ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​ត្រូវ​បាន​បញ្ឆេះ​ដោយ​ស្មារតី​ជាតិនិយម​និង​នយោបាយ


លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាំបាំង យុធោយ៉ូណូ (Susilo Bambang Yudhoyono) (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន (ស្តាំ) និង លោក​នាយករដ្ឋមន្ត្រី​ថៃ អាប់ភីស៊ីត​ វីចាជីវ៉ា (Abhisit Vejjajiva) (កណ្តាល) អង្គុយ​​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ត្រីភាគី​
លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាំបាំង យុធោយ៉ូណូ (Susilo Bambang Yudhoyono) (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន (ស្តាំ) និង លោក​នាយករដ្ឋមន្ត្រី​ថៃ អាប់ភីស៊ីត​ វីចាជីវ៉ា (Abhisit Vejjajiva) (កណ្តាល) អង្គុយ​​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ត្រីភាគី​

ប្រាសាទ​បុរាណ​មួយ​ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​ជម្លោះ​ស្លាប់​រស់​រវាង​ប្រទេស​ទាំងពីរ។ ការប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​នៅ​ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​៣០នាក់​និង​បង្ខំ​អ្នកភូមិ​រាប់ម៉ឺន​នាក់​ឱ្យ​រត់ភៀស​ខ្លួន​ចេញពី​លំនៅដ្ឋាន។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​និយាយ​ថា​ជម្លោះ​នេះ​បង្កឡើង​ដោយសារ​បញ្ហា​កម្មសិទ្ធិ​ដី​នៅ​ជាប់​ប្រាសាទ ​ប៉ុន្តែ​ក៏មាន​ការលើកឡើង​ថា​ស្មារតី​ជាតិនិយម​និង​នយោបាយ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​ទាំងពីរ​ក៏​ដើរ​តួនាទី​សំខាន់​មួយ​ជំរុញ​ឱ្យ​មាន​ជម្លោះ​នេះដែរ។

ជម្លោះ​ព្រំដែន​បាន​គ្របដណ្តប់លើ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​នេះ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​អ្នករៀបចំ​បាន​បរាជ័យ​ក្នុង​ការ​រក​ដំណោះស្រាយ​លើ​ការ​ខ្វែង​គំនិត​គ្នា​ដ៏ធំ​រវាង​ភាគី​ទាំងពីរ។

នៅពេលដែល​លោក​នាយករដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត​ វីចាជីវ៉ា​និង​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ ហ៊ុន សែន​បាន​ជួបគ្នា​នៅឯ​កិច្ច​ប្រជុំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ មេដឹកនាំ​ទាំងពីរ​បាន​ធ្វើការ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ទៅលើ​បញ្ហាថា​តើ​ប្រទេស​ណា​មួយ​ជាអ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជម្លោះ​ដែល​បាន​អូស​បន្លាយ​រវាង​ប្រទេស​ទាំងពីរ។

នាយករដ្ឋមន្រ្តី ថៃ​បាន​អះអាង​ថា​ប្រទេស​កម្ពុជា​បាន​បង្ក​ឱ្យ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដោយ​សារ​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​តំបន់ដែលមាន​ជម្លោះ។ លោក​បាន​បន្ថែម​ទៀត​ថា​ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​កម្ពុជា​បាន​ព្យាយាម​ម្តងហើយ​ម្តងទៀត​នាំយក​ជម្លោះ​នេះ ទៅ​ឆាក​អន្តរជាតិ​ដោយ​នាំឱ្យ​មាន​ការ​ចូល​ពាក់ព័ន្ធ​ពីក្រុម​ខាងក្រៅ ដូច​ជា​សមាគម​អាស៊ាន​ និង​អង្គការ​សហ​ប្រជាជាតិ​ជាដើម។

លោក ធីទីណាន់ ពង្សុទ្ធី​រ៉ាក់ (Thitinan Pongsudhirak) នាយកនៃ​វិទ្យាស្ថាន​សិក្សា​សន្តិសុខនិង​កិច្ចការ​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ក្នុង​ទីក្រុង​បាងកក​បាន​និយាយ​ថា៖

