ឧត្តរមានជ័យ —
ប្រជាពលរដ្ឋនិងទាហានតាមបណ្តោយព្រំដែនកម្ពុជាថៃមានការប្រុងជើងការខ្ពស់ ខណៈសាលដីកាស្តីពីការបកស្រាយសាលក្រមតុលាការក្រុងឡាអេលើសំណុំរឿងប្រាសាទព្រះវិហារនឹងត្រូវប្រកាសក្នុងពេលតែបីថ្ងៃទៀត។
លោកសុខ ជឿន គ្រូពេទ្យម្នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ថ្លែងថា អាជ្ញាធរមូលដ្ឋានបានប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយពីការប្រកាសសាលដីកាស្តីពីការបកស្រាយសាលក្រមតុលាការក្រុងឡាអេ។
«ខាងភូមិឃុំគេឱ្យយើងប្រុងប្រយ័ត្នខាងស្បៀងអាហារ សម្លៀកបំពាក់ ឱ្យជីកលេណដ្ឋាន ឬត្រង់សេដើម្បីការពារគ្រាប់។ ភាគច្រើនក្នុងភូមិគេជីកគ្រប់គ្នាដោយសារភ័យខ្លាចអញ្ចឹង។ យើងត្រៀមតែម្ហូបអាហារសម្លៀកបំពាក់ចាំបាច់ហ្នឹង។ ខ្ញុំមានការព្រួយបារម្ភដែរ ព្រោះយើងជាអ្នករកស៊ី។ ប្រជាជនក៏មានការភ័យខ្លាចដែរ»។
ចំណែកឯអ្នកស្រីគឹម ថា ស្ត្រីមានកូនបួននាក់ រស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ញាយប្រមាណ១០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ ក៏បានអះអាងដូចគ្នានេះដែរ។
«យើងអត់ទាន់មានគេប្រាប់ឱ្យជម្លៀសដូចថៃទេ។ ប៉ុន្តែប្រធានមណ្ឌលតាមភូមិ គេប្រាប់ឱ្យប្រុងប្រយ័ត្ន ឱ្យទុកដាក់របស់ណាដែលត្រូវទុកដាក់។ ខ្ញុំត្រៀមរួចហើយ ដូចជាស្បៀងអាហារ កន្ទេល មុង ភួយសម្រាប់កូនចៅដេក។ ខ្ញុំភ័យណាស់ ព្រោះមានកូនចៅ ឥវ៉ាន់នៅពេញផ្ទះ»។
ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនមួយចំនួនទៀតដែលវីអូអេ ខេមរភាសា បានសម្ភាសន៍ក៏បានថ្លែងស្រដៀងគ្នានេះដែរ។
សាលដីការបស់តុលាការអន្តរជាតិលើករណីប្រាសាទព្រះវិហារនឹងប្រកាសនៅទីក្រុងឡាអេ ប្រទេសហូឡង់នៅថ្ងៃច័ន្ទទី១១ វិច្ឆិកាសប្តាហ៍ក្រោយ។ ជម្លោះលើកម្មសិទ្ធិកាន់កាប់ប្រាសាទព្រះវិហារ និងក្រោយមកជម្លោះលើដីទំហំ៤,៦គីឡូម៉ែត្រការ៉េដែលនៅជាប់នោះ បានអូសបន្លាយយ៉ាងរ៉ាំរៃតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ជម្លោះនេះបាននាំឲ្យមានការប៉ះទង្គិចគ្នាផ្នែកប្រដាប់អាវុធជាច្រើនដង ដែលបានធ្វើឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ លំនៅដ្ឋានពលរដ្ឋជាច្រើនខ្នងត្រូវបានបំផ្លាញ និងប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសទាំងសងខាងត្រូវជម្លៀសចេញ និងធ្វើឱ្យរង្គោះរង្គើរទំនាក់ទំនងការទូតនិងពាណិជ្ជកម្មរវាងភាគីទាំងសងខាង។
វីអូអេបានព្យាយាមទាក់ទងសុំការបកស្រាយពីលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២ ប្រចាំប្រាសាទព្រះវិហារ តែមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
