថ្លែង​របស់​របស់​លោក​ប្រយុទ្ធ​នេះ គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ពន្យារពេល​មិន​ធ្វើ​ការ​រំលាយ​សភា​ឬ​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី​ទេ។

លោក Prayuth ជា​អតីត​មេទ័ព​ថៃ​ដែល​បាន​ឡើង​កាន់​អំណាច​ដំបូង​តាម​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០១៤​ ដោយ​គ្រប់គ្រង​តឹងតែង​មុន​នឹង​លោក​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៩ ដែល​ជា​ការ​បោះឆ្នោត​មួយ​មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​ លោក​មាន​ប្រៀប​យ៉ាង​ខ្លាំង៕

XS
SM
MD
LG