«អាស៊ាន​បាន​ព្យាយាម​ជួយ​សម្រប​សម្រួល។ ​កាល​ពី​ខែ​កុម្ភៈ មាន​ការ​ព្រមព្រៀង​គ្នា​មួយ​ថា​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​សន្តិភាព​ឥណ្ឌូនេស៊ី​មក​ប្រទេស​កម្ពុជា​និង​ថៃ​ហើយ​ភាគី​ថៃ​បាន​យល់ព្រម។​ ប៉ុន្តែ​វិបត្តិ​ផ្ទៃក្នុង​របស់​ថៃ​ដែល​នាំ​ឱ្យ​ក្រុម​យោធា​បដិសេធ​ចោល​ការព្រមព្រៀង​របស់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​អាប់ភីស៊ីត។ ហើយ​តាម​ពិត​ទៅ​កិច្ចព្រម​ព្រៀង​នេះ​គឺ​ភាគីថៃទេ​ជាអ្នក​បដិសេធ​ចោល»។

នៅ​ប្រទេស​ថៃ​ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​បាន​កើត​មាន​ឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ត្រៀមរៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ដើម​ខែ​កក្កដា​ ហេតុនេះ​បាន​នាំ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យថា​នយោបាយ​ផ្ទៃក្នុង​ដែល​កំពុង​បែកបាក់​របស់​ប្រទេសនេះ​អាច​មាន​ចំណែក​ខ្លះ​នៅក្នុង​ជម្លោះនោះ។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​បង្ហាញ​សាច់ដុំ​រវាង​ក្រុម​ថ្នាក់​ខ្ពស់​ឬ​ក្រុម​វរជន​ដែល​មាន​ការ​គាំទ្រ​ពី​ក្រុម​យោធា​ទល់នឹង​ក្រុម​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​ដោយ​អតីត​នាយករដ្ឋ​មន្រ្តី ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា​ពេល​ដែល​លោក​ នៅកាន់​អំណាច។

ក្រុម​យោធា​បាន​ទម្លាក់​លោក​ថាក់ស៊ីន​នៅក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ​២០០៦​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុម​បាតុករ​ជាតិនិយម​ដែល​គេ​ស្គាល់​ថា​ជាក្រុម​អាវ​លឿង។ អ្នក​គាំទ្រ​របស់​លោក​ត្រូវ​បាន​គេ​ដកចេញ​ពី​ជួរ​កងទ័ព​និង​រដ្ឋាភិបាល​ហើយ​លោក​បាន​រស់នៅ​និរទេសខ្លួន​ ដើម្បី​គេច​ចេញពី​ការចោទ​ប្រកាន់​ពីបទ​ពុករលួយ។

ចាប់តាំង​ពីពេល​នោះមក​ នយោបាយ​ក្នុង​ប្រទេស​នេះ​បាន​បែងចែកគ្នា​យ៉ាងជូរចត់​ហើយ​ការស្ទង់​មតិ​បង្ហាញថា​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដានេះ​នឹង​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា។

លោក វីលៀម ខេស (William Case) ​សាស្ត្រាចារ្យ​នៃ​ការសិក្សា​ពី​អាស៊ីនិង​កិច្ចការ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ City នៅទីក្រុង​ហុងកុង មាន​ប្រសាសន៍ថា​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថាក់ស៊ីន ប្រហែល​ជា​សង្ឃឹម​ថា វិបត្តិ​ព្រំដែន​នឹង​ជួយ​ប្រមូលផ្តុំ​ជាតិ​ទាំងមូល​ឱ្យ​ងាក​មក​គាំទ្រ​ពួកគេ​ឬក៏​ប្រើប្រាស់​វាជា​លេស​ដើម្បីពន្យា​ពេល​បោះឆ្នោត។

«មាន​ក្រុមខ្លះ​ដែល​រួម​ទាំង​ក្រុម​យោធា​និង​ចលនា​ក្រុម​អាវលឿង​ដែល​ប្រហែល​ជា​មិនចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ទេ​ដោយសារតែ​ខ្លាច​លទ្ធផល​បោះឆ្នោត​ចេញ​មក​យ៉ាង​ណា​នោះ»។