ប៉ុន្តែលោកប៉ែន ឆេង ទាហានម្នាក់ប្រចាំនៅវរសេនាតូច៣៧៥នៅតំបន់តាថាវ ចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទព្រះវិហារ ថ្លែងថា ទោះបីសភាពការណ៍នៅតាមបណ្តោយព្រំដែនមានលក្ខណៈធម្មតា ក៏ប៉ុន្តែទាហានភាគីទាំងសងខាងមានការប្រុងជើងការជាប់ជានិច្ចដែរ។
«ឥឡូវនេះស្ថានការណ៍អត់មានអ្វីប្រែប្រួលទេគឺធម្មតាៗទេ។ គ្រាន់តែពីរបីថ្ងៃនេះ ថ្នាក់លើឱ្យយើងត្រៀម មិនឱ្យដើរទៅណា។ កងទ័ពយើងតែងតែត្រៀមរហូត។ ទាហានទាំងសងខាងមានទំនាក់ទំនងគ្នានិងហូបបាយសាមគ្គីគ្នាតាមទិសដៅនីមួយៗអញ្ចឹងដែរ។ ពុំទាន់មានការចល័តទ័ពទេ»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមទូរទស្សន៍ជាតិកាលពីយប់ម្សិលមិញថា ភាគីទាំងសងខាងនឹងគោរពតាមសាលដីការបស់តុលាការក្រុងឡាអេ និងព្យាយាមអត់ធ្មត់រៀងៗខ្លួនដើម្បីរក្សាសន្តិភាព និងស្ថិរភាពតាមព្រំដែនប្រទេសទាំងពីរ។
«ខ្ញុំ និងលោកជំទាវយីងឡាក់ស៊ីនណាវាត់មានជំហរស្របគ្នាថា បើទោះបីជាសាលដីកាតុលាការអន្តរជាតិនៅថ្ងៃទី១១វិច្ឆិកាឆ្នាំ២០១៣ខាងមុខនេះ ចេញមកយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរត្រូវគោរពតាមសេចក្តីសម្រេចនេះ ហើយខិតខំរក្សាឱ្យខាងតែបាននូវសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែន»។
យ៉ាងណាក៏ដោយ តាមកាសែតបាងកកប៉ុស្តិ៍របស់ថៃបានឱ្យដឹងថាប្រជាពលរដ្ឋថៃនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរក៏មានការប្រុងជើងការខ្ពស់និងមានជីកលេណដ្ឋានដូចខាងកម្ពុជាដែរ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងថា ភាគីកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលយកលទ្ធផលនៃសាលដីកានេះ និងជៀសវាងការប្រឈមមុខដោយអាវុធ។
ប៉ុន្តែលោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការសកលវិទ្យាល័យខេមរៈ បារម្ភថា ជម្លោះប្រាសាទព្រះវិហារអាចនឹងបញ្ឆេះឡើងជាថ្មី បន្ទាប់ពីការប្រកាសសាលដីកានេះ ដើម្បីប្រយោជន៍នយោបាយណាមួយ។
«មានបញ្ហាពីរ។ ទីមួយថៃកំពុងមានវិបត្តិផ្ទៃក្នុងដែលទាក់ទងនឹងសេចក្តីស្នើច្បាប់លើកលែងទោសអ្នកនយោបាយ ឯកម្ពុជាក៏មានវិបត្តិផ្ទៃក្នុងដូចគ្នា។ ខ្ញុំខ្លាចអ្នកនយោបាយបង្វែរបញ្ហានេះឱ្យទៅជាបញ្ហាជាតិនិយមរៀងខ្លួនដើម្បីបំភ្លេចវិបត្តិផ្ទៃក្នុង ហើយរុញបញ្ហានេះចូលក្នុងសង្គ្រាមប្រាសាទព្រះវិហារ»។
ប៉ុន្តែលោកហ៊ុន សែនក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងបំពេញភារកិច្ចការពារព្រំដែន រក្សាភាពស្ងប់ស្ងាត់ ប្រកាន់ការអត់ធ្មត់ និងជៀសវាងសកម្មភាពទាំងឡាយណាដែលបង្ករភាពតានតឹងនិងការប៉ះទង្គិចគ្នាជាយថាហេតុ៕