កាលពីខែ​ធ្នូ​មាន​ក្រុម​មួយ​ក្នុងចំណោមពួក​អាវលឿង​បាន​បំផុស​ស្មារតី​ជាតិនិយម​នៅ ភាគី​ទាំង​ពីរ​ដោយ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​មាន​ជម្លោះ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​បទ​ចារកម្ម។

ចាប់តាំង​ពី​ពេលនោះ​មក​ក្រុម​អាវលឿង​បាន​តវ៉ានៅ​ក្រៅ​អាគា​រដ្ឋាភិបាល​ប្រឆាំង​នឹង​លោក​អាប់ភីស៊ីត ដោយ​ចោទ​ថា​លោក​ប្រកាន់​ជំហរ​ទន់ខ្សោយ​ពេក​ចំពោះ​ប្រទេស​កម្ពុជា។

ការ​តានតឹង​បានកើត​មាន​ឡើង​ជា​លើក​ដំបូង​នៅតាម​បណ្តោយ​ព្រំដែន​ក្នុង​ឆ្នាំ​២០០៨​នៅពេល​ដែល​អង្គការ​សហប្រជាជាតិ​បានចុះ​បញ្ជី​ប្រាសាទ​បុរាណខ្មែរ​មួយដែល​មាន​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា​ជា​បេតិកភណ្ឌ​ពិភពលោក។ នៅ​ពេល​នោះ​ រដ្ឋាភិបាល​ថៃ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក​ថាក់ស៊ីន បាន​គាំទ្រ​ពាក្យ​ស្នើសុំ​របស់​ប្រទេស​កម្ពុជា។

លោក ម៉ៃឃើល ម៉ុងតេសាណូ (Michael Montesano) គឺ​ជា​អ្នកស្រាវជ្រាវ​មួយរយៈខ្លី​ស្តី​ពី​ប្រវត្តិសាស្រ្ត​ថៃ​និង​កិច្ចការ​ក្នុង​តំបន់​នៃ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​អាស៊ី​អាគ្នេយ៍​នៅ ប្រទេស​សឹង្ហបូរី​បាន​បញ្ជាក់ថាគូប្រឆាំង​នយោបាយ​របស់​លោក​អតីត​នាយក​រដ្ឋមន្រ្តី​បាន​ចាប់​យក​ការ​ចុះ​បញ្ជី​ប្រាសាទ​នេះ​ដើម្បី ​ទាញ​រឿង​ទំនាស់​ព្រំដែន​មក​ជារឿង​នយោបាយ។

«ជាក់ស្តែង​ចាប់​តាំងពីពេល​នោះ​មក​រឿងរ៉ាវ​បាន​កើត​ឡើង​ហួសពី​ការគ្រប់គ្រង ហើយ​មាន​ហិង្សា​ប្រដាប់​អាវុធ​រវាង​កងកម្លាំង​ថៃនិង​កម្ពុជា​នៅតាម​ព្រំដែន​កម្ពុជា​និង​ថៃ​ មាន ឧបទ្ទវហេតុ​ជាបន្តបន្ទាប់​អូសបន្លាយ​ជាច្រើនឆ្នាំ​ អសមត្ថភាព​ដ៏រ៉ាំរ៉ៃ​របស់​សមាគម​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​ហិង្សា​រវាង​រដ្ឋ​សមាជិក​ គឺ​ទាំង​អស់​នេះ​ផ្តើម​ចេញ​មក​ពី​អ្វី ដែល​ជា​នយោបាយ​ផ្ទៃក្នុង​នៅ​ភាគី​ខាង​ថៃ»។

ជម្លោះ​ព្រំដែន​ក៏មាន​លក្ខណៈ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ដែល​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​ដើរ​តួនាទី​សំខាន់​ក្នុង​នយោបាយ​ផ្ទៃក្នុង។

លោក​ហ៊ុន សែន​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​លោក​ថាក់ស៊ីន​ហើយ​ក្នុង​ឆ្នាំ​២០០៩​ បាន​តែង​តាំង​លោក​ថាក់ស៊ីន​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ហើយ​បាន​បដិសេធ​ធ្វើ​បត្យាប័ន​គាត់​ទៅប្រទេស​ថៃវិញ។

លោក Montesano និយាយថា​ប្រជាជន​កម្ពុជា​ជាច្រើន​មើល​ឃើញ​ប្រទេស​ថៃ​ថាមាន​លក្ខណៈ​ក្រអឺត​ក្រអោងដាក់​ប្រទេស​ជិតខាង​តួចតាច​របស់ខ្លួនហើយ​លោក​ហ៊ុន សែន​ទទួលបាន​ពិន្ទុនយោយបាយ​ងាយស្រួល​ដោយ​ការ​ងើបឡើង​តទល់​នឹង​ទីក្រុង​បាងកក។

ប៉ុន្តែ​លោក Montesano និយាយថា​បញ្ហានេះ​ក៏​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ​ការ​បិទបាំង​ខាង​នយោបាយ​លើ​បញ្ហា​ព្រំដែន​ដែល​ខ្លួន​មាន​ជាមួយ​ប្រទេស​វៀតណាម។ គូបដិបក្ខ​របស់​លោក​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​គាត់​ថា​មាន​ការ​ទន់ខ្សោយ​ក្នុង​ការចរចា​ជា​មួយ​ក្រុង​ហាណូយ។

«ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ថា​ពួកគេ​និយាយ​ត្រូវ​ឬ​ខុសទេ។ ប៉ុន្តែ​ពួកគេ​និយាយថា​លោក​ហ៊ុន សែន​លេង​ក្នុង​សភាពការណ៍​ព្រំដែន​ជាមួយប្រទេស​ថៃ​គឺដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​អ្វី​ដែល​ជា​ជំហរ​ទន់ខ្សោយ​របស់​លោក​ទល់​នឹង​ប្រទេស​វៀតណាម​ទាក់ទង​នឹង​ព្រំដែន​ដែល​មិន​បាន​បោះ​បង្គោល​ត្រឹមត្រូវ»។

ព្រំដែន​រវាង​ប្រទេស​កម្ពុជានិង​ថៃ​ត្រូវបាន​កំណត់​ជាង​មួយ​សតវត្សរ៍​មកហើយ​ដោយ​ប្រទេស​បារាំង​ដែល​ធ្វើ​អាណានិគម​នៅ​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ថៃ​ដែល​ពេល​នោះ មាន​ឈ្មោះ​ហៅថា​ព្រះរាជាណាចក្រ​សៀម។

ភាគីថៃ​បាន​ទទួល​យក​ផែនទី​ផលិត​ដោយ​ប្រទេស​បារាំង​យ៉ាង​ស្ងៀមស្ងាត់​ប៉ុន្តែ​មាន​ការ​អាក់អន់​ចិត្ត​នាពេល​ក្រោយ​មក​ដោយ​ចោទ​ថា​ផែនទី​នោះ​មិន​យុត្តិធម៌​ទេ។

តំបន់​ទំនាស់​សំខាន់​គឺ​លើ​ដី​ដែល​នៅ​ ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ចំណាស់​៩០០​ឆ្នាំ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​សម្រេច​កាលពី​ឆ្នាំ​១៩៦២​ថា​ប្រាសាទ​នោះ​ជា​របស់​ប្រទេស​កម្ពុជាហើយ​ប្រទេស​ថៃ​បាន​ទទួល​យល់ព្រម​ តែ​បញ្ហា​នោះ​នៅ​ងំ​ជា​ច្រើន​ទសវត្សរ៍​មក​ទៀត។

ប្រទេស​ថៃ​ទាមទារ​យក​ដី​នៅ​ជាប់ប្រាសាទ​ដែល​តុលាការ​មិន​បាន​សម្រេច។

កាល​ពី​ដើម​ខែ​នេះ​ប្រទេស​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​តុលាការ​នោះ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ ដើម្បី​ព្យាយាម​ដោះស្រាយ​ទំនាស់​នេះ។ ប្រទេស​ថៃ​និយាយ​ថា​ខ្លួន​ចង់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​ចរចា​ផ្ទាល់​ជាមួយ​ប្រទេស​កម្ពុជា៕

ប្រែ​សម្រួលដោយ​ ម៉ែន​ គឹមសេង

XS
SM
MD
